មេបញ្ជាការកងទ័ពស.រ.អា.ភាគខាងត្បូងបានបញ្ជាក់ពីការអះអាងរបស់លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកដែលថា មានក្រុមសកម្មប្រយុទ្ធ Hezbollah នៅវេណេស៊ុយអេឡា ប៉ុន្តែគាត់និយាយថា យោធាអាមេរិកនៅក្នុងតំបន់បច្ចុប្បន្នកំពុងផ្តោតលើការការពារពលរដ្ឋអាមេរិកនិងកាត់បន្ថយការឈឺចាប់របស់មនុស្ស។
ឆ្លើយនឹងសំណួរវីអូអេកាលពីថ្ងៃសុក្រ ឧត្តមនាវីទោ Craig Faller បាននិយាយថា សហរដ្ឋអាមេរិកកំពុងធានាថា ពលរដ្ឋអាមេរិក ទ្រព្យសម្បត្តិនិងអ្នកការទូតនៅទីនោះមានសុវត្ថិភាព។
ទាក់ទងនឹងការបញ្ជូនកងទ័ពទៅកាន់ប្រទេសកូឡុំប៊ី ដែលលើកឡើងដោយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិ ដែលបានថតរូបសរសេរថា កងទ័ព៥ពាន់នាក់ទៅប្រទេសកូឡុំប៊ីនោះ លោក Faller ឲ្យយកសំណួរនេះសួរក្រុមប្រឹក្សាសន្តិសុខជាតិ។ គាត់បាននិយាយថា បញ្ជារបស់គាត់គឺផ្តោតលើការឈឺចាប់របស់មនុស្សហើយជារៀងរាល់ថ្ងៃបានកាត់បន្ថយទុក្ខវេទនានោះ។
នៅពេលសួរអំពីការពាក់ព័ន្ធរបស់រុស្ស៊ីនៅក្នុងនយោបាយវេណេស៊ុយអេឡា លោក Faller បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា រុស្ស៊ីអាចពាក់ព័ន្ធ។ យើងបានឃើញអ្វីដែលពួកគេបានធ្វើហើយខ្ញុំគិតថា យើងត្រូវតែត្រៀមខ្លួនសម្រាប់អ្វីដែលអាចកើតឡើងនាពេលអនាគត»។
បញ្ហាវិបត្តិសេដ្ឋកិច្ចប្រទេសវេណេស៊ុយអេឡា បានធ្វើឲ្យហាងទំនិញគ្មានគ្រឿងទេសក៍ហើយអតិផរណាកើនឡើងទប់មិនឈ្នះ។ ពលរដ្ឋវេណេស៊ុយអេឡា រាប់លាននាក់បានចាកចេញពីប្រទេសនេះដើម្បីស្វែងរកស្ថានភាពប្រសើរនៅកន្លែងផ្សេង។
លោកប្រធានាធិបតីនី Nicolas Maduro បានបដិសេធជំនួយនិងបានបញ្ជាឱ្យទាហានបញ្ឈប់ការផ្គត់ផ្គង់ឆ្លងកាត់ស្ពានរវាងប្រទេសកូឡុំប៊ី និង វេណេស៊ុយអេឡា ដោយនិយាយថា មិនមានវិបត្តិមនុស្សធម៌នៅវេណេស៊ុយអេឡាទេ។ លោក Juan Guaido មេដឹកនាំបក្សប្រឆាំងបានសុំជំនួយនេះដោយព្រមានថា ប្រជាជនវេណេស៊ុយអេឡាជាច្រើនប្រឈមនឹងហានិភ័យធ្ងន់ធ្ងរដោយគ្មានជំនួយអន្តរជាតិ៕