ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ងារ​ស្ម័គ្រ​ចិត្ត​នៅ​កម្ពុជា​ជួយ​ឲ្យ​ស្ដ្រី​អាមេរិកាំង​ម្នាក់​​ក្លាយ​ជា​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ និង​ទទួល​​បទពិសោធន៍​រស់​នៅល្អៗ​ពី​កម្ពុជា


កញ្ញា Austhea Speaks អតីត​អ្នក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​នៅ​កម្ពុជា​តាម​រយៈ​អង្គការ Peace Corps នៅ​ក្នុង​​ការិយាល័យ​របស់​ VOA ខ្មែរ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន កាលពី​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា /VOA)
កញ្ញា Austhea Speaks អតីត​អ្នក​ធ្វើ​ការ​ងារ​ស្ម័គ្រ​ចិត្ត​នៅ​កម្ពុជា​តាម​រយៈ​អង្គការ Peace Corps នៅ​ក្នុង​​ការិយាល័យ​របស់​ VOA ខ្មែរ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន កាលពី​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ ២០១៧។ (សឿន វឌ្ឍនា /VOA)

Peace Corps គឺ​ជា​អង្គការ​មួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ គឺ​ជា​អង្គការ​មួយ​ដែល​ផ្ដោត​លើ​ការ​ងារ​ស្ម័គ្រ​ចិត្ត ហើយ​បេសកកម្ម​របស់ Peace Corps មាន​ទិសដៅ​បី ទី​១ គឺ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​អាមេរិក​សិក្សា​ពី​ប្រទេស​ផ្សេងៗ ទី២ ដើម្បីបង្ហាត់​បង្ហាញ​ប្រទេស​ទាំង​នោះ​អំពី​សហរដ្ឋ​អាមេរិក និង​ទី​បី ដើម្បី​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​ប្រទេស​​ទាំង​នោះ។

កំណត់និពន្ធ៖កញ្ញា​ Austhea Speaks គឺ​ជា​ស្រ្តី​ជន​ជាតិ​អាមេរិកាំង​មួយ​រូប ដែល​មាន​ឱកាស​ទៅ​បំពេញ​ការ​ងារស្ម័គ្រ​ចិត្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​អង្គការ​ Peace Corps ដែល​មាន​ទី​តាំង​នៅ​រដ្ឋ​ធានី​ Washington សហរដ្ឋ​អាមេរិក។ លោក​ សឿន វឌ្ឍនា បាន​ជួប​សម្ភាសន៍​ ជា​មួយ​កញ្ញា Thea ស្ដី​ពី​ការ​ងារ​ស្ម័គ្រ​ចិត្ត​នៅ​កម្ពុជា​ជួយ​ឲ្យ​កញ្ញា​ក្លាយ​ជា​បុគ្គលិក​រដ្ឋាភិបាល​សហព័ន្ធ និង​ទទួលបទពិសោធន៍​រស់​នៅ​ល្អៗ​ពី​កម្ពុជា។ ដូច្នេះ ​សូម​លោក​អ្នក​នាង​ស្ដាប់​បទសម្ភាសន៍​នេះ​ដូច​តទៅ៖

VOA៖ សូម​អរគុណ​កញ្ញា Thea ច្រើន ដែល​បាន​ផ្ដល់​ពេល​វេលា​មក​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​ VOA នៅ​ពេល​នេះ​បាទ! ជា​ដំបូងតើកញ្ញា​អាច​ប្រាប់​ឈ្មោះ​ពេញ អាយុ និង​ការ​ងារ​របស់​កញ្ញា​បានទេ?

Austhea Speaks៖ ខ្ញុំ​ឈ្មោះ Austhea Speaks។ ខ្ញុំ​មាន​អាយុ ៣៧ ឆ្នាំ ហើយ​សព្វ​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​នៅ​ការិយាល័យ​សេវាកម្ម​ជនអន្តោប្រវេសន៍ និង​ផ្ដល់​សញ្ជាតិ​របស់​សហរដ្ឋ​អាមេរិក។ ខ្ញុំ​ជួយ​សម្រួល​ដល់​ការ​ដាក់​ពាក្យ​របស់​ជន​ភៀស​ខ្លួន​ដែល​ចង់​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

VOA៖ តើ Peace Corps ជាអ្វី? ហើយ​អ្វី​ទៅ​ជា​បេសកកម្ម​របស់​ Peace Corps?

Austhea Speaks៖ Peace Corps គឺ​ជា​អង្គការ​មួយ​របស់​រដ្ឋាភិបាល​សហព័ន្ធ គឺ​ជា​អង្គការ​មួយ​ដែល​ផ្ដោត​លើ​ការ​ងារ​ស្ម័គ្រ​ចិត្ត ហើយ​បេសកកម្ម​របស់ Peace Corps មាន​ទិសដៅ​បី ទី​១ គឺ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​អាមេរិក​សិក្សា​ពី​ប្រទេស​ផ្សេងៗ ទី២ ដើម្បីបង្ហាត់​បង្ហាញ​ប្រទេស​ទាំង​នោះ​អំពី​សហរដ្ឋ​អាមេរិក និង​ទី​បី ដើម្បី​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​ប្រទេសទាំង​នោះ។

VOA៖ តើ​ជំនួយ​ផ្នែក​បច្ចេកទេស​ទាំង​នោះ​មាន​អ្វី​ខ្លះ?

Austhea Speaks៖ ខ្ញុំ​គិត​ថា​ជំនួយផ្នែក​បច្ចេកទេស​ទាំងអស់​មាន​ ៦ ផ្នែក ប៉ុន្តែ​ខ្ញុំ​ចាំ​បាន​ថា​ផ្នែក​ទាំង​អស់​នោះ​មាន​អ្វី​ខ្លះ​នោះ​ទេ។ ចំពោះ​ខ្ញុំ ខ្ញុំ​នៅ​ក្នុង​ផ្នែក​បណ្ដុះ​បណ្ដាល និង​បង្រៀន​ភាសា​អង់គ្លេស។ ខ្ញុំ​បង្រៀនគ្រូ​បឋម​សិក្សា​ពី​របៀប​បង្រៀន​ភាសា​អង់គ្លេស។ ហើយ​ផ្នែក​ផ្សេង​ទៀត​មាន​ដូច​ជា អាជីវកម្ម កសិកម្ម និង​ការ​ថែ​ទាំ​សុខភាព។ យើង​មាន​ផ្នែក​ផ្សេង​ៗ​គ្នា ហើយ​ខ្ញុំ​ផ្តោត​លើ​ផ្នែក​ភាសា​អង់គ្លេស​សម្រាប់​ការ​អប់​រំ។

VOA៖ តើ​កញ្ញា​អាច​រៀប​រាប់​ពី​ប្រវត្តិ​នៃ​បេសកកម្ម​របស់ Peace Corps នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ?

​Austhea Speaks៖ វា​ដូច​ជា​ថ្មី សម្រាប់​កិច្ចសហការ​ជា​ដៃ​គូ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​ស្ថិត​នៅ​ក្នុង​ជំនាន់​ទី៧ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ ២០១៣ ហើយ​មក​ដល់​ពេល​នេះ ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ប្រហែល​ឈាន​មក​ដល់​ជំនាន់​ជំនាន់​ទី១១ ហើយ​ជា​រៀង​រាល់​ឆ្នាំ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ចន្លោះ​ពី ៥០​ ទៅ ៧០ នាក់ មកធ្វើ​ការ​ស្ម័គ្រ​ចិត្ត​នៅ​ប្រទេស​កម្ពុជា​ចំនួន​ពីរ​ឆ្នាំ បន្ទាប់​មក​ត្រឡប់​ទៅ​កាន់​សហរដ្ឋ​អាមេរិក​វិញ។

VOA៖ ហេតុ​អ្វី​បាន​ជា​កញ្ញា​ចូល​រួម​ជា​មួយ Peace Corps? ហើយ​តើ​កញ្ញា​ជ្រើសរើស​មក​ប្រទេស​កម្ពុជា​ ឬុ​យ៉ាង​ណា​?

​Austhea Speaks៖ ខ្ញុំ​សុំ​ចាប់​ផ្ដើម​ពី​សំណួរ​ទី ២ តាមពិត​ទៅ​ប្រទេស​កម្ពុជា​ជា​អ្នក​រើស​ខ្ញុំ ពី​ព្រោះ​ពេល​ដែល​ខ្ញុំ​ចូល​រួម​ជា​មួយ Peace Corps អ្នក​ស្ម័គ្រ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជ្រើស​រើស​ប្រទេស​ដែលពួក​គេ​បំពេញ​ការ​ងារ​នោះ​ទេ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​អាច​ជ្រើស​រើស​ប្រទេស​បាន។ ហើយ​ខ្ញុំ​ជ្រើស​រើស​ការ​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ជា​មួយ​ Peace Corps ដោយ​សារ​តែ​ខ្ញុំចង់​បម្រើ​ប្រទេស​របស់​ខ្ញុំ ក្នុង​មធ្យោបាយ​មួយ​ដែល​មិន​ចាំ​បាច់​ប្រើ​អាវុធ​ និង​មិន​ពាក់​ព័ន្ធ​ជា​មួយ​នឹង​អំពី​ហិង្សា ប៉ុន្តែ​វា​នៅ​តែ​អាច​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក ចាប់អារម្មណ៍​ទៅលើ​ពិភព​លោក ជាជាង​គិត​តែ​ពី​អាមេរិក​ខ្លួន​ឯង។

VOA៖ តើ​នេះ​គឺ​ជា​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​កញ្ញា​ឬ?

Austhea Speaks៖ ជា​ការ​ពិត​ណាស់ នេះ​ជា​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ ប៉ុន្តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំបាន​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ការ​ងារ​ដែល​ខ្ញុំ​ធ្វើ​សព្វ​ថ្ងៃនេះ។ នៅ​ពេល​ដែល​ខ្ញុំ​បាន​ចូល​រួម ខ្ញុំ​មិន​បាន​ដឹង​ពី សក្ដានុពល​របស់​ការ​ងារ​ស្ម័គ្រ​ចិត្តមក​លើ​ជីវិត​របស់​ខ្ញុំ​នោះ​ទេ ដូច​ដែល​លោក​បាន​លើក​ឡើង​អញ្ចឹង វា​គ្រាន់​តែ​ជា​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួនរបស់​ខ្ញុំ​ទៅ​លើ​ភាសា​បរទេស​ វប្បធម៌​បរទេស​ និង​អាកាស​ធាតុ​នៅ​អាស៊ី​អាគ្នេយ៍​។ ប៉ុន្តែ​ការ​ងារ​ស្ម័គ្រ​ចិត្ត​នេះ​បាន​ប្រែ​ក្លាយ​ជា​អ្វី​មួយ​ដែល​ធំ​មែន​ទែន​។

VOA៖ មាន​ន័យ​ថា​បើ​សិន​ជា​កញ្ញា​មិន​បាន​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ជា​មួយ Peace Corps ទេនោះ ​កញ្ញា​នឹង​មិន​អាច​ទទួល​បាន​ការ​ងារ​ដែល​កញ្ញា​កំពុង​ធ្វើ​នេះ​មែន​ទេ?

​Austhea Speaks៖ ការ​ស្ម័គ្រ​ចិត្ត​ជា​មួយ Peace Corps ផ្ដល់​អត្ថ​ប្រយោជន៍​មួយ​ហៅថា Noncompetitive Elegiblity ដែល​មាន​ន័យ​ថាបន្ទាប់​ពី​អ្នក​បាន​បញ្ចប់​ការ​ងារ​ស្ម័គ្រ​ចិត្ត​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ ឬ​ល្អ​បំផុត​ពីរ​ឆ្នាំ នោះ​អ្នក​នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ សម្រាប់ការ​ងារ​រដ្ឋាភិបាល​សហព័ន្ធ ដូច្នេះ​ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា​ការ​ងារ​ស្ម័គ្រ​ចិត្តរបស់​ខ្ញុំ​ជា​មួយ Peace Corps បាន​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​ខ្ញុំ​ឆ្ពោះ​មក​កាន់​ការ​ងារ​បច្ចុប្បន្ន ដែល​ជា​បុគ្គលិក​ម្នាក់​របស់​រដ្ឋាភិបាល​សហព័ន្ធ។

VOA៖ តើ​កញ្ញា​យល់​ថា​បេសកកម្ម​របស់​ Peace Corps ជួយ​ដល់​សង្គម​កម្ពុជា​ក្នុង​កម្រិត​ណា​ដែរ?

Austhea Speaks៖ សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ការណ៍​នេះ​ថា ភាពជា​ដៃគូ ខ្ញុំ​គិត​ថា Peace Corps ជួយ​ដល់​កម្ពុជា​បាន​ច្រើន ក៏​ដោយ​សារ​តែ ទំនាក់​ទំនង​ដែល​យើង​បាន​កសាង​នៅ​ទី​នោះ។ មិត្ត​របស់​ខ្ញុំ​ម្នាក់ ដំបូង​ឡើយ​នាង​ជា​គ្រូ​បង្រៀន​ភាសា​របស់​ខ្ញុំ ហើយ​ខ្ញុំ​គិត​ថា ដើម្បី​កសាង​ទំនាក់​ទំនង​ដែល​គង់​វង្ស​មួយ ទំនុក​ចិត្ត​របស់​ពលរដ្ឋ​កម្ពុជា​កើន​ឡើង សកម្ម​ភាព​នៅ​ក្នុង​សហគមន៍​កើន​ឡើង ដូច្នេះ​ខ្ញុំ​គិត​ថា Peace Corps បាន​ជួយក្នុង​ការ​បណ្ដុះ​គ្រាប់​ពូជ ជា​មួយ​អ្នក​ជំនាញ នឹង​ជួយ​ឲ្យ​ពួក​គេ​បាន​ជោគជ័យ និង​ជួយ​សហគមន៍​របស់​ពួក​គេ។ ខ្ញុំ​មិន​គិត​ថា មាន​អង្គការ​ណា​មួយ ឬ​ Peace Corps ក៏​ដោយ អាច​ចូល​ជួយ​សង្គ្រោះ​ប្រទេស​ណា​មួយ​បាន​ទេ ប៉ុន្តែ​ការ​ជួយ​កសាងសមត្ថភាពដល់​ប្រជាជន​ដែល​នៅ​ទី​នោះ គឺ​ជា​វិធី​មួយ​ដែល​ Peace Corps បាន​ចូល​រួម​ជួយ។

VOA៖ តើ​អ្នក​កញ្ញា​គិត​ថាកិច្ច​ការ​របស់​ Peace Corps ​មាន​សារៈសំខាន់​សម្រាប់​សហគមន៍​ខ្មែរ​ដែរ​ឬ​ទេ?

Austhea Speaks៖ ពិត​ណាស់វា​មាន​សារៈសំខាន់ ប៉ុន្តែ​វា​អាស្រ័យ​ទៅ​លើ​ថា​តើ សហគមន៍​ខ្មែរ​មាន​ភាព​សកម្ម​ជា​មួយ​នឹង​ក្រុម​អ្នក​ស័្មគ្រ​ចិត្ត​របស់ Peace Corps។ ពេល​ខ្លះ​ខ្ញុំ​គិត​ថា ជន​ជាតិ​ខ្មែរ​មួយ​ចំនួន​គិត​ថា អ្នក​ធ្វើ​ការ​ស្ម័គ្រ​ចិត្ត​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​ជន​ជាតិ​អាមេរិកាំង​ ពួក​គេ​ចេះ​ធ្វើ​ការ​ហើយ ដូច្នេះ​ពួក​គេ​ទុកឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​ការ​គ្រប់​បែប​យ៉ាង​ដោយ​ខ្លួន​ឯង។ ប៉ុន្តែខ្ញុំ​គិត​ថា វាប្រសើរ​ជាង​នេះ និង​មាន​លទ្ធ​ផល​វិជ្ជមាន​ច្រើន​ជាង​នេះ នៅ ពេល​ដែល​បុគ្គលិក​ខ្មែរ ឬ​ប្រជាជន​កម្ពុជាសហការ​ជា​មួយអ្នក​ស្ម័គ្រចិត្ត​មកពី Peace Corps ធ្វើ​ការ​ជា​មួយ​គ្នា រៀន​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​នោះ នោះ​យើង​នឹង​ទទួល​បាន​ផល​វិជ្ជមាន​ច្រើន​ ជា​ជាង​ទុក​ឲ្យ​ពួក​គេ​ធ្វើ​ការ​ដោយ​ខ្លួន​ឯង។

VOA៖ តើ​កញ្ញា​បាន​ទៅ​បំពេញ​ការ​ងារ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ប៉ុន្មាន​ឆ្នាំ? ហើយ​តើ​កញ្ញា​បំពេញ​ការ​ងារ​ក្នុង​ខេត្ត​ណា​ដែរ?

​Austhea Speaks៖ ខ្ញុំ​ស្នាក់​នៅប្រទេស​កម្ពុជា​ជាង ២ ឆ្នាំ។ ខ្ញុំ​បាន​ទៅ​ដល់​ទី​នោះ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៣ សម្រាប់​ចូល​រួម​ការ​បណ្ដុះ​បណ្ដាល ហើយ​ខ្ញុំ​ស្នាក់​នៅ​រហូត​ដល់​ខែ​សីហា ឆ្នាំ ២០១៥។ ភាគ​ច្រើន​ខ្ញុំ​រស់​នៅ​ក្នុង​ខេត្ត​កំពត ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ចូល​រួម​ការ​បណ្ដុះ​បណ្ដាល​នៅ​ខេត្ត​តាកែវ​ខ្លះ​ដែរ។

VOA៖ ហើយ​តើ​កញ្ញា​មាន​អារម្មណ៍​ថា​ទទួល​បាន​ការ​ស្វាគមន៍​ដែរ​ឬទេ​?

Austhea Speaks៖ ខ្ញុំមាន​អារម្មណ៍ថា​ទទួល​បានអ្វី​ ដែល​លើស​ពី​ការ​ស្វាគមន៍​ទៅ​ទៀត​។ វា​គឺ​ជា​បទ​ពិសោធន៍​មួយ​ដ៏​អស្ចារ្យ​ ក្នុង​នាម​ជា​គ្រូ​បង្រៀន​ម្នាក់​នៅ​កម្ពុជា ដែល​មាន​ការ​ខុស​ប្លែក​គ្នា​ខ្លាំង​ជា​មួយ​គ្រូ​បង្រៀន​នៅ​សហរដ្ឋអាមេរិក។ វា​គឺ​ជា​មុខ​ងារ​មួយ​ដែល​ទទួល​បាន​ការ​គោរព នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច្នេះ​ហើយ​សិស្ស​របស់​ខ្ញុំ...ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​ ពួក​គេ​គឺ​ជា​សិស្ស​ដែល​បញ្ចប់ការ​សិក្សា​ពី​វិទ្យាល័យ ហើយ​ពួក​គេ​ទទួល​ការ​បណ្ដុះ​បណ្ដាល​ដើម្បី​ទៅ​បង្រៀន​ថ្នាក់​បឋម​សិក្សា។ អញ្ចឹង​ហើយ​ ខ្ញុំ​ភាគ​ច្រើន​ធ្វើ​ការ​ជា​មួយ​ប្រជាជន​កម្ពុជា ហើយ​បុគ្គលិក​នៅ​ទី​នោះ​ក៏​ល្អ​ដែរ ប៉ុន្តែ​សិស្ស​របស់​ខ្ញុំ​ បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​បទ​ពិសោធន៍​វិជ្ជមាន ជាពិសេស​គឺ​ពួក​គេ​រំភើប​ចំពោះ​អ្វី​គ្រប់​យ៉ាង​តែ​ម្ដង។

VOA៖ តើ​កញ្ញា​អាច​និយាយ​ខ្មែរ​ពី​បី​ប្រយោគ​បានទេ?

Austhea Speaks៖ ភាសា​ខ្មែរ​របស់​ខ្ញុំ​មិន​សូវ​ល្អ​ទេ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន ខ្ញុំ​ឈ្មោះ​ធា ខ្ញុំ​អ្នក​គ្រូ​អង់​គ្លេស​ ភាសាអង់គ្លេស។ ខ្ញុំ​អាច​និយាយ​អំពី​មិត្ត​ភក្តិ​ខ្ញុំបាន។ ខ្ញុំ​មាន​មិត្ត​ភក្ដិ​ជន​ជាតិ​ខ្មែរ។ យើង​និយាយ​គ្នា​នៅ Facebook និង Skype ធម្មតា​ប្រហែល​មួយ​ខែ​ពីរ​បី​ដង អាច​និយាយ​ជា​មួយ​គ្នា សួរ​សុខ​ទុក្ខ​គ្រួសារ​នៅ​ទៅ​នោះ ហើយ​គាត់​អាច​ជួប​ម៉ាក់​ខ្ញុំ​នៅ​ទី​នេះ។

VOA៖ តើ​ម្ហូប​អ្វី​ទៅ​ជា​ម្ហូប​ខ្មែរ​ដែល​កញ្ញា​ចូល​ចិត្ត​ និង​ម្ហូប​អ្វី​ដែល​កញ្ញា​មិន​ចិត្ត?

Austhea Speaks៖ ខ្ញុំ​ខ្មាស​គេ​ណាស់ ក្នុង​ការ​និយាយ​ពី​ម្ហូប​ដែល​ខ្ញុំ​មិន​ចូល​ចិត្ត ព្រោះ​វា​គឺ​មិន​គួរ​ឲ្យ​ជឿ។ ខ្ញុំ​គឺ​មិន​ចូល​ចិត្ត​បរិភោគ​បាយ​ច្រើន​ទេ ដូច្នេះ​ហើយ​វា​គឺ​ប្លែក​ពី​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​វិញ ក៏​ខុស​ពី​ជន​ជាតិ​អាមេរិកាំង​ដទៃ​ដែរ។ តើ​អ្នក​ស្គាល់​កង្កែប​ទេ? គឺ​កង្កែប​ដែល​គេ​ញាត់​ស្អី​គេ​ហិល​ ហិល​ចូល...វា​ឆ្ងាញ់​មែន​ទែន។

VOA៖ កង្កែប​បោក កង្កែប​ញាត់​គ្រឿង?

Austhea Speaks៖ ហ្នឹង​ហើយ​កង្កែប​បោក។ វា​ឆ្ងាញ់​មែន​ទែន ពេល​ដំបូង​បំផុត​ដែល​ខ្ញុំ​ញ៉ាំ​វា ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លាច​ ក្នុង​ការ​សាកល្បង។ ប៉ុន្តែ​ទាល់តែ​ពេល​ដែល ម្ដាយ​ធម៌​ជន​ជាតិ​ខ្មែរ ធ្វើ​ឲ្យ​ខ្ញុំ​ញ៉ាំ​ពីរ​បី​ដង ខ្ញុំ​ញ៉ាម​តែ​ម្ដង។

VOA៖ អ្វី​ទៅ​ជា​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ចំពោះ​ប្រទេស​កម្ពុជា ក៏ដូច​ជាប្រជាជន​កម្ពុជា ដូច​ដែល​កញ្ញា​សង្កេត​ក្នុង​ពេល​កន្លង​ទៅ​នេះ?

Austhea Speaks៖ ចំណុច​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ខ្ញុំគឺ កម្ពុជា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​សហរដ្ឋ​អាមេរិក​ ត្រង់​ថា​កម្ពុជា​គឺ​សាមញ្ញ​មែន​ទែន។ ឧទាហរណ៍​ អ្វី​ដែល​សាមញ្ញបំផុត​សម្រាប់​ប្រជាជន​កម្ពុជា​គឺ​គ្រួសារ ក៏​ដូច​ជា​ទម្លាប់​ក្នុង​ការ​បរិភោគ​អាហារ។ ការ​បរិភោគ​អាហារ​គឺ​ជា​រឿង​សំខាន់។ ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​ទៅ​បង្រៀន​នៅ​សាលា ខ្ញុំ​បាន​ប្រាប់​មនុស្ស​ម្នាក់​ថា ខ្ញុំ​ឃ្លាន​មែន​ទែន។ ពេល​នោះ​គេ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​រក​អី​ញ៉ាំ​សិន​ចុះ ទៅ​ញ៉ាំ​អី​ក៏បាន​ឲ្យតែ​បាត់​ឃ្លាន​មុន​ចូល​មក​បង្រៀន​វិញ។ ពេល​នោះ​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​ភាព​ខុស​គ្នា។ ខ្ញុំ​ស្ងើច​សរសើរ​យ៉ាង​ខ្លាំង ចំពោះ​ទង្វើ​របស់​ប្រជាជន​ខ្មែរ​ ដែល​ចំណាយ​ពេល​សម្រាប់​គ្រួសារ យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង សម្រាក​លំហែ​កាយ ដែល​ផ្ទុយ​ពី​អ្វី​ដែល​កើត​ឡើង​ក្នុង​សហរដ្ឋ​អាមេរិក ព្រោះ​ពលរដ្ឋ​អារិកាំងងប់ងុល​នឹង​ការ​ងារ​ជា​ទី​បំផុត។ នេះគឺ​វប្បធម៌​មួយ​ដែល​ខ្ញុំ​ស្ងើច​សរសើរ។

VOA៖ ដូច្នេះ​តើ​កញ្ញា​គិត​ថា ភាព​ខុស​គ្នា​ខាង​លើ​នេះ អាច​បញ្ជាក់​ពី​ភាព​ខុស​គ្នា​នៃ​កម្រិត​ជោគ​ជ័យរបស់​រវាង​ពលរដ្ឋ​អាមេរិក? តើ​កញ្ញា​យល់​យ៉ាង​ដែរ?

Austhea Speaks៖ ខ្ញុំ​គិត​ថា​ នេះ​គ្រាន់​ជា​ការ​ផ្ដល់​និយម​ន័យ​ខុស​គ្នា​ចំពោះ​ពាក្យ​ថា​ «ជោគជ័យ» ​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា យើង ពលរដ្ឋ​អាមេរិកាំង គិត​ថា​ជោគ​ជ័យ​គឺ​សំដៅ​ទៅ​លើ ថា​តើ​យើង​បាន​ធ្វើ​ការ​ងារ​នេះ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ ឡើង​តំណែង​ប៉ុន្មាន​ដង ដែល​ចំណុច​ទាំង​នេះ​ក៏​មាន​សារៈ​សំខាន់​ផង​ដែរ​សម្រាប់​ប្រជាជន​កម្ពុជា​ ប៉ុន្តែ​នៅ​អាមេរិក យើង​ធ្វើ​រឿង​ទាំង​នេះ ​ ដោយ​បាន​លះ​បង់​ពេល​វេលា​ជា​មួយ​ក្រុម​គ្រួសារ និង​សុខុមាលភាព​ផ្ទាល់​ខ្លួន។ ផ្ទុយ​ពី​នេះ នៅ​ប្រទេស​កម្ពុជា ខ្ញុំ​គិត​ថា​ ពេល​សម្រាក​ថ្ងៃ​ត្រង់​របស់​សិស្ស គឺ​ច្រើន​ម៉ោង​មែន​ទែន គឺ​រហូត​ដល់​ទៅ​បី​ម៉ោង។ ប៉ុន្តែ​ស្រប​ពេល​គ្នា​នេះ​ដែរ ខ្ញុំ​គិត​ថា​អត្ថប្រយោជន៍​ដែល​អ្នក​ទទួល​បាន​គឺ​សុខភាព។ អ្នក​មាន​សុខភាព​ល្អ មិន​សូវ​មាន​ភាព​តាន​តឹង​ក្នុង​អារម្មណ៍ មិន​សូវ​ប្រឈម​មុខ​នឹង​ជំងឺ​ក្រពះ ពីព្រោះ​អ្នក​មាន​ពេល​វេលា​ច្រើន​សម្រាប់​ខ្លួន​ឯង។ នេះ​គឺ​ជា​ជោគជ័យ​មួយ​ដែល​ខុស​គ្នា តែ​វា​ក៏​ពិត​ជា​មាន​សារៈសំខាន់​ដែរ។

VOA៖ តាម​បទ​ពិសោធន៍​របស់​កញ្ញា​ តើ​កញ្ញា​ចូល​ចិត្ត​អ្វី​ជាង​គេ​អំពី​កម្ពុជា?

Austhea Speaks៖ ក្នុង​នាម​ជា​ជន​បរទេស​មួយ​រូប ខ្ញុំ​គិត​ថា​ចំណុច​ទាក់​ទាញ​បំផុត​របស់​កម្ពុជា​ គឺ​ការ​ស្វាគមន៍។ តួ​យ៉ាង​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ខេត្ត​តាកែវ ពេល​ខ្ញុំ​ទៅ​ដល់​កម្ពុជា​ដំបូង ​ពេល​ក្មេង​ៗ​ឃើញ​ខ្ញុំ ពួក​គេ​ស្រែក Hello Hello Hello រាល់​ថ្ងៃ គ្រប់​ពេល​ និង​គ្រប់​កន្លែង​ដែល​យើង​ទៅ។ ខ្ញុំ​មិន​ដឹង​ថា តើ​ប្រជាជន​ខ្មែរ​គិត​យ៉ាង​ណា​នោះ​ទេ​ចំពោះ​រឿង​តែ​សម្រាប់​ខ្ញុំ​ជា​ជន​បរទេស​ម្នាក់ ខ្ញុំ​ជឿ​ថា​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​ផ្ដល់​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​បំផុតនៅ​ក្នុង​ពិភព​លោក។ ចំណុច​ទី ២​ គឺ​ភាព​សាមញ្ញ​នៃ​ភាសា ពី​ព្រោះអ្នក​មិន​ចំា​បាច់​បារម្ភ​ពី​វេយ្យាករណ៍ ឬអ្វី​ផ្សេង​ទៀត​នោះ​ទេ។ ពេល​ខ្លះ​អ្នក​គ្រាន់​តែ​និយាយ​ថា «ទៅ​ណា?»។ វា​មាន​ភាព​ងាយ​ស្រួល​មែន​ទែន​ ក្នុង​ការ​រៀន​ភាសា​សាមញ្ញ ទោះបី​ជាការ​បញ្ចេញ​សំឡេង​លំបាក​សម្រាប់​ខ្ញុំ​ក៏​ពិត​មែន​។

VOA៖ តើ​កញ្ញា​មាន​បន្ថែម​ទៅ​កាន់​ប្រិយ​មិត្តិ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬទេ?

​Austhea Speaks៖ សម្រាប់​ប្រជាជន​ខ្មែរ​ទូទៅ ខ្ញុំ​អាច​និយាយ​បាន​ថា នេះ​គឺ​វប្បធម៌ និង​ប្រពៃ​ណី​ដ៏​រម្យទម​មួយ។ ខ្ញុំ​នឹង​និយាយ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស។ ជា​ភាសា​ខ្មែរ​ខ្ញុំ​សូម​និយាយ​ថា៖ «​កុំ​អៀន​ពេក ព្យាយាម​រហូត កុំ​គិត​ថា​មិន​អាច​ធ្វើ​បាន»។ ហើយ​ជា​ភាសា​អង់គេ្លស​ខ្ញុំ​សូម​និយាយ​ថា សូម​ជឿ​ជាក់​លើ​ខ្លួនឯង កុំ​គិត​ថា​ខ្លួន​ឯង​អន់ កុំ​គិត​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន។ នេះ​គឺ​ជា​សារ​ដែរ​ខ្ញុំ​តែង​តែ​ប្រាប់​សិស្ស​ និង​មិត្ត​រួម​ការ​ងារ​របស់​ខ្ញុំ។ វា​មិន​មែន​ជា​អ្វី​ដែលអ្នក​ធ្វើ​មិន​បាន​នោះ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​អ្នក​មិនទាន់​បាន​ព្យាយាម​ធ្វើ​វា​នៅ​ឡើយ។ ហើយ​ប្រសិន​បើ​អ្នក​ខំ​ប្រឹង អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន៕

VOA៖ អរគុណ​កញ្ញា Thea!

​Austhea Speaks៖ អរគុណ​វឌ្ឍនា​!

XS
SM
MD
LG