ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំនួយ​បាន​ទៅ​ដល់​ប្រទេស​វេណេស៊ុយអេឡា​ ទោះ​ជា​មាន​ការ​រារាំង​ពី​កង​ទ័ព​រដ្ឋាភិបាល​


ឡាន​ដឹក​ថ្នាំ​ពេទ្យ​ អង្ករ និង​ទឹក​ដោះគោ​ពី​ក្រុម​ជំនួយ​មនុស្ស​ធម៌​អាមេរិក​និង​ប្រស៊ីល ចេញ​ដំណើរ​ពី Boa Vista ទៅ​កាន់​ប្រទេស​វេណេស៊ុយអេឡា​​ ​ភាគ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២៣ កុម្ភៈ ២០១៩។
ឡាន​ដឹក​ថ្នាំ​ពេទ្យ​ អង្ករ និង​ទឹក​ដោះគោ​ពី​ក្រុម​ជំនួយ​មនុស្ស​ធម៌​អាមេរិក​និង​ប្រស៊ីល ចេញ​ដំណើរ​ពី Boa Vista ទៅ​កាន់​ប្រទេស​វេណេស៊ុយអេឡា​​ ​ភាគ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​២៣ កុម្ភៈ ២០១៩។

លោក​ Juan Guaido ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ប្រទេស​វេណេស៊ុយអេឡា ​បាន​ប្រកាស​ថា ​ការ​ដឹក​ជំនួយ​មនុស្ស​ធម៌​ជា​លើក​ដំបូង​បាន​ទៅ​ដល់​ប្រទេសវេណេស៊ុយអេឡា តាម​ព្រំដែន​ជាមួយ​ប្រទេស​ប្រេស៊ីល​ នៅ​ភាគ​ខាង​ត្បូង។

​លោក​បាន​និយាយ​តាម ​Twitter ​កាលពី​ថ្ងៃ​សៅរ៍​ថា «នេះ គឺជា សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​នៅ​ប្រទេស​វេណេស៊ុយអេឡា»។

មន្ត្រី​ក្រសួង​ការ​បរទេស ​ស.រ.អា.​ម្នាក់​ដែល​ធ្វើ​ដំណើរ​ជាមួយ​ក្បួន​ជំនួយ​បាន​ប្រាប់ វីអូអេ ថា ការ​ដឹក​ជញ្ជូន​ម្ហូប​អាហារ​និង​ឱសថ​ពី​រដ្ឋាភិបាល​អាមេរិក​និង​រដ្ឋាភិបាល​ប្រេស៊ីល​ត្រូវ​បាន​រក្សា​ទុក​នៅ​មូល​ដ្ឋាន​យោធា​មួយ​នៅ​ទីក្រុង​ Bao Vista ​ប្រទេស​ប្រេស៊ីល។​

ជំនួយ​ក៏​ត្រូវ​បាន​បញ្ជូនពី​ប្រទេស​កូឡុំប៊ី ​ផង​ដែរ។​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពីថ្ងៃ​សៅរ៍​រវាងកងទ័ព​ឆ្មាំ​ជាតិ​វេណេស៊ុយអេឡា ​ដែល​បិទ​ស្ពាន​និង​អ្នក​ស្រុក​ដែល​ព្យាយាម​បើក​ស្ពាន​សម្រាប់​រថយន្ត​ដឹក​ជញ្ជូន​ជំនួយ​ពី​ប្រទេស​កូឡុំប៊ី​ចូល​ក្នុង​ប្រទេស​វេណេស៊ុយអេឡា។

ទោះ​ជាមាន​អតិផរណា​និង​កង្វះ​ស្បៀង​អាហារ​យ៉ាង​ច្រើន​ក៏ដោយ ​ក៏លោក​ប្រធានាធិបតី​ Nicolas Maduro ​បានបដិសេធ​ជំនួយ​ពី​ប្រទេស​ដទៃទៀត​ដោយ​និយាយ​ថា​ ជនរួម​ជាតិ​របស់​លោក​មិន​មែន​ជា​អ្នក​សុំទាន​ទេ។​

ប៉ុន្តែ​លោក ​Guaido ​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​បាន​ប្ដេជ្ញា​ថា ​លោកនឹង​ព្យាយាម​ធ្វើ​ឲ្យ​ជំនួយ​ដែល​កក​នៅ​ឃ្លាំង​នៅ​ច្រក​ព្រំដែន​វេណេស៊ុយអេឡា ​អាច​ដឹក​ឆ្លង​ព្រំដែន​ចូល​ក្នុង​ប្រទេស​នេះ។ ​មនុស្ស​រាប់​ពាន់​នាក់​បាន​បោះ​ជំរំ​មួយ​យប់​ដើម្បី​ជួយចែក​ស្បៀង​នេះ។

​ទីភ្នាក់ងារ​សារ​ព័ត៌មាន ​Reuters ​ដែល​បាន​ដក​ស្រង់​សម្តី​របស់​ទីភ្នាក់ងារ​អន្តោ​ប្រវេសន៍​ប្រទេស​កូឡុំប៊ី បាន​រាយ​ការណ៍​ថា ​កងទ័ព​ឆ្មាំជាតិវេណេស៊ុយអេឡា​ បី​នាក់បាន​រត់ចោល​ប៉ុស្តិ៍​របស់​ពួក​គេ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ មុន​ពេល​កិច្ច​ប្រឹង​ប្រែង​នាំ​ជំនួយ​ទៅ​ក្នុង​ប្រទេស​វេណេស៊ុយអេឡា ​បាន​ចាប់​ផ្ដើម។​

ក្រុម​ប្រឆាំង​និង​ប្រទេស​ដែល​គាំទ្រ​ការដឹក​ជំនួយ​បាន​ជំរុញ​ឱ្យ​យោធា​វេណេស៊ុយអេឡា ​ប្រឆាំង​នឹង​បទ​បញ្ជារ​បស់លោក​ Maduro​ ដែល​ទប់​ស្កាត់​ការ​ដឹក​ជញ្ជូន​ជំនួយ៕

XS
SM
MD
LG