ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​កសិកម្ម​ព្រមាន​ខេមបូចា ពាក់ព័ន្ធ​នឹង​អត្ថបទ​វាយ​សកម្មជន​ដោយ​ភ្ជាប់​ឈ្មោះ​រដ្ឋមន្រ្តី


រូបឯកសារ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ថ្លែងអំពី«ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​ថ្លែងអំពី«ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ ​និង​នេសាទ​បាន​ចេញ​លិខិត​ប្រតិកម្ម​មួយ​ទៅ​នឹង​អត្ថបទ​ដែល​ចេញ​ផ្សាយ​ជា​ភាសា​អង់គ្លេស​របស់​សារ​ព័ត៌មាន​ខេមបូចា ​ដោយ​ប្រាប់​ឱ្យ​សារ​ព័ត៌មាន​នេះ​គោរព​តាម​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ​ខណៈ​ព្រមាន​ថា​នឹង​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ដូច​សារ​ព័ត៌មាន​វីអូឌី ​ដែល​ត្រូវ​បាន​ដក​អាជ្ញា​បណ្ណ​កាល​ពី​ដើម​ឆ្នាំ​២០២៣។​

ប្រតិកម្ម​របស់​ក្រសួង​កសិកម្ម​ ដែល​ដឹកនាំ​ដោយ​លោករដ្ឋមន្រ្តី​ ​ឌិត ទីណា ​កើត​ឡើង​ក្រោយ​សារ​ព័ត៌មាន​ខេមបូចា ​កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា ​បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​ និយាយ​អំពី​ការ​វាយ​ដំ​សកម្មជន​ម្នាក់​ឈ្មោះ ​នី ណាក់ ​ដែល​តែង​តែ​រិះគន់​វិស័យ​កសិកម្ម​ និង​មន្រ្តី​ក្រសួង​កសិកម្ម ​រួម​ទាំង​រដ្ឋមន្រ្តី​ផង​ដែរ។​

លិខិត​ដែល​ផ្ញើ​ទៅ​កាន់​សារ​ព័ត៌មាន​ខេមបូចា ​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ ក្រសួង​កសិកម្ម​បាន​កត់​សម្គាល់​ទៅ​លើ​អត្ថ​បទ​ព័ត៌មាន​របស់​សារ​ព័ត៌មាន​ខេមបូចា​ដែល​មាន​ចំណង​ជើង​«គ្រួសារ​អ្នក​រិះ​គន់​រដ្ឋាភិបាល​ត្រូវ​បាន​វាយ​ដំ​ដោយ​ហិង្សា​ ហើយ​ស្វែង​រក​យុត្តិ​ធម៌»។ ​លិខិត​នេះ​លើក​ឡើង​ថា​ មាន​ការ​ចោទ​ប្រកាន់​មិន​ច្បាស់​លាស់ ​ដោយ​ពុំ​មាន​អំណះ​អំណាង​ត្រឹម​ត្រូវ ​និង​មាន​លក្ខណៈ​ចោទ​ប្រកាន់​ទៅ​លើ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម។

លិខិត​របស់​ក្រសួង​កសិកម្ម​បញ្ជាក់​ថា​ អត្ថ​បទ​មួយ​នេះ​បញ្ចូល​ឈ្មោះ​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​នៅ​ក្នុង​សាច់​រឿង ​ទោះ​បី​ជា​ឈ្មោះ​រដ្ឋ​មន្រ្តី​មិន​ដែល​ត្រូវ​បាន​លើក​ឡើង​ក្នុង​ការ​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ណា​មួយ​របស់​លោក ​នី ណាក់ ​នា​ពេល​ថ្មីៗ​នេះ​ក៏​ដោយ។​

នៅ​ក្នុង​លិខិត​របស់​ក្រសួង​កសិកម្ម​ដដែល​នោះ ​ក្រសួង​កសិកម្ម​ក៏​បាន​ជំរុញ​ឱ្យ​សារ​ព័ត៌មានខេមបូចា​កែ​សម្រួល​ដោយ​ត្រូវ​គោរព​តាម​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ​ក៏​ដូច​ជា​តម្រូវ​ឱ្យ​លុប​ឈ្មោះ​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ចេញ​ពី​អត្ថ​បទ​ផង​ដែរ។ ​ក្រសួង​កសិកម្ម​ក៏​បាន​ព្រមានចំណាត់​វិធាន​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​សារ​ព័ត៌មាន​ខេមបូចា ​ដែល​អាច​នឹង​មាន​រូប​ភាព ​ឬ​លទ្ធ​ផល​ដែល​កើត​មាន​ឡើង​ដូច​ទៅ​នឹង​សារ​ព័ត៌មាន​វីអូឌី​ (VOD)​ ដែល​ត្រូវ​បាន​ក្រសួង​ព័ត៌មាន​ដក​អាជ្ញា​បណ្ណ​កាល​ពី​ខែ​កុម្ភៈ ​ក្រោយ​មាន​ប្រតិកម្ម​ពី​លោក​ ហ៊ុន ម៉ាណែត ​និង​លោក​ ហ៊ុន សែន។​

ក្រសួង​កសិកម្ម​ក៏​បាន​ប្រតិកម្ម​ថា ​ឈ្មោះ​របស់អ្នក​សារ​ព័ត៌មាន​ជា​ជន​បរទេស​លោក ​Jack Brook ​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​អត្ថបទ​នោះ​ទេ ​បើ​ទោះ​អ្នក​សារ​ព័ត៌មាន​រូប​នោះ​ជា​អ្នក​ដែល​បាន​ទាក់​ទងសុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​ក៏​ដោយ។​

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​កញ្ញា​ អ៊ឹម រចនា ​ប្រាប់​វីអូអេ​ថា​ ក្រសួង​កសិកម្ម​នឹង​រង់​ចាំ​មើល​ថា​ តើ​សារ​ព័ត៌មាន​ខេមបូចា​នឹង​មាន​ការ​ពិចារណា​បែប​ណា​ចំពោះ​សំណើ​ផ្សេងៗ​ដែល​ក្រសួង​កសិកម្ម​បាន​លើក​ឡើង។​

កញ្ញា​ថ្លែង​ថា៖ ​«យើង​នឹង​រង់​ចាំ​មើល​ពី​ខាង​ខេមបូចា​មក​វិញ​ ថា​តើ​បន្ទាប់​ពី​បាន​ទទួល​លិខិត​ពី​ក្រសួង​ហើយ ​ខាង​ខេមបូចា​នឹង​ធ្វើ​ការ​វិចារណា​បែប​ណា​ដែរ ​ហើយ​នឹង​សម្រេច​ចិត្ត​យ៉ាង​ណា​នៅ​រាល់​សំណើ​ដែល​ក្រសួង​លើក​ឡើង»។​

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា ​ខេមបូចា ​លោក ណុប វី ​លើក​ឡើង​ថា​ សារ​ព័ត៌មាន​ខេមបូចា​បាន​កែ​តម្រូវ​កំហុស​ឆ្គង​បច្ចេកទេស​ក្នុង​អត្ថបទ​នោះ ​ដោយ​មាន​ការ​កែ​សម្រួល​ឈ្មោះ​ប្រភព ​និង​អ្នក​ចូល​រួម​សរសេរ​នៅ​ក្នុង​អត្ថបទ​នោះ​តាំង​ពី​ល្ងាច​ថ្ងៃ​ចន្ទ។​

លោក​បន្ត​ថា ​ខេមបូចា​បាន​សម្រេច​ដក​ឈ្មោះ​របស់​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ចេញ​ពី​ក្នុង​អត្ថបទ ​ក្រោយ​បាន​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការ​បង្ហោះ​របស់​លោក ​នី ណាក់ ​នៅ​ក្នុង​បណ្តាញ​សង្គម​របស់​លោក។​

លោក​ថ្លែង​ថា៖ ​«យើង​បាន​សម្រេច​ដក​ឈ្មោះ​ចេញ​ ហើយ​ចំពោះ​ហេតុ​ផល​ដែល​យើង​សម្រេច​ដក​ឈ្មោះ​ចេញ​គឺ​ដោយ​សារ​យើង​ពិនិត្យ​មើល​ឃើញ​ថា ​នៅ​ក្នុង​អ្វី​ដែល​ជា​ការ​Comment ​[ការ​បញ្ចេញ​មតិ] ​ហេ្វសប៊ុក​របស់​លោក ​នី ណាក់​ គឺ​មិន​បាន​បញ្ជាក់​ឱ្យ​ចំ​ឈ្មោះ​របស់​ឯកឧត្តម​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ទេ​ គ្រាន់​តែ​បាន​បង្ហាញ​នូវ​រូប​ភាព​នៅ​ក្នុង​ការ​បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​គាត់»។​

គួរ​បញ្ជាក់​ថា​ ក្រោយ​ឡើង​ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​លោក ​ឌិត ទីណា ​ក៏​ធ្លាប់​បាន​ប្រតិកម្ម​ទៅ​នឹង​អត្ថបទ​របស់​សារ​ព័ត៌មាន​វីអូឌី​ផង​ដែរ​ថា​ កង្វះ​វិជ្ជាជីវៈ ​ក្រម​សីលធម៌​ និង​មាន​និន្នាការ​នយោបាយ​ទាក់ទង​នឹង​ការ​ចុះ​ផ្សាយ​អំពី​វិស័យ​កសិកម្ម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG