គណៈប្រតិភូមកពីជិត២០០ប្រទេសបានចាប់ផ្តើមកិច្ចប្រជុំស្តីពីអាកាសធាតុដែលមានរយៈពេលពីរសប្តាហ៍កាលពីថ្ងៃអាទិត្យក្នុងប្រទេស ប៉ូឡូញ បីឆ្នាំបន្ទាប់ពីសន្ធិសញ្ញាអាកាសធាតុទីក្រុង ប៉ារីស លក្ខណៈប្រវត្តិសាស្ត្រ ត្រូវបានធ្វើឡើងក្នុងទីក្រុង ប៉ារីស។
កិច្ចប្រជុំកាលពីថ្ងៃអាទិត្យត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសអាហ្សង់ទីន ដែលមាន១៩ប្រទេសចូលរួមបានបញ្ចប់កាលពីសប្តាហ៍កន្លងទៅ ដោយប្តេជ្ញាគោរពទៅតាមសន្ធិសញ្ញាទីក្រុង ប៉ារីស របស់ពួកគេ។ សហរដ្ឋអាមេរិកគឺជាប្រទេសតែមួយគត់ដែលមិនមានវត្តមានក្នុងកិច្ចប្រជុំកំពូលនេះ ដោយរដ្ឋបាលលោក ត្រាំ ប្រកាសថា អាមេរិកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ២០១៥នេះ។
កិច្ចប្រជុំក្នុងទីក្រុង Katowice ប្រទេស ប៉ូឡូញ មានគោលបំណងស្វែងរកវិធីសាស្ត្រនានាដើម្បីឲ្យប្រទេសទាំងអស់អាចសម្រេចនូវគោលដៅដែលបានកំណត់កាលពីឆ្នាំ២០១៥បាន។ គោលដៅទាំងនោះរួមមានដូចជាការរក្សាការកើនឡើងកម្តៅសកលលោកឲ្យនៅក្រោមពីរអង្សាសេ និងធានាថានឹងមានដំណើរការផ្លាស់ប្ដូរដ៏យុត្តិធម៌មួយសម្រាប់ឧស្សាហកម្មប្រេងឥន្ធនៈផូស៊ីលដែលកំពុងប្រឈមនឹងការបិទទ្វារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់៕