ក្រុមឃឺតដែលប្រយុទ្ធប្រឆាំងនឹងពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមក្នុងប្រទេសស៊ីរីបានស្វាគមន៍ដល់សេចក្តីសម្រេចរបស់ស.រ.អា.ក្នុងការរក្សាទុកទាហានរាប់រយនាក់នៅក្នុងប្រទេសស៊ីរី ដោយនិយាយថាចំណាត់ការនេះមានសារៈសំខាន់ណាស់ដើម្បីថែរក្សាសន្តិភាពក្នុងតំបន់។
សេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួននឹងរក្សាទុកពួកបុគ្គលិកយោធារាប់រយនាក់នៅក្នុងប៉ែកឦសាននៃប្រទេសស៊ីរីនៅក្រោយស.រ.អា.ដកភាគច្រើននៃក្រុមទាហានខ្លួនចេញពីប្រទេសនេះ។
អ្នកស្រី Sarah Sanders អ្នកនាំពាក្យសេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ក្រុមថែរក្សាសន្តិភាពតូចមួយ»នឹងឋិតនៅក្នុងប្រទេសស៊ីរី «សម្រាប់មួយរយៈពេល»។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីហៅកាត់ថា SDF ដែលជាសម្ព័ន្ធភាពមួយដឹកនាំដោយពួក Kurde ដែលស.រ.អា.បានផ្តល់ជំនួយនៅក្នុងការប្រយុទ្ធប្រឆាំងនឹងពួករដ្ឋឥស្លាមបាននិយាយថាសេចក្តីសម្រេចនេះមានឡើងនៅពេលមានសារៈសំខាន់មួយ។
លោក Polat Can មេដឹកនាំជាន់ខ្ពស់ម្នាក់នៅក្នុងកងកម្លាំង SDF បាននិយាយប្រាប់វីអូអេថា«នេះជាជំហានវិជ្ជមានមួយ។ សហគមន៍អន្តរជាតិគួរដឹងថាវត្តមាននៃកងកម្លាំងមួយបែបនេះអាចបញ្ចៀសកុំឱ្យតំបន់នេះមានមហន្តរាយមនុស្សធម៌ពិតប្រាកដមួយ»។
កាលពីខែធ្នូឆ្នាំទៅមិញ លោកប្រធានាធិបតីស.រ.អា. Donald Trump បានប្រកាសថាកងកម្លាំងស.រ.អា.នឹងចាកចេញពីប្រទេសស៊ីរី។ បើតាមមន្ត្រីនៃក្រសួងការពារប្រទេសស.រ.អា.ថាមានក្រុមទាហានស.រ.អា.ប្រមាណ២ពាន់នាក់នៅក្នុងប្រទេសស៊ីរី។
នៅពេលដែលសង្គ្រាមប្រឆាំងនឹងពួករដ្ឋឥស្លាមជិតចប់ដោយសារពួកយុទ្ធជននៃកងកម្លាំង SDF គាំទ្រដោយស.រ.អា.វាយប្រហារជិតដល់សម្បុកចុងក្រោយបង្អស់នៃជនសកម្មប្រយុទ្ធនេះនៅក្នុងប៉ែកខាងកើតនៃប្រទេសស៊ីរី មន្ត្រីឃឺត ព្រួយបារម្ភថាពួកប្រឆាំងនឹងពួកគេអាចយកពួកគេជាទីដៅនៃការវាយប្រហារនៅក្រោយការដកថយនៃក្រុមទាហានអាមេរិកាំង៕