ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយ​ការណ៍​ថ្មី៖ សេរីភាព​សារព័ត៌មាន​នៅ​តែ​ជា​ក្តី​បារម្ភ នៅ​មុន​ការ​បោះ​ឆ្នោត


កាសែត​ភ្នំពេញ​ប៉ុស្ត​ ​ចាប់ដំណើរការ​តាំងពី​១៩៩២​ ជា​ប្រភព​ព័ត៌មាន​មួយ​ដែល​ប្រជាជនទូទៅចាត់ទុកថា​​​ជា​សារព័ត៌មាន​ឯករាជ្យមួយ, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ២០១៨ ។ (ខាន់​ សុគុំមនោ/VOA)
កាសែត​ភ្នំពេញ​ប៉ុស្ត​ ​ចាប់ដំណើរការ​តាំងពី​១៩៩២​ ជា​ប្រភព​ព័ត៌មាន​មួយ​ដែល​ប្រជាជនទូទៅចាត់ទុកថា​​​ជា​សារព័ត៌មាន​ឯករាជ្យមួយ, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ២០១៨ ។ (ខាន់​ សុគុំមនោ/VOA)

របាយ​ការ​ណ៍ថ្មី​មួយ​របស់​សមាគម​សារព័ត៌មាន​ខេម​បូចា ស្តី​ពី​ស្ថានភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹង​ការ​បំភិត​បំភ័យ និង​ការ​យាយី​មក​លើ​អ្នក​សារព័ត៌មាន នៅ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​នេះ។

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​កក្កដា បាន​ចង​ក្រង​ព្រឹត្តិការណ៍​នានា ដែល​កើត​ឡើង​ចាប់​ពី​ខែ​មេសា ដល់​ខែ​មិថុនា ឆ្នាំ​២០២៣។

របាយ​ការណ៍​បាន​លើក​ឡើង​ថា​ ឧប្បត្តិ​ហេតុ​ចំនួន​ ៧ ​ករណី​កើត​ឡើង​ទៅ​លើ​អ្នក​សារព័ត៌មាន​យ៉ាង​តិច​ ៩ នាក់ ក្នុង​នោះ​រួម​មាន​ការ​ចាប់​ឃុំ​ខ្លួន​បណ្តោះ​អាសន្នអ្នក​សារព័ត៌​មាន​អន​ឡាញ​ម្នាក់។ បន្ថែម​ពី​នេះ អ្នក​សារព័ត៌មាន​របស់​ខេមបូចា​ម្នាក់​រង​ការ​គំរាម​ពាក្យ​សម្តី​ពី​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា​ អ្នក​សារព័ត៌មាន​ចង់​ចូល​ពន្ធនាគារ ក្រោយ​មាន​ការ​សួរ​សំណួរ​ទៅ​អ្នក​នាំពាក្យ​កាល​ពី​ចុង​ខែ​ឧសភា។ សំណួរ​របស់​អ្នក​សារព័ត៌មាន​ខេមបូចា ទាក់ទង​នឹង​លិខិត​ដើម​ដែល​ក្រសួង​មហាផ្ទៃ​មិន​អាច​បញ្ជាក់​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដើម្បី​អាច​ចូលរួម​ការ​បោះ​ឆ្នោត​បាន។

របាយ​ការណ៍​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «ការ​យាយី​មក​លើ​អ្នក​សារព័ត៌មាន​ក្នុង​ទម្រង់​ផ្សេងៗ​ រាប់​ចាប់​ពី​ការ​យាយី​ផ្នែក​រូប​រាង​កាយ ការ​បៀត​បៀន​តាម​ប្រព័ន្ធ​អនឡាញ​ និង​សុវត្ថិភាព​ផ្លូវ​ច្បាប់ ត្រូវ​តែ​បញ្ចប់»។

របាយ​ការណ៍​បន្ថែម​ថា៖ «យើង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​យាយី​អ្នក​សារព័ត៌មាន​គ្រប់​រូបភាព​និង​គោរព​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ យើង​ជំរុញ​ឱ្យ​អនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​ ជាជាង​យក​ច្បាប់​ព្រហ្មទណ្ឌ​មក​អនុវត្ត ដើម្បី​ដាក់​ទោស​ទណ្ឌ​អ្នក​សារព័ត៌មាន»។

លោក ឃួន ណារីម អ្នក​សារ​ព័ត៌មាន​របស់​ខេមបូចា​ដែល​រង​ការ​គំរាម​ពី​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បាន​កត់​ត្រា​ក្នុង​របាយ​ការណ៍​នោះ ចាត់​ទុក​ករណី​ដែល​កើត​មក​លើ​រូប​លោក​ជា​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​បែប​ស្អប់​ខ្ពើម។ លោក​ថា ​វា​ក៏​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​អ្នក​សារព័ត៌មាន​ផង​ដែរ។

ទោះ​បីជា​រង​ការ​ព្រមាន​ក៏ដូច​ជា​ការ​យាយី អ្នក​សារព័ត៌មាន​រូបនេះ​នៅ​តែ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន។

លោក​ថ្លែ​ងថា៖ «ជា​ធម្មតា​ ការ​ភ័យ​ខ្លាច​នរណា​ក៏​មាន​ដែរ ប៉ុន្តែ​យើង​ជា​អ្នក​សារ​ព័ត៌មាន​អាជីព​ យើង​នៅ​តែ​បន្ត​វិជ្ជាជីវៈ​របស់​យើង​ដដែល​ ដោយ​ប្រមូល​ព័ត៌មាន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ គ្រប់​ប្រភព​មុន​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ ជាពិសេស​ការ​ផ្ទៀង​ផ្ទាត់​ឱ្យ​បាន​ច្បាស់​ជាង​មុន»។

លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)
លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ​ ប្រាប់​វីអូអេ​ថា​លោ​ក​មិន​បាន​ចាប់​អារម្មណ៍​រឿង​ថា​លោក​គំរាម​ដាក់​ពន្ធនាគារ​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា​ លោក​គ្រាន់​តែ​បង្រៀន​ និង​ផ្តល់​ដំបូន្មានពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​ប៉ុណ្ណោះ។

លោកថ្លែង​ថា៖ «ប៉ុន្តែ​ថា​ស្អី​គំរាម​ដាក់​ពន្ធនាគារអី​ ពូ​ក៏​មិន​ចាប់​អារម្មណ៍​ដែរ។ ប៉ុន្តែ​ពាក្យ​ទូន្មាន ​ប្រៀន​ប្រដៅ​ ណែនាំ អាហ្នឹង​ពូ​មាន»។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់​វីអូអេ​ថា ​របាយការណ៍​នេះ​ផ្តោត​លើ​តែ​ភាព​អវិជ្ជមាន​នៃ​វិស័យ​ព័ត៌មាន​តែ​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា៖ «ការ​កត់ត្រា​ និង​ទិន្នន័យ​របស់​គាត់​[របាយការណ៍​របស់​ខេមបូចា]​នេះ​ គឺ​គាត់​ផ្អែក​តែ​លើ​ព័ត៌មាន​ដែល​គាត់​ទទួល​បាន​តែ​ពី​ភាគី​ម្ខាង ដោយ​មិន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​វាយ​តម្លៃ និង​ប្រមូល​ព័ត៌មា​ន​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី ឬ​ទិន្នន័យ​ដែល​គាត់​ប្រមូល​បាន​ទេ»។

សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​បន្ត​សិ្ថត​ក្នុង​ស្ថានភាព​អាក្រក់​ នៅ​ឆ្នាំ ២០២៣​ នេះ​ ដោយសារ​ការ​កើន​ឡើង​នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​រដ្ឋាភិបាល​មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ នេះ​បើ​តាម​សន្ទស្សន៍​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ (Reporters Without Border) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​ ២០២៣។ កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​រៀង​ទី​ ១៤៧​ ក្នុង​ចំណោម ១៨០ ​ប្រទេស​នៅឆ្នាំ ២០២៣​ ដែល​ថយ​ពី​លេខ​រៀង​ទី​ ១៤២ កាល​ពីឆ្នាំ​មុន។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​ខ្ទប់​គេហទំព័រ​សារ​ព័ត៌មាន​មួយ​ចំនួន ក្នុង​នោះ​មាន​សារ​ព័ត៌មាន​អាស៊ីសេរី សារព័ត៌មាន​ The Cambodia Daily និង​គេហទំព័រ​កំណត់​ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​សារព័ត៌មាន​វីអូឌី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ដំណើរការ​កាល​ពី​ខែ​កុម្ភៈ។ រដ្ឋាភិបាល​បញ្ជាក់​ថា ​សារព័ត៌មាន​ទាំង​នោះ «ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ ប៉ះពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជរដ្ឋាភិបាល ​និងមិន​បាន​បំពេញ​លក្ខខណ្ឌ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នៅ​ក្រសួង​ព័ត៌មាន»។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ ហៅ​កាត់​ថា​ខេមបូចា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ សិទ្ធិ​សេរីភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ត្រូវ​បាន​រឹត​ត្បិត ហើយ​ក៏រង​ការ​គំរាម​កំហែង​មួយ​ដែល​ប៉ះ​ពាល់​ដល់​សិទ្ធិសេរីភាព​អ្នក​សារព័​ត៌​មាន​នៅ​មុន​ការ​បោះ​ឆ្នោត​ខាង​មុខ។

លោក​បញ្ជាក់​ថា៖ «បើ​នៅ​ក្នុង​ករណី​ ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ក៏​ការ​ផ្សព្វ​ផ្សាយ​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​នោះ​មាន​ការ​ទទួល​រង​នូវ​ផល​ប៉ះ​ទង្គិច​ វា​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​ដំណើរ​ការ​[បោះ​ឆ្នោត] ហើយ​និង​តម្លាភាព​ក្នុង​ការ​បោះឆ្នោត​ដែរ ពីព្រោះ​យើង​ដឹង​ហើយ​ថា​ ការ​ប៉ះ​ទង្គិច​ទៅ​ដល់​លំហូរ​នៃ​ការ​ទទួល​បាន​នូវ​ព័ត៌មាន​របស់​អ្នក​បោះ​ឆ្នោត​ គឺ​ជា​រឿង​មួយ​ដែល​គួរតែ​មាន​ការ​ជៀស​វាង​បាទ»។

អ្នក​ជំនាញ​រូប​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គួរ​តែ​ពិនិត្យ​ឡើង​វិញ​ចំពោះ​បញ្ហា​នៃ​ការ​បិទ​ខ្ទប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា​ឡើង​វិញ​ ដើម្បី​ឱ្យ​ការ​ទទួល​បាន​ព័ត៌មាន​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​ ជាពិសេស​នៅ​មុនពេល​ជិតបោះ​ឆ្នោត។

កាល​ពី​ខែ​កុម្ភៈ ក្រសួង​ព័ត៌មាន​បាន​លុប​ចោល​អាជ្ញា​បណ្ណ​របស់​វីអូឌី តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក ​ហ៊ុន ម៉ាណែត ចុះ​ហត្ថ​លេខា​ជំនួស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក្នុង​ការផ្តល់​ជំនួយ​ ១០ ម៉ឺន​ដុល្លារ​ដល់​ប្រទេស​តួកគី ​សម្រាប់​គ្រោះ​រញ្ជួយដី។

ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា ស្ថាប័ន​វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG