ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេចប៉ាប Francis ចាកចេញ​ពី​អ៊ីរ៉ាក់ ក្រោយ​ដំណើរ​ទស្សនកិច្ច​៤ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ


សម្តេចប៉ាប Francis (កណ្តាល) យាង​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ាក់​លោក Barham Salih ឆ្ពោះ​ទៅ​កាន់​យន្តហោះ បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​អ៊ីរ៉ាក់ នៅ​អាកាសយានដ្ឋាន ក្នុង​ទីក្រុង Baghdad នៃ​ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១។
សម្តេចប៉ាប Francis (កណ្តាល) យាង​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ាក់​លោក Barham Salih ឆ្ពោះ​ទៅ​កាន់​យន្តហោះ បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​នៅ​ប្រទេស​អ៊ីរ៉ាក់ នៅ​អាកាសយានដ្ឋាន ក្នុង​ទីក្រុង Baghdad នៃ​ប្រទេស​អ៊ីរ៉ាក់ នៅ​ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១។

សម្តេច​ប៉ាប Francis នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដើម្បីស្វះស្វែង​នាំ​ក្តី​សង្ឃឹម​ដល់​សមគមន៍​ជនជាតិ​ភាគតិច​កាន់​គ្រិស្តសាសនា​នៅ​ក្នុង​ប្រទេស​នោះ​ ដោយ​មាន​សារនៃ​ការ​រួមរស់​ជាមួយ​គ្នា ការ​អនុគ្រោះគ្នា​ និង​សន្តិភាព។ នេះបើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

សម្តេច​សង្ឃរ៉ូម៉ាំង​កាតូលិក​និង​គណៈប្រតិភូ​របស់​ព្រះអង្គ បាន​ត្រូវជូន​ដំណើរដោយ​ប្រធានាធិបតី​អ៊ីរ៉ាក់​លោក Barham Salih នៅ​ក្នុង​ពិធី​លា​គ្នាមួយ​នៅ​អាកាសយានដ្ឋានក្រុង​បាដាត​ ដើម្បីព្រះអង្គ​ចាកចេញ​ទៅ​កាន់​ទីក្រុង​រ៉ូម និង​បូរី​វ៉ាទីកង់​វិញ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤ថ្ងៃ​របស់​សម្តេច​ប៉ាប​នៅ​ខេត្ត​ចំនួន​៥​ ទូទាំង​ប្រទេស​អ៊ីរ៉ាក់។

គ្រប់កន្លែងដែល​ព្រះអង្គ​បាន​យាង​ទស្សនា សម្តេច Francis បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់ ​ប្រកាន់​យក​នូវពហុភាព​ជាតិ​សាសន៍ ទាំង​នៅ​ទីក្រុង Najaf ភាគ​ខាង​ត្បូង​ប្រទេស​ជា​ទីកន្លែង​ដែល​ព្រះអង្គ ​បាន​ជួប​ទល់​មុខ​គ្នា​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​បុព្វជិត​និកាយ​ស៊ីអ៊ីដ​ដ៏​មាន​អំណាច​ គឺ Grand Ayatollah Ali al-Sistani ទាំង​នៅទីក្រុង Nineveh ភាគ​ខាង​ជើងជា​ទីកន្លែង​ដែល​ព្រះអង្គ​បាន​ជួប​គ្រិស្តសាសនិក​ដែល​ជា​ជនរងគ្រោះ​ដោយសារ​អំពើ​ព្រៃផ្សៃ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ ហើយ​ព្រះអង្គ​បាន​ទទួល​សក្ខីកម្ម​របស់​ពួកគេ​ពី​ការ​នៅ​រស់​រាន​មាន​ជីវិត។

មនុស្សម្នា​ បាន​ប្រមូល​ផ្តុំ​គ្នា​យ៉ាង​ច្រើន​ណែនណាន់តាន់តាប់​ដើម្បី​មើល​សម្តេច​ប៉ាប​នៅគ្រប់​ទី​កន្លែង​ណា​ដែល​ព្រះ​អង្គ​យាង​ទៅ​ ដែល​នេះបាន​បណ្តាល​ឲ្យ​មាន​ការបារម្ភ​ពីការ​ឆ្លង​ជំងឺ​កូវីដ១៩។ មនុស្ស​តិច​តួច ​បាន​ពាក់​ម៉ាស់​ក្នុង​អំឡុង​នៃ​ការ​ឈប់​សំចត​របស់​សម្តេច Francis នៅអ៊ីរ៉ាក់​ភាគ​ខាង​ជើង​កាលពី​ថ្ងៃ​អាទិត្យ។ ថ្ងៃ​នោះ​ បាន​បញ្ចប់ទៅ​ដោយ​មាន​ពិធី​សូត្រ​ធម៌​នៅ​កណ្តាល​វាល​នៅ​ក្នុង​ពហុ​កីឡាដ្ឋាន​ដែល​បាន​ទាក់ទាញ​មនុស្ស​ជិត​១ម៉ឺន​នាក់។ សន្តិសុខ​បាន​ត្រូវ​រឹត​បន្តឹង ហើយ​ពិធី​ជាច្រើន​បាន​ត្រូវ​គ្រប់គ្រង​ដោយតឹងតែង​បំផុត៕

XS
SM
MD
LG