ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​បាន​ចាក់​វ៉ាក់​សាំង​អាស្រ្តាហ្សេនីកា​រួច​ហើយ​ តែ​ឆ្លង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១។
រូបឯកសារ៖ បុគ្គលិកសុខាភិបាលម្នាក់បង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា (AstraZeneca) នៅមន្ទីរពេទ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១។

ស្រ្តី​ម្នាក់​ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​ឆ្លង​ជំងឺ​កូវីដ១៩​ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​លោកស្រី​បាន​ចាក់​វ៉ាក់សាំង​អាស្រ្តា​ហ្សេនីកា ​ឬ​ Covishield​ លើក​ទីពីរ​រួចហើយ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ១៣ ​ខែ​ឧសភា ​ដែល​ VOA ​ទទួល​បាន។​

ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី ​៣ ខែ​ឧសភា ​ឆ្នាំ ​២០២១​ លោកស្រី ​មាស​ សាឯម ដានី​ រដ្ឋ​លេខាធិការ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី​ អាយុ​ ៧១ ​ឆ្នាំ​ បាន​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ ប្រភេទ​អាស្រ្តា​ហ្សេនីកា ​ឬ ​Covishield ​ដូស​ទី ២ ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។​ ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​បញ្ជាក់​ថា​ លោក​ស្រី​មិន​ស្រួល​ខ្លួន​នៅ​ថ្ងៃ​ទី​ ៦ ​និង​ទី​ ៧ ​ខែ​ឧសភា​ និង​បាន​ធ្វើ​តេស្ត​នៅ​ថ្ងៃ​ទី​ ១២ ​ខែ​ឧសភា​នៅ​គេហដ្ឋាន​របស់​លោកស្រី​ ហើយ​លទ្ធផល​វិជ្ជមាន​ជំងឺ​នេះ។​ ទីស្តី​ការ​នេះ​ឲ្យ​ដឹង​ទៀត​ថា​ លោក​ស្រី​មិន​បាន​មក​បំពេញ​ការងារ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ រយៈ​ពេល ​១ ​ខែ​មក​ហើយ។​

ស្ថាប័ន​រដ្ឋាភិបាល​នេះ​បាន​អំពាវនាវ​ឲ្យ​អ្នក​ប៉ះពាល់​ផ្ទាល់​ត្រូវ​ទៅ​យក​សំណាក ​ហើយ​អ្នក​ទាក់​ទង​ដោយ​ប្រយោល​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រយៈ​ពេល​ ១៤ ​ថ្ងៃ។​

កន្លង​ទៅ​ មាន​សេចក្តី​រាយ​ការណ៍​ជា​បន្ត​បន្ទាប់​អំពី​ករណី​អ្នក​ចាក់​វ៉ាក់សាំង​រួច​ហើយ ប៉ុន្តែ​នៅ​តែ​ឆ្លង​ជំងឺ​កូវីដ១៩។​ ប៉ុន្តែ​មិន​មាន​ទិន្នន័យ​ជាក់​លាក់​នោះ​ទេ។​

លោក​វេជ្ជបណ្ឌិត ​ហុក គឹមចេង ​អគ្គនាយក​បច្ចេកទេស​នៃ​ក្រសួង​សុខាភិបាល ​ប្រាប់ ​VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ក្រុម​ការងារ​បច្ចេកទេស​កំពុង​ពិនិត្យ​មើល​លើ​ករណី​ឆ្លង​របស់​មន្រ្តី​ជាន់​ខ្ពស់​ នៅ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ប៉ុន្តែ​លោក​ថា ​ជា​ធម្មតា​ការ​ចាក់​វ៉ាក់សាំង​មិន​ធានា​ ១០០%​ ថា​មិន​ឆ្លង​ជំងឺ​កូវីដ១៩​ នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ជា​ធម្មតា​ការ​ចាក់​វ៉ាក់សាំង​ក៏​ដោយ​ ហើយ​វិធានការ​សុខាភិបាល​ហ្នឹង​ វា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​និង​អនុវត្ត​ជាប់​ជានិច្ច​ហើយ។​ យើង​គួប​ផ្សំ​គ្នា​ទាំង​អស់​ ជា​ពិសេស​គឺ​វិធានការ​សុខាភិបាល​គឺ​នៅ​ជា​ធរមាន​សម្រាប់​អ្នក​ចាក់​ ហើយ​និង​អ្នក​មិន​ចាក់​ហើយ​ក៏​ដោយ»។​

លោក​ឲ្យ​ដឹង​ថា​ រហូត​មក​ដល់ពេល​នេះ ​ក្រសួង​មិន​ទាន់​បាន​ធ្វើ​តេស្ត​ដើម្បី​វាយ​តម្លៃ​ថា​ តើ​វ៉ាក់សាំង​អាច​បង្កើត​អង់ទីករ​ (អង្គបដិបក្ខ)​ ការពារ​ក្នុង​ខ្លួន​កម្រិត​ណា​នោះ​ទេ។

លោក​បន្ថែម​ថា៖​ «ក្រុម​ការងារ​បច្ចេក​ទេស​គេ​កំពុង​តែ​គិត​គូរ។​ អត់​ទាន់​មាន​ការ​ធ្វើ​អី​ជា​ការ​ស្រាវ​ជ្រាវ​នៅឡើយ​ទេ​បាទ»។​

VOA ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកស្រី​ Li Ailan ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា ​តាម​រយៈ​សារ​អ៊ីមែល​បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​

កាល​ពី​ដើម​សប្តាហ៍​នេះ​ លោក​ស្រី​ យក់ សម្បត្តិ​ រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល ​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន​ ដោយសារ​ការ​ចាក់​វ៉ាក់សាំង​មាន​ប្រសិទ្ធ​ភាព​ប្រមាណ​ ៨០% ​តែ​ប៉ុណ្ណោះ។​ លោកស្រី​បញ្ជាក់​ថា ​បើ​ទោះ​ចាក់​វ៉ាក់សាំង​ពីរ​ដង​ហើយ ​ក៏​លទ្ធភាព​ឆ្លង​នៅ​តែ​មាន។​

លោកស្រី​បញ្ជាក់​ថា៖​ «ប៉ុន្តែ​ដូច​សារ​របស់​ក្រសួង​សុខាភិបាល​បាន​ជម្រាប​ជូន​ហើយ​ថា​ កាល​ណា​ចាក់​វ៉ាក់សាំង​ហើយ ​មិន​មែន​សុទ្ធ​តែ​មាន​សុវត្ថិភាព​ទេ​ បើ​យើង​មិន​គោរព ​៣​កុំ​ ៣​ការពារ»។​

លោក​ យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​វាយ​តម្លៃ​ទៅ​លើ​ប្រសិទ្ធ​ភាព​នៃ​ការ​បង្កើត​អង់ទីករ ​(អង្គបដិបក្ខ)​ ប្រឆាំង​នឹង​ជំងឺ​នេះ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​ថា​កម្ពុជា​យើង​គួរ​ចាប់​ផ្តើម​ធ្វើការ​អង្កេត​ដែរ​ថា​ តើ​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​ហ្នឹង​ថា​គាត់​ប៉ុន្មាន​សប្តាហ៍?​ ប៉ុន្មាន​ថ្ងៃ?​ ប៉ុន្មាន​ខែ? ​បាន​អង់ទីករ​ហ្នឹង​ វា​ដុះ​ វា​អាច​ការពារ​ទប់ទល់​នឹង​ជំងឺ​ហ្នឹង​បាន»។​

លោក​បន្ត​ថា មន្រ្តី​ខាង​លើ​ដែល​ឆ្លង​កូវីដ១៩​ ទើប​ចាក់​វ៉ាក់សាំង​លើក​ទីពីរ​បាន​រយៈ​ពេល ​៣ ​ថ្ងៃ​ ដូច្នេះ​មិន​ទាន់​អាច​វាយ​តម្លៃ​ថា​ តើ​វា​យ៉ាង​ម៉េច​ហើយ​ការ​ដុះ​អង់ទីករ​ (អង្គបដិបក្ខ)​ ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន។​

ចាប់​តាំង​ពី​ខែ​កុម្ភៈ​ កម្ពុជា​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ឈ្មោះ​ស៊ីណូហ្វាម ​ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ចិន។​ បន្ទាប់​មក​កម្ពុជា​ក៏​ទទួល​បាន​វ៉ាក់សាំងអាស្ត្រាហ្សេនីកា​ (AstraZeneca)​ ជាង​ ៣២​ ម៉ឺន​ដូស​ ក្រោម​ក្រប​ខណ្ឌ​កូវ៉ាក់​ (Covax) ​ដែល​ជា​យន្តការ​របស់​អង្គការ​សុខភាព​ពិភព​លោក។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កំណត់​គោល​ការណ៍​ឲ្យ​ចាក់​ឲ្យ​មនុស្ស​មាន​អាយុ​ ៦០ ​ឆ្នាំ​ឡើង។​

ប្រទេស​កម្ពុជា​កំពុង​ប្រើ​ប្រាស់​វ៉ាក់សាំង​ចំនួន​៣​ប្រភេទ​ គឺ​វ៉ាក់សាំង​ស៊ីណូហ្វាម​ (Sinopharm)​ វ៉ាក់សាំង​ស៊ីណូវ៉ាក់ ​(Sinovac)​ និង​វ៉ាក់សាំង​អាស្រ្តា​ហ្សេនីកា។​

គួរ​បញ្ជាក់​ថា ​ប្រជាជន​កម្ពុជា​ជាង​ ២ ​លាន​នាក់​ហើយ​បាន​ទទួល​វ៉ាក់សាំង​មួយ​ដូស ​ឬ​ពីរ​ដូស​បញ្ចូល​គ្នា។​ នេះ​ជា​ចំនួន​មួយ​ខ្ពស់​ជាង​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បន្ទាប់​ពី​ប្រទេស​សិង្ហបុរី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG