ក្រុមតាលីបង់ក្នុងប្រទេសអាហ្វអាហ្គានីស្ថានបាននិយាយនៅថ្ងៃអង្គារថា ខ្លួនសង្ឃឹមថា នឹងទទួលបានការទទួលស្គាល់ជាអន្តរជាតិថា ជាអ្នកតំណាងស្របច្បាប់នៅក្នុងប្រទេសនេះ ដោយគូសបញ្ជាក់ថា ការចូលរួមផ្នែកការទូតនឹងអាចជួយលើកកម្ពស់សន្តិសុខសាកលលោក និងកាត់បន្ថយការឈឺចាប់របស់ពលរដ្ឋអាហ្វហ្គានីស្ថាន អំឡុងសង្រ្គាមឥតស្រាកស្រាន្តអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅ។
សមាជិកជាន់ខ្ពស់មួយរូបនៃគណៈកម្មការវប្បធម៌របស់ក្រុមអ៊ីស្លាមនេះបាននិយាយដូច្នេះប្រាប់វីអូអេ ដោយបន្ថែមថា ការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធនៅអាហ្វហ្គានីស្ថានទាំងអស់ស្តីពីការបង្កើតឡើងនូវអ្វីដែលក្រុមតាលីបង់បានសន្យា គឺ «រដ្ឋាភិបាលអ៊ីស្លាមចម្រុះ»នោះ កំពុងដំណើរការ ហើយនឹងមានសេចក្តីប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ។
«យើងជឿជាក់ថា ពិភពលោកមានឱកាសពិសេសមួយក្នុងការបន្ត និងរួមគ្នាដោះស្រាយនូវការប្រឈមផ្សេងៗ ដែលមិនមែនសម្រាប់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់មនុស្សជាតិទាំងមូល។ ការប្រឈមទាំងនេះ រួមមានតាំងពីសន្តិសុខពិភពលោករហូតដល់ការប្រែប្រួលអាកាសធាតុ ដែលត្រូវការកិច្ចប្រឹងប្រែងរួមគ្នាក្នុងការដោះស្រាយ ហើយលទ្ធផល នឹងមិនអាចសម្រេចបានទេ ប្រសិនបើយើងផាត់ចោល ឬមិនទទួលស្គាល់ក្រុមណាមួយទាំងមូលនោះ»។ នេះបើតាមការលើកឡើងរបស់លោក Abdul Qahar Balkhi ។
មន្ត្រីតាលីបង់រូបនេះ បានថ្លែងយ៉ាងដូចនេះមួយសប្តាហ៍បន្ទាប់ពីក្រុមតាលីបង់បានចូលដណ្តើមកាន់កាប់ទីក្រុងកាប៊ុល រដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន និងបានគ្រប់គ្រងខេត្តចំនួន៣៣ ក្នុងចំណោមខេត្តទាំង៣៤ របស់ប្រទេសនេះ ដោយគ្មានការតស៊ូប្រឆាំងធំដុំណាមួយពីកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល ដែលត្រូវបានបណ្តេញចេញពីអំណាចនោះ។
ក្រុមអ្នករិះគន់នៅតែមន្ទិលសង្ស័យនៅឡើយចំពោះការបេ្តជ្ញាចិត្តនាពេលថ្មីៗនេះរបស់ក្រុមតាលីបង់ ដោយបានដកស្រង់របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលបានលើកឡើងពីការបន្តទំនាក់ទំនងរបស់ក្រុមតាលីបង់ជាមួយក្រុមអាល់ខៃដា និងក្រុមជ្រុលនិយមផ្សេងៗទៀត។ មន្ត្រីអង្គការសហប្រជាជាតិ ក៏បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនផងដែរថា ក្រុមតាលីបង់បានធ្វើការ«សម្លាប់ដោយគ្មានការកាត់ទោស» ហើយរឹតត្បិតទៅលើស្ត្រីភេទនៅក្នុងតំបន់ដែលពួកតាលីបង់គ្រប់គ្រងក្នុងពេលកន្លងមក៕