ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​របស់​លោក Imran Khan នាំ​មុខ​នៅ​ក្នុង​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នៅ​ប៉ាគីស្ថាន


អ្នកគាំទ្រគណបក្ស Tehreek-e-Insaf នៃ​ប្រទេស​ប៉ាគីស្ថាន​រាំ​អបអរជ័យ​ជម្នះ​ការ​បោះឆ្នោត។

លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​រដ្ឋសភា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​បង្ហាញ​ថា គណបក្ស​របស់​លោក Imran Khan បាន​នាំ​មុខ ស្រប​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ពី​គណបក្ស​ប្រជែង​ជាមួយ​នឹង​គណបក្ស​របស់​លោក​ស្ទើរតែ​ទាំង​អស់​ថា ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​គេ​លួច​បន្លំ​ដើម្បី​ជួយ​លោក Imran Khan ឲ្យ​ឈ្នះ​ការ​បោះ​ឆ្នោត។

មន្ត្រី​គណៈកម្មការ​បោះ​ឆ្នោត​ឯករាជ្យ​នៃ​ប្រទេស​ប៉ាគីស្ថាន បាន​សន្យា​ថា​នឹង​ប្រកាស​ពី​លទ្ធផល​ទាំង​ស្រុង​នៃ​ការ​បោះ​ឆ្នោត​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​ពួកគេ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ នឹង​បាន​បញ្ជាក់​ថា បញ្ហា​បច្ចេកទេស​នៅ​ក្នុង​ប្រព័ន្ធ​រាយការណ៍​បោះ​ឆ្នោត​គឺ​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ពន្យារពេល​យូរ​នៅ​ក្នុង​ការ​ប្រកាស​លទ្ធផល។

បន្ទាប់ពី​សន្លឹក​ឆ្នោត​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ចំនួន​ប្រហែល ៤៧ ភាគរយ​នៅ​ទូទាំង​ប្រទេស​ត្រូវ​បាន​រាប់​រួច​មក គេ​ឃើញ​ថា គណបក្ស​ចលនា​ប៉ាគីស្ថាន​ដើម្បី​យុត្តិធម៌​របស់​លោក Imran Khna បាន​ឈ្នះ​អាសនៈ​ចំនួន ១១៣ នៃ​អាសនៈ​ចំនួន ២៧២ ដែល​ដាក់​សម្រាប់​ប្រជែង​ដណ្ដើម​យក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នេះ។ ចំណែក​ឯ​អាសនៈ​ចំនួន ៧០ ទៀត នៃ​អាសនៈ​សរុប​របស់​រដ្ឋសភា​ជាតិ​ចំនួន ៣៤២ គឺ​រក្សា​ទុក​សម្រាប់​ស្ត្រី និង​ជនជាតិ​ភាគ​តិច ហើយ​នឹង​ត្រូវ​ផ្ដល់​ជូន​គណបក្ស​នយោបាយ​ផ្សេងៗ​ផ្អែក​លើ​ភាគរយ​នៃ​ការ​ឈ្នះ​អាសនៈ​របស់​ពួកគេ។

ចំណែក​ឯ​គណបក្ស​សម្ព័ន្ធ​ឥស្លាម​ប៉ាគីស្ថាន​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី Nawaz Sharif វិញ ទទួល​បាន​អាសនៈ​ចំនួន ៦៦។ រី​ឯ​គណបក្ស​ប្រជាជន​ប៉ាគីស្ថាន​របស់​លោក Bilawal Bhutto ទទួល​បាន​អាសនៈ​ចំនួន ៣៩ នៅ​ក្នុង​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នេះ៕

XS
SM
MD
LG