សម្តេចប៉ាប Francis បានប្រើប្រាស់ព្រះរាជសារតាមប្រពៃណីក្នុងពិធីបុណ្យណូអែលរបស់ព្រះអង្គដើម្បីអំពាវនាវឱ្យមានដំណោះស្រាយរដ្ឋពីរតាមរយៈកិច្ចចរចាគ្នាដល់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដើម្បីជួយនាំឱ្យមានសន្តិភាពក្នុងភូមិភាគមជ្ឈឹមបូព៌ា។
សម្តេចប៉ាបបានមានព្រះរាជបន្ទូលនៅក្នុងព្រះរាជសុន្ទរកថាព្រះអង្គមានចំណងជើងថា «Urbi et Orbi» ប្រែថា «ទៅដល់ទីក្រុងនិងពិភពលោក» ពីរានហាលកណ្តាលនៃព្រះវិហារ St. Peter's Basilica ថា ក្រុមកុមារនៅក្នុងភូមិភាគមជ្ឈឹមបូព៌ានៅតែរងទុក្ខវេទនាតទៅទៀតដោយសារ «ភាពតានតឹងកើនខ្លាំងឡើងៗរវាងជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន»។
ព្រះអង្គបានសម្តែងសេចក្តីសង្ឃឹមរបស់ព្រះអង្គដល់ក្រុមអ្នកគោរពសាសនាគ្រិស្តនិកាយកាតូលិកនៅឯវិមានវ៉ាទីកង់ថា «ឆន្ទៈក្នុងការធ្វើកិច្ចចរចាគ្នាជាថ្មីឡើងវិញប្រហែលអាចមានបានរវាងភាគីនានាហើយថាដំណោះស្រាយមួយតាមរយៈការចរចាគ្នាអាចសម្រេចបាននៅទីបញ្ចប់ គឺការដោះស្រាយមួយដែលអនុញ្ញាតឱ្យមានការរួមរស់ជាមួយគ្នាដោយសន្តិភាពនៃរដ្ឋពីរ»។
នេះជាលើកទីពីរហើយដែលសម្តេចប៉ាបបានមានព្រះរាជបន្ទូលអំពីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនចាប់តាំងពីប្រធានាធិបតីស.រ.អា. Donald Trump បានសម្រេចចិត្តកាលពីពេលមុនក្នុងខែនេះ ទទួលស្គាល់ក្រុង Jerusalem ជារដ្ឋធានីនៃប្រទេសអ៊ីស្រាអែល។ កាលពីពេលមុននេះ សម្តេចប៉ាបបានអំពាវនាវឱ្យមានការគោរពដល់ «ឋានៈដូចដើមដដែល» នៃក្រុង Jerusalem ដើម្បីបញ្ចៀសកុំឱ្យមានភាពតានតឹងថ្មីៗទៀតក្នុងភូមិភាគមជ្ឈឹមបូព៌ា៕