កាលពីថ្ងៃអាទិត្យកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយដើម្បីបង្កើនថវិកាដែលរដ្ឋាភិបាលក្រុងសេអ៊ូលនឹងត្រូវចំណាយសម្រាប់ការដែលមានទាហានសហរដ្ឋអាមេរិកឈរជើងនៅប្រទេសកូរ៉េខាងត្បូង។
កូរ៉េខាងត្បូងនឹងត្រូវចំណាយថវិកាប្រហែល៨៩០លានដុល្លារអាមេរិក នៅក្រោមកិច្ចព្រមព្រៀងថ្មីដែលមានរយៈពេលមួយឆ្នាំនេះ គឺកើនឡើងប្រមាណជា៦០លានដុល្លារអាមេរិក បើធៀបនឹងឆ្នាំមុន។ កិច្ចព្រមព្រៀងថ្មីនេះខុសពីកិច្ចព្រមព្រៀងមុន ដែលជាទូទៅមានរយៈពេល៥ឆ្នាំ។ ដោយឡែកកិច្ចព្រមព្រៀងថ្មីដែលមានរយៈពេលតែមួយឆ្នាំនេះ អាចជួយជំរុញឲ្យប្រទេសទាំងពីរអាចត្រឡប់ទៅរកតុចរចាឡើងវិញ ក្នុងរយៈពេលពីរបីខែខាងមុខ។
កិច្ចព្រមព្រៀងនេះតម្រូវឲ្យមានការអនុម័តដោយសភាកូរ៉េខាងត្បូង ដែលត្រូវបានរំពឹងថានឹងអនុម័តនៅខែមេសាខាងមុខ មុននឹងអាចដាក់ឲ្យដំណើរការបាន។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងសេអ៊ូលបានបង្ហោះសារដោយបានដកស្រង់សម្តីរបស់លោក Timothy Betts ដែលជាទីប្រឹក្សាជាន់ខ្ពស់នៃក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចចរចានិងកិច្ចព្រមព្រៀងស្តីពីសន្តិសុខដោយលោកបាននិយាយថា «យើងបានសម្រេចកិច្ចព្រមព្រៀងថ្មីមួយតាមរយៈការពិគ្រោះយោបល់យ៉ាងដិតដល់ និងការចរចាដ៏ស្មើភាពគ្នា។ ការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះសន្តិសុខនៅក្នុងប្រទេសកូរ៉េខាងត្បូងនិងប្រជាពលរដ្ឋកូរ៉េគឺនៅតែរឹងមាំដដែល»។
កិច្ចព្រមព្រៀងថ្មីនេះតំណាងឲ្យការកើនឡើងចំនួន៨,២ភាគរយនៃការចំណាយរបស់រដ្ឋាភិបាលក្រុងសេអ៊ូលសម្រាប់ជួយរក្សាទាហានអាមេរិកាំងចំនួន២៨.៥០០នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។
សហរដ្ឋអាមេរិកបានវត្តមានយោធារបស់ខ្លួនជាបន្តនៅក្នុងប្រទេសកូរ៉េខាងត្បូងចាប់តាំងពីក្រោយសង្គ្រាមត្រជាក់កូរ៉េដែលបានអូសបន្លាយពីឆ្នាំ១៩៥០ដល់ឆ្នាំ១៩៥៣មក។ កិច្ចព្រមព្រៀងថ្មីនេះបានធ្វើឡើងនៅមុនជំនួបកំពូលលើកពីររវាងលោកប្រធានាធិបតី Donald Trump និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong នៅចុងខែនេះក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម៕