ខណៈអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ Peace Corps ដែលជាជនជាតិអាមេរិកាំងរាប់រយនាក់ កំពុងធ្វើការតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា មានការលើកឡើងថា អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារមួយនេះ ជាពិសេសស្រ្តី កំពុងជំរុញឲ្យស្រ្តីខ្មែរក្នុងសហគមន៍ទាំងនោះ កាន់តែមានភាពក្លាហានក្នុងសង្គម។
នេះបើតាមការអះអាងរបស់ក្រុមស្រ្តីដែលធ្វើការពាក់ព័ន្ធនឹងកម្មវិធីស្ម័គ្រចិត្ត Peace Corps នៅកម្ពុជា។
ក្នុងកម្មវិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ កាលពីយប់ថ្ងៃទី៧ មីនា នៅឯលំនៅស្ថានរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា អ្នកស្រី Sheila Crowley ប្រធានស្តីទីរបស់ទីភ្នាក់ងារ Peace Corps ក្នុងរដ្ឋធានី Washington ប្រាប់អ្នកសារព័ត៌មានថា អ្នកស្ម័គ្រចិត្តរបស់ Peace Corps មានចំនួនជាង៧ពាន់នាក់ ក្នុង៦០ប្រទេសលើពិភពលោក ក្នុងនោះ ៦៧ភាគរយជាស្រ្តី។ អ្នកស្រីបញ្ជាក់ថា អ្នកស្ម័គ្រចិត្តជាស្រ្តីនៅកម្ពុជា បានធ្វើជាគំរូសម្រាប់ស្រ្តីវ័យក្មេងក្នុងសហគមន៍ដែលពួកគេបានទៅដល់តាមរយៈការបង្ហាញពីការងារដែលពួកគេបាននិងកំពុងធ្វើ។
អ្នកស្រីមានប្រសាសន៍ថា៖
«ស្រ្តីដែលស្ម័គ្រចិត្តក្នុងកម្មវិធី Peace Corps នៅកម្ពុជា ខ្ញុំគិតថា អ្វីដែលពួកគេអាចធ្វើបានសម្រាប់ស្រ្តិវ័យក្មេងក្នុងសហគមន៍របស់ពួកគេ គឺពួកគេអាចធ្វើជាគំរូ ពួកគេអាចធ្វើជាអ្នកណែនាំ ពួកគេអាចធ្វើជាគ្រូបង្រៀន។ ដូច្នេះ ដោយសារភាពជាគំរូ ដោយសារជំនាញភាសារបស់ពួកគេ ដោយសារជំនាញទំនាក់ទំនង ដោយសារមហិច្ឆតា ហើយនឹងការលើកទឹកចិត្តរបស់ពួកគេ ខ្ញុំគិតថានេះគឺជាគំរូសម្រាប់នៅគ្រប់ទីកន្លែងទាំងអស់»។
ទីភ្នាក់ងារ Peace Corps បង្កើតឡើងក្នុងគោលបំណងកសាងសមត្ថភាពរបស់មនុស្សប្រុស ស្រី ក្នុងប្រទេសដែលមានការពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ហើយជួយលើកកម្ពស់ការយល់ដឹងពីគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតលើពិភពលោក តាមរយៈការបញ្ជូនអ្នកស្ម័គ្រចិត្តដែលជាជនជាតិអាមេរិកាំង ចុះធ្វើការងារដោយស្ម័គ្រចិត្តក្នុងសហគមន៏ក្រីក្រ តាមបណ្តាប្រទេសទាំងនោះ។
ទីភ្នាក់ងារ Peace Corps បង្កើតឡើងក្នុងឆ្នាំ១៩៦១ ដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិក John F. Kennedy ដើម្បីជំរុញសន្តិភាព និងមិត្តភាពក្នុងពិភពលោក។
អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ត្រូវធ្វើការរយៈពេល២ឆ្នាំ។ ពួកគេត្រូវបានបង្រៀនភាសារបស់ប្រទេសដែលគេនឹងទៅធ្វើការងារ រៀនពីបច្ចេកទេសផ្សេងៗ និងវប្បធម៌ យ៉ាងហោចណាស់រយៈពេល២ខែ មុននឹងពួកគេអាចធ្វើដំណើរទៅរស់នៅតាមគេហដ្ឋានដែលបានកំណត់ទុក។ ការរស់នៅជាមួយក្រុមគ្រួសារខ្មែរតាមសហគមន៍ នឹងជួយឲ្យអ្នកស្ម័គ្រចិត្តទាំងនោះស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរៀននិយាយភាសាខ្មែរ។
កញ្ញា Megan Boundy អ្នកស្ម័គ្រចិត្តមួយរូបមកពីរដ្ឋមីនីសូតាលើកឡើងថា កញ្ញាកំពុងស្នាក់នៅជាមួយគ្រួសារខ្មែរឯខេត្តកំពត ដោយធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសក្នុងសហគមន៍នៅទីនោះ អស់រយៈពេល១ឆ្នាំកន្លះមកហើយ។ កញ្ញាបន្តថា ក្មេងៗដែលជាសិស្សរបស់នាង ជាពិសេសក្មេងស្រី មានការផ្លាស់ប្តូរយ៉ាងច្រើន ទាំងភាសាអង់គ្លេស និងការទំនាក់ទំនងក្នុងសង្គម បន្ទាប់ពីក្រុមស្ម័គ្រចិត្តរបស់កញ្ញាបានទៅដល់សហគមន៍នោះ។
អ្នកស្ម័គ្រចិត្តវ័យ២៧ឆ្នាំរូបនេះបញ្ជាក់ថា៖
«ខ្ញុំគិតថាវាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា ជាពិសេសវាល្អសម្រាប់សិស្ស និងសម្រាប់គ្រូ ដើម្បីមើលឃើញស្ត្រីដែលទទួលខុសត្រូវក្នុងការផ្តល់សិទ្ធិអំណាច ដូច្នេះពួកគេអាចមានអារម្មណ៍ថាមានអំណាច។ ខ្ញុំបានកត់សម្គាល់ចាប់តាំងពីខ្ញុំបានចាប់ផ្តើមបង្រៀននៅទីនោះ សិស្សរបស់ខ្ញុំមានទំនុកចិត្តច្រើនក្នុងការបង្រៀន ព្រោះពួកគេមើលខ្ញុំបង្រៀនរៀងរាល់ថ្ងៃ»។
អ្នកស្ម័គ្រចិត្តនៅតាមខេត្តនីមួយៗ ត្រូវធ្វើការតាមផ្នែកពីរផ្សេងគ្នា គឺផ្នែកអប់រំភាសារអង់គ្លេស និងផ្នែកអប់រំសុខភាព ដែលទើបតែចាប់ផ្តើមកាលពីឆ្នាំ២០០៩ តាមការស្នើរបស់ក្រសួងសុខាភិបាលកម្ពុជា។ អ្នកស្ម័គ្រចិត្តផ្នែកអប់រំភាសារអង់គ្លេសត្រូវសហការជាមួយគ្រូបង្រៀនជនជាតិខ្មែរ ឬនាយកសាលា ខណៈដែលអ្នកស្ម័គ្រចិត្តផ្នែកអប់រំសុខភាព ត្រូវចាប់ដៃគូជាមួយប្រធានមណ្ឌលសុខភាព ឆ្មប ឬអ្នកស្ម័គ្រចិត្តភូមិផ្សេងៗ។
អ្នកស្រី តុប ធីតា នាយិកាវិទ្យាល័យសម្តេចជាស៊ីមអង្គជ័យ នៅខេត្តកំពត ដែលបានចូលរួមក្នុងកម្មវិធីទិវាសិទ្ធិនារីអន្តរជាតិដែរនោះ មានប្រសាសន៍ថា ស្រ្តីជាធនធានសំខាន់សម្រាប់ការអភិវឌ្ឍសង្គម ដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់ឲ្យបានខ្ពស់។ អ្នកស្រីបន្ថែមថា អ្នកស្ម័គ្រចិត្ត Peace Corps ជាពិសេសអ្នកស្ម័គ្រចិត្តជាស្រ្តី ជាដៃគូការងាររបស់អ្នកស្រីក្នុងការជំរុញ និងបង្កើនចំណេះដឹង ព្រមទាំងសមត្ថភាពរបស់ស្រ្តី និងក្មេងស្រីក្នុងសាលា ក៏ដូចជាសហគមន៍។
អ្នកស្រីបញ្ជាក់ថា៖
«អ្នកស្ម័គ្រចិត្ត Peace Corps គឺជាដៃគូដ៏ល្អរបស់ខ្ញុំ ទាំងផ្នែកពង្រឹងភាសាអង់គ្លេស និងវិធីសាស្រ្តបង្រៀនដល់លោកគ្រូអ្នកគ្រូ យើងផ្លាស់ប្តូរបទពិសោធន៍គ្នា និងការធ្វើកិច្ចការងារផ្សេងៗ។ ដូចខ្ញុំបានរៀបរាប់ហើយថាការងារតួនាទីដឹកនាំរបស់ស្រ្តី ការងារស្រ្តីនៅក្នុងសហគមន៍ ហើយនិងការងារស្រ្តីនៅក្នុងសង្គម»។
សហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថាជាប្រទេសដែលពោរពេញទៅដោយលទ្ធិប្រជាធិបតេយ្យ។ ចំណែកស្រ្តីដែលរស់នៅសហរដ្ឋអាមេរិកភាគច្រើនមានភាពឯករាជ្យជាងស្រ្តីនៅប្រទេសកម្ពុជា។
អ្នកស្រី សុធី ហៃ ភរិយារបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលមានដើមកំណើតខ្មែរ លើកឡើងថា ស្រ្តីខ្មែរជាទូទៅមានភាពទន់ភ្លន់ និងខ្មាសអៀនច្រើន ជាពិសេសកម្រនឹងចាកចេញពីផ្ទះដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ។ អ្នកស្រីបន្ថែមថា សម្រាប់ស្រ្តីជនជាតិអាមេរិកាំង ពួកគេមានឯករាជ្យភាព និងភាពក្លាហានច្រើនជាងស្រ្តីកម្ពុជា ដូច្នេះអ្នកស្រីថា អ្នកស្ម័គ្រចិត្ត Peace Corps ដែលជាស្រ្តី បាននិងកំពុងធ្វើជាគំរូក្នុងការជំរុញទឹកចិត្តឲ្យស្រ្តីខ្មែរកាន់តែមានភាពក្លាហាន។
អ្នកស្រីមានប្រសាសន៍ថា៖
«គាត់ឃើញស្រ្តីពី Peace Corps មក ហើយរបៀបគេធ្វើការ ឬរបៀបគេបញ្ចេញមតិ ឬក៏របៀបគេមកនៅតាមស្រុកស្រែជាមួយយើងបាន ហើយគេមកម្នាក់ឯង ហើយគេក្លាហានអញ្ចឹង ខ្ញុំថានឹងអាចលើកទឹកចិត្តឲ្យកូនស្រីខ្មែរនឹកឃើញថា ថ្ងៃណាមួយខ្ញុំទៅប្រទេសខ្មែរម្នាក់ឯងក៏ខ្ញុំធ្វើបាន ខ្ញុំញ៉ាំ ម្ហូបរបស់គេក៏ខ្ញុំធ្វើបាន គឺថាឲ្យគាត់មានទឹកចិត្តថាគាត់ធ្វើបានដូចគ្នា»។
ចាប់ផ្តើមតាំងឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៨នេះ មានអ្នកស្ម័គ្រចិត្ត Peace Corps ចំនួន៥៨១នាក់ បានមកធ្វើការស្ម័គ្រចិត្តតាមសហគមន៍នានាក្នុងប្រទេសកម្ពុជា។ ដោយឡែកនៅក្នុងឆ្នាំ ២០១៨នេះ មានអ្នកស្ម័គ្រចិត្តទីភ្នាក់ងាររបស់អាមេរិកមួយនេះមានចំនួន១២៦នាក់ ក្នុងនោះមានស្រ្តីប្រមាណជា៦០ភាគរយ។ អ្នកស្ម័គ្រចិត្តដែលមានអាយុចាប់ពី២១ឆ្នាំ ដល់៦៣ឆ្នាំ បានកំពុងរស់នៅ និងធ្វើការស្ម័គ្រចិត្តនៅសហគមន៍ តាមខេត្តចំនួន១៧ទូទាំងប្រទេសកម្ពុជា៕