ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ថា ពុំ​មាន​គម្រោង​ធ្វើ​តេស្ដ​ពិនិត្យ​ប្រសិទ្ធភាព​លើ​អ្នកចាក់​វ៉ាក់សាំង​កូវីដ១៩​រួច​នោះទេ


ប្រជាជន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ រង់​ចាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
ប្រជាជន​នាំ​គ្នា​ឈរ​តម្រង់​ជួរ​ រង់​ចាំ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​វត្ត​គោក​អំពិល​ក្នុង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

មន្ត្រី​សុខាភិបាល​កម្ពុជា​លើក​ឡើង​ថា ​ខ្លួន​ពុំ​មាន​គម្រោង​ធ្វើ​តេស្ដ​ពិនិត្យលើ​ការ​បង្ក​បង្កើត​អង្គ​បដិ​ប្រាណ​ឬ​ហៅ​ថា​អង់​ទីករ (Antibody) ក៏​ដូច​ជា​ការ​តាម​ដាន​ប្រសិទ្ធភាព​វ៉ាក់​សាំង​លើ​អ្នក​ដែល​បាន​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ហើយ​រួច​រាល់​នោះ​ទេ។

រដ្ឋាភិបាល​កំពុង​អនុវត្ត​គម្រោង​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយធំ​ដែល​គ្រោង​ឱ្យ​មនុស្ស​៥​លាន​នាក់​ត្រឹម​ដំណាច់​ឆ្នាំ​នេះ ទទួល​បាន​វ៉ាក់សាំង​ក្នុង​គោល​ដៅ​បង្កើត​ភាព​ស៊ាំ​សហគមន៍ ទល់​នឹង​ជំងឺ​កូវីដ​១៩ ដែល​កំពុង​រាត​ត្បាត​ខ្លាំង​ក្នុង​រលក​ឆ្លង​ដ៏​អាក្រក់​បំផុត​នៅ​កម្ពុជា។

អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋ​លេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ​១៩ បាន​លើក​ឡើង​ថា ​ពុំ​ទាន់​មាន​នរណា​ម្នាក់​ឡើយ​ក្នុង​ចំណោម​អ្នក​ចាក់​វ៉ាក់​សាំង​រួច​រាល់ បាន​ធ្វើ​តេស្ដ​រក​អង្គ​បដិ​ប្រាណ ​ឬ​អង់ទីករ (Antibody) ដែល​ជា​សញ្ញាណ​បង្កើត​ភាព​ស៊ាំ​ក្នុង​រាងកាយ​អ្នក​ចាក់វ៉ាក់​សាំង​រួច​រាល់​នោះ​ទេ។

អ្នកស្រី​វេជ្ជបណ្ឌិត​បាន​ឆ្លើយ​នឹង​សំណួរ​វីអូអេ​ថា ​តើ​មាន​ការ​ធ្វើ​តេស្ដ​អង់​ទីករ ​ឬ​យ៉ាង​ណា យ៉ាង​ដូច្នេះ​ថា​៖

«យើងអត់ធ្វើ អត់មាន អត់ធ្វើ អត់មានគោល​ការណ៍ធ្វើអា​ហ្នឹងទេអូន»។

តប​នឹង​សំណួរ​អំពី​មូល​ហេតុ​នៃ​ការ​មិន​ធ្វើ​តេស្ដ​នោះ​ ជា​ការ​ខ្វះ​ខាត​លើ​បច្ចេកទេស ​ឬ​យ៉ាង​ណា អ្នក​ស្រី ឱ វណ្ណឌីន បាន​បញ្ជាក់​ថា៖ «អត់​ទេ ខ្ញុំ​អត់​ Comment ​(អត្ថា​ធិប្បាយ) លើហ្នឹងទេ ព្រោះ​យើងអត់​មានគោល​ការណ៍ អត់មានគោលនយោ​បាយទៅធ្វើអាហ្នឹង​ផង អត់ទាន់»។​

លោក​វេជ្ជ​បណ្ឌិត ឈា ឆវណ្ណ នាយក​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ បាន​និយាយ​ថា «ភាព​ស៊ាំ​សហ​គមន៍»​ អាច​សម្រេច​បាន ដោយ​ការ​ពន្លាត​វិសាល​ភាព​ចាក់​វ៉ាក់សាំង​គ្រប​ដណ្ដប់​លើ​មនុស្ស​ចំនួន​ច្រើន ហើយ​មិន​មាន​ភាព​ចាំ​បាច់​ធ្វើ​តេស្ដ​រក​អង្គ​បដិប្រាណ​លើ​អ្នក​ចាក់​រួច​នោះ​ទេ។

លោក​វេជ្ជ​បណ្ឌិត ឆវណ្ណ ដែល​ជា​សមាជិក​នៃ​គណៈ​កម្មការ​ចំពោះ​កិ​ច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ផង​ដែរនោះ បាន​ប្រាប់​វីអូអេ​ថា៖

«មិន​ចាំ​បាច់​ធ្វើ​តេស្ដ​រក​អង្គ​បដិ​ប្រាណ​លើ​អ្នក​ចាក់​រួច ដើម្បី​វាស់​វែង​កម្រិត​ភាព​ស៊ាំ​សហគមន៍​នោះ​ទេ។ ខ្លួន​ប្រាណ​របស់​យើង​ម្នាក់ៗ​មាន​យន្ត​ការខុសៗ​ពី​គ្នា​ក្នុង​ការ​វាយ​ទប់ទល់​នឹង​ភ្នាក់ងារ​ជំងឺឆ្លង ហើយ​ខ្លួន​ប្រាណ​របស់​យើង​ម្នាក់ៗ​ ក៏​ប្រតិកម្ម​តប​ផ្សេងៗ​ពី​គ្នា​ផង​ដែរ​តទល់​នឹង​វ៉ាក់សាំង។ បើ​និយាយ​តាម​បែប​វិទ្យាសាស្ត្រ ការ​ធ្វើ​តេស្ដ​រក​អង់ទីករ​មិន​អាច​ផ្ដល់​នូវ​រូបភាព​ពេញ​លេញ​នៃ​កម្រិតភាព​ស៊ាំ​ដែល​បុគ្គល​ម្នាក់ៗ​សម្រេច​បាន​នោះ​ទេ»។

ការ​ធ្វើ​តេស្ដ​និង​ពិនិត្យ​តាម​ដាន​លើ​ប្រសិទ្ធ​ភាព​វ៉ាក់​សាំង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​នា​នា រហូត​មាន​ការ​លើក​ជា​សំណើ​ឱ្យ​មាន​ការ​ចាក់​ដូស​ទី​បី​ផង​ដែរ ក្នុង​ករណី​ខ្លះ ដើម្បី​បង្កើត​ភាព​ស៊ាំ​និង​ការ​ការពារ​ជាង​មុន​ប្រឆាំង​នឹង​មេ​រោគ​កូវីដ​១៩។

នៅ​កម្ពុជា​ មនុស្ស​ជិត​២​លាន​នាក់​ហើយ​ដែល​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ ដែល​រដ្ឋាភិបាល​ប្រើ​វ៉ាក់​សាំង​៣​ប្រភេទ ផលិត​ដោយ​ក្រុមហ៊ុន​ Sinovac ក្រុមហ៊ុន ​Sinopharm ​របស់​ចិន និង AstraZeneca ដែល​ស្ថិត​នៅ​ក្រោម​យន្ត​ការ​កូវ៉ាក់​របស់​អង្គការ​សុខភាព​ពិភព​លោក។

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​វ៉ាក់សាំង​របស់​ចិន​ទាំង​ពីរ​ប្រភេទ គឺ​ស៊ីណូវ៉ាក់​ និង​ស៊ីណូហ្វាម មាន​ប្រសិទ្ធ​ភាព​ដូច​គ្នា​ប្រមាណ​៨០%។ កាល​ពី​សប្តាហ៍​មុន អង្គការ​សុខាភិបាល​ពិភព​លោក ​ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូ​ហ្វាម​(Sinopharm)​ ដោយថា ​មាន​សុវត្ថិភាព​ក្នុង​ការចាក់​បង្ការ​ជំងឺ​កូវីដ​១៩។

មជ្ឈ​មណ្ឌល​គ្រប់​គ្រង​និង​បង្ការ​ជំងឺ​ឆ្លង (​CDC) ​របស់​អាមេរិក​បាន​ឱ្យ​ដឹង​ថា ​ក្រោយ​ចាក់​វ៉ាក់​សាំង អាជ្ញាធរ​សុខាភិបាល​របស់​ប្រទស​ បានពិនិត្យ​តាម​ដាន​លើ​ក្រុម​មនុស្ស​៥​ប្រភេទ ដើម្បី​វាយ​តម្លៃ​ប្រសិទ្ធភាព​ក្នុង​ពិភព​ជាក់​ស្ដែង​នៃ​វ៉ាក់សាំង រួម​មាន បុគ្គលិក​សុខាភិបាល អ្នក​បម្រើ​ការងារ​ជួរ​មុខ មនុស្ស​វ័យ​ចំណាស់ អ្នក​មាន​ស្ថាន​ភាព​សុខ​ភាព​មិន​អំណោយ​ផល​ និង​ក្រុម​ជាតិ​ពន្ធុ​ ឬ​បណ្ដា​ជន​ភាគ​តិច៕

XS
SM
MD
LG