ព្រះអង្គបានថ្លែងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៨ នៅទីក្រុងកំពង់ផែ Bari ភាគខាងត្បូងប្រទេសអ៊ីតាលី ក្នុងអំឡុងនៃពិធីជួបជុំអ្នកដឹកនាំគ្រឹស្តសាសនា Orthodox និងរ៉ូម៉ាំងកាតូលិកនៅក្នុងពីធីបន់ស្រន់ដើម្បីសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា។
សម្តេចប៉ាប Francis បានថ្លែងថា ដូចជាពន្លឺក្នុងទីងងឹតដែលអ្នកកាន់គ្រឹស្តសាសនាដែលកំពុងប្រឈមការបៀតបៀននៅក្នុងតំបន់មជ្ឈឹមបូព៌ា អាចអត់ធន់បាននឹងការរងទុក្ខវេទនា។ សម្តេចប៉ាប Pope បានថ្លែងទៅកាន់ពួកអ្នកបួងសួងដែលមកពីវិហារគ្រឹស្តសាសនាផ្សេងៗគ្នានៅលើឆ្នេរខ្សាច់នៃទីក្រុងBari ថាចូរសំឡឹងមើលតំបន់មជ្ឈឹមបូព៌ា។
មេដឹកនាំសាសនាចំនួន១៩នាក់ផ្សេងទៀត ភាគច្រើននៃមេដឹកនាំទាំងនោះជាអាចារ្យ Ester ឬមេដឹកនាំវិហារគ្រឹស្តសាសនានៅតំបន់មជ្ឈឹមបូព៌ា ក៏បានចូលរួមការប្រជុំរបស់សម្តេចប៉ាបកាលពីថ្ងៃសៅរ៍នោះដែរ។
ទីក្រុង Bari ជាទូទៅត្រូវបានគេទុកជា «បង្អួចទៅកាន់តំបន់មជ្ឈឹមបូព៌ា» និងជាស្ពានរវាងលោកខាងកើតនិងខាងលិចជាយូរមកហើយ។ ទីក្រុងនេះជាទីកន្លែងសារីរិកធាតុរបស់ St. Nicolas ជាសន្តដែលត្រូវបានគោរពដោយអ្នកកាន់គ្រឹស្តសាសនានិកាយរ៉ូម៉ាំងកាតូលិកនិងអ្នកកាន់គ្រឹស្តសាសនានិកាយ Orthodox។
សម្តេច Francisបានស្វាគមន៍អ្នកដឹកនាំសាសនានៅខាងក្រៅវិមាន St. Nicolas ហើយពួកអស់លោកបានចុះទៅបន្ទប់ក្រោមដីដើម្បីបួងសួងចំពោះមុខសារីរិកធាតុរបស់ St. Nicolas ហើយបានដុតទានមួយដើមដើម្បីសន្តិភាពដែលជានិមិត្តរូបនៃការរួបរួមគ្នារបស់អ្នកកាន់គ្រឹស្តសាសនា។
អស់រយៈកាលជាច្រើនឆ្នាំមកហើយ សម្តេចប៉ាប បានថ្លែងពីក្តីព្រួយកង្វល់របស់ព្រះ អង្គអំពីស្ថានភាពរបស់គ្រឹស្តបរិស័ទមកពីសហគមន៍មជ្ឈឹមបូព៌ា។ ចំនួនអ្នកកាន់គ្រឹស្តសាសនានៅក្នុងតំបន់នេះបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ បណ្តាលមកពីការបៀតបៀនដោយពួកឥស្លាមជ្រុលនិយម សង្រ្គាមនិងនយោបាយហើយអស្ថិរភាពខាងសេដ្ឋកិច្ច។
ក្នុងពិធីបើកការបួងសួងរបស់ព្រះអង្គ សម្តេចប៉ាប ថ្លែងថា តំបន់មជ្ឈឹមបូព៌ាតំណាងឲ្យប្រភពនៃគ្រឹស្តសាសនាដែលនៅទីនោះទំនៀមទំលាប់និងកេរ្តិ៍ដំណែលបុរាណរបស់អ្នកកាន់សាសនាគ្រឹស្ត ត្រូវបានការពារ។ សម្តេចប៉ាបមានប្រសាសន៍ទៀតថា៖ «ព្រលឹងរបស់យើងត្រូវបានចាក់ឬសនៅទីនោះ»។
សម្តេចប៉ាបបានថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដែលពោពេញដោយពន្លឺ ត្រូវបានញ៉ាំញីដោយពពកខ្មៅនៃភ្លើងសង្រ្គាម អំពើហឹង្សា និងការបំផ្លិចបំផ្លាញ ការត្រួតត្រានិងលទ្ធិជ្រុលនិយមនិងការបង្ខំឲ្យធ្វើចំណាកស្រុក។
សម្តេចប៉ាប បានថ្លែងបន្តទៀតថា៖ « បញ្ហាទាំងនេះបានកើតឡើងដោយសារតែការសមគំនិតដោយស្ងៀមស្ងាត់របស់មនុស្សជាច្រើន។ តំបន់មជ្ឈឹមបូព៌ាបានក្លាយជាទឹកដីរបស់មនុស្សដែលចាកចេញពីទីកន្លែងកំណើតរបស់ពួកគេ»។
សម្តេចប៉ាបបានថ្លែងទៀតថា៖ «ការខ្វះការយោគយល់ ការសម្លាប់មនុស្ស ហើយយើងចង់បង្កើនសំឡេងរបស់យើងដើម្បីប្រឆាំងនឹងការសម្លាប់ដោយគ្មានការពិចារណានេះ»។
សម្តេចប៉ាប Francis បានបង្ហាញក្តីបារម្ភថាសហគមន៍អ្នកកាន់សាសនាគ្រឹស្តនៅតំបន់មជ្ឈឹមបូព៌ា អាចនឹងផុតរលត់ «បាត់មុខពីតំបន់មួយនេះ ដូចដែលបានឃើញហើយថាមានតែសាសនាមួយទេនាពេលបច្ចុប្បន្ន»។ សម្តេចបានបន្ថែមថា៖ «យើងនឹងធ្វើឲ្យក្តីសង្ឃឹមកើតមានឡើងវិញ»៕
ប្រែសម្រួលដោយ យូ សុធារី