ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ប៉ាប Francis ដែល​​បំពេញ​​ព្រះ​រាជ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់ អំពាវ​នាវ​​ឱ្យ​មានការ​អត់​ឱន​គ្នា​​ខាង​សាសនា​និង​ភាតរភាព


សម្ដេច​ប៉ាប Francis ក្នុងឯកសណ្ឋាន​ពណ៌ស ត្រូវ​បាន​មនុស្សម្នា​ស្វាគមន៍ នៅពេល​ព្រះ​អង្គ​​យាង​ទៅ​ដល់​ព្រះវិហារកាតូលិក Syriac ក្នុង​ខេត្ត Nineveh ប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
សម្ដេច​ប៉ាប Francis ក្នុងឯកសណ្ឋាន​ពណ៌ស ត្រូវ​បាន​មនុស្សម្នា​ស្វាគមន៍ នៅពេល​ព្រះ​អង្គ​​យាង​ទៅ​ដល់​ព្រះវិហារកាតូលិក Syriac ក្នុង​ខេត្ត Nineveh ប្រទេស​អ៊ីរ៉ាក់ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។

សម្តេច​ប៉ាប Francis យាង​ធ្វើ​ដំណើរ​ទៅ​កាន់ក្រុង​បូរាណ​ Ur ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កន្លែងចាប់កំណើត​អារ្យធម៌ ដើម្បី​រំឭក​ដល់​មនុស្ស​ថា អ្វី​ដែល​ចង​ភ្ជាប់​ពួក​គេ​ជា​មួយ​គ្នាមាន​កម្លាំង​ខ្លាំង​ជាង​អ្វី​ដែល​បំបែក​បំបាក់​ពួក​គេ។ ក្រុម​ជនមក​ពី​សហគមន៍គ្រិស្តសាសនា សាសនា​ឥស្លាម​ Yazidi និង​ Mandian ក៏​មានវត្តមាន​ក្នុង​ពិធីកាល​ពី​ថ្ងៃ​សៅរ៍ ទី៦​ ខែ​មីនា​នោះ​ដែរ។

សម្តេច​ប៉ាប​បាន​ពង្រឹងការ​អំពាវនាវ​របស់​ព្រះអង្គ​ឱ្យមាន​ការអត់​ឱន​គ្នារវាង​ក្រុម​ជន​កាន់​សាសនា​ផ្សេងៗ​គ្នា ​និង​ឱ្យមាន​ភាតរភាព ​នៅ​ក្នុងព្រះ​រាជ​ទស្សនកិច្ច​លើក​ដំបូង​របស់​ព្រះ​អង្គក្នុងប្រទេស​អ៊ីរ៉ាក់ ដែលនៅ​ទី​នោះការបែកបាក់​គ្នាខាង​សាសនា​ ខាងពូជសាស​ន៍ និង​សង្គ្រាម​បានហែកហួរ​សង្គម​នៃប្រទេសនេះជាច្រើនទសវត្សរ៍មក​ហើយ។

សម្តេច​ប៉ាប​បានមាន​ព្រះ​បន្ទូល​ថា សហគមន៍ទាំង​អស់ក្នុង​ប្រទេស​អ៊ីរ៉ាក់​បាន​រង​ទុក្ខវេទនាយូរមក​ហើយ​ដោយសារ​អំពើ​ភេរវកម្ម​និងសង្គ្រាម។ ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ថា «អរិភាព ភាព​ជ្រុល​និយម និង​អំពើ​ហិង្សាមិន​មែន​កើត​ឡើងពី​សមានចិត្ត​ខាង​សាសនា​ទេ។ សកម្មភាព​ទាំង​នេះ​ជា​ការ​ក្បត់​សាសនា»។ ព្រះរាជ​បន្ទូល​របស់​ព្រះអង្គ​ជា​ភាសា​អ៊ីតាលី​ត្រូវ​បាន​បក​ប្រែជា​ភាសា​អង់គ្លេស​ថា៖

«យើង​ជា​អ្នក​ជឿសាសនា ​ហើយ​ក្នុងនាម​ជា​អ្នក​ជឿ​សាសនា ​យើង​មិន​ត្រូវឈរ​ស្ងាត់​ស្ងៀម​ទេ ​នៅ​ពេល​យើង​ឃើញ​មាន​អំពើ​ភេរវកម្ម និង​នៅ​ពេល​ពួក​ភេរវជនយក​ឈ្មោះ​សាសនា​មក​ប្រើ​ដើម្បី​ផល​ចំណេញផ្ទាល់ខ្លួន​។ វា​អាស្រ័យ​លើ​យើង​ជា​បុរស​និង​ស្ត្រី​ដែល​គោរព​សាសនា ​ក្នុង​ការ​បំផ្លាញអំពើអាក្រក់។​ យើង​មិន​អាច​ឲ្យ​ពន្លឺ​របស់​ព្រះ​ត្រូវ​បាន​ធ្វើ​ឱ្យ​ខ្មៅ​ងងឹតដូច​ដែល​បាន​កើត​មាននៅ​ក្នុង​ប្រទេស​នេះ​ទេ ដែល​នៅ​ទី​នេះ ​សង្គ្រាម​ អំពើហិង្សា ​និង​អំពើ​ភេរវកម្មបាន​នាំ​ឱ្យ​មាន​ភាព​ខ្មៅ​ងងឹត»។

សម្តេច​ប៉ាប Francis ក៏​បាន​ទាក់​ទាញ​ឱ្យ​មានការ​យក​ចិត្ត​ទុកដាក់​ដល់ការ​ប្រល័យ​ពូជសាសន៍ ដែលធ្វើ​ឡើង​ដោយពួកជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាមទៅ​លើ​សហគមន៍​ជន​ភាគ​តិច Yazidi និងស្ថានភាព​អាក្រក់​របស់​ពួកគេ​ផង​ដែរ។ សម្ដេច​ប៉ាប​បាន​មាន​ព្រះ​បន្ទូល​ថា៖

«ពួក​បុរស និង​ស្ត្រី ព្រម​ទាំង​កុមារ​វ័យ​ក្មេង Yazidi ត្រូវ​បាន​នាំ​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ ​ហើយ​យក​ទៅ​លក់ជា​ទាសករ ដែល​ត្រូវ​រង​គ្រោះ​ដោយសារ​អំពើហិង្សា។ យើង​ត្រូវ​មាន​សង្ឃឹមសម្រាប់​ពេល​អនាគត។​ ក៏ប៉ុន្តែ​ រហូត​មក​ដល់ពេលសព្វថ្ងៃ​នេះនៅ​តែ​មាន​មនុស្សនៅ​ជាប់​ឃុំឃាំង មានមនុស្ស​ដែល​មិន​អាច​វិល​ត្រឡប់​ទៅប្រទេសពួក​គេ​វិញ​បាន​។ យើងសូម​បួងសួង​ឱ្យ​មាន​សេរីភាព​ខាង​ការ​គិត ខាង​ផ្លូវ​ចិត្ត និងសេរីភាពខាងសាសនា ដែល​ត្រូវ​បាន​គេ​គោរព​នៅគ្រប់​ទីកន្លែង​ទាំងអស់»។

សម្តេច​ប៉ាប Francis បាន​ស្វះស្វែង​គាំទ្រ​ក្រុម​គ្រិស្ត​សាសនិកក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​បាន​ចុះ​ថយ​ពី​ចំនួន ១ លាន ៥ សែន​នាក់​កាល​ពី​ឆ្នាំ​២០០៣​ មក​នៅ​ត្រឹម ៣ សែន​នាក់​នៅ​ក្នុង​ប្រទេស​នេះ​ ដែល​ប្រជាជន​ច្រើន​បំផុត​កាន់​សាសនា​ឥស្លាមនិកាយ Shiite។ ព្រះអង្គ​បានអំពាវនាវ​ដល់​ពួកមេដឹកនាំ​ប្រទេស​នេះ​ឱ្យ​ការពារ​សិទ្ធិ​ក្រុម​ជន​ភាគតិចទាំង​អស់។

នៅ​ក្នុង​ព្រះរាជសុន្ទរកថា​របស់​ព្រះអង្គ សម្តេច​ប៉ាប​បានសរសើរដល់​ពួក​អ្នក​ស្ម័គ្រ​ចិត្តកាន់​សាសនាឥស្លាមវ័យ​ក្មេង​នៃក្រុង Mosul ដែលបាន​ជួយជួស​ជុល​ព្រះ​វិហារ​គ្រិស្ត​សាសនា​ដោយ​កសាង​មិត្តភាពនៅលើគំនរកម្ទេចកម្ទី​នៃភាព​ស្អប់​ខ្ពើម ដល់ពួក​អ្នក​កាន់​គ្រិស្ត​សាសនា​ និង​ក្រុមអ្នក​គោរពសាសនា​ឥស្លាមទាំង​នោះ​ដែល​នៅ​ថ្ងៃ​នេះ​បានកសាង​ឡើង​វិញនូវ​ព្រះ​វិហារឥស្លាម ​និង​ព្រះវិហារ​គ្រិស្ត​សាសនា​ជា​មួយ​គ្នា។

ព្រះ​អង្គ​បាន​ហៅ«ការ​ប្រមាថសាសនាខ្លាំង​បំផុត»គឺ​សកម្មភាព​នៃ«ការ​ស្អប់​ខ្ពើម​បង​ប្អូនប្រុស​ស្រី​របស់​យើង»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG