មេដឹកនាំនៃគណបក្សនយោបាយធំៗ ជាច្រើនរបស់ប្រទេសប៉ាគីស្ថាន បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាដកាលពីថ្ងៃទី ២ ខែសីហា ដើម្បីបញ្ជាក់ថាការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅនេះមានការលួចបន្លំ។
អ្នកស្រី Sherry Rehman នៃគណបក្សប្រជាជនប៉ាគីស្ថាន បាននិយាយថា៖ «យើងសូមបដិសេធលទ្ធផលនៃការបោះឆ្នោតនេះ ក៏ដូចជាជំទាស់ទៅនឹងគណៈកម្មការរៀបចំការបោះឆ្នោតផងដែរ។ យើងនឹងបន្តធ្វើការតវ៉ាចំពោះលទ្ធផលនៃការបោះឆ្នោតនេះទាំងនៅក្នុងនិងក្រៅរដ្ឋសភា»។
គណបក្សនយោបាយនានាបានបញ្ជាក់ថា ពួកគេនឹងដាក់បេក្ខជនផ្ទាល់របស់ពួកគេសម្រាប់បេក្ខភាពជានាយករដ្ឋមន្ត្រីដើម្បីប្រជែងជាមួយនឹងលោក Imran Khan មកពីគណបក្ស PTI ដែលបានឈ្នះការបោះឆ្នោតកាលពីខែកក្កដាកន្លងមកនេះ។
គណបក្សទាំងនេះបានចោទប្រកាន់គណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថានថាបានធ្វើការជាមួយនឹងយោធាដ៏មានឥទ្ធិពលដើម្បីជួយឲ្យគណបក្ស PTI របស់លោក Imran Khan ឈ្នះការបោះឆ្នោត។ មន្ត្រីយោធាប្រហែល ៣ សែន ៧ ម៉ឺននាក់ ត្រូវបានចាត់តាំងដើម្បីផ្ដល់ការការពារក្នុងអំឡុងពេលបោះឆ្នោត។
បេក្ខជនជាច្រើនបានត្អូញត្អែរថា មន្ត្រីយោធាបានរំលោភលើអំណាចតួនាទីរបស់ខ្លួន និងបានជ្រៀតជ្រែកដោយខុសច្បាប់នៅក្នុងដំណើរការរាប់សន្លឹកឆ្នោត។ បេក្ខជនខ្លះបានចាប់ផ្ដើមរិះគន់អំពីរឿងនេះនៅលើបណ្ដាញសង្គម Twitter បន្ទាប់ពីករណីនេះបានកើតឡើងភ្លាមៗ។
លោក Jibran Nasir ដែលជាសកម្មជនសិទ្ធិមនុស្ស និងជាបេក្ខជនឯករាជ្យមួយរូប បាននិយាយថា៖
«មន្ត្រីសង្កេតការណ៍បោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតជាច្រើនត្រូវបានគេដេញចេញ ហើយនៅតាមមណ្ឌលបោះឆ្នោតជាច្រើនទៀត មន្ត្រីយោធាបានរំលោភលើតួនាទីរបស់មន្ត្រីស៊ីវិល និងបានធ្វើជាអាជ្ញាធរអនុវត្តច្បាប់។ ពួកគេមិនបានធ្វើតាមច្បាប់របស់គណៈកម្មការរៀបចំការបោះឆ្នោតនោះទេ»។
គណៈកម្មការរៀបចំការបោះឆ្នោតបានឲ្យដឹងថា ការបោះឆ្នោតនេះមានលក្ខណៈសេរី និងយុត្តិធម៌។ គណៈកម្មការនេះបានបន្ថែមថា ខ្លួនបានប្រើសិទ្ធិអំណាចរបស់ខ្លួនដើម្បីព្យាយាមធ្វើយ៉ាងណាឲ្យមានការប្រកួតប្រជែងដោយស្មើភាពសម្រាប់គ្រប់គណបក្សទាំងអស់។
លោក Babar Yaqoub ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថានបាននិយាយថា៖ «យើងមិនបានទទួលពាក្យបណ្ដឹងជាក់ច្បាស់ណាមួយដែលចោទប្រកាន់ថាមានការលួចបន្លំនៅក្នុងការបោះឆ្នោតនោះទេ។ បេក្ខជនណាដែលសង្ស័យថាមានការលួចបន្លំ គួរតែធ្វើតាមនីតិវិធីនានាដើម្បីទទួលបានដំណោះស្រាយអំពីបញ្ហានេះ»។
លោក Imran Khan បាននិយាយថា លោកនឹងគាំទ្រកិច្ចប្រឹងប្រែងនានាដែលជំរុញឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅតាមមណ្ឌលបោះឆ្នោតណាដែលសង្ស័យថាមានការលួចបន្លំកើតឡើង៕
ប្រែសម្រួលដោយ ហេង រស្មី