ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អង្គការ UNHCR៖ ​​គេ​​ត្រូវការពារ​​និង​មិន​ត្រូវ​បំភ្លេច​ជនជាតិ​អាហ្វហ្គានីស្ថាន​ទេ


នៅ​ក្នុង​រូប​កាល​ពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១​នេះ បង្ហាញ​ពី​កុមារ​ម្នាក់​កំពុង​រង់ចាំ​​ជាមួយ​នឹង​ក្រុម​គ្រួសារ​របស់​នាង ដើម្បីឡើង​យន្ដហោះ​ភៀសខ្លួន​របស់​សហរដ្ឋ​អាមេរិក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

សង្គ្រាម​បាន​បណ្តាល​ឱ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន​ជាង៥សែន៥​ម៉ឺន​នាក់ ដែល​៨០ភាគ​រយ​ជាស្ត្រី​និង​កុមារ​ រត់​គេច​ខ្លួន​ពី​ផ្ទះសំបែង​ពួក​គេក្នុង​ឆ្នាំ​នេះ។

ពួក​ជន​ខ្ចាត់ព្រាត់​ក្នុងប្រទេសថ្មីៗ​ទាំង​នេះ ​មានបន្ថែម​លើជនជាតិអាហ្វហ្គានីស្ថាន២លាន៩​សែន​នាក់ដែល​ត្រូវបានបង្ខំឱ្យ​ចាកចេញ​ពីផ្ទះពួក​គេ​នៅមុន​វិបត្តិបច្ចុប្បន្ននេះ។

ទីភ្នាក់​ងារ​ជន​ភៀស​ខ្លួន​អ.ស.ប. (UNHCR) និយាយ​ថា​ ក្រុម​មនុស្ស​ងាយ​រងគ្រោះទាំង​នេះ​ ស្ថិត​ក្នុងបណ្តាមនុស្ស​១៨លាននាក់​ដែល​ត្រូវ​ការ​ជំនួយ​មនុស្សធម៌។

អង្គការ​ UNHCR ​និយាយ​ថាស្ថានភាពនៅស្រពិចស្រពិល​ខ្លាំង​ហើយ​ប្រជារាស្ត្រព្រួយ​បារម្ភ​ខ្លាំង​ពី​អនាគតនៅ​ពេល​មានរបាយការណ៍​អំពី​អំពើ​ហិង្សាចាប់​តាំង​ពី​ពួក​តាលីបង់បាន​ត្រួតត្រា​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ ​ទី១៥ ខែសីហា មក។​

អ្នក​ស្រី Shabia Mantoo អ្នកនាំពាក្យ​អង្គការ​ UNHCR ​និយាយ​ថា ប្រជារាស្ត្រអាហ្វហ្គានីស្ថាន​ភាគ​ច្រើនមិន​អាច​ចាកចេញពី​ប្រទេស​តាម​វិធី​ធម្មតា​ទេ។ អ្នកស្រី​ថ្លែង​ថា​ទីភ្នាក់ងារអ្នកស្រីទទួល​ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់​ប្រទេសមួយចំនួន ក្នុង​ការ​ជម្លៀស​ជនជាតិអាហ្វហ្គានីស្ថាន​តាមរយៈកម្មវិធីទ្វេភាគី។

តែ​យ៉ាង​ណាក៏​ដោយ​ក៏អ្នកស្រីពោល​ថា​កម្មវិធី​ទាំង​នេះ​មិនគួរមាន​លប់​លើ​សេចក្តី​ត្រូវការជា​បន្ទាន់​នូវ​ការ​ឆ្លើយ​តប​អន្តរជាតិច្រើន​ក្រាស់ក្រែល​ ដើម្បី​ដោះស្រាយវិបត្តិបច្ចុប្បន្ននេះ។ អ្នកស្រី​បានបន្ថែម​ថា​កម្មវិធី​ទាំង​នេះមិន​គួររារាំង​ឬ​ច្រាន​ចោលមុនលទ្ធភាពសម្រាប់​ឱ្យ​ជនជាតិ​អាហ្វហ្គានីស្ថាន​ស្វះ​ស្វែងរក​កន្លែង​ជ្រក​កោនក្នុង​ប្រទេស​ឯ​ទៀត​ទេ។

អ្នក​ស្រី Shabia Mantoo​ បាននិយាយ​ថា៖

«ប្រទេសទាំង​អស់ ​ទាំង​ក្នុង​និងក្រៅ​តំបន់ ត្រូវ​រក្សា​សិទ្ធិ​ដើម្បី​ស្វះស្វែង​ការ​ជ្រកកោនសម្រាប់ជនជាតិ​អាហ្វហ្គានីស្ថានដែល​ទៅ​ដល់ប្រទេស ទាំង​នេះតាមរយៈមធ្យោបាយ​ធម្មតាឬធ្វើ​ដោយ​ឯកឯង។ អង្គការ UNHCR ក៏ខ្វល់​ខ្វាយ​ដែរថា​មានមនុស្ស​ច្រើន​នាក់ច្រឡំ​កម្ម​វិធីជម្លៀសទ្វេភាគី​ទាំង​នេះ​ជា​មួយកម្ម​វិធីតាំង​លំនៅ​ដ្ឋាន​ជាថ្មី​របស់​ជនភៀសខ្លួនទូទៅ។​ កម្ម​វិធីទាំង​ពីរ​នេះមិនទាក់ទិនគ្នា​ទេ»។

ស.រ.អ.និងសមាជិក​អូតង់មួយចំនួន​បាន​ជម្លៀស​ពលរដ្ឋពួក​គេកាលពី​ពីរ​បី​ថ្ងៃមុន​នេះ។ ពួក​ប្រទេសទាំង​នេះ​ក៏​បានសន្យា​ថា​នឹងជម្លៀស​អ្នក​បកប្រែ​ភាសា​អាហ្វហ្គានីស្ថាន​និង​គ្រួសារ​ពួក​គេ​ដែល​បានធ្វើការ​ជា​មួយពួក​គេច្រើនឆ្នាំមក​ហើយដែល​ជីវិត​ពួក​គេ​អាចមានគ្រោះថ្នាក់​។ ជនជាតិអាហ្វហ្គានីស្ថានភ័យ​ខ្លាច​ការ​សងសឹកពីពួក​តាលីបង់ដោយសារ​សម្ព័ន្ធភាពពួកគេ​ជា​មួយ​កងកម្លាំង​បរទេស។

អ្នក​ស្រី Mantoo​ បាន​ថ្លែង​ថា​មក​ដល់​ពេល​នេះ​មានជនជាតិ​អាហ្វហ្គានីស្ថាន​តិច​តួចបាន​សុំ​សិទ្ធិ​ជ្រកកោននៅ​ឯ​ប្រទេស​ក្រៅ។ អ្នកស្រី​បានពោលថា ដោយសារ​កាលៈទេសៈផ្លាស់ប្តួ​រយ៉ាងលឿន​ ការណ៍​នេះ​អាចមានការ​ប្រែ​ប្រួល​ដែរ។

អ្នកស្រី​បាន​ពោល​ថា៖

«អង្គការ UNHCR នៅតែ​ខ្វល់ខ្វាយ​អំពី​ការរំលោភលើ​សិទ្ធិ​មនុស្ស​ប្រឆាំង​ក្រុម​ជនស៊ីវិល​ក្នុង​ស្ថានភាព​នេះដោយ​មាន​រួមបញ្ចូលស្ត្រី​និងកុមារី។ រហូត​ដល់ថ្ងៃ​នេះ​ ក្រុម​ជនដែល​អាច​មានគ្រោះថ្នាក់គ្មានផ្លូវ​ចេញ​ទេ។ អង្គការ UNHCR​ អំពាវនាវដល់​ប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន​ឱ្យ​បើក​ចំហ​ព្រំដែន​ខ្លួន​ដោយ​សារវិបត្តិ​កំពុង​មាន​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន»។

មាន​ជន​ភៀសខ្លួនអាហ្វហ្គានីស្ថាន​២លាន៤​សែន​នាក់​ក្នុង​ប្រទេស​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​នៅ​ជិត​ខាង។ ភាគ​ច្រើន​នៃ​ជនទាំង​នេះបាន​ភៀសខ្លួន​ទៅប្រទេសទាំង​ពីរនេះ​ ចាប់​តាំងពី​មាន​សង្គ្រាមសូវៀត-អាហ្វហ្គានីស្ថាន​រាប់​ទសវត្សរ៍ ដែល​បាន​ចាប់ផ្តើមក្នុង​ឆ្នាំ១៩៧៩។

បុគ្គលិក​អាហ្វហ្គានីស្ថាន​និង​អន្តរជាតិ​ប្រមាណ​២០០នាក់​ស្ថិតក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​នៅ​ឡើយ។ ចាប់តាំង​ពីដើមឆ្នាំ​នេះ​មក ពួក​គេ​បានផ្តល់​ជំនួយគ្រាមាន​អាសន្នឱ្យ​មនុស្ស២សែន៣ម៉ឺន​នាក់​។ ទីភ្នាក់​ងារ​នេះ​បាន​អំពាវ​នាវសុំ​ជំនួយ​បន្ថែម ៦២លាន៨​សែន​ដុល្លារ សម្រាប់គាំទ្រកិច្ចប្រតិបត្តិការមនុស្សធម៌ដ៏​សំខាន់​នេះ៕

ប្រែសម្រួលដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG