ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ទទួល​វ៉ាក់​សាំង​​ចិន​៥០​ម៉ឺន​ដូស ខណៈ​១​លាន​៥​សែន​ដូស​ទៀត​នឹង​មក​ដល់​ជា​បន្ត​បន្ទាប់


ប្រជាជន​នាំ​គ្នា​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ​២០២១។ (ទុំ ម្លិះ/វីអូអេ)

វ៉ាក់​សាំង​របស់ក្រុម​ហ៊ុន​ចិន ឈ្មោះ​ស៊ីណូ​វ៉ាក់​(Sinovac)​ចំនួន​៥០​ម៉ឺន​ដូស​ទៀត ត្រូវ​បាន​បញ្ជូន​មក​ដល់​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ដែល​ជា​ការ​បញ្ជា​ទិញ​របស់​រដ្ឋាភិបាល​កម្ពុជា។

វ៉ាក់​សាំង​ដែល​មួយ​ដូស​មាន​តម្លៃ​១៥​ដុល្លារ​នេះ ត្រូវ​បាន​បញ្ជូនមក​តាម​យន្ត​ហោះ​ចិន​ឈ្មោះ​China Southern ដែល​មក​ដល់​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ នៅ​ម៉ោង​ប្រមាណ​១០​ព្រឹក កាល​ពីថ្ងៃ​អង្គារ ទី​១១ ខែ​ឧសភា។

នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​អាជ្ញាធរសុខាភិបាល​នឹង​ប្រើ​ប្រាស់​វ៉ាក់​សាំង​ដែល​មក​ដល់​នេះ ចាក់បង្ការ​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ក្រហម​នៃរាជធានី​ភ្នំពេញ ដែល​មាន​អត្រា​ឆ្លង​ខ្ពស់​ជាង​តំបន់​ផ្សេង។ លោកស្រី​បន្ត​ថា​វ៉ាក់​សាំង​ស៊ីណូវ៉ាក់ចំនួន​៥០​ម៉ឺន​ដូស​ទៀត ​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ហើយ​មួយ​លាន​ដូស​ទៀត​នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា។

ក្រៅ​ពី​ជំនួយ​ជា​វ៉ាក់​សាំង​របស់​រដ្ឋាភិបាលចិន​ ឈ្មោះ​ស៊ីណូ​ហ្វាម​(Sinopharm)​ចំនួន​១​លាន​៧​សែន​ដូស​ដែល​កម្ពុជា​បាន​ប្រើ​ប្រាស់​រួច​ហើយ កម្ពុជា​ក៏​បាន​បញ្ជា​ទិញ​វ៉ាក់​សាំង​នេះ​ចំនួន​៤​លាន​ដូស​ពី​រដ្ឋាភិបាល​ចិន​ផង​ដែរ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់​សុខា​ភិបាល លោកស្រី យក់ សម្បត្តិ។

លោកស្រី​បញ្ជាក់​ថាកម្ពុជា​នឹង​មាន​វ៉ាក់​សាំង​«គ្រប់​គ្រាន់»សម្រាប់ចាក់​ដល់​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា ដែល​មាន​គម្រោង​ចាក់​ដល់​មនុស្ស​ប្រមាណ​១៣​លាន​នាក់ ត្រូវ​នឹងវ៉ាក់សាំង​២៦​លាន​ដូស។

ទោះ​ជា​ទទួល​បាន​វ៉ាក់សាំង​ហើយ​ក៏​ដោយ លោក​ស្រី យក់ សម្បត្តិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ការពារ​ខ្លួន ដោយ​សារ​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ប្រមាណ​៨០%​តែ​ប៉ុណ្ណោះ។

លោកស្រី​បញ្ជាក់​ថា៖ «កាល​ណា​ចាក់​វ៉ាក់សាំង​ហើយ មិន​មែន​សុទ្ធ​តែ​មាន​សុវត្ថិភាព​ទេ បើ​យើង​មិន​គោរព​៣​កុំ ៣​ការពារ»។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​កម្ពុជា​នឹង​ស្វះ​ស្វែង​រក​វ៉ាក់​សាំង​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​ចាក់​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ជាង​១០​លាន​នាក់។

លោក​បញ្ជាក់​ថា៖ «វ៉ាក់សាំង​កូវីដ​១៩ ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩​ និង​ជួយ​ការពារ​សុខភាព​របស់​ប្រជាពលរដ្ឋ​ពី​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​កូវីដ​១៩។ រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់​សាំង​នេះ​ឲ្យបាន​លឿន តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ រាជ​រដ្ឋាភិបាល​បាន​ស្វះស្វែង​រក​វ៉ាក់សាំង​ ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្ត​បន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន»។

គួរ​បញ្ជាក់​ថា​ប្រជាជន​កម្ពុជា​ប្រមាណ​២​លាន​នាក់​ហើយ​បាន​ទទួល​វ៉ាក់​សាំង​មួយ​ដូស​ឬ​ពីរ​ដូស​បញ្ចូល​គ្នា។ នេះ​ជា​ចំនួន​មួយ​ខ្ពស់​ជាង​ប្រទេស​ផ្សេង​ៗ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ប្រទេស​សិង្ហបុរី៕

XS
SM
MD
LG