សកម្មជនកំពុងធ្វើការរិះគន់ទៅលើការស៊ើបអង្កេតដ៏យូរមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅក្នុងយុទ្ធនាការយោធាមីយ៉ាន់ម៉ាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដោយពួកគេបាននិយាយថាសហរដ្ឋអាមេរិកគួរតែចាត់វិធានការឲ្យបានហ្មត់ចត់ដូចទៅនឹងអ្វីដែលពួកគេមើលឃើញថាទង្វើទាំងនោះជាអំពើប្រល័យពូជសាសន៍។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្សព្វផ្សាយរបាយការណ៍កាលពីថ្ងៃចន្ទ ដោយបានស្តីបន្ទោសទាហានមីយ៉ាន់ម៉ាចំពោះយុទ្ធនាការហិង្សាទ្រង់ទ្រាយធំមួយប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាងពីរឆ្នាំកន្លងមកនេះ។
របាយការណ៍បានធ្វើឡើងដោយផ្អែកលើបទសម្ភាសន៍ជាមួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាងមួយពាន់នាក់នៅប្រទេសបង់ក្លាដែសដែលជាប្រទេសជិតខាង និងបានកត់ត្រាទុកនូវគំនូររូបភាពនៃការធ្វើទារុណកម្ម ការរំលោភសេពសន្ថវៈ និងការសម្លាប់រង្គាលនៅក្នុងរដ្ឋ Rakhineភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងករណីខ្លះទាហានមីយ៉ាន់ម៉ាបានចាប់បោះទារក និងកូនក្មេងតូចៗចូលក្នុងភ្លើង និងបានដុតផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមសាក្សីប្រាប់ក្រុមអ្នកស៊ើបអង្កេតរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ពួកគេមួយចំនួនទៀតបាននិយាយថាពួកគេបានឃើញទាហានវះទារកចេញពីក្នុងពោះស្រី្តមានផ្ទៃពោះ។
ក្រសួងការបរទេសបានចាត់ទុកថាយុទ្ធនាការនេះ «ត្រូវបានគេរៀបចំទុកជាមុនយ៉ាងហ្មត់ម៉ត់និងមានការសម្របសម្រួលបានយ៉ាងល្អ» ។ ប៉ុន្តែរបាយការណ៍នោះមិនបានកំណត់ថាអំពើហិង្សាណាមួយជាអំពើប្រល័យពូជសាសន៍ឬជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទេហើយក៏មិនបានផ្តល់ជាអនុសាសន៍ដើម្បីចាត់វិធានការជាក់លាក់ណាមួយនោះឡើយ៕