ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​លោក​ខាង​លិច​ផ្សេង​ទៀត​ជំរុញ​ឱ្យ​​ក្រុម​តាលីបង់​ធានា​ដល់​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី


ស្ត្រីម្នាក់​កាន់​បដា​ដែល​មាន​សំណេរ​ថា «សាមគ្គីភាព​ជាមួយ​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន» ក្នុង​ពេល​តវ៉ា​ប្រឆាំងនឹង​ការគាំទ្រ​ក្រុម​តាលីបង់​នៅមុខ​អគារ​សភា Bundestag នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ស្ត្រីម្នាក់​កាន់​បដា​ដែល​មាន​សំណេរ​ថា «សាមគ្គីភាព​ជាមួយ​ស្ត្រី​នៅ​អាហ្វហ្គានីស្ថាន» ក្នុង​ពេល​តវ៉ា​ប្រឆាំងនឹង​ការគាំទ្រ​ក្រុម​តាលីបង់​នៅមុខ​អគារ​សភា Bundestag នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​លោក​ខាង​លិច​ចំនួន​ ១៩ ផ្សេង​ទៀត​បាន​អំពាវនាវ​ដល់​មេដឹកនាំ​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន​ឱ្យ​ធានា​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី។ ថ្លែង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ ក្រុម​ប្រទេស​ទាំង​នោះ«បាន​លើក​ឡើង​ពី​ការ​បារម្ភ​យ៉ាង​ខ្លាំង» អំពី​សិទ្ធិ​ស្ត្រី និង​ក្មេងស្រី​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ការងារ និង«សេរីភាព​ក្នុង​ការ​ដើរហើរ»។

ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍ ​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​តាលីបង់​បាន​សន្យា​គោរព​សិទ្ធិ​ស្ត្រី​នៅ​ក្រោម​ច្បាប់​អ៊ីស្លាម ដើម្បី​ព្យាយាម​កាត់បន្ថយ​ក្តីបារម្ភ​ដែល​ថា ក្រុមតាលីបង់​អាច​នឹង​ដាក់​ការ​រឹតត្បិត​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ស្ត្រី ដូច​ដែល​ធ្លាប់​ធ្វើ​នៅ​ពេល​ពួកគេ​ដឹកនាំ​ប្រទេស​មុន​ពេល​មាន​សង្គ្រាម។​

សេចក្តី​ថ្លែងការណ៍​នេះ​លើក​ឡើង​ថា «ស្ត្រី និង​ក្មេងស្រី​អាហ្វហ្គានីស្ថាន​ ដូច​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ទាំង​អស់​ដែរ សក្តិសម​នឹង​រស់នៅ​ប្រកប​ដោយ​សុវត្ថិភាព សន្តិសុខ និង​សេចក្តី​ថ្លៃថ្នូរ។ ​ការ​អើស​អើង និង​ការ​រំលោភ​បំពាន​ក្នុង​ទម្រង់​ណា​មួយ​ក៏​ដោយ គួរ​ត្រូវ​បាន​ការពារ។ យើង​នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ជួយ​ពួកគេ​តាមរយៈ​ជំនួយ​មនុស្សធម៌ និង​ការ​គាំទ្រ ដើម្បី​ធានា​ថា សំឡេង​របស់​ពួកគេ​ត្រូវ​បាន​គេ​ឮ»។

ក្រុម​ប្រទេស​ទាំង​នោះ​ក៏​បាន​លើក​ឡើង​ដែរ​ថា ពួកគេ​នឹង «តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​របៀប​ដែល​រដ្ឋាភិបាល​នា​ពេល​អនាគត​ធានា​ដល់​សិទ្ធិ និង​សេរីភាព​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់​ស្ត្រី និង​ក្មេងស្រី​នៅ​អាហ្វហ្គានីស្ថាន​ក្នុង​រយៈពេល ២០ឆ្នាំ​ ចុង​ក្រោយ​នេះ»។

អ្នក​នាំ​ពាក្យ​ក្រុមតាលីបង់ លោក Zabihullah Mujahid ​បាន​ប្រាប់ក្រុម​អ្នក​សារព័ត៌មាន​ថា រដ្ឋាភិបាល​តាលីបង់​ថ្មី​ នឹង​«មាន​ភាព​ខុស​គ្នា​ទាំង​ស្រុង» ពី​រដ្ឋាភិបាល​មុន​ ដែល​ដឹកនាំ​ប្រទេស​នៅ​ចន្លោះ​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០០១ ដែល​នៅ​ពេល​នោះ​ក្មេង​ស្រី​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ទៅ​សាលារៀន ហើយ​ស្ត្រី​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​»។

ដោយ​មិន​បាន​បញ្ជាក់​លម្អិត លោក Mujahid បាន​ថ្លែង​ថា មេដឹកនាំ​តាលីបង់​ «ប្តេជ្ញា​ចិត្ត​អនុញ្ញាត​ឱ្យ​ស្ត្រី​ធ្វើ​ការ​បាន​ដោយ​អនុលោម​តាម​គោលការណ៍​អ៊ីស្លាម»។

បន្ទាប់​ពី​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ ៥ឆ្នាំ ក្រុម​តាលីបង់​ ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​ដោយ​ការ​វាយប្រហារដឹកនាំ​ដោយ​សហរដ្ឋអាមេរិក បន្ទាប់ពីការ​វាយប្រហារ​ភេរវកម្ម​កាលពី​ថ្ងៃទី១១ ខែកញ្ញា​ ឆ្នាំ២០០១៕

សារព័ត៌មាន The Associated Press ទីភ្នាក់ងារសារព័ត៌មាន Agence France-Presse និងសារព័ត៌មាន Reuters ផ្តល់ព័ត៌មានមួយចំនួនដល់សេចក្តីរាយការណ៍​នេះ។

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG