ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្នាក់ងារ Peace Corpsអាមេរិក​ថ្មី ជិត​៧០​នាក់ ស្បថ​ចូល​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​នៅ​កម្ពុជា

អ្នកស្ម័គ្រចិត្ត​នៃ​ទីភ្នាក់ងារ Peace Corps របស់​អាមេរិក ចំនួន​៦៩​នាក់ ស្បថ​ចូល​ធ្វើការ​ជាមួយ​​ប្រជាជន​កម្ពុជា​នៅ​តាម​សហគមន៍​​ក្នុង​១៧​រាជធានី ខេត្ត នៅ​ព្រឹក​ថ្ងៃសុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

អ្នកស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ភីសខ័រ (Peace Corps) ​របស់​សហរដ្ឋ​អាមេរិក ជួយ​បង្កើនការ​ប្រើ​ប្រាស់​ភាសា​អង់គ្លេស និង​ការ​អប់​រំដល់​ប្រជាជន​តាម​ជន​បទ​រាប់​ម៉ឺន​នាក់​នៅ​កម្ពុជា​ក្នុង​រយៈពេល​១០​ឆ្នាំ។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ភីសខ័រ​ប្រចាំ​កម្ពុជា។

ថ្លែង​ក្នុង​ពិធី​ស្បថ​ចូល​ធ្វើ​ការ​របស់​ក្រុម​អ្នកស្ម័គ្រចិត្ត​ថ្មី​របស់​ភីសខ័រ​ចំនួន​៦៩នាក់ នា​ថ្ងៃ​សុក្រ​នេះ នាយិកា​ភ្នាក់ងារ​ភីសខ័រ​ប្រចាំ​កម្ពុជា លោកស្រី ស៊ូសាន ដ្ធាយើ (Susan Dwyer) មាន​ប្រសាសន៍​ថា ភីសខ័រ​បាន​អនុវត្ត​កម្មវិធី​ធំៗ​ពីរ​គឺ​ ការ​បណ្តុះបណ្តាល​គ្រូ​បង្រៀន និង​បង្រៀន​ភាសា​អង់គ្លេស និង​ការ​អប់​រំ​សុខភាព​សហគមន៍។

អ្នកចូលរួម និង​អ្នកស្ម័គ្រចិត្ត​នៃ​ទីភ្នាក់ងារ Peace Corps របស់​អាមេរិក ចំនួន​៦៩​នាក់ ក្នុង​ពិធី​ស្បថ​ចូល​ធ្វើការ​ជាមួយប្រជាជនកម្ពុជានៅ​តាម​សហគមន៍ក្នុង​១៧​រាជធានី ខេត្ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

លោកស្រី​បន្ថែម​ថា អ្នក​ស្ម័គ្រ​ចិត្ត​ភីស​ខ័រ​ បាន​បម្រើ​ប្រជាជន​ខ្មែរ​រាប់​ម៉ឺន​នាក់តាម​រយៈ​ការ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​សហគមន៍ ដើម្បី​លើក​កម្ពស់​ការ​ស្វែង​យល់​គ្នា​ទៅវិញ​ទៅ​មក​ឲ្យ​បាន​ច្រើន​រវាង​ជនជាតិ​ខ្មែរ និង​អាមេរិក តាម​រយៈ​ការ​និយាយ​ភាសាខ្មែរ សិក្សា​ពី​វប្បធម៌​ខ្មែរ និង​រស់​នៅ​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ឆ្នាំ។

លោកស្រី​ Susan Dwyer បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានបន្ថែម​យ៉ាង​ដូច្នេះ​ថា៖ «យើង​មាន​អ្នកស្ម័គ្រចិត្ត​ជា​ច្រើន​ដែល​ធ្វើការ​អស់​រយៈពេល​១០​ឆ្នាំ​នៅ​ក្នុង​ថ្នាក់​រៀន​ជាមួយ​សម​ភាគី​គ្រូ​ផ្សេង​ទៀត ដើម្បី​ពង្រឹង​ការ​បង្រៀន និង​ការ​និយាយ​ភាសា​អង់គ្លេស​នៅ​កម្ពុជា។ រឿង​ដទៃ​ទៀត​នោះ​គឺ​អ្វី​ដែល​ក្រុម​អ្នក​ស្ម័គ្រចិត្ត Peace Corps បាន​ធ្វើ​នោះ​គឺ​យើង​មាន​អ្នកស្ម័គ្រ​ចិត្ត​អប់រំ​ការ​ថែទាំ​សុខភាព​នៅ​តាម​សហគមន៍ ដូច្នេះ​យើង​ធ្វើការ​ជាមួយ​សហគមន៍​ដើម្បី​ជំរុញ​ការអប់រំ​ផ្នែក​សុខភាព​ឲ្យ​ដឹង​ថា​អ្វី​ជា​អនាម័យ​ល្អ សុខ​ភាព​មាតា ឬ​ក៏​អាហារូបត្ថម្ភ​ល្អ​។ ពួក​គេ​បាន​ធ្វើ​ការ​នៅ​ក្នុង​សហគមន៍ ដើម្បី​ជំរុញ​ការ​អប់រំ​ផ្នែក​សុខភាព»។

អ្នកចូលរួម និង​អ្នកស្ម័គ្រចិត្ត​នៃ​ទីភ្នាក់ងារ Peace Corps របស់​អាមេរិក ចំនួន​៦៩​នាក់ ក្នុង​ពិធី​ស្បថ​ចូល​ធ្វើការ​ជាមួយប្រជាជនកម្ពុជានៅ​តាម​សហគមន៍ក្នុង​១៧​រាជធានី ខេត្ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
អ្នកចូលរួម និង​អ្នកស្ម័គ្រចិត្ត​នៃ​ទីភ្នាក់ងារ Peace Corps របស់​អាមេរិក ចំនួន​៦៩​នាក់ ក្នុង​ពិធី​ស្បថ​ចូល​ធ្វើការ​ជាមួយប្រជាជនកម្ពុជានៅ​តាម​សហគមន៍ក្នុង​១៧​រាជធានី ខេត្ត នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

នៅ​ព្រឹកថ្ងៃ​សុក្រនេះ សមាជិក​ថ្មី​នៃ​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ Peace Corps មកពី​អាមេរិក​ចំនួន​៦៩​នាក់ បាន​ចូល​ស្បថ​បំពេញ​ការងារ​តាម​បណ្ដាខេត្ត​ចំ​ពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​១០ នៃ​វត្តមាន​របស់​ទី​ភ្នាក់​ងារ Peace Corps នៅ​កម្ពុជា។

ទីភ្នាក់ងារ Peace Corps ​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៦១ ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក John F. Kennedy ដើម្បី​ជំរុញ​សន្តិភាព និង​មិត្តភាព​ក្នុង​ពិភពលោក។

ទីភ្នាក់ងារ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​កសាង​សមត្ថភាព​របស់​មនុស្ស​ប្រុស ស្រី ក្នុង​ប្រទេស​ដែល​មាន​ការ​ពាក់ព័ន្ធ និង​លើក​កម្ពស់​ការ​យល់គ្នា​ រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​ដទៃ។

ក្នុង​ចំណោម​យុវជន​ដែល​ជា​អ្នកស្ម័គ្រចិត្ត​ភីសខ័ររបស់​សហរដ្ឋ​អាមេរិក​ចំនួន​៦៩​នាក់ ក៏​មាន​យុវជនដើម​កំណើត​ខ្មែរ​ម្នាក់​ផង​ដែរ​គឺ​ នាង កឹម ថាច់។ នាង​មាន​ឪពុក​ម្ដាយ​ពី​ខេត្ត​បាត់​ដំបង ហើយ​ទើប​តែ​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រូ​បង្រៀន​នៅ​សហរដ្ឋ​អាមេរិក។

នាង កឹម ថាច់ យុវតី​ខ្មែរ​អាមេរិកាំង ដែល​បានចូល​រួម​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ជាមួយ​ទីភ្នាក់ងារ Peace Corps និយាយ​ជាមួយ VOA បន្ទាប់ពី​ស្បថ​ចូលធ្វើ​ការ​ នៅព្រឹក​ថ្ងៃសុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

យុវតី​ខ្មែរ អាមេរិកាំង វ័យ​២៥​ឆ្នាំ​រូប​នេះ ថ្លែង​ប្រាប់ VOA ថា នាង​ស្ម័គ្រ​ចិត្ត​ជាមួយ​ភ្នាក់ងារ​ភីសខ័រ​ដើម្បី​ជួយ​បង្រៀន​ភាសា​អង់គ្លេស​ដល់​អ្នកភូមិ និង​រៀន​ពី​របៀបទំនាក់​ទំនងក្នុង​ខេត្ត​បាត់ដំបងដែល​ជា​ស្រុក​កំណើតរបស់​ឪពុកម្ដាយ​នាង ដើម្បី​ជួយ​សហគមន៍​រយៈពេល​ពីរ​ឆ្នាំ។

នាង​ កឹម ថាច់ បញ្ជាក់​ថា៖ «ខ្ញុំ​ស្ម័គ្រ​ចិត្ត​ធ្វើ​គ្រូ​បង្រៀន​ឲ្យ​កូន​សិស្ស​ដែល​អត់​មាន​លុយ និង​ខ្ញុំ​ចង់​ជួយ​សហគមន៍​ខ្ញុំ»។

យុវជន​ស្ម័គ្រចិត្ត​ម្នាក់​ទៀត​ ឈ្មោះ Rajath Kenath សង្ឃឹម​ថា កម្មវិធី​នេះ​នឹងជួយ​ឲ្យ​លោកយល់​ដឹង​កាន់​តែ​ច្រើន​ពី​វប្បធម៌​របស់​កម្ពុជា និង​អភិវឌ្ឍ​ខ្លួន​បានកាន់​តែ​ប្រសើរ​ពេល​ត្រឡប់​ទៅ​អាមេរិក​វិញ។

យុវជនRajath Kenathដែល​បាន​ចូលរួម​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ជាមួយ​ទីភ្នាក់ងារ Peace Corps និយាយ​ជាមួយ VOA បន្ទាប់ពី​ស្បថ​ចូលធ្វើ​ការ​ នៅព្រឹក​ថ្ងៃសុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
យុវជនRajath Kenathដែល​បាន​ចូលរួម​ធ្វើជា​អ្នកស្ម័គ្រចិត្ត​ជាមួយ​ទីភ្នាក់ងារ Peace Corps និយាយ​ជាមួយ VOA បន្ទាប់ពី​ស្បថ​ចូលធ្វើ​ការ​ នៅព្រឹក​ថ្ងៃសុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​ Rajath Kenath ថ្លែង​ថា លោកចូល​ចិត្ត​រស់​នៅ​កម្ពុជាដែល​ពោរពេញ​ដោយ​មនុស្ស​រួសរាយ​រាក់ទាក់​ និង​វប្បធម៌​ល្អៗ ក្រោយ​លោក​បាន​ស្នាក់​នៅ​ខេត្ត​កណ្ដាល​ចំនួន​ពីរ​ខែ​ដើម្បី​រៀន​ភាសា​ខ្មែរ​រួច​មក។

លោក​បន្ថែម​ថា៖ «កម្ពុជា​ជា​ប្រទេស​ស្អាត​ណាស់។ មនុស្ស​នៅ​កម្ពុជា​ ជា​មនុស្សរួសរាយ ឧទាហរណ៍​ គ្រួសារ​ខ្ញុំ​នៅ​កណ្ដាល​រួសរាយ​ច្រើន ធ្វើ​ម្ហូប​សម្រាប់​ខ្ញុំ​ច្រើន​ឆ្ងាញ់ៗ និយាយ​ជាមួយ​ខ្ញុំ និង​មនុស្ស​នៅ​កម្ពុជា​ជា​មនុស្ស​ឧស្សាហ៍»។

លោក គង់ ថាន់ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់​ធំដែល​ផ្ដល់​ផ្ទះ​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ភីសខ័រ​ស្នាក់​នៅ​ចំនួន​៣​លើក​នៅ​៦​ឆ្នាំ​ចុងក្រោយ​នេះ បាន​ប្រាប់អ្នក​សារព័ត៌មាន​ក្នុង​ពិធី​នោះ​ថា​ ​ក្រុម​ស្ម័គ្រ​ចិត្ត​ភីសខ័រ​ បាន​ជួយ​ឲ្យ​អ្នកភូមិ​របស់​លោក​ ចេះនិយាយ​ភាសា​អង់គ្លេស និង​មាន​ការ​ប្រា​ស្រ័យទាក់ទង​ផ្នែក​ភាសា​កាន់តែ​ច្រើន។

លោក​មាន​ប្រសាសន៍​ថា៖ «បាន​គ្រូ​ពី​បរទេស​មក គ្រូស្ម័គ្រចិត្តមក​អញ្ចឹង មាន​បាន​បង្ហាត់​ភាសា​ច្រើន ចឹង​ស្រួ​ល​មក​រៀន​នៅ​ភ្នំពេញ​គាត់​បាន​ចេះ​ខ្លះ។ ពី​ជំនាន់​ដែល​អត់​ទាន់​ដាក់ កូន​ខ្ញុំ​កូន​គេ​មក​រៀន​នៅ​ភ្នំពេញរៀន​ភាសា​អង់គ្លេស​អត់​ទាន់​គេ​ទេ ដល់​មក​ទៅ​ដូច​កូន​ខ្ញុំ​មក​រៀន​អត់​ទាន់​គេ។ បាន​គ្រូ​បង្ហាត់​ចឹង​គាត់​បាន​រៀនចេះ​ដឹង​ខ្លះ។ គាត់​មក​នេះ​រៀន​ឆាប់​បាន​ទាន់​គេ»។

លោក អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និយាយ​ជាមួយ​អ្នកសារព័ត៌មាន​ក្នុង​ពិធី​ស្បថ​របស់​ក្រុម​អ្នកស្ម័គ្រចិត្ត​ទីភ្នាក់ងារ Peace Corps នៅ​ព្រឹក​ថ្ងៃសុក្រ ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា ទីភ្នាក់ងារ​ភីសខ័រ ​បាន​ជួយឲ្យ​មាន​ការ​សហការ​គ្នា​រវាងក្រុម​អ្នក​ស្ម័គ្រ​ចិត្ត និង​ប្រជាជន​ក្នុង​ការបង្កើន​នូវ​ទំនាក់ទំនង ជា​ពិសេសធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ភាសា​អង់គ្លេស​ដែល​ជា​ភាសាសំខាន់​ជា​អន្តរជាតិ។

«បាន​រួម​ចំណែក​បណ្ដុះបណ្ដាល​ផ្នែក​ខាង​ភាសា​អង់គ្លេស ហើយ​និង​បណ្ដុះបណ្ដាល​គំនិត​ឲ្យ​ចេះ​គិត ចេះ​ពិចារណា ម្យ៉ាង​ទៀត​យុវជន​ជំនាន់​ក្រោយ​ក្តី ​សព្វ​ថ្ងៃ​ហ្នឹង​ពោរពេញ​ដោយការ​យល់​គ្នា​ក្នុង​ពិភព​លោក ដើម្បី​កសាង​សុខ​សន្តិភាព​លើ​ពិភព​លោក​ ឲ្យ​រីក​ចម្រើន ឲ្យ​មាន​ជំនាញ អញ្ចឹង​អង់គ្លេស​គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការសិក្សាចាប់​យក​ជំនាញផ្សេងៗ​ទៀត»។

ក្រសួង​អប់រំ​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​ទីភ្នាក់ងារ​ភីសខ័រក្នុង​ឆ្នាំ​២០០៦។

ចាប់ពី​ឆ្នាំ​២០០៧​ រហូត​មក​ដល់​២០១៦នេះ​ មានអ្នក​ស្ម័គ្រ​ចិត្ត Peace Corps ចំនួន​៤៦៥នាក់ បាន​មក​ដល់​កម្ពុជា។

អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​អាយុ​ចាប់ពី​២១ឆ្នាំ ដល់​៦៣ឆ្នាំ បាន​ទៅ​រស់នៅ​ និង​ធ្វើការ​ស្ម័គ្រ​ចិត្ត​នៅសហគមន៍ តាម​រាជធានី ខេត្ត​ចំនួន​១៧​ទូទាំង​ប្រទេស​កម្ពុជា។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​ភីសខ័រ​ប្រចាំ​កម្ពុជា៕

XS
SM
MD
LG