ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ អ្នក​កាសែត​បន្ត​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ទាំង​តាម​ផ្លូវ​ច្បាប់​ និង​ការ​វាយ​ដំ​លើ​រាងកាយ​​​​​​​​​​​​​​​​​​​​​


រូប​ឯកសារ៖ អ្នក​សារព័ត៌មាន​ថត​រូប​និង​យក​ព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​​ភ្នំពេញ ក្នុង​រឿងក្តី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៣។
រូប​ឯកសារ៖ អ្នក​សារព័ត៌មាន​ថត​រូប​និង​យក​ព័ត៌មាន​នៅ​មុខ​សាលាដំបូង​រាជធានី​​ភ្នំពេញ ក្នុង​រឿងក្តី​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២៣។

អ្នកកាសែត​នៅ​ប្រទេស​កម្ពុជា​នៅ​បន្ត​ប្រឈម​មុខ​នឹង​ការ​យាយី​ផ្សេងៗ ដែល​រួមមាន​វិធានការ​ច្បាប់​ និង​ការ​ដក​ហូត​អាជ្ញាបណ្ណ​ ក៏​ដូចជា​ការ​គំរាម​កំហែង​ និង​អំពើ​ហិង្សា។ នេះ​បើ​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ហៅ​កាត់​ថា (Camboja)។

នៅ​ក្នុង​របាយការណ៍​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ដែល​មាន​កម្រាស់​២៥ទំព័រ​ស្តីពី​ស្ថានភាព​សារព័ត៌មាន​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​ ​Camboja បាន​កត់​ត្រា​ករណី​នៃ​ការ​គំរាម​កំហែង​មាន​ចំនួន​៣៥​ករណី​ ក្នុង​នោះ​មាន​ការ​វាយប្រហារ​លើ​រាង​កាយ​ ការ​គំរាម​ប្រើអំពើ​ហិង្សា ការ​រើសអើង ការ​ចាប់ខ្លួន​ ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ និង​វិធានការ​ច្បាប់​ជាច្រើន​ទៀត​ប្រឆាំង​នឹង​អ្នកកាសែត​ចំនួន​៥៤នាក់​ កាល​ពី​ឆ្នាំ​២០២២​ ដោយ​ផ្អែក​លើ​សេចក្តី​រាយការណ៍​ព័ត៌មាន​ ការ​បង្ហោះ​សារ​លើ​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ ឯកសារ​តុលាការ​ និង​ការ​សម្ភាសន៍។

បើ​តាម​របាយការណ៍​របស់​ Camboja ចេញ​ផ្សាយ​ក្នុង​សប្តាហ៍​នេះ​ ​ចំនួន​ករណី​ដែល​បាន​កត់​ត្រា​សរុប​ខាង​លើ​ គឺទាប​ជាង​ករណី​ដែល​បាន​កត់ត្រា​ទុក​កាល​ពីមុន​ឆ្នាំ​២០២២ ពោល​គឺបាន​ថយ​ចុះ​២៨​ភាគរយ។ ​

កាលពី​មុន​ឆ្នាំ​២០២២​ Camboja បាន​កត់​ត្រា​ទុក​ករណី​នៃ​ការ​យាយី​ចំនួន៤៩​ករណី​ លើ​អ្នក​កាសែតចំនួន​៩៦នាក់។ របាយ​ការណ៍​បាន​រៀបរាប់​ទៀត​ថា​ ខណៈ​អ្នក​ពាក់​ព័ន្ធ​ប្រហែល​ជា មើល​ឃើញ​សញ្ញា​នៃ ភាព​ប្រសើរ​ឡើង​ Cambojaមាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​សេចក្តី​សន្និដ្ឋាន។ និទណ្ឌភាព​ នៅ​តែ​មាន​សម្រាប់​អ្នក​ដែល​បាន​គំរាម​ ឬ​វាយប្រហារ​អ្នកកាសែត​ ហើយ​អ្នកកាសែត​ប្រាំពីរ​នាក់បន្ត​ស្ថិត​ក្នុង​ពន្ធនាគារ​ និង​ការ​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​រង់​ចាំការ​កាត់​ទោស​ គិត​ត្រឹម​ខែធ្នូ​ ឆ្នាំ​២០២២។ ​

របាយការណ៍​របស់ Camboja​ ក៏បាន​កត់ត្រាករណី​នៃការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​លេច​ធ្លោមួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ផ្សេងទៀត​ នៅ​ដើម​ឆ្នាំ២០២៣​នេះ ដោយ​សំដៅ​ទៅ​លើ​អង្គភាព​ព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​ ហៅ​កាត់​ថា​ (VOD)។

នាយកប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ លោក​ ណុប វី​ ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​អ្នក​កាសែត​ ឬ​អង្គភាព​ព័ត៌មាន​អាច​នឹង​ជួប​បញ្ហា​ប្រឈម​បន្ថែម​ទៀត នៅ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជាតិ​កំពុង​ខិត​ចូល​មក​ដល់។

លោក​ថ្លែងថា៖ «តាម​រយៈ​ការ​កត់​ត្រា​របស់​យើង​ យើង​មើល​ឃើញ​អំពីការ​ទទួល​នូវ​ការ​លំបាក​ថ្មី​ៗ​បន្ថែម​ទៀត​ ជាពិសេស​គឺ​ទាក់​ទង​ជាមួយ​នឹង​ស្ថានភាព​ នៅ​ជិត​ដល់​ពេល​ការ​បោះឆ្នោតខាង​មុខ​ហ្នឹង។ វា​មាន​ការ​ប្រឈម​ថ្មី​ៗ​ អ៊ីចឹង​ ជាពិសេស​ដោយ​សារ​តែ​រឿង​ការ​ដក​អាជ្ញាបណ្ណ VOD ​ដក​អី​ហ្នឹង​ វា​ធ្វើ​ឱ្យ​កាន់​តែមានការលំបាក​ទៅទៀត​សម្រាប់​កិច្ច​ការ​ងារ​អ្នក​សារព័ត៌មាន​ឯករាជ្យ​ ដែល​គាត់​មិនអាច​នឹង​ចូលរួម​នៅ​ក្នុង​ការ​អនុវត្ត​កិច្ច​ការ​ងារ​វិជ្ជា​ជីវៈ​សារព័ត៌មាន​បាន​ហ្នឹង​»។

លោក​បន្ថែម​ថា​ ជាមួយ​នឹង​ការ​វិវឌ្ឍ​ថ្មីៗ​ក្នុង​វិស័យ​សារព័ត៌មាន​ ដូច​យ៉ាងការ​គំរាម​កំហែង​ ឬការ​វាយ​ដំ​លើ​អ្នក​កាសែត​ដោយ​គ្មាន​ការ​នាំខ្លួន​ជន​ដៃដល់​មក​ទទួល​ត្រូវ​តាម​ផ្លូវ​ច្បាប់ សេរីភាព​របស់​អ្នក​សារព័ត៌​មាន​ក្នុង​ការ​អនុវត្ត​កិច្ចការ​ប្រចាំថ្ងៃអាច​ប្រឈម​នឹង​សម្ពាធខ្លះ​ ​ ជាពិសេស​គឺពេល​ចុះ​យក​ព័ត៌មាន។

លោក​ប្រាប់​វីអូអេ​ថា៖ «អ្នក​សារព័ត៌មាន​ដែល​កំពុង​តែ​ នៅ​អាច​អនុវត្ត​វិជ្ជាជីវៈ​បាន​គឺ​ស្ថិត​នៅ​ក្នុង​គំ​នាប​ ការរឹត​ត្បិត​នៅ​ក្នុង​ការ​អនុវត្ត​សេរីភាព​របស់​ពួកគាត់ ដែល​វា​នឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ទៅ​ដល់​ ដំណើរ​កា​រនៃ​ការ​យក​ព័ត៌មាន​ ក្នុង​ការ​ផ្តល់​ព័ត៌មានជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​ដូច​យើង​ដឹង ហើយ​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​យើង​ក៏​មាន​ចែង​ដែរ​ មាត្រា​៤១អំពី​រឿង​ការ​ទទួល​បាន​ការ​ផ្សព្វផ្សាយ​ហ្នឹង​»។ ​

លោក​បន្ថែម​ថា៖ «ហើយ​យើង​មានការ​ពិបាក​ បើ​នៅ​ក្នុង​ពេល​ដែល​យើង​ខ្វះ​នូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ហ្នឹង​ ហើយ​និង​យើង​មិន​ទទួល​បាន​នូវការ​គាំពារ​ឱ្យ​បាន​គ្រប់​គ្រាន់​ ការ​ការ​ពារ​សុវត្ថិភាព​ សន្តិ​សុខ​ឱ្យ​បាន​គ្រប់​គ្រាន់​ទេ​ ហើយ​មួយ​វិញ​ទៀត​ បើ​សិន​ករណី​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​លើ​អ្នក​សារ​ព័ត៌​មាន​ ឬ​ក៏អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ហ្នឹង​ មិន​ត្រូវ​បាន​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​ ឬ​ក៏​ផ្តន្ទាទោស​ ទៅ​តាម​ផ្លូវ​ច្បាប់​ទេ​»។

អ្នកនាំ​ពាក្យ​ក្រសួង​ព័ត៌មាន​លោក ​មាស សុភ័ណ្ឌ​ ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ថា​ អ្នកសារព័ត៌មាន​ និង​អង្គភាព​សារព័ត៌មាន​នៅ​កម្ពុជា​ អាច​បំពេញ​តួនាទី​ភារកិច្ច​ និង​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​ ដោយ​សេរី​គ្រប់​ច្រក​ល្ហក​ ដោយ​គ្មាន​ការ​រារាំង​ ការ​គំរាម​កំហែង​ ការ​រឹតត្បិត​ ឬការធ្វើ​ទុក្ខបុកម្នេញ​ដូចការ​លើក​ឡើងក្នុង​របាយ​ការណ៍​របស់​ខេមបូចា​នោះទេ។

លោក​បាន​បញ្ជាក់​តាម​សារ​តេឡេ​ក្រាម​តាម​ន័យ​ដើម​ថា៖ « របាយ​ការណ៍​របស់​ខេមបូចា​នេះ​ ជា​របាយ​ការណ៍​ដែល​គ្មាន​តម្លៃ​គ្រប់​គ្រាន់​ក្នុង​ការ​យក​មក​ធ្វើជា​មូលដ្ឋាន​ដើម្បី​វាយតម្លៃ​ចំពោះ​ស្ថាន​ភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​នោះ​ទេ​ ព្រោះ​របាយការណ៍​នេះ​ ជា​របាយការណ៍​មួយ​ដែល​ប្រមូល​ព័ត៌មាន​ តែមួយ​ជ្រុង​ ឬមួយ​ផ្នែក និង​មិន​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើស្ថាន​ភាព​ទូទៅ​នៃ​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​ មិន​បាន​ប្រមូល​ព័ត៌មាន​ និង​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់​លាស់​អំពី​សកម្មភាព​ ឬ​ករណី​នីមួយៗ​ដែល​បាន​កើត​ឡើងរវាង​អ្នកសារព័ត៌មាន​ និង​អ្នក​ពាក់​ព័ន្ធ​នោះ​ទេ​ គឺ​ប្រមូល​ព័ត៌មាន​តែ​ពី​ភាគី​ម្ខាង​ ហើយធ្វើ​ការ​សន្និដ្ឋាន​ដោយ​អវិជ្ជមាន។

លោក​បាន​បន្ថែម​ថា​ នៅកម្ពុជា​អង្គភាព​សារព័ត៌មាន​ និង​អ្នកសារព័ត៌មាន​ប្រកប​ដោយ​ភាព​ចម្រុះ​ និង​ទស្សនៈ​គ្រប់​និន្នាការ​ មាន​ចំនួន​កើន​ឡើង​ជាលំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែលបាន​និង​កំពុង​ បំពេញ​តួនាទី​ភារកិច្ច​របស់​ពួក​គេ​ យ៉ាង​សកម្ម​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ឬ​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ ដោយសេរី​ គ្រប់​ពេលវេលា​ ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ជាមុន​ឡើយ។

បើតាម​លោក ​មាស សុភ័ណ្ឌ​ ការ​លើក​ឡើង​ក្នុង​របាយការណ៍​ ដែល​ថា​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​រិះ​គន់​លើ​បញ្ហា​នានា​ដែល​កើត​ឡើង​នៅ​កម្ពុជា​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូល​ដ្ឋាន​ និង​គ្រាន់តែ​ជាការ​បិទបាំង​នូវ​គោលបំណង​ទុច្ចរិត​ របស់​ពួកគេ ឬ​ក្រុម​របស់​ពួកគេ​តែប៉ុណ្ណោះ។ អ្នក​សារព័ត៌មាន​ ឬ​អង្គភាព​សារព័ត៌មាន​ ដែល​ប្រព្រឹត្ត​អំពើទាំង​ឡាយ​ណា​ដែល​ផ្ទុយ​នឹង​ច្បាប់​ គឺ​ត្រូវទទួល​ខុសត្រូវ​ចំពោះ​អំពើ​ដែលខ្លួន​បាន​ប្រព្រឹត្ត​ខុស។

លោក​បញ្ជាក់​បន្ថែម​តាម​ន័យ​ដើម​ថា៖ «បន្ថែម​ពី​នេះ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​អ្នកសារព័ត៌មាន​ ឬ​អង្គភាព​សារ​ព័ត៌មាន​ គឺ​ក៏ត្រូវ​គោរព​សិទ្ធិ​សេរីភាព​របស់​អ្នក​ដទៃ​ផងដែរ។ ដូច្នេះ​ការ​អនុវត្ត​វិធាន​ការ​ណាមួយ​ទៅ​លើ​អ្នក​សារព័ត៌មាន​ ឬ​អង្គភាព​សារព័ត៌មាន​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​ ទៅតាម​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​ ដោយ​ផ្អែក​លើ​អង្គ​ហេតុ​ និង​អង្គ​ច្បាប់​ ពុំមែន​ជា​ការ​ធ្វើទុក្ខ​បុកម្នេញ​ គំរាម​កំហែង​ ឬ​រឹតត្បិត​សេរីភាព​ របស់​អ្នកសារព័ត៌មាន​ ឬ​អង្គភាព​សារព័ត៌មាន​ ដូច​ការ​លើក​ឡើង​នោះទេ»។

ទោះ​យ៉ាង​ណា​ របាយ​ការណ៍​របស់​ Camboja បាន​រក​ឃើញ​ផង​ដែរ​ថា​ អង្គភាព​ព័ត៌មាន​ឯករាជ្យ​ ងាយ​នឹង​ប្រឈម​មុខ​នឹង​ការ​រើស​អើង​ដោយ​គ្មាន​ហេតុផល​ ការ​គំរាម​កំហែង​ និង​សកម្មភាព​ផ្សេង​ៗ​ទៀត។ ទាំងអស់​នោះ​ គឺ​មាន​ចាប់​តាំង​ពី​អ្នក​កាសែត​ត្រូវ​បាន​គេ​ហាម​មិនឱ្យចូលរួម​ព្រឹត្តិការណ៍​ណា​មួយ​ ឬ​ត្រូវ​បាន​គេ​និយាយ​មាក់​ងាយនៅ​សន្និសីទ​កាសែត​ ហើយ​វិធានការ​ខ្លាំង​ជាង​នេះ គឺ​មាន​ដូច​ជា​ក្រសួង​ព័ត៌មាន​ លុប​ចោល​អាជ្ញា​បណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។ ហើយ​នៅ​ក្នុង​ករណី​ភាគច្រើន​ គឺគ្មាន​ការ​បញ្ជាក់​រឿង​ហេតុ​ឱ្យ​ច្បាស់​នៅពី​ក្រោយ​ការ​សម្រេច​ចិត្ត​នោះ​ទេ​ ហើយក៏​គ្មានអ្វី​សម្រាប់​ជាការ​ជួយ​ដល់​អ្នកកាសែត​ ឬ​អង្គ​ភាព​ព័ត៌មាន​ទាំង​នោះ​ដែរ​។

របាយការណ៍​លើក​ឡើង​ថា នៅ​ក្នុង​បរិយាកាស​ដែល​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​ពិតប្រាកដ​ រាល់​អ្នក​កាសែត​ទាំង​អស់​គួរ​តែ​ត្រូវ​បាន​ផ្តល់​ឱ្យ​នូវ​សិទិ្ធ និង​សេរីភាព​ដូចគ្នា។​ របាយការណ៍​បន្ថែម​ថា៖ «​អ្នក​កាសែត​នៅ​កម្ពុជា​បន្ត​ធ្វើ​ការងារ​ ទាំង​មានការ​ភ័យ​ខ្លាច​ពី​ការ​បាត់​បង់​ការងារ​ ហិង្សា​លើ​រាងកាយ​ និង​ការ​ចាប់​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​»។ ​

​របាយការណ៍​សង្កត់​ធ្ងន់​ថា៖ «មិន​គួរ​មាន​នរណា​ម្នាក់​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ក្នុង​ពន្ធនាគារ​ ចំពោះ​ការ​អនុវត្តវិជ្ជាជីវៈ​ខាង​សារព័ត៌មាន​នោះទេ»៕

XS
SM
MD
LG