ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិកាំង​ថា ក្រសួង​ការពារ​ប្រទេស​អាមេរិក​ពិចារណា​បន្ថែម​ទាហាន​នៅ​តំបន់​មជ្ឈិម​បូព៌ា


រូបឯកសារ៖ យោធាអាមេរិកអង្គុយលើរថក្រោះនៅក្រុង Manji ភាគខាងជើងប្រទេសស៊ីរី។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​សេតវិមាន​នឹង​សម្រេច​គាំទ្រ​សំណើ​ក្នុង​ការ​បញ្ជូន​ទាហាន​ទៅ​តាម​ចំនួន​ដូច​ដែល​សំណើ​នេះ​ស្នើ​ឡើង ក៏​ដូចជា​ប្រព័ន្ធ​បាញ់​មីស៊ីល និង​នាវា​ចម្បាំង​បន្ថែម​ទៀត​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ជូន​ដំណឹង​ដល់​សេតវិមាន​អំពី​ការណ៍​ដែល​អាច​បញ្ជូន​ទាហាន​អាមេរិកាំង​រាប់​ពាន់​នាក់​បន្ថែម​ទៀត​ទៅ​កាន់​តំបន់​មជ្ឈិម​បូព៌ា។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​អាមេរិក​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​រាយការណ៍​ថា មន្ត្រី​អាមេរិកាំង​ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដោយសារតែ​គម្រោង​នេះ​នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវការ​នៅ​ឡើយ បាន​បញ្ជាក់​ថា សំណើ​សុំ​បន្ថែម​ទាហាន​នេះ​កើត​ចេញ​ពី​ទីបញ្ជាការ​កណ្ដាល​សហរដ្ឋ​អាមេរិក ហើយ​នឹង​ដាក់​ជូន​សេតវិមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​សេតវិមាន​នឹង​សម្រេច​គាំទ្រ​សំណើ​ក្នុង​ការ​បញ្ជូន​ទាហាន​ទៅ​តាម​ចំនួន​ដូច​ដែល​សំណើ​នេះ​ស្នើ​ឡើង ក៏​ដូចជា​ប្រព័ន្ធ​បាញ់​មីស៊ីល និង​នាវា​ចម្បាំង​បន្ថែម​ទៀត​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

ក្រសួង​ការពារ​ប្រទេស​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​អំពី​គម្រោង​អនាគត ដោយ​អ្នកស្រី Rebecca Rebarich ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ប្រទេស បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា៖ «ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​រយៈពេល​វែង យើង​នឹង​មិន​ពិភាក្សា ឬ​ក៏​ប៉ាន់ស្មាន​អំពី​គម្រោង​អនាគត និង​សំណើ​សុំ​បន្ថែម​ទាហាន​ណា​មួយ​នោះ​ទេ‍»។

ភាព​តានតឹង​រវាង​ប្រទេស​អ៊ីរ៉ង់ និង​សហរដ្ឋ​អាមេរិក​បាន​រីក​រាលដាល​ឡើង​តាំង​ពី​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ប្រកាស​អំពី​ការ​សម្រេច​របស់​លោក​នៅ​ក្នុង​ការ​កាត់ផ្ដាច់​ទាំង​ស្រុង​នូវ​ការ​នាំ​ចេញ​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ និង​ការ​បង្កើន​វត្តមាន​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក្ស ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​លោក​បាន​និយាយ​ថា​ជា​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់៕

XS
SM
MD
LG