ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនឬ (UNHCR) រាយការណ៍ថា ជនភៀសខ្លួននិងជនចំណាកស្រុកវេណេស៊ុយអេឡារាប់ពាន់នាក់កំពុងចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការជ្រកកោនឬជីវភាពប្រសើរឡើង។ ទីភ្នាក់ងារនោះ កំពុងជំរុញឲ្យប្រទេសនានាបើកចំហព្រំដែនរបស់ខ្លួនសម្រាប់មនុស្សដែលត្រូវការការពារពីអន្តរជាតិ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនមិនគាំទ្រការសម្រេចរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោក Nicolas Maduro ដើម្បីបិទព្រំដែនជាមួយប្រទេសប្រេស៊ីលដើម្បីរារាំងជំនួយមនុស្សធម៌កុំឲ្យចូលក្នុងប្រទេសរបស់លោកទេ។
ក៏ប៉ុន្តែ លោក Andrej Mahecic អ្នកនាំពាក្យទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននិយាថា មនុស្សជាច្រើនដែលចាកចេញពីប្រទេសវេណេស៊ុយអេឡាត្រូវការការពារពីអន្តរជាតិ។ លោកនិយាយទៀតថា កាលពីឆ្នាំទៅ មនុស្សប្រហែល៥ពាន់នាក់ បានចាកចេញពីប្រទេសជារៀងរាល់ថ្ងៃដើម្បីស្វែងរកការការពារឬធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួនប្រសើរឡើង។
លោកនិយាយទៀតថា ប្រទេសនានានៅតំបន់អាមេរិកឡាទីន បានទទួលយកពាក្យសុំសិទ្ធិជ្រកកោនច្រើនណាស់ដែលមិនធ្លាប់មានកាលពីពេលមុនហើយបានផ្តល់ការអនុញ្ញាតិឲ្យរស់នៅហើយនិងឋានៈភាពផ្សេងៗទៀតដល់ពលរដ្ឋវេណេស៊ុយអេឡាចំនួន១លាន៣សែននាក់។
លោក Mahecic និយាយថា៖ «ចំពោះទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនបញ្ហាសំខាន់បំផុតគឺ មនុស្សដែលត្រូវការការការពារអន្តរជាតិ អាចទទួលបានការការពារនៅពេលដែលពួកគេត្រូវការ។ បទពិសោធន៍បង្ហាញថា បុគ្គលដែលត្រូវគេបង្ខិតបង្ខំឲ្យចាកចេញអាចជ្រើសរើសផ្លូវប្រកបដោយគ្រោះថ្នាក់ ដោយដាក់អាយុជីវិតរបស់ខ្លួនស្ថិតក្នុងភាពគ្រោះថ្នាក់នៅពេលដែលវិធានការចំណាកស្រុកដ៏តឹងរ៉ឹងរារាំងពួកគេមិនឲ្យទៅដល់កន្លែងមានសុវត្ថិភាព»។
លោក Mahecic និយាយទៀតថា ពលរដ្ឋដែលត្រូវគេបង្ខំឲ្យជ្រើសរើសផ្លូវមិនប្រក្រតីជារឿយៗក្លាយជាជនរងគ្រោះដល់ពួកអ្នករត់ពន្ធ អ្នកជួញដូរមនុស្សឬក្រុមប្រដាប់អាវុធ។ លោកនិយាយទៀតថា ពួកជនភៀសខ្លួននិងជនចំណាកស្រុក ក៏ងាយទទួលគ្រោះថ្នាក់ដោយសារការកេងយកផលប្រយោជន៍ អំពើហិង្សា ការរំលោភបំពានខាងផ្លូវភេទនិងការរើសអើង។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួននិងទីភ្នាក់ទេសន្តរប្រវេសន៍អង្គការសហប្រជាជាតិ រាយការណ៍ថា ចំនួនជនភៀសខ្លួននិងជនចំណាកស្រុកមកពីប្រទេសវេណេស៊ុយអេឡា ឥឡូវនេះមានចំនួន៣លាន៤សែននាក់នៅទូទាំងពិភពលោក ដោយភាគច្រើននៅក្នុងតំបន់អាមេរិកឡាទីននិងតំបន់ការ៉ាអ៊ីប។
ប្រទេសកូឡុំប៊ីទទួលយកជនភៀសខ្លួននិងជនចំណាកស្រុកច្រើនជាងគេបង្អស់ដោយមានចំនួនទៅដល់ជាង១លាននាក់ បន្ទាប់មកគឺប្រទេសប៉េរូ ឈីលី អេក្វាទ័រ អាហ្សង់ទីន និងប្រទេសប្រស៊ីល៕
ប្រែសម្រួលដោយជឹង ប៉ូជីន