ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី៖ កម្ពុជា​មិន​ធ្វើ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ថ្មី​បន្ថែម​នោះ​ទេ


រោងចក្រដុតធ្យូងថ្ម ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)

កម្ពុជា​នឹង​មិន​ផ្ដល់​អាជ្ញាបណ្ណ​ថ្មី​ផ្សេង​ទៀត​នោះ​ទេ ដល់​គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម។ នេះ​បើ​តាម​លោក ស៊ុយ សែម រដ្ឋមន្ត្រី​រ៉ែ​និង​ថាមពល។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ដូច្នេះ​អំឡុង​ជំនួប​កាល​ពី​សប្ដាហ៍​មុន​ជាមួយ អ្នកស្រី Tina Redshaw ឯក​អគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ចំ​ពេល​ដែល​អង់គ្លេស​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​លើក​ទី២៦ ស្តីពី​ការ​ប្រែប្រួល​អាកាស​ធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ។

យ៉ាង​ណា​ក៏​ដោយ លោក ស៊ុយ សែម លើក​ឡើង​ថា គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ដែល​ទទួល​បាន​អាជ្ញាបណ្ណ​រួច​ហើយ​នៅ​ត្រឹម​ឆ្នាំ​២០១៩ នឹង​នៅ​បន្ត​ដំណើរការ​ធម្មតា។

កម្ពុជា​មាន​គម្រោង​អភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ធ្យូង​ថ្ម​ចំនួន​បី​ទីតាំង​ដែល​កំពុង​សាងសង់ និង​កំពុង​ដំណើរការ ដូចជា​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​កោះកុង និង​ខេត្ត​ឧត្ដរមានជ័យ​និង​មាន​អានុភាព​ផលិត​អគ្គិសនី​សរុប​ប្រមាណ ១.២១៥ មេកាវ៉ាត់។

ការ​ប្រកាស​របស់​លោក​រដ្ឋមន្ត្រី​ថាមពល​របស់​កម្ពុជា​កើត​មាន​នៅ​ក្រោយ​ពី​មាន​ការ​ប្ដេជ្ញា​របស់​ប្រទេស​ចិន តាម​រយៈ​ការ​ថ្លែង​ទៅ​កាន់​អង្គ​មហា​សន្និបាត អ.ស.ប. របស់ប្រធាន​រដ្ឋ​ចិន លោក​ Xi Jinping ក្នុង​ការ​បញ្ឈប់​ការ​ផ្ដល់​ហិរញ្ញប្បទាន​ថ្មី​ដល់​គម្រោង​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ​ក្រៅ​ប្រទេស​ចិន។

គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហេះ​ធ្យូង​ថ្ម​ទាំង​បី​ទី​តាំង​ខាង​លើ​សុទ្ធ​សឹង​តែ​មាន​ទំនាក់ទំនង​វិនិយោគ​និង​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន​ប្រជាមានិត។

ការ​ប្រើប្រាស់​ធ្យូង​ថ្ម​ដែល​ជា​ធនធាន​កម្រ​កកើត​ឡើង​វិញ​ជា​ប្រធាន​បទ​ស្នូល​នៃ​ការ​ជជែក​អំពី​ការ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​ដ្បិត​ចំហេះ​ធ្យូង​ថ្ម​ដែល​ប្រើ​ដោយ​ឧស្សាហកម្ម​និង​រោងចក្រ​អគ្គិសនី​ត្រូវ​បាន​បន្ទោស​ថា​ជា​ដើម​ចម​ចម្បង​មួយ​ដែល​នាំ​ឱ្យ​ភព​ផែនដី​កើន​ឡើង​កម្ដៅ។

កាល​ពី​ឆ្នាំ​២០២០ ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិត​ផល​វាយនភ័ណ្ឌ​ធំៗ​ពី​កម្ពុជា​បាន​ព្រមាន​អំពី​ការ​សើរើ​ការ​ទទួល​ទំនិញ​ពី​កម្ពុជា​ដែល​បណ្ដោយ​ឱ្យ​មាន​ការ​វិនិយោគ​លើ​ថាមពល​ដើរ​ដោយ​ធ្យូង​ថ្ម​ទាំង​អម្បាល​មាណ​ខាង​លើ៕​

XS
SM
MD
LG