ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​កេនយ៉ា​ដំឡើង​កាមេរ៉ា​សន្តិសុខ​សម្រាប់​ទស្សនកិច្ច​លោក​អូបាម៉ា


រថយន្ត​ស្ទះ​ជា​ជួរ​នៅ​លើ​មហាវិថី​មួយ​នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៥។
រថយន្ត​ស្ទះ​ជា​ជួរ​នៅ​លើ​មហាវិថី​មួយ​នៅ​ក្នុង​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៥។

កង​កម្លាំង​សន្តិសុខ​កេនយ៉ា (Kenya) នឹង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ​ដែល​បាន​ដំឡើង​នៅ​ទូទាំង​ទីក្រុង​ណៃរ៉ូប៊ី​ (Nairobi)​ ដើម្បី​ផ្តល់​សន្តិសុខ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ ​អូបាម៉ា នៅ​ក្នុង​ខែ​នេះ។​ ប៉ុន្តែ​ក្នុង​ពេល​កន្លង​មក​ប្រព័ន្ធ​កាមេរ៉ា​នេះ​មិន​ទាន់​បាន​ដំណើរ​ការ​ដូច​ជា​ការ​ផ្សាយ​ទេ។​

ទីក្រុង​ណៃរ៉ូប៊ី​មាន​បទ​ល្មើស​ដែល​លោក ​George Muchai​ ដែល​ជា​សមាជិក​សភា​ និង​អង្គរក្ស​ ព្រម​ទាំង​អ្នក​បើក​ឡាន​របស់​លោក​ត្រូវ​បាន​គេ​សម្លាប់​ដោយ​ការ​បាញ់​ប្រហារ​មុន​ពេល​ថ្ងៃ​រះ ​នៅថ្ងៃទី​៧​ខែ​កុម្ភៈ។​

ការ​វាយ​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​កណ្តាល​ទីក្រុង​ណៃរ៉ូប៊ី​មិន​ឆ្ងាយ​ពី​អគារ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ការពារ​ដោយ​កម្លាំង​សន្តិសុខ​ និង​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ។​

កាមេរ៉ា​សន្តិសុខ​ដែល​ដំឡើងថ្មី​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ជួយ​ឱ្យ​ប៉ូលិស​អាចកំណត់​អត្តសញ្ញាណ​ឃាតក​បាន។​

ជា​ការ​ពិត​ ព្រឹត្តិការណ៍​នៅ​យប់​នោះ​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ានៅ​ពី​លើ​ដំបូល​អគារ​កម្ពស់​២៤​ជាន់។​

ប៉ុន្តែ​នៅ​ក្នុង​ខ្សែ​វីដេអូ​ដែល​វីអូអេ​ទទួល​បាន​នោះមើល​ឃើញ​តែ​ស្រមោលៗ​ ហើយ​មិន​អាចកំណត់​អត្តសញ្ញាណ​ឃាតក​បាន​ទេ។​

លោក​ Alois Lentoimaga ​អនុ​ប្រធាន​គណៈ​កម្មាធិការ​សន្តិសុខ​របស់​សភា​បាន​និយាយ​ថា ​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខមិន​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ឃាតកម្ម​នោះ​ទេ។​

«ការ​ស៊ើប​អង្កេត​គឺ​ហ្មត់ចត់​ មាន​ឧបករណ៍​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ពិសេស​ ដូចជា​ទូរស័ព្ទ​ដៃ​ ទូរស័ព្ទ​លើ​តុ។ ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សារ​តែឧបករណ៍​ទាំង​នេះ ដែល​ភាគ​ច្រើន​មិន​មែន​ជា​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ​ទេ ​ពីព្រោះ ​ប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ​មិន​អាច​ដំណើរការ​បាន​ពេញ​លេញ​ទេ»។​

ចាប់​តាំងពី​ពេល​នោះ​មក ​រដ្ឋាភិបាល​ណៃរ៉ូប៊ី​បាន​ដំឡើង​កាមេរ៉ា​ជា​ច្រើន​ទៀត ​ហើយ​ទី​ភ្នាក់ងារ​សន្តិសុខ​នឹង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើប្រព័ន្ធ​កាមេរ៉ា​សន្តិសុខ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ស​ន្ដិសុខ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​អូបាម៉ា។​

លោក ​Mohamed Abdullahi​ នាយក​ប្រតិបត្តិ​ខាង​ផ្លូវ​ថ្នល់​របស់​រដ្ឋធានី​ណៃរ៉ូប៊ី​ និយាយ​ថា ​បញ្ហា​កាល​ពី​មុន​ត្រូវ​បាន​គេ​ដោះ​ស្រាយ​ហើយ។​

«យើង​រំពឹង​ថា ​បណ្តាញ​កាមេរ៉ា​សន្តិសុខ​ពីដី​ទៅក្នុង​បន្ទប់​បញ្ជា​នោះ​គឺ​ត្រូវ​បាន​សម្រប​សម្រួល​ ពេល​ដែលមាន​ការ​កែប្រែ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ប៉ះពាល់​ដល់​ការ​ភ្ជាប់​បណ្តាញ​កាមេរ៉ា​សន្តិសុខនេះ»។​

រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​ចំនួន​៤,៤លាន​ដុល្លារ​ ដើម្បី​រៀបចំ​បណ្តាញ​កាមេរ៉ា​សន្តិសុខ​នេះ ​ហើយ​ក្រុម​ប៉ូលិស​បាន​គាំទ្រ​ចំណាយ​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​កម្ម​ និងបន្ធូរ​បន្ថយ​ការ​កកស្ទះ​ចរាចរ​ផង​ដែរ។​

Masoud Mwinyi​ គឺ​ជា​អ្នក​នាំ​ពាក្យ​របស់​ប៉ូលិស។ ​គាត់​និយាយថា៖​

«កាមេរ៉ា​ដំឡើង​ថ្មី​នេះ​ថត​ច្បាស់។ ​យើង​មិន​ចង់​ឲ្យ​ពលរដ្ឋ​កេនយ៉ា​មាន​អារម្មណ៍​ថា​ យើង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ភ្លាមៗ​ទេ»។​

ក៏​ប៉ុន្តែ​ ពលរដ្ឋ​កេនយ៉ា​ជាច្រើន​និយាយ​ថា​ ពួក​គេ​កំពុង​តែ​រង់ចាំ​មើល​ផល​ប្រយោជន៍របស់​ប្រព័ន្ធ​នេះ​សម្រាប់​ទីក្រុង​ណៃរ៉ូប៊ី៕

ប្រែសម្រួលដោយ ​មាន ឥស្សរាយស​

XS
SM
MD
LG