ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ការ​រង់​ចាំ​ច្រើន​ថ្ងៃ គ្រួសារ​អ្នក​ដំណើរ​ចិន​ទទួល​ដំណឹង​ដ៏​ឈឺ​ចាប់


សមាជិក​គ្រួសារ​អ្នក​ដំណើរ​លើ​យន្តហោះ​ម៉ាឡេស៊ី MH370 ស្រែក​យំ​​​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤។
សមាជិក​គ្រួសារ​អ្នក​ដំណើរ​លើ​យន្តហោះ​ម៉ាឡេស៊ី MH370 ស្រែក​យំ​​​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​នៅ​ទី​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​អង្គារ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៤។
អស់​រយៈ​ពេល​ជិត​៣​សប្តាហ៍​ក្រុម​គ្រួសារ​របស់​អ្នក​ដំណើរ​ចិន​លើ​យន្តហោះ​ ម៉ាឡេស៊ី Malaysia Airlines ជើង​ហោះហើរ​លេខ MH370 បាន​សង្ឃឹម​ក្នុង​ចិត្ត​ថា​ពួក​អ្នក​ដំណើរ​ទាំង​នោះ​នៅ​រស់​រាន​មាន​ជីវិត។ ក៏​ប៉ុន្តែ​សេចក្តី​សង្ឃឹម​ទាំង​ឡាយ​ បាន​រលាយ​សាប​សូន្យ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នៅ​ពេល​ដែល​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជាក់​ថា​យន្តហោះ​នោះ​បាន​ធ្លាក់​ក្នុង​តំបន់​ដាច់​ស្រយ៉ាល​មួយ​នៅ​ភាគ​ខាង​ត្បូង​នៃ​មហាសមុទ្រ​ឥណ្ឌា។

បន្ទាប់​ពី​ការ​ទន្ទឹង​រង់​ចាំ​យ៉ាង​អន្ទៈសារ​អស់​ពេល​១៧​ថ្ងៃ​រួច​មក ទុក្ខ​សោក​របស់​ពួកគេ​មាន​សភាព​ធ្ងន់ធ្ងរ​មិន​អាច​ស៊ូ​ទ្រាំ​បាន។

បុគ្គលិក​ពេទ្យ​បានប្រចាំ​ការ​នៅសណ្ឋាគារ​លីដូ​នៅ​ទីក្រុង​ប៉េកាំង​ដែល​នៅ​ទីនោះ​ក្រុម​គ្រួសារ​ចិន​ជាច្រើន​បាន​ប្រមូល​គ្នា​តាំង​ពី​យន្តហោះ​បាន​បាត់​ខ្លួន​រក​មិន​ឃើញ​នៅ​ដើមខែ​មិនា​មក។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ហើយ​ មនុស្ស​មួយ​ចំនួន​ត្រូវ​គេ​សែង​ចេញ។

ក្នុង​គ្រា​កំពុង​កើត​ទុក្ខ​ សមាជិក​គ្រួសារ​ជន​រងគ្រោះ​ខ្លះ​បាន​ស្រែក​ដាក់​ពួក​អ្នក​យក​ព័ត៌មាន។​ ខណៈ​ដែល​សមាជិក​គ្រួសារ​ម្នាក់​កំពុង​ស្រែក​យំ​ សមាជិក​គ្រួសារ​ម្នាក់​ទៀត​ស្រែក​ប្រាប់អ្នក​យក​ព័ត៌មាន​ម្នាក់​ឲ្យ​ឈប់​សួរ​សំណួរ។

អ្នក​ផ្សាយ​ព័ត៌មាន​ម្នាក់​នៃ​ប៉ុស្តិ​ទូរទស្សន៍​រដ្ឋាភិបាល​ចិន​កាន់​កាប់ CCTV បាន​និយាយ​ថា​ អ្នក​ខ្លះ​បាន​គប់​ដប​ទឹក​លើពួក​អ្នក​យក​ព័ត៌មាន​ ដែល​ឈរ​នៅ​ក្បែរ​នោះ។ ទិដ្ឋភាព​នៅ​សណ្ឋាគារ​នោះ​មាន​ភាព​ច្របូក​ច្របល់​ ដោយ​មាន​មនុស្ស​ជា​ច្រើន​ស្រែក​យំ​ ហើយ​អ្នក​ខ្លះ​ទៀត​សន្លប់។

អាថ៌កំបាំង​នៃ​ការ​បាត់​យន្តហោះ​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ទូទាំង​ពិភពលោក។ ហើយ​ដោយសារ​អ្នក​ដំណើរ​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន​នោះ​ ទើប​សាធារណជន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កំពុង​តាម​ដាន​យ៉ាង​ដឹត​ដល់​ក្នុង​ក្តី​សង្ឃឹម​ថា​ អ្នក​ដំណើរ​ក្នុង​យន្តហោះ​នោះ​ ប្រហែល​ជា​អាច​នៅ​រស់។

នៅ​តាម​បណ្តាញ​ព័ត៌មាន​សង្គម​របស់​ចិន អ្នក​ខ្លះ​កំពុង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចិន​ កត់​សម្គាល់​ថ្ងៃ​កាន់​ទុក្ខ​ជាតិ​មួយ​សម្រាប់​អ្នក​ដំណើរ​លើ​យន្តហោះ​ជើង​ហោះហើរ​ MH 370។

ក្រោយ​ពី​សេចក្តី​ប្រកាស​របស់​ម៉ាឡេស៊ី​ ក្រសួង​ការ​បរទេស​ចិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ខ្លី​មួយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ផ្តល់​ភស្តុតាង​និង​ផ្តល់​ព័ត៌មាន​បន្ថែម​ដើម្បី​គាំទ្រ​ការ​រកឃើញ​របស់​ខ្លួន។ សេចក្តី​ថ្លែង​ការណ៍​នោះ​ ក៏​បាន​និយាយ​ដែរ​ថា​ ប្រទេស​ចិន​សង្ឃឹម​ថា​ ប្រទេស​ឯ​ទៀត​និង​បន្ត​ស្វែង​រក​យន្តហោះ​ដែល​នៅ​បាត់​ខ្លួន​នោះ។

អត្ថបទ​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​ព័ត៌មាន​សង្គម​មួយ​នៃ​សារព័ត៌មាន​របស់​គណបក្ស​កុម្មនិស្ត​ចិន​បាន​កត់​សម្គាល់​ថា​នៅ​មាន​សំណួរ​ជា​ច្រើន​ទៀត។​ អត្ថបទ​នោះ​បាន​និយាយ​ថា​ ដរាប​ណា​គេ​នៅ​មិន​ទាន់​រក​ឃើញ​ប្រអប់​ទិន្នន័យ​ហៅ​ Black Box ឬ​ប្រអប់​ខ្មៅ​ទេ​នោះ ការ​ស្វែង​រក​និង​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​មិន​អាច​បញ្ឈប់​បាន​ទេ។ អត្ថបទ​នោះ​ទាមទារ​ឲ្យ​មាន​ភាព​ច្បាស់លាស់​ថែម​ទៀត​អំពី​ភស្តុតាង​ដែល​បង្ហាញ​ថា​យន្តហោះ​នោះ​ពិត​ជា​បាន​ធ្លាក់​មែន​ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​អំពី​ទិន្នន័យថ្មី​បាន​ពី​ផ្កាយ​រណប​វិទ្យាសាស្ត្រ៕

សូម​ចូល​ទៅ​គេហទំព័រ​ពិសេស​អំពី​រឿង​នេះ ដោយ​ចុច​ត្រង់​នេះ

ប្រែ​សម្រួល​ដោយ ប៉ូច រាសី
XS
SM
MD
LG