របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានជៀសវៀងមិនហៅយុទ្ធនាការប្រើប្រាស់អំពើហិង្សាដ៏ខ្លាំង ទ្រង់ទ្រាយធំនិងរាលដាលប្រឆាំងនឹងក្រុមជនជាតិភាគតិចថាជាអំពើប្រល័យពូជសាសន៍ទេ។
ពួកសកម្មជនបានរិះគន់ការស៊ើបអង្កេតជាយូរយារណាស់មកហើយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកអំពីយុទ្ធនាការខាងយោធារបស់មីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាមដោយនិយាយថា សហរដ្ឋអាមេរិកត្រូវតែប្រកាន់ជំហរកាន់តែរឹងមាំឡើងទៅលើអ្វីដែលពួកគេចាត់ទុកជាអំពើប្រល័យពូជសាសន៍។
របាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន បានស្តីបន្ទោសពួកយោធាមីយ៉ាន់ម៉ាចំពោះយុទ្ធនាការហិង្សាទ្រង់ទ្រាយធំនិងរាលដាលប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
របាយការណ៍ដែលផ្អែកលើកិច្ចសម្ភាសន៍ជាមួយជនភៀសខ្លួនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង១ពាន់នាក់នៅក្នុងប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង បានប្រមូលចងក្រងការពណ៌នាពីការធ្វើទារុណកម្ម ចាប់រំលោភនិងការសម្លាប់មនុស្សដ៏ច្រើននៅក្នុងរដ្ឋ Rakhine ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។
ពួកអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកបានប្រាប់ពួកអ្នកស៊ើបអង្កេតរបស់ក្រសួងការបរទេសថា ក្នុងករណីខ្លះ ទាហានមីយ៉ាន់ម៉ាបានបោះទារកនិងកូនក្មេងតូចៗចូលក្នុងអណ្តាតភ្លើងនិងខ្ទមដែលកំពុងឆេះ។អ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកផ្សេងទៀតបាននិយាយថា ពួកគេបានឃើញទាហានវះយកគភ៌ពីស្រ្តីដែលមានផ្ទៃពោះ។
ក្រសួងការបរទេសអាមេរិកបានសារភាពថា យុទ្ធនាការហឹង្សានេះមានការគ្រោងទុកនិងសម្របសម្រួលបានយ៉ាងល្អ។ក៏ប៉ុន្តែ របាយការណ៍នោះមិនបានកំណត់ថា អំពើហឹង្សាជាឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទេហើយក្រសួងការបរទេសអាមេរិកមិនបានផ្តល់អនុសាសន៍ឲ្យមានចំណាត់ការជាក់លាក់ទេ។
លោក Maung Zarni ជាសាស្រ្តាចារ្យជនជាតិអង់គ្លេសដើមកំណើតភូមានិងជាអ្នកនិពន្ធសៀវភៅដែលមានចំណងថា «ការប្រល័យពូជសាសន៍ជនជាតិរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ាសន្សឹមៗ»ឬ« The Slow-Burning Genocide of Myanmar’s Rohingya»បាននិយាយថា «ការណ៍នេះកំពុងធ្វើឲ្យមានការរកាំចិត្តយ៉ាងខ្លាំងដល់យើងទាំងអស់គ្នាដែលមិនមានប្រទេសណាផ្សេងអាចពឹងពាក់បាន ក៏ប៉ុន្តែ សហរដ្ឋអាមេរិកត្រូវធ្វើអ្វីដើម្បីមនុស្សជាតិនិងមេត្តាធម៌និងស្របទៅតាមគោលការណ៍សីលធម៌»។
លោក Zarni បាននិយាយទៀតថា «ការណ៍នេះមិនដូចជាប្រទេស Rwanda ឬទីកន្លែងផ្សេងទៀតដែលមនុស្សបានដឹងជាមុនថា អំពើប្រល័យពូជសាសន៍បានកើតមានឡើង។ការណ៍នេះនៅបន្តមានឡើង»។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានស្តីបន្ទោសក្រសួងការបរទេសសហរដ្ឋអាមេរិកចំពោះការមិនចាត់វិធានការហើយបាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវតែធ្វើតាមរបាយការណ៍ដោយការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងអ្នកទទួលខុសត្រូវទាំងនោះ។
លោកស្រី Sarah Margon នាយកអង្គការសិទ្ធិមនុស្ស Human Rights Watch នៅរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា «របាយការណ៍របស់ក្រសួងការបរទេសអាមេរិកដែលបញ្ជាក់ពីអំពើឃោឃៅជាប្រព័ន្ធនៃកិច្ចប្រតិបត្តិការយោធារបស់មីយ៉ាន់ម៉ា ត្រូវតែនាំឲ្យមានចំណាត់ការរបស់សហរដ្ឋអាមេរិក»។
កាលពីខែសីហា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មមេបញ្ជាការយោធានិងប៉ូលិសមីយ៉ាន់ម៉ា៤នាក់ចំពោះការពាក់ព័ន្ធរបស់ពួកគេនៅក្នុងអ្វីដែលកាលនោះក្រសួងការបរទេសអាមេរិកចាត់ទុកថា«ជាការបោសសម្អាតខាងជាតិសាសន៍»នៅក្នុងរដ្ឋ Rakhine។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នៅពេលថ្មីៗនេះមិនបានប្រើឃ្លា«ការបោសសម្អាតខាងជាតិសាសន៍»ទេ។ក៏ប៉ុន្តែ ក្នុងសេចក្តីថ្លែងការណ៍ទូទៅមួយក្រសួងការបរទេសអាមេរិក បានប្រាប់ឲ្យដឹងថា ការរកឃើញនៃការស៊ើបអង្កេត «គាំទ្រទាំងស្រុងការសន្និដ្ឋាននោះ»ហើយទទូចថា ខ្លួននឹងផ្តល់ព័ត៌មានអំពីការរកឃើញទាំងនេះសម្រាប់គោលនយោបាយរបស់សហរដ្ឋអាមេរិកទៅថ្ងៃអនាគត។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងទៀតថា «កិច្ចខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកកាលពីពេលកន្លងមកហើយជាបន្តទៅទៀតនៅតែផ្តោតលើការស្វែងរកដំណោះស្រាយចំពោះឬសគុលនៃការបោសសម្អាតខាងជាតិសាសន៍ លើកទឹកចិត្តឲ្យចាត់វិធានការណ៍ដែលនឹងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសម្រាប់មនុស្សទាំងអស់នៅភូមាហើយនឹងអ្នកដែលគ្មានទីកន្លែងរស់នៅក្នុងប្រទេសភូមា ហើយនឹងធ្វើឲ្យអ្នកប្រព្រឹត្តទាំងនោះទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាំងនោះ»។
ពាក្យបោសសម្អាតខាងជាតិសាសន៍មានទម្ងន់តិចជាងពាក្យប្រល័យពូជសាសន៍ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងច្បាប់អន្តរជាតិ។មានសេចក្តីរាយការណ៍ថា រដ្ឋបាលរបស់លោកត្រាំបានខ្វែងគំនិតគ្នាអំពីថាតើប្រើពាក្យទាំងនោះយ៉ាងដូចម្តេច មួយផ្នែកពីព្រោះតែមានមនុស្សខ្លះភ័យខ្លាចថា ការណ៍នេះអាចជំរុញឲ្យសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍។
លោក Zarni ជាអ្នកនិពន្ធជាតិអង់គ្លេស បានបញ្ជាក់ថា អន្តរាគមន៍នោះមិនត្រូវធ្វើឡើងតាមបែបទម្លាក់គ្រាប់បែកឬការបញ្ជូនកងថែរក្សាសន្តិភាពអង្គការសហប្រជាជាតិទេ។លោកនិយាយទៀតថា ផ្ទុយទៅវិញ ការណ៍នេះមានន័យថា ការដាក់ពង្រាយអ្នកសង្កេតការណ៍សិទ្ធិមនុស្សជាបណ្តោះអាស័ន្នឬទីប្រឹក្សាខាងស៊ីវិលប្រចាំនៅរដ្ឋាភិបាលមីយ៉ាន់ម៉ា។
លោកបាននិយាយថា «មិនមាននរណាមួយអំពាវនាវឲ្យមានអន្តរាគមន៍ខាងយោធាទេ។ក៏ប៉ុន្តែ មនុស្សចង់បានយន្តការអន្តរជាតិមួយដើម្បីផ្តល់សុវត្ថិភាពសម្រាប់អ្នកដែលនៅខាងក្នុងប្រទេសនិងសម្រាប់អ្នកដែលវិត្រឡប់មកកាន់មាតុភូមិវិញ។ទាំងអស់នេះជាអ្វីដែលចាំបាច់ពិភាក្សា មិនមែនមែនគ្រាន់តែបន្លាចមនុស្សដោយប្រើគ្រាប់បែកនោះទេ»។
បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិកាលពីខែសីហា បានផ្តល់អនុសាសន៍ថា គេត្រូវតែស៊ើបអង្កេតពួកឧត្តមសេនីយមីយ៉ាន់ម៉ាចំពោះការប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា ការកាក់ស្មានថា មនុស្សស្លាប់ប្រហែលជា១ម៉ឺននាក់នោះជាការស្មានទាប។ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង៧សែន២ម៉ឺន៥ពាន់នាក់បានរត់គេចខ្លួនទៅកាន់ប្រទេសបង់ក្លាដែសជាងមួយឆ្នាំកន្លងមកនេះ។
រដ្ឋាភិបាលដែលត្រួតត្រាដោយពួកយោធារបស់មីយ៉ាន់ម៉ា បានច្រានចោលពីការជឹះជាន់សង្កត់សង្កិនជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអះ អាងថា ខ្លួនធ្វើការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ដោយពួកជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាទៅលើស្ថានីយប៉ូលិស។
ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានត្អូញត្អែជាយូរណាស់មកហើយពីការរើសអើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា រួមមានការបដិសេធពីការមិនផ្តល់សញ្ជាតិដល់ពួកគេផង៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន