ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រោងចក្រ​អគ្គិសនី​ថ្មី​មួយ​ដែល​មាន​បញ្ហា​នាំ​ឱ្យ​ហ្ស៊កដានី​ជាប់​បំណុល​ចិន​និង​បង្កើន​ក្ដី​បារម្ភ​រឿង​ឥទ្ធិពល​របស់​ចិន


រូបឯកសារ៖ រោងចក្រ​ថាមពល Attarat ក្នុង​ទីក្រុង Amman ភាគខាងត្បូង ប្រទេស​ហ៊្សកដានី កាលពីថ្ងៃទី​០៧ មិថុនា ឆ្នាំ០២២៣។
រូបឯកសារ៖ រោងចក្រ​ថាមពល Attarat ក្នុង​ទីក្រុង Amman ភាគខាងត្បូង ប្រទេស​ហ៊្សកដានី កាលពីថ្ងៃទី​០៧ មិថុនា ឆ្នាំ០២២៣។

រោងចក្រ​អគ្គិសនី Attarat របស់​ប្រទេស​ហ្ស៊កដានី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គម្រោង​ដ៏​សំខាន់​មួយ​ដែល​សន្យា​ថា​នឹង​ផ្តល់​ឱ្យ​ប្រទេស​នេះ​នូវ​ប្រភព​ថាមពល​ដ៏​សំខាន់ ខណៈ​ពេល​ដែល​ប្រទេស​នេះ​កំពុង​ពង្រឹង​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន។

ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក​បន្ទាប់ពី​បាន​បើក​ដំណើរការ​ជា​ផ្លូវការ ទីតាំង​ដែល​មាន​ថ្ម​ពុក​ផុយ​ពណ៌​ខ្មៅ​ដ៏​ច្រើន​នៅ​វាល​ខ្សាច់​ដ៏​សោះ​កក្រោះ​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​ហ្ស៊កដានី​នេះ​បែរ​ជា​បាន​ក្លាយ​ទៅ​ជា​ប្រភព​នៃ​ជម្លោះ​ដ៏​ក្តៅ​គគុក​ទៅ​វិញ។

កិច្ច​ព្រមព្រៀង​ជុំវិញ​រោងចក្រ​នេះ​បាន​ធ្វើ​ឱ្យ​ហ្ស៊កដានី​ជាប់​ជំពាក់​បំណុល​ចិន​រាប់​ពាន់​លាន​ដុល្លារ​ ដែល​បំណុល​ទាំង​អស់​នេះ​គឺ​សម្រាប់​រោងចក្រ​ដែល​គេ​លែង​ត្រូវការ​សម្រាប់​ផលិត​ថាមពល ដោយសារ​តែ​កិច្ច​ព្រមព្រៀង​ផ្សេង​ទៀត​ដែល​បាន​ធ្វើ​ឡើង​ចាប់តាំង​ពី​គម្រោង​នេះ​បាន​កកើត​ឡើង​មក។

លទ្ធផល​នេះ​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង​រវាង​ចិន​និង​ហ្ស៊កដានី និង​បង្ក​ឱ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ដល់​រដ្ឋាភិបាល​ហ្ស៊កដានី​ខណៈ​ដែល​ខ្លួន​ព្យាយាម​តវ៉ា​នឹង​កិច្ច​ព្រមព្រៀង​នេះ​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ។

ដោយសារ​តែ​ឥទ្ធិពល​របស់​ចិន​កើនឡើង​នៅ​តំបន់​មជ្ឈិម​បូព៌ា​និង​អាមេរិក​បាន​ដក​ខ្លួន​ចេញ រោងចក្រ​
អគ្គិសនី​ប្រើ​ប្រេង​ដែល​មាន​តម្លៃ ២,១ ពាន់​លាន​ដុល្លារ​នេះ​បាន​ក្លាយ​ទៅ​ជា​គំរូ​ដ៏​ធំ​ទូលំ​ទូលាយ​របស់​ចិន​ដែល​បាន​ដាក់​បន្ទុក​ដល់​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​និង​អាហ្រ្វិក​ឱ្យ​ជាប់​បំណុល​វ័ណ្ឌ​ក និង​ត្រូវ​បាន​ចាត់ទុក​ថា​ជា​រឿង​និទាន​ព្រមាន​សម្រាប់​តំបន់​នេះ។

លោក Jesse Marks ដែល​ជា​អ្នក​ស្រាវជ្រាវ​មិន​អចិន្ត្រៃយ៍​នៅ​មជ្ឈមណ្ឌល Stimson ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​និយាយ​ថា៖ «រោងចក្រ​អគ្គិសនី Attarat គឺ​តំណាង​នូវ​អ្វី​ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) [របស់​ចិន] តាំង​ពីមុន​មក​ដល់​ឥឡូវ» ។

លោក​បាន​និយាយ​ទៀត​ថា៖ «ហ្ស៊កដានី​បាន​វិវត្ត​ក្លាយជា​ករណី​សិក្សា​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​មិន​ត្រឹម​តែ​សម្រាប់​ភាព​ជោគជ័យ​របស់​ចិន​នៅ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​សម្រាប់​របៀប​ដែល​ចិន​ប្រឡូក​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ផង​ដែរ» ។

ដោយ​បាន​ចាប់​បដិសន្ធិ​ជា​លើក​ដំបូង​កាលពី​ប្រហែល ១៥ ឆ្នាំ​មុន​ជា​មធ្យោបាយ​មួយ​ដើម្បី​បំពេញ​មហិច្ឆតា​ជាតិ​ឱ្យ​មាន​ឯករាជ្យ​ភាព​ថាមពល រោងចក្រ​អគ្គិសនី Attarat នេះ​ឥឡូវ​នេះ​កំពុង​បង្ក​ឱ្យ​មាន​កំហឹង​នៅ​ហ្ស៊កដានី​ដោយសារ​តែ​តម្លៃ​ដ៏​ច្រើន​សម្បើម​របស់​វា។ ប្រសិនបើ​កិច្ច​ព្រមព្រៀង​ដើម​ត្រូវ​រក្សា​ទុក ហ្ស៊កដានី​នឹង​ត្រូវ​បង់​ប្រាក់​ឱ្យ​ចិន​ចំនួន ៨,៤ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៣០ ឆ្នាំ​ ដើម្បី​ទិញ​អគ្គិសនី​ដែល​បង្កើត​ដោយ​រោងចក្រ​នេះ។

កម្មករ​បាន​ជិះ​យន្តហោះ​មក​ពី​ទី​ជនបទ​នៃ​ប្រទេស​ចិន​ទៅ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ដ៏​ធំ​នេះ​ដែល​មាន​ចម្ងាយ​ប្រហែល ១០០ គីឡូម៉ែត្រ​ពី​ភាគ​ខាងត្បូង​រដ្ឋធានី​អាម៉ាន់។

នៅ​ពេល​ដែល​លោក Shi Changqing បាន​ទៅ​ដល់​រោងចក្រ​នេះ​ដែល​ស្ថិត​នៅ​តំបន់​វាលខ្សាច់​នៃ​ប្រទេស​ហ្ស៊កដានី​កាលពី​ដើម​ឆ្នាំ​នេះ​ពី​ខេត្ត Jilin ភាគ​ឦសាន​ប្រទេស​ចិន ការ​ភ័យ​ខ្លាច​បាន​កើន​ឡើង​នៅ​ក្នុង​អន្តេវាសិកដ្ឋាន​របស់​កម្មករ​ដែល​ថា​គម្រោង​នេះ​អាច​បញ្ឈប់​ពាក់​កណ្តាល​ទី ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​នៅ​ជាប់​គាំង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ផ្សារ​ដែក​វ័យ ៣៦ ឆ្នាំ​រូប​នេះ។

លោក​បាន​និយាយ​ថា៖ «វា​ចម្លែក​ណាស់​ដែល​មាន​អារម្មណ៍​ថា​គេ​មិន​ត្រូវការ​អ្នក​ដែល​មក​ពី​ប្រទេស​ចិន»។

ជាមួយ​នឹង​ធនធាន​ធម្មជាតិ​តិចតួច​នៅ​ក្នុង​តំបន់​ដែល​ពោរពេញ​ដោយ​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន ហ្ស៊កដានី​ហាក់​ដូចជា​ទិញ​បាន​សំបុត្រ​ដែល​ភ្នាល់​ចាញ់។ បន្ទាប់មក​ក្នុង​ទសវត្សរ៍ ២០០០ ប្រទេស​នេះ​បាន​រកឃើញ​ប្រេង​ថ្ម​ដែល​ជាប់​នៅ​ក្នុង​ថ្ម​ខ្មៅ​នៅ​ក្នុង​ប្រទេស។ ជាមួយ​នឹង​បរិមាណ​ប្រេង​ថ្ម​ដ៏​ច្រើន​ជាងគេ​ទី ៤ នៅ​លើ​ពិភពលោក ហ្ស៊កដានី​មាន​ក្តី​សង្ឃឹម​ខ្ពស់​សម្រាប់​ការ​ទទួល​បាន​ប្រាក់​កម្រៃ​ដ៏​ធំ។

នៅ​ក្នុង​ឆ្នាំ ២០១២ ក្រុមហ៊ុន​អគ្គិសនី Attarat ហ្ស៊កដានី (Jordanian Attarat Power Company) បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ទាញ​យក​ប្រេង​ថ្ម​ពី​វាល​ខ្សាច់​និង​សាងសង់​រោងចក្រ​ប្រើប្រាស់​វា​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ចំនួន ១៥% ដល់​ប្រទេស។ មន្ត្រី​ក្រុមហ៊ុន​បាន​និយាយ​ថា សំណើ​នេះ​ត្រូវ​នឹង​បំណង​ប្រាថ្នា​កាន់តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​មាន​ការ​ផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់​ដោយ​ខ្លួន​ឯង នៅ​ចំ​ពេល​ដែល​មាន​ភាព​ចលាចល​បះបោរ​នៅ​អារ៉ាប់​ឆ្នាំ ២០១១។

ប៉ុន្តែ​ការ​បូម​ប្រេង​ចេញ​អស់​តម្លៃ​ថ្លៃ មាន​លក្ខណៈ​ប្រថុយ​ប្រថាន និង​បញ្ហា​ប្រឈម​ផ្នែក​បច្ចេកវិទ្យា។ ដោយសារ​គម្រោង​នេះ​មាន​ភាព​យឺតយ៉ាវ ហ្ស៊កដានី​បាន​ចុះ​កិច្ច​ព្រមព្រៀង​តម្លៃ ១៥ ពាន់​លាន​ដុល្លារ​ដើម្បី​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ​ក្នុង​បរិមាណ​ដ៏​ច្រើន​ក្នុង​តម្លៃ​ប្រកួត​ប្រជែង​ពី​ប្រទេស​អ៊ីស្រាអែល​នៅ​ក្នុង​ឆ្នាំ ២០១៤។ ចំណាប់​អារម្មណ៍​លើ​រោងចក្រ​អគ្គិសនី Attarat នេះ​បាន​ធ្លាក់​ចុះ។

សមាជិក​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​អគ្គិសនី Attarat លោក Mohammed Maaitah បាន​និយាយ​ថា លោក​បាន​ដាក់​គម្រោង​នេះ​ឱ្យ​ដេញ​ថ្លៃ​ជុំវិញ​ពិភពលោក​តាំងពី​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​រហូត​ទៅ​ដល់​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាងត្បូង។ លោក​បាន​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​អ្វី​បន្តិច​ឡើយ។

ជា​ការ​ភ្ញាក់ផ្អើល​របស់​ហ្ស៊កដានី ធនាគារ​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ប្រទេស​នេះ​ជាង ១,៦ ពាន់​លាន​ដុល្លារ​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​រោងចក្រ​នេះ​ក្នុង​ឆ្នាំ ២០១៧។ ក្រុមហ៊ុន​រដ្ឋ​មួយ​របស់​ចិន​ឈ្មោះ Guangdong Energy Group បាន​ទិញ​ភាគហ៊ុន​ចំនួន ៤៥% នៅ​ក្នុង​ក្រុមហ៊ុន​អគ្គិសនី Attarat ដោយ​បាន​ប្រែ​ក្លាយ​គម្រោង​ដ៏​ធំ​ប្រហោង​ធ្លុង​នេះ​ទៅ​ជា​ក្រុមហ៊ុន​ដ៏​ធំ​បំផុត​ដែល​មាន​លក្ខណៈ​ជា​សហគ្រាស​ឯកជន​និង​ចេញ​ពី​គំនិត​ផ្តួចផ្តើម​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម (BRI) របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ខាង​ក្រៅ​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុមហ៊ុន។

ក្រុមហ៊ុន Guangdong Energy Group មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

អ្នក​ជំនាញ​និយាយ​ថា ការ​វិនិយោគ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​យ៉ាង​ទូលំទូលាយ​របស់​ចិន​ទៅ​ក្នុង​ពិភព​អារ៉ាប់​ដែល​ស្រេក​ឃ្លាន​វិនិយោគ​ទុន​បរទេស។ ប្រាក់​សម្រាប់​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​បាន​មក​ដោយ​មាន​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ​តិចតួច​ប៉ុណ្ណោះ។

លោក David Schenker អតីត​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទួល​បន្ទុក​គោល​នយោបាយ​មជ្ឈិមបូព៌ា បាន​និយាយ​ថា៖ «ប្រទេស​ចិន​មិន​នាំ​មក​ជាមួយ​នូវ​លក្ខខណ្ឌ​មួយ​គំនរ​ដូច​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយសារ​យើង​ពិតជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរការ​ប្រជាធិបតេយ្យ តម្លាភាព និង​អំពើ​ពុករលួយ។ សម្រាប់​ប្រទេស​ផ្តាច់ការ ជំនួយ​ចិន​មាន​លក្ខណៈ​ទាក់ទាញ»។

នៅ​ពេល​ដែល​មាន​ការ​ពិភាក្សា​កើនឡើង​អំពី​ភាព​មិន​គួរ​ឱ្យ​ទុក​ចិត្ត​លើ​សហរដ្ឋ​អាមេរិក ប្រទេស​ចិន​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ជា​យុទ្ធសាស្ត្រ​នៅ​មជ្ឈិម​បូព៌ា សូម្បីតែ​នៅ​ក្នុង​បណ្ដា​ប្រទេស​ដែល​មាន​បញ្ហា​សេដ្ឋកិច្ច​ក៏ដោយ។ ចិន​បាន​ទិញ​ប្រេង​ឥន្ធនៈ​អ៊ីរ៉ាក់​ជា​ច្រើន ដេញថ្លៃ​កំពង់ផែ​មួយ​បាន​នៅ​ភាគ​ខាង​ជើង​ប្រទេស​លីបង់ ហើយ​បាន​បង្ហូរ​លុយ​ចូល​ក្នុង​រដ្ឋធានី​ថ្មី​របស់​លោក​ប្រធានាធិបតី Abdel-Fattah el-Sissi ក្នុង​ប្រទេស​អេហ្ស៊ីប។

អ្នក​ជំនាញ​និយាយ​ថា ដោយសារ​ប្រធានាធិបតី​ស៊ីរី​លោក Bashar Assad មាន​ប្រៀប​ជាង​នៅ​ក្នុង​សង្រ្គាម​ស៊ីវិល​ក្នុង​ប្រទេស​របស់​លោក​កាលពី​ឆ្នាំ ២០១៧ ចិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​ទុន​លើ​គម្រោង Attarat នេះ​នៅ​ហ្ស៊កដានី ដែល​ជា​ប្រទេស​ជិត​ខាង​ដើម្បី​យក​ជា​ឈ្នាន់ ដោយ​ប្រមើល​មើល​ការ​រីក​ចម្រើន​នៃ​ការ​កសាង​ឡើង​វិញ​នៅ​ស៊ីរី​ដែល​អាច​មាន​ការ​វិនិយោគ​ទុន​រាប់​ពាន់​លាន​ដុល្លារ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ទិញ​ថាមពល​រយៈពេល ៣០ ឆ្នាំ​របស់​ពួកគេ ក្រុមហ៊ុន​អគ្គិសនី​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ហ្ស៊កដានី​នឹង​ត្រូវ​ទិញ​អគ្គិសនី​ពី​ក្រុមហ៊ុន Attarat ដែល​ដឹកនាំ​ដោយ​ចិន​នា​ពេល​បច្ចុប្បន្ន​ក្នុង​អត្រា​មួយ​ខ្ពស់​ដែល​មាន​ន័យ​ថា​រដ្ឋាភិបាល​ហ្ស៊កដានី​នឹង​ខាតបង់​ប្រាក់ ២៨០ លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។

អ្នក​ជំនាញ​ផ្នែក​ថាមពល​ថា ដើម្បី​រ៉ាប់រង​ការ​ទូទាត់ ហ្ស៊កដានី​នឹង​ត្រូវ​ដំឡើង​ថ្លៃ​អគ្គិសនី​ចំនួន ១៧% សម្រាប់​អ្នក​ប្រើប្រាស់ ដែល​នេះ​ជា​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ដែល​បាន​ហ៊ុមព័ទ្ធ​រួច​ទៅ​ហើយ​ដោយ​បំណុល​និង​អតិផរណា។

ទំហំ​នៃ​ការ​ខាត​បង់​ទៅ​ចិន​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ហ្ស៊កដានី​រន្ធត់​ចិត្ត។

ក្រសួង​ថាមពល​របស់​ហ្ស៊កដានី​បាន​ចាប់ផ្តើម​ដំណើរការ​មជ្ឈត្តកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ អគ្គិសនី Attarat ក្នុង​ឆ្នាំ ២០២០ «ក្រោម​ហេតុផល​នៃ​ភាព​អយុត្តិធម៌​ទ្រង់ទ្រាយ​ធំ»។

នៅពេល​ត្រូវ​បាន​សួរ​ថា​ហេតុអ្វី​បាន​ជា​ហ្ស៊កដានី​យល់ព្រម​លើ​កិច្ចសន្យា​ដ៏​ទន់ខ្សោយ​បែប​នេះ​តាំងពី​ដំបូង​នោះ ក្រសួង​ថាមពល​របស់​ហ្ស៊កដានី​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ហើយ​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​ក៏​ដូច្នេះ​ដែរ។ គិត​ត្រឹម​ខែ​មិថុនា សវនាការ​បាន​ធ្វើ​ឡើង​នៅ​តុលាការ​មជ្ឈត្តកម្ម​នៃ​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

លោក Musa Hantash ភូគព្ភវិទូ​នៃ​គណៈកម្មាធិការ​ថាមពល​សភា​ហ្ស៊កដានី បាន​ពណ៌នា​កិច្ច​ព្រមព្រៀង​នេះ​ថា​ជា​លទ្ធផល​ធម្មតា​នៃ​អំពើ​ពុករលួយ​និង​កង្វះ​ជំនាញ​បច្ចេកទេស។

លោក​បាន​ថ្លែង​ដោយ​មិន​បាន​បញ្ជាក់​លម្អិត​ថា៖ «វា​ពិបាក​ណាស់​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ក្រុមហ៊ុន​ធំៗ​ទាំង​នេះ​ឱ្យ​វិនិយោគ​នៅ​ហ្ស៊កដានី។ មាន​រឿង​ជា​ច្រើន​ដែល​ជួយ​មនុស្ស​មួយ​ចំនួន​ឱ្យ​រក​ប្រាក់​ចំណេញ»។

មន្ត្រី​អាមេរិក​បាន​បង្ហាញ​ថា កិច្ចសន្យា​របស់​ក្រុមហ៊ុន Attarat នេះ​គឺ​ជា​ករណី​នៃ «ការទូត​អន្ទាក់​បំណុល» របស់​រដ្ឋាភិបាល​ចិន។

ក្រសួង​ការបរទេស​ចិន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​គម្រោង Attarat នេះ។ ប៉ុន្តែ​បាន​ការពារ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដោយ​បដិសេធ​ការ​ចោទ​ប្រកាន់​ដែល​ថា​ខ្លួន​កំពុង​ដាក់​អន្ទាក់​ដៃគូ​ឱ្យ​ជាប់​បំណុល និង​បាន​ប្រកែក​ថា​ប្រទេស​ចិន​មិន​ដែល​បង្ខំ​ «អ្នក​ដទៃ​ឱ្យ​ខ្ចី​ប្រាក់​ពី​ខ្លួន​នោះ​ទេ»។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​មិន​ដែល​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ​ណា​មួយ​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ប្រាក់​កម្ចី​ទេ»។ ក្រសួង​នេះ​បាន​ទទូច​ឱ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ជួយ​ផ្តល់​ការ​បន្ធូរ​បន្ថយ​បំណុល។

ក្រុមហ៊ុន​អគ្គិសនី Attarat បាន​លើកឡើង​ថា ខ្លួន​រំពឹង​ថា​នឹង​មាន​ការ​សម្រេច​នៅ​ក្នុង​ករណី​នេះ​នៅ​ចុង​ឆ្នាំ​នេះ។ សេចក្តី​សម្រេច​របស់​ស្ថាប័ន​នេះ​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​និង​អាច​អនុវត្ត​បាន។

លោក Maaitah និង​មន្ត្រី​ផ្សេង​ទៀត​របស់​ក្រុមហ៊ុន​នេះ​បាន​ច្រានចោល​ការ​អះអាង​របស់​រដ្ឋាភិបាល​ហ្ស៊កដានី​អំពី​ការ​ដំឡើង​តម្លៃ​ដោយ​អយុត្តិធម៌ ដោយ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ហ្ស៊កដានី​ថា​បាន​ដើរ​ចេញ​ពី​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ដោយសារ​តែ​ទស្សនៈ​ប្រឆាំង​នឹង​ចិន។

លោក Maaitah បាន​និយាយ​ថា ចាប់​តាំងពី​ម៉ាស៊ីន​ភ្លើង​ដំបូង​ក្នុង​ចំណោម​ពីរ​គ្រឿង​បាន​ដំណើរការ​កាលពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំ​មុន​មក រដ្ឋាភិបាល​ហ្ស៊កដានី​បាន​បង់​ប្រាក់​ត្រឹមតែ​ពាក់​កណ្តាល​នៃ​តម្លៃ​ប្រចាំ​ខែ​របស់​ខ្លួន​ប៉ុណ្ណោះ។

នៅ​ហ្ស៊កដានី​និង​បណ្ដា​ប្រទេស​អារ៉ាប់​ក្រីក្រ​ផ្សេង​ទៀត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក ល្បឿន​នៃ​ការ​វិនិយោគ​ទុន​របស់​ចិន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ធ្លាក់​ចុះ។

លោក Samer Khraino អ្នក​ជំនាញ​កិច្ចការ​ប្រទេស​ចិន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អាម៉ាន់​ដែល​ផ្តោត​លើ​ឈូង​សមុទ្រ​ពែក្ស​ដែល​សម្បូរ​ប្រេង បាន​និយាយ​ថា ដោយ​ប្រឈម​នឹង​ការ​បដិសេធ​នៅ​ក្រៅ​ប្រទេស​និង​ការ​កើន​ឡើង​នៃ​ក្តី​បារម្ភ​នៅ​ក្នុង​ប្រទេស រដ្ឋាភិបាល​ចិន​កំពុង​ផ្លាស់ប្តូរ​វិធីសាស្រ្ត​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ។ បណ្ដា​ប្រទេស​អ្នក​មាន​ដូចជា​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​និង​ប្រទេស​អារ៉ាប៊ីសាអូឌីត​មិន​មាន​បញ្ហា​ក្នុង​ការ​សង​ប្រាក់​កម្ចី​ដ៏​ធំ​របស់​ចិន​ទេ។

សម្រាប់​ពេល​នេះ ហ្ស៊កដានី​ហាក់​ដូចជា​មិន​ចង់​ទទួល​យក​ឱកាស​ណា​មួយ​ទៀត​ជាមួយ​ចិន​ទេ។

កាលពី​ខែ​ឧសភា ក្រុមហ៊ុន​ទូរគមនាគមន៍​របស់​ហ្ស៊កដានី​ឈ្មោះ Orange បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ថ្មី​មួយ​សម្រាប់​ទិញ​ឧបករណ៍​បច្ចេកវិទ្យា 5G។ ក្រុមហ៊ុន​នេះ​ធ្លាប់​ជា​អតិថិជន​ជា​យូរ​មក​ហើយ​របស់​ក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ធំ​របស់​ចិន​ដែល​រង​ទណ្ឌកម្ម​របស់​អាមេរិក។

លើក​នេះ ក្រុមហ៊ុន​នេះ​បាន​ជ្រើសរើស​យក​ក្រុមហ៊ុន Nokia របស់​ហ្វាំងឡង់​វិញ៕


ប្រែ​សម្រួល​ដោយ​លោក ម៉ែន គឹមសេង

XS
SM
MD
LG