ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បណ្តាញ​តន្ត្រី​ Leng Pleng​ រំពឹង​ភាព​រស់​រវើក​ឡើង​វិញ​នៃ​តន្ត្រី​ក្នុង​ទីក្រុង


 Sam Rocker តន្ត្រីករ​​​ អ្នក​និពន្ធ​បទចម្រៀង​ និង​អ្នក​ជាអ្នក​​ចម្រៀង​សូឡូ។ (រូបភាពផ្តល់ឲ្យ)
Sam Rocker តន្ត្រីករ​​​ អ្នក​និពន្ធ​បទចម្រៀង​ និង​អ្នក​ជាអ្នក​​ចម្រៀង​សូឡូ។ (រូបភាពផ្តល់ឲ្យ)

កាល​ពី​៦​ឆ្នាំមុន នៅពេល​ដែល​ សេម​ រ៉ុកឃ័រ​ (Sam Rocker)​បាន​ប៉ះ​ហ្គីតា​ជា​លើក​ដំបូង ​ គាត់​បានអង្គុយ​ជុំគ្នា​ជាមួយ​សិស្ស​ច្បង​របស់​គាត់​ដែល​ចំណាប់ៗ​ខាង​ដេញ​ហ្គីតា​ និង​មិត្ត​ភក្តិ​ដទៃទៀត​ក្នុង​ចំណោម​ក្រុម​ចូលចិត្ត​លេង​តន្ត្រី។​

ពួកគេ​ភាគ​ច្រើន​ជា​និស្សិត​មហាវិទ្យាល័យ ​និង​វិទ្យាល័យ ​ដែល​និយម​ជួបជុំគ្នានៅ​ហាង​កាហ្វេ​សាមញ្ញ​មួយ​ឈ្មោះ​ថា​ HOME DU PAIN​ ដែល​ជាទូទៅ​គេ​សង្កេត​ឃើញ​មាន​ក្រុម​យុវជន​ប្រមាណ​១០​នាក់​លេង​តន្ត្រី​ជុំគ្នា​ កាល​ពីឆ្នាំ​២០១១។ សមាជិក​ក្រុម​នោះ​ចាត់​ទុក​ថា​ ការ​ប្រមូល​ផ្តុំ​របស់​ពួកគេ​គឺជា​សហគមន៍​តន្ត្រី​នៅ​រាជធានី​ភ្នំពេញ។​

Sam​ រំឭកការ​ចងចាំ​នៃ​សហគមន៍​តន្ត្រី​របស់​គាត់​ ដែល​រាល់​ពេល​រសៀល​ម្តងៗ​ គេ​តែង​ណាត់​គ្នា​ទៅ​អង្គុយ​ផ្នែក​ខាង​ក្រៅ​នៃ​ហាង​កាហ្វេ​ អង្គុយដំកង់​ ​ហើយ​ដាក់​ទូរស័ព្ទ​ដៃ​ទំនើប​(ស្មាត​ហ្វូន) ឬ​កុំព្យូទ័រ​តែ​១​គត់នៅ​កណ្តាល​ហ្វូង។ ពួកគេ​បើក​មើល​ឃ្លីប​វីដេអូ​តាម​ប្រព័ន្ធ​ Youtube ​ដែល​បង្រៀន​អំពី​ការ​លេង​ហ្គីតា​ ឬ​មើលឃ្លីបខារ៉ា​អូខេ​ ដែល​មាន​អក្សរ​រត់​ ហើយ​គេ​ច្រៀង​តាម​ភ្លេង ដែលគេប្រគុំ។​

«ខ្ញុំដើរ​ជាមួយ​សហគមន៍​អ្នក​ស្រឡាញ់តន្ត្រីរ៉ុក។ ​យើង​ជា​ក្រុម​មនុស្ស​តូច​មួយ​ដែល​ចូល​ចិត្ត ​រ៉ក់​ និង ​Hardcore​ អីចឹង​ពួកយើង​ជុំគ្នា​រហូត។​ គេជុំគ្នា​រហូត​ទៅ​ លេង​ភ្លេង​ជុំគ្នា​ ច្រៀង​ជុំ​គ្នា។ ​ខ្ញុំ​ឃើញ​គេ​លេង​ហ្គីតា ខ្ញុំចង់​ចេះ​លេង​ដែរ​ ក៏រៀន​ទៅ»។​

បច្ចុប្បន្ន​ Sam Rocker​ ជា​តន្ត្រីការិនី​មួយ​រូប​ក្នុង​ចំណោម​សិល្បករ​នានានៅ​កម្ពុជា​ដែល​អាច​និពន្ធ​ទំនុក​ភ្លេង​ និង​ទំនុក​ច្រៀងបទ​ដើម​ (ឬ​ orginal) ​ដោយ​ខ្លួន​ឯង​ផ្ទាល់។​

ដោយ​ការ​ជំរុញ​កម្លាំង​ចិត្ត​ពី​សហគមន៍​តន្ត្រី​របស់​នាង​ដែល​ជា​កន្លែង​បណ្តុះទេពកោសល្យ​ផង ​និង​បណ្តុះ​ការ​ស្រឡាញ់តន្ត្រី​ផង​នោះ​ កញ្ញាចាប់​លេង​តន្ត្រី​រ៉ក់​បែប​ Hardcore​ និង​បង្កើត​ក្រុម​តន្ត្រី​រ៉ក់រយៈ​ពេល២ឆ្នាំ​មក​ហើយ។ ក្រោយ​បែកពី​ក្រុម​ កញ្ញា​ក្លាយ​ជា​តន្ត្រី​ការិនីសូឡូ​ និង​ឯករាជ្យមួយ​រូប​ ដែល​ច្រៀង​ និង​លេង​ឧបករណ៍ហ្គីតាដោយ​ខ្លួន​ឯង។ ​កញ្ញា​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ខ្សែ​វីដេអូ​ចម្រៀង​ និងរឿង​ខ្លី​របស់​កម្មវិធី​ស្នេហ៍​៩​របស់​គម្រោង BBC Media Action ​ដែល​ពេល​នោះ Sam Rocker​ ត្រូវ​បាន​យុវវ័យ​ជា​ច្រើន​ស្គាល់ គាត់។

កាលពី​សប្ដាហ៍​មុន ​Sam Rocker ​បាន​ប្រគុំតន្ត្រី​ នៅ​ភោជនីយដ្ឋាន​ និង​បារ​ «ផ្ទះចិន»​ ជា​ទីតាំង​ដ៏ទំនើប​បែបអឺរ៉ុប​កាត់​អាស៊ី​នៅ​តាម​មាត់​ទន្លេសាប​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​ បើទោះ​បី​ជាពាក់​កណ្តាល​នៃ​អ្នក​ទស្សនា​ការ​ប្រគុំតន្ត្រីរ៉ក់​ភាគ​ច្រើន​ជាជន​ជាតិ​ខ្មែរ​ដែល​ជា​អ្នក​គាំទ្រ​នាងដ៏​ស្និទ្ធស្នាល​ក្តី ​ តែទស្សនិកជន​នៅ​ល្ងាច​នោះ​គឺ​ជា​ជន​បរទេស។

ពេល​ Sam ​រៀបរាប់​អំពី​ដំណើរ​ជីវិត​ជា​តន្ត្រី​ការិនីដែល​ចាប់ផ្តើម​ដោយភាព​ទទេ​ស្អាត។​ ​ កញ្ញា​សង្ខេប​មួយ​ម៉ាត់​ថា​ វា​ជា​«សំណាង»។ ​ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​សម្រាប់​តន្ត្រីករ​ឯករាជ្យ​ដូចជា​រូបនាង​ គឺបណ្តាញ​ និង​សហគមន៍ ព្រោះ​ជាទី​ដែល​តន្ត្រីករ​ទទួល​បាន​ការ​គាំទ្រ​ពី​មនុស្ស​ដែល​ស្រឡាញ់តន្ត្រី ​ព្រមទាំង​ទទួល​បាន​ការ​ចែក​រំលែក​បទ​ពិសោធន៍។​

«ក្នុង​វិស័យ​[តន្ត្រី​]ហ្នឹង ​ការ​មាន​[បណ្តាញ]​ វា​សំខាន់​ណាស់។ ​តែ​វា​ក៏​ជា​ challenge ​[ឧបសគ្គ] ​មួយ​ខ្លាំង​ដែរ​សម្រាប់ក្រុម​ Independent solo artist [តន្ត្រីករ​ឯករាជ្យ]​ថ្មីៗ​អី​ចឹងដែរ​ ដែល​មាន​តែ​បណ្តាញ​សង្គម​ ​ហ្វេសប៊ុក​អី​ដែល​ជួយ​គាត់​បាន»។​

Sam Rocker​ ជា​តន្ត្រីការិនី​ខ្មែរមួយរូប​ដែល​រាល់​ការ​ប្រគុំ​តន្ត្រីរបស់គាត់​តែង​តែ​មាន​បញ្ចូលក្នុង​បញ្ជី​នៃ​គេហ​ទំព័រ​«លេង​ភ្លេង»។​ នៅក្នុង​នោះ​ ក្រុមតន្ត្រី​ល្បីៗ​ផ្សេងៗ​ទៀត​ មាន​ដូចជា​ក្រុម​តន្ត្រី​រ៉ក់កូនកាត់​អឺរ៉ុប-ខ្មែរ​ ច្រៀង​បទ​ទស​វត្ស​៦០​ ដូចជាThe Cambodian Space Project ​និង​ក្រុម​តន្ត្រី Miss Sarawann ​ជាដើម។

គេហ​ទំព័រ«លេង​ភ្លេង»ត្រូវ​បានបង្កើត​ឡើង​ជា​សហគមន៍​តន្ត្រី​នៅ​កម្ពុជា​ក្នុង​គោល​បំណង​ចងក្រង​សិល្បករ​នៅ​ក្នុង​វិស័យ​តន្ត្រី​ ដែល​រួមមាន​តន្ត្រីករ​សូឡូ​ អ្នក​និពន្ធ​ឯករាជ្យ​ តារា​ចម្រៀង​នានា ក្រុម​ដូរន្ត្រី​ និង​ឌីជេ​ ជាដើម។​ គេហ​ទំព័រ​នេះ​អាច​ធ្វើ​ឱ្យអ្នក​ដែល​ចូលចិត្ត​តន្ត្រី​ ​ហើយនឹង​អ្នក​តាម​ស្តាប់​តន្ត្រី​ប្រគុំផ្ទាល់​ ដឹង​ថា​ ក្រុម​តន្ត្រីករ ​ឬ​អ្នក​ចម្រៀង​ ឬ​ឌីជេ ដែលពួក​គេចូល​ចិត្តនោះ​ប្រគុំនៅ​ថ្ងៃណា ពេល​ណា​ និង​ទី​ណា​ខ្លះ។ ដូច្នេះ​ពួក​គេ​កាន់តែ​អាចជួបគ្នា​បាន​ជាញឹកញាប់។​ វាបង្កើត​ឡើងដោយ​តន្ត្រី​ករ​អូស្ត្រាលី​មួយ​រូប ដែល​លេង​ឧបករណ៍​ហ្យាម៉ូនីកា​ (Harmonica)​ តាំងពី​ឆ្នាំ​ពី​២០០៩។ ​នោះគឺ​លោក​ Ken White ដែល​ជា​ម្ចាស់គ្រប់គ្រងគេហ​ទំព័រ​ផ្ទាល់។

លោក​ Ken White ម្ចាស់គ្រប់គ្រងគេហទំព័រ «លេងភ្លេង», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៧ ​។​ (ខាន់​ សុគុំមនោ/ VOA)
លោក​ Ken White ម្ចាស់គ្រប់គ្រងគេហទំព័រ «លេងភ្លេង», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៧ ​។​ (ខាន់​ សុគុំមនោ/ VOA)

លោក​ Ken White​ ប្រាប់ ​VOA​ ថា៖​

«ភាគ​ច្រើន​ខ្ញុំ​ឃើញ​ថា​ ពួកគេ​[ក្រុមតន្ត្រី] គឺ​ជា​ក្រុមភ្លេង​ចម្រុះ​ដែល​ពួកគេសុទ្ធសឹង​តែ​មាន​បុគ្គលិក​លក្ខណៈ​ដូចគ្នា។​ ពួកគេ​ជា​ក្រុមស្វះស្វែងការ​ផ្សារ​ភ្ជាប់រវាង​តន្ត្រី​ខ្មែរ​ តាំងពី​ទស​វត្សរ៍៦០​និង​តន្ត្រី​បស្ចឹម​ប្រទេស។​ ហើយជាទូទៅ​ ​យើង​ចង់​ឃើញ​ពួកគេ​មាន​ការ​ជួបជុំ​ គឺ​រវាង​តន្ត្រី​ករ​ដែល​គ្រាន់តែ​ចង់​លេង​ឲ្យ​គេស្តាប់ ហើយ​ក្រុម​មនុស្ស​ដែល​ចង់​ស្តាប់​ការ​ប្រគុំ​តន្ត្រី»។​

ដំបូង​«លេងភ្លេង»​ គ្រាន់តែជា​បណ្តាញ​មួយ​ចងក្រង​សារ​អេឡិច​ត្រូនិចរបស់​តន្ត្រីករ​ និង​ម្ចាស់​ហាង​ដែល​បើក​ឲ្យ​មាន​ការ​ប្រគុំ​តន្ត្រី​ប៉ុណ្ណោះ។ ​ពួក​គេ​អាច​ផ្ញើរ​កាល​វិភាគ​ និង​សកម្មភាព​នានា​របស់គេ​រៀងរាល់​សប្តាហ៍ ​នៅ​កាន់​ក្រុម«លេង​ភ្លេង»។​ «លេងភ្លេង» លេច​រូបរាង​ជា​គេហ​ទំព័រ​ផ្លូវការ​ និង​ពេញ​លក្ខណៈ ​នៅឆ្នាំ​២០១១​ ស្របពេលដែល ​Sam Rocker​ បាន​រក​ឃើញ​សហគមន៍​របស់​នាង​ក្រៅប្រព័ន្ធ​អ៊ិនធឺណេត។

លោក​ Ken White ​មើល​ឃើញ​ថា​ ទិដ្ឋភាព​នៃ​ទំនាក់ទំនង​របស់ក្រុម​តន្ត្រី​ និង​ស្ថាន​ភាព​នៃ​ការ​ប្រគុំ​តន្ត្រី​ដោយ​ផ្ទាល់​គឺ​នៅ​រប៉ាត់​រប៉ាយ​គ្នា​នៅ​ឡើយ។​

«នៅពេល​នោះ​ហើយ​ ​គឺ​ពេល​ដែល​ទិដ្ឋភាព​តន្ត្រី​នៅ​កម្ពុជា​ត្រូវ​បាន​ពង្រីក​វិសាលភាព​ខ្លាំង​ ហើយ​យើង​ប្រមូល​បាន​[ទំនាក់ទំនង​និង​បណ្តាញ] ក្រុម​តន្ត្រី​ដ៏​អស្ចារ្យជា​ច្រើនរួមគ្នា»។​

តាមពិតទៅ ​ម្ចាស់​គេហ​ទំព័រ​«លេង​ភ្លេង​»​គឺ​លោក​ Ken White​ ដែល​មករស់នៅ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៩៨ក៏ជា​ម្ចាស់​គេហទំព័រ​«បង​ធំ»​ដែល​ត្រូវបាន​គេ​ស្គាល់ថា​ជា​ប្រព័ន្ធ​បណ្តាញ​ស្វែងរកការ​ងារ​ដំបូង​មួយ​សម្រាប់​កម្ពុជា​ និង​មាន​ទិន្នន័យ​សន្ធឹកសន្ធាប់។​ ក្នុង​គោល​បំណង​ស្រដៀងគ្នា​ លោក Ken White ​បាន​ឲ្យ​ដឹង​ថា​ លោក​គ្រាន់តែ​ចង់​ប្រមូល​អ្វី​ដែល​ រប៉ាត់​រប៉ាយ​ឲ្យ​នៅ​ចង​ជា​ក្រុម។ ​ដូចដែល​លោក​ពិបាក​រក​ការងារ​ធ្វើ​នៅ​កម្ពុជា​ ក្រោយ​បើក​ទំព័រ​កាសែត​ដែល​រប៉ាត់រប៉ាយ​ លោក​រក​បង្កើត​គេហទំព័រ​«បងធំ»​ ហើយ​ដោយពិបាក​រក​កម្មវិធី​ប្រគុំតន្ត្រីដោយផ្ទាល់​ស្តាប់​នៅ​កម្ពុជា​ លោក​ក៏បង្កើត​ក្រុម​«លេងភ្លេង»​នេះឡើង។​

«ពួកខ្ញុំ​យល់ថា​ យើង​ក៏គួរតែ​ចាប់​ផ្តើម​ឲ្យ​មាន​ការ​សន្ទនា​គ្នា​អំពី​រឿង​ផ្សេង​គ្នា​ ​អំពី​កន្លែង​ទិញ​ឧបករណ៍​តន្ត្រី​ និង​តន្ត្រីអ្វី​ដែល​ត្រូវ​លេង។​ អ្នក​ដឹង​ទេ​ ខ្ញុំចង់​ឲ្យ​មាន​ការ​ចែក​រំលែក​បទ​ពិសោធន៍​អំពី​អ្វីៗ​ទាំងអស់​អំពី​រឿង​ប្លែកៗគ្នា​នៃ​វិស័យ​តន្ត្រី»។

លោក​ ត្រេង​ ពិសិដ្ឋ​ អ្នកគ្រប់គ្រងមាតិកានៃគេហទំព័រ «លេងភ្លេង», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៧ ​។​ (ខាន់​ សុគុំមនោ/ VOA)
លោក​ ត្រេង​ ពិសិដ្ឋ​ អ្នកគ្រប់គ្រងមាតិកានៃគេហទំព័រ «លេងភ្លេង», នៅរាជធានីភ្នំពេញ, នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០១៧ ​។​ (ខាន់​ សុគុំមនោ/ VOA)

​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​ «លេង​ភ្លេង»​បានធ្វើ​បច្ចុប្បន្ន​ភាព​និង​ពង្រីក​បណ្តាញ​ទិន្នន័យ​ដោយ​ចាប់ផ្តើម​ប្រមូលបន្ថែម​ពីទំព័រ​បណ្តាញ​សង្គម​ ដូចជា​ទំព័រ​ហ្វេសប៊ុករបស់​សិល្បករ​នានា​ផ្នែកតន្ត្រី។​ តន្ត្រី​ករនានា​ ​និង​តន្ត្រី​ករ​វ័យក្មេង​ដែល​ទើប​នឹង​លេច​ធ្លោមួយ​ចំនួន​ក៏​ត្រូវ​បាន​បង្ហាញ​នៅលើ​តារាង​កម្មវីធី​ប្រចាំ​សប្តាហ៍លើ​គេហ​ទំព័រ​មួយ​នេះ​ដែរ។ ​ពួកគេ​មួយ​ចំនួនភ្ញាក់​ផ្អើល​ដែល​ពួកគេ​មិន​ដែល​ឮអំពី​«លេងភ្លេង»​ទេ​ក៏​ប៉ុន្តែ​ការ​សម្តែង​របស់​ពួក​គេ​ត្រូវ​បាន​បង្ហាញ​នៅ​នោះ។​

លោក​ តេង ពិសិដ្ឋ​ជា​អ្នកគ្រប់គ្រង​មាតិកា​នៃ​គេហ​ទំព័រ​នេះ​ ​បាន​និយាយ​ថា៖​

«ឥឡូវ​នេះ​យើង​កំពុង​ស្វែងរក​ក្រុម​តន្ត្រី​ដែល​ចាប់​ផ្តើម​ពី​តូចៗ។ ​វា​មិន​មែន​មាន​ន័យ​ថា​ ពួកគេ​ថ្មី​ ហើយមិន​អាច​លេង​បាន​ល្អ​ទេ។​ ពួកគេ​ខ្លះ​លេង​បាន​យ៉ាង​ល្អ​ហើយ​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្លាំង​ណាស់។​ យើង​ចង់​បង្ហាញ​ពួកគេ​ជា​សាធារណៈទៅកាន់​អ្នក​ចូល​មើល​ជា​ច្រើនតាម​រយៈ​គេហ​ទំព័រ​របស់​យើង។​ ដូច្នេះ​អាច​ថា​ អ្នក​ដែល​មិន​ដែល​ឃើញ​ពួកគេ​ចង់​ទៅមើល​តន្ត្រី​ពួកគេ។​ ចង់​ឃើញ​ពួកគេ​ម្ដង​ហើយ​ទៅ​ម្ដងទៀត»។​

រាល់​ដើម​សប្តាហ៍​ ពិសិដ្ឋ​ ផ្ញើរសារ​អេឡិច​ត្រូនិច​មួយ​ទៅ​ក្រុម​តន្ត្រីករ​ និង​ម្ចាស់​ទីតាំង​ប្រគុំ​តន្ត្រី​ប្រមាណ​៣០០​ នៅក្នុង​បញ្ជី​បច្ចុប្បន្ន។​ នៅពេល​ទទួល​បាន​កាល​វិភាគ​ទាំង​នោះ​ហើយ លោក​រៀបចំ​ និង​ផ្ញើរ​ចេញ​ទៅ​អ្នក​ដែល​ទទួល​ព័ត៌មាន​ជាង​៨០០០​គណនី។​

កញ្ញា​ កាក់​ ចាន់​ធី​ ឬស្រីធី​ ដែល​ជា​អ្នក​ចម្រៀងស្រី​នៃ​ក្រុម​តន្ត្រី​ The Cambodia Space​ Project​ បាន​ឲ្យ​ដឹង​ថា​ គេហ​ទំព័រ​នេះ​គឺ​ដូចជា​សហគមន៍​តន្ត្រី​តាម​អនឡាញ​មួយ​ ជួយ​ឲ្យ​បណ្តាញ​តន្ត្រី​សម្បូរបែប​ និង​ជួយ​ផ្សព្វផ្សាយ​បន្ថែម​ឲ្យ​មហាជន​ស្គាល់​ និង​ស្និទ្ធ​ជាមួយ​សិល្បករ​ តន្ត្រីករ​ និង​ឌីជេ​នៅ​កម្ពុជា។​

«គាត់​ផ្សព្វផ្សាយ​បទ​ចម្រៀង​ខ្មែរ​យើង ​ដោយ​តន្ត្រីករ​ខ្មែរ​យើង​ ដើម្បី​ឲ្យ​គេ​ស្គាល់​ និង​មាន​កម្លាំង​ចិត្ត​ អីចឹង​វា​មាន​ប្រយោជន៍​ច្រើន។ ​បង​មិន​អាន​អង់គ្លេស​ តែបង​មើល​ទៅ​ដឹង​ពេល​ណា​គេ​លេង​ភ្លេង ​ពេលណា​មាន​កម្មវិធីអី​ គេ​ធ្វើ​អី ​វា​លោត​លើ​ហ្នឹង។​ ដូច​ក្រុម​ភ្លេង​មួយ​ណា​ល្អ​ ម៉េច​អី​ គាត់​មាន​បង្ហាញ​ក្នុង​ហ្នឹង»។

Sam Rocker ​ពុំបាន​ដឹង​ថា​ រាល់​កម្មវិធី​ប្រគុំតន្ត្រី​របស់​កញ្ញា​ត្រូវបាន​បង្ហាញ​លើ​គេហ​ទំព័រ​ «លេង​ភ្លេង»​ នោះ​ឡើយ​ ហើយ​កញ្ញា​ក៏មិន​ដែល​ស្គាល់​វា​ដែរ។ ​ទន្ទឹម​នឹង​ការ​ភ្ញាក់ផ្អើល​ ​កញ្ញា​ជឿជាក់​ថា​ ​វា​ជួយ​ដល់​ការ​ផ្សព្វ​ផ្សាយ​នូវ​វប្បធម៌​នៃ​ការ​ប្រគុំតន្ត្រី។​

«ខ្ញុំ​គិត​ថា ​វា​ជួយ​ ជួយ​ច្រើន​ដែរ​ ដល់ពួក​យើង​ និង​ពួកគាត់​ young solo artist​ [តន្ត្រីករ​ទោល​វ័យក្មេង] ​ដែល​ទើប​ចាប់ផ្តើម ​ដែល​យើង​បង្ហោះ​ខ្លួន​ឯង​តាម​ Facebook ​និង​ Youtube ​យើង​ផង ​ខាង​ហ្នឹង ​[លេងភ្លេង] ​គាត់ជួយ​បង្ហោះ​ផ្សព្វផ្សាយ​ផង​ទៅ​ គេ​ស្គាល់​ច្រើន​ ដឹង​ច្រើន»។

បើ​ទោះជា​បេសក​កម្មនៃ​គេហ​ទំព័រ​នេះ​គឺ​ជួយ​បង្កើន​បណ្តាញតន្ត្រី​ឯករាជ្យ​នៅ​ក្នុង​ទីក្រុង​ ម្ចាស់​គេហ​ទំព័រ​នេះយល់ថា​ គេ​នៅ​មិន​ទាន់បំពេញ​បេសក​កម្មគ្រប់គ្រាន់​នៅ​ឡើយ​ទេ។​ ជាក់ស្តែង​ ក្នុង​ចំនោម​ក្រុមតន្ត្រី​ និងម្ចាស់ទីតាំង​រៀបចំប្រគុំ​តន្ត្រី​សរុប​ប្រមាណ​៣០០​នោះ​មាន​ត្រឹម​តែ​៣០%​ប៉ុណ្ណោះ​កំពុង​ប្រើប្រាស់​គេហ​ទំព័រនេះ​ដោយ​សកម្ម​ដើម្បី​ផ្សព្វផ្សាយ។ ដើម្បី​កសាង​សហគមន៍​តន្ត្រី​ដ៏​សកម្ម​ និង​ទាក់ទាញ​សម្រាប់​តន្ត្រី​ករ​វ័យ​ក្មេង​នៅ​កម្ពុជា​ លោក​ Ken White​ បាន​លើក​ឡើង​ថា​ កម្ពុជា​នៅ​ខ្វះ​ទីតាំង​រួមមួយ​ជាក់លាក់​ គឺ​ជា​ទី​កន្លែង​ដែល​មាន​ឧបករណ៍​តន្ត្រី​ មាន​អ្នក​ជំនាញ​ មាន​កន្លែង​សម្រាប់​ពួកគេ​ទាំងអស់​ជុំ​គ្នា​ផ្ទាល់​ ជជែក​រឿង​តន្ត្រី​ ​និង​អ្វីៗ​អំពី​តន្ត្រី​ដើម្បី​ឲ្យ​មានទិដ្ឋភាព​រស់​រវើក៕

XS
SM
MD
LG