ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​ស្ម័គ្រ​ចិត្ត​ថ្មី​របស់​ទី​ភ្នាក់ងារ​ ​Peace Corps​ ​សហរដ្ឋអាមេរិក​ ​ស្បថ​ចូល​បំពេញ​ការងារ​មនុស្សធម៌​នៅ​កម្ពុជា


អ្នកស្ម័គ្រចិត្តទាំង៧១នាក់ចាប់ផ្តើមស្បថស្បែ ពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
អ្នកស្ម័គ្រចិត្តទាំង៧១នាក់ចាប់ផ្តើមស្បថស្បែ ពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

ក្រុម​អ្នក​ស្ម័គ្រចិត្ត​ថ្មី​បំផុត​របស់​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក Peace Corps Cambodia ដែល​មាន​សមាជិក​ចំនួន​៧១​នាក់​ នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​នៅ​តាម​បណ្តា​សហគមន៍​ខ្មែរ​នានា​ទូទាំង​ប្រទេស​កម្ពុជា​ ​ក្រោយ​ពី​ស្បថ​សច្ចា​ប្រណិធាន​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ។

​ទី​ភ្នាក់ងារ Peace Corps​ ​របស់​សហរដ្ឋ​អាមេរិក​ ​បង្កើត​ក្នុង​គោល​បំណង​កសាង​សមត្ថភាព​របស់​មនុស្ស​ប្រុស​ស្រី​ ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​ពាក់ព័ន្ធ​និង​សហរដ្ឋអាមេរិក​ ​ហើយ​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​ពី​គ្នា​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​ដទៃទៀត​តាមរយៈ​ការ​ចុះ​ធ្វើ​ការងារ​ដោយ​ស្ម័គ្រចិត្ត​តាម​សហគមន៏​ក្រីក្រ​នានា។

​លោក​ William Heidt​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​នៅ​ក្នុង​ពិធី​ស្បថ​ប្រណិធាន​នោះ​ថា ការ​ស្ម័គ្រ​ចិត្ត​បំពេញ​ការងារ​តាម​សហគមន៍​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ ​Peace Corps​ ​ដែល​មាន​រយៈពេល​ពីរ​ឆ្នាំ​នេះ​ នឹង​ជួយ​ពង្រឹង​បន្ថែម​នូវ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក ​និង​ប្រទេស​កម្ពុជា។​

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជាលោក William Heidt ថ្លែងក្នុងពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ កម្ពុជាលោក William Heidt ថ្លែងក្នុងពិធី ប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps ស្បថចូលបំពេញការងារ កាលពីព្រឹកថ្ងៃសុក្រទី១៥ កញ្ញា ២០១៧ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា។ (ទុំ ម្លិះ/VOA)

លោក​ឯកអគ្គ​រដ្ឋទូត William Heidt​ ​បាន​និយាយ​ថា៖​

«ការងារ​របស់​អ្នក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ផ្តល់​ភាព​រឹងមាំ និង​ស៊ីជម្រៅ​ដល់​ទំនាក់​ទំនង​រវាង​ប្រជាជន​នឹង​ប្រជាជន។​ ​ហើយ​ការងារ​នេះ​ នឹង​បំពេញ​ការ​តភ្ជាប់​ពី​មូលដ្ឋានបន្ថែម​លើ​វត្តមាន​របស់​អាមេរិក​ក្នុងរាជធានីភ្នំពេញ​ និង​ទីក្រុង​ផ្សេង​ទៀត»។​

​ជន​ស្ម័គ្រចិត្ត​សញ្ជាតិ​អាមេរិកកាំង​ទំាង​៧១​ ​នឹង​ត្រូវ​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​ខ្មែរ​ ​នៅ​តាមភូមិ​និង​សហគមន៍​ជនបទ​នានា​ ​ចំនួន​១៧​ខេត្ត​ក្រុង។​

អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ ​នឹង​ធ្វើ​ការ​រយៈពេល​២ឆ្នាំ។ ពួក​គេ​ត្រូវ​បាន​បង្រៀន​ភាសា​របស់​ប្រទេស​ដែល​គេ​នឹង​ទៅ​ធ្វើ​ការងារ​ ​រៀន​ពី​បច្ចេកទេស​ផ្សេងៗ​ ​និង​វប្បធម៌​ ​យ៉ាង​ហោច​ណាស់​រយៈពេល​២ខែ​ ​មុន​នឹង​ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​រស់នៅ​ ​តាម​គេហដ្ឋាន​ដែល​បាន​កំណត់​ទុក។

​ការ​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ​ប្រជាជន​ខ្មែរ​តាម​សហគមន៍ ​នឹង​ជួយ​ឲ្យ​អ្នក​ស្ម័គ្រ​ចិត្តទាំង​នោះ​ស្វែង​យល់​ពី​វប្បធម៌​ ​ប្រពៃណី​ ​និង​រៀន​និយាយ​ភាសាខ្មែរ។​ ​មិនតែ​ប៉ុណ្ណោះ​ អ្នក​ស្ម័គ្រ​ចិត្ត​តាម​ខេត្ត​នីមួយៗ​ ​ត្រូវ​ធ្វើ​ការ​តាម​ផ្នែក​ពីរ​ផ្សេង​គ្នា ​គឺ​ផ្នែក​អប់រំ​ភាសារ​អង់គ្លេស​ និង​ផ្នែក​អប់រំ​សុខភាព​ ដែល​ទើប​តែ​ចាប់ផ្តើម​កាល​ពី​ឆ្នាំ​២០០៩​ តាម​ការ​ស្នើ​របស់​ក្រសួង​សុខា​ភិបាល​កម្ពុជា។ អ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​អប់រំ​ភាសារ​អង់គ្លេស​ត្រូវ​សហការ​ជាមួយ​គ្រូ​បង្រៀន​ជនជាតិ​ខ្មែរ ​ឬ​នាយក​សាលា​ ​ខណៈ​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ផ្នែក​អប់រំ​សុខភាព​ ​ត្រូវ​ចាប់ដៃ​គូ​ជាមួយ​ប្រធាន​មណ្ឌល​សុខភាព​ ឆ្មប​ ​ឬ​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ផ្សេងៗ។​

តាម​សម្តី​របស់​អ្នក​ស្រី​ Paula Alberton​ ​នាយិកា​របស់​ Peace Corps​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​អ្នក​ស្រី​បាន​ថ្លែង​ក្នុង​ពិធី​ស្បថ​ចូល​បំពេញ​ការងារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​៧១រូបនោះ​ អ្នកស្រី​បាន​និយាយ​ថា៖

«វា​គឺ​បទ​ពិសោធន៍​ពិសេស​មួយ​ដែល​មាន​តែ​អ្នក​ស្ម័គ្រ​ចិត្ត​ Peace Corps​ ​ប៉ុណ្ណោះ​ អាច​ដឹង​និង​បាន​ឃើញ។​ ​អ្នក​នឹង​ក្លាយជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ក្នុង​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ រួម​ទាំងសហគមន៍​របស់​អ្នក»។​

​ក្នុងពិធី​ស្បថ​កាល​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ គេ​ឃើញ​មាន​ ​ការ​ចូល​រួម​ពី​មន្ត្រី​ខ្មែរ​សំខាន់​មួយ​ចំនួន​រួមមាន​ ​លោក​ ​អ៊ឹម កុច​ ​រដ្ឋលេខាធិការ​ក្រសួងអប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​សុខ សុកេន​ ​អនុរដ្ឋ​លេខាធិការ​ក្រសួង​ការបរ​ទេស​ ដែល​ជា​កូន​ប្រុស​បង្កើត​របស់​លោក​ សុខ អាន​ ​និង​ ​លោក​ ​គីម រិទ្ធី​ ​អភិបាល​រង​ខេត្ត​កណ្តាល​ ដែល​ជា​កូន​ប្រុស​របស់​នាយ​ឧត្តម​សេនីយ៍​ ​គន់ គីម។

អ្នកនាង Christine Thinn សិក្ខាកាមរបស់ភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិកនៅកម្ពុជា កំពុងសម្ភាសជាមួយនឹងអ្នកសារព័ត៌មានក្រោយពីពិធីស្បថចូលបំពេញការងារសម្រាប់អ្នកស្ម័គ្រចិត្តក្នុងការប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (ទុំ ម្លិះ/VOA)
អ្នកនាង Christine Thinn សិក្ខាកាមរបស់ភ្នាក់ងារ Peace Corps សហរដ្ឋអាមេរិកនៅកម្ពុជា កំពុងសម្ភាសជាមួយនឹងអ្នកសារព័ត៌មានក្រោយពីពិធីស្បថចូលបំពេញការងារសម្រាប់អ្នកស្ម័គ្រចិត្តក្នុងការប្រារព្ធខួបលើកទី១១ នៃអ្នកស្ម័គ្រចិត្ត Peace Corps កាលពីព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (ទុំ ម្លិះ/VOA)

នាង​ ​Christine Thinn​ អ្នក​ស្ម័គ្រ​ចិត្ត​របស់​ភ្នាក់​ងារ​ ​Peace Corps ដែល​នឹង​ទៅ​បំពេញ​ការងារ​ ​ក្នុង​មជ្ឈមណ្ឌល​សុខភាព​មួយ​នៅ​ខេត្ត​កំពង់ចាម​ ​ព្រមទាំង​បង្រៀន​ភាសា​អង់គ្លេស​ ​តាម​សាលា​នានា​ក្នុង​សហគមន៍​ផង​នោះ​ បាន​និយាយ​ថា​ អ្នក​នាង​ចូល​ចិត្ត​ប្រទេស​កម្ពុជា។​ ​អ្នកនាង​មាន​ភាព​សុទិដ្ឋិនិយម​ចំពោះ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ។​

អ្នក​នាង​ ​Christine Thinn​ ​បាន​និយាយ​ថា៖​

«ខ្ញុំ​សង្ឃឹម​ថា​ ខ្ញុំ​អាច​នឹង​ធ្វើ​ឲ្យ​ជីវិត​ប្រជាជន​កម្ពុជា​មាន​ការ​ផ្លាស់​ប្តូរ​ ​ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថាខ្ញុំ​នឹង​បាន​រៀន​សូត្រ​កាន់តែ​ច្រើន​បន្ថែម​ទៀត»។​

​ភ្នាក់ងារ​ ​Peace Corps​ ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​បង្កើត​ដោយ​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​John F. Kennedy​ ​កាល​ពី​ឆ្នាំ​១៩៦១​ ​ដើម្បី​លើក​កម្ពស់​សន្តិភាព ​និង​មិត្តភាព​ពិភព​លោក។​ ​ភ្នាក់​ងារ​ ​Peace Corps​ ​បាន​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​១១​ឆ្នាំ​មក​ហើយ​ ​ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​បំពេញ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​ ​មាន​ចំនួន​៥០២​នាក់។

​ចំនួន​អ្នក​ស្ម័គ្រ​ចិត្ត​ ​Peace Corps​ ​ក្នុង​ឆ្នាំ​២០១៧​នេះ​ មាន​ស្រី្ត​ ​៦០ភាគរយ​ និង​បុរស​៤០​ភាគរយ​ ​ដែល​ពួក​គេ​នៅ​ទៅ​ធ្វើការ​តាម​បណ្តា​ខេត្ត​ចំនួន​១៧ ដូចជា​ខេត្ត​បន្ទាយមានជ័យ​ ​កំពង់​ស្ពឺ​ ​ក្រចេះ​ ​ស្ទឹងត្រែង​ បាត់ដំបង​ ​កំពង់ធំ​ ​ព្រៃវែង​ ​ស្វាយរៀង​ ​កំពង់ចាម​ ​កំពត​ ​ពោធិ៍សាត់​ ​តាកែវ​ ​កំពង់ឆ្នាំង​ ​កោះកុង​សៀមរាប​ ​និង​ត្បូងឃ្មុំ៕

XS
SM
MD
LG