ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សិល្បៈ​ខ្មែរ​សម័យ​ទំនើប «បង្សុកូល» នឹង​សម្តែង​នៅ​ក្នុង​សហរដ្ឋអាមេរិក


អ្នកពិភាក្សាទាំង៨រូប អង្គុយនៅលើឆាក ក្នុងសន្និសីតកាសែតស្នាដៃបង្សុកូល នៅឯសារមន្ទីរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧ ។ (រីទ្ធី គីមហេង/ VOA)

ស្នាដៃ​សិល្បៈ​នេះ​គឺ​ជា​ការ​សហការ​គ្នា​លើក​ដំបូង​បង្អស់​រវាង​សិល្បករ​ខ្មែរ​​ដ៏​ឆ្នើម​ពីរ​រូប ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម គឺ​លោក ហ៊ឹម សុភី ដែល​ជា​អ្នក​និពន្ធ​ទំនុក​ភ្លេង និង​លោក ប៉ាន់ រិទ្ធី ដែល​ជា​ផលិតករ​ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ​រូប។

ស្នាដៃ​សិល្បៈខ្មែរ​ថ្មី​មួយ​ឈ្មោះ​ថា «បង្សុកូល»​ នឹង​សម្តែង​នៅក្នុង​ទីក្រុង​ ញូវយ៉ក សហរដ្ឋអាមេរិក នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​ខាង​មុខ​នេះ បន្ទាប់​ពី​ការ​សម្តែង​លើក​ដំបូង​ដោយ​ជោគជ័យ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

ស្នាដៃ​សិល្បៈ​ដែល​មាន​ឈ្មោះ​ថា «បង្សុកូល» នឹង​ត្រូវ​សម្តែងនៅ​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ខាង​មុខ​នេះ នៅ​ឯ​សាល​មហោស្រព Howard Gilman Opera House នៃ​មជ្ឈមណ្ឌល Brooklyn Academy of Music ដែល​អាច​ទទួល​ទស្សនិកជន​ដល់​ទៅ​ជាង​២០០០​នាក់។ «បង្សុកូល» គឺ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នូវ​ការ​សម្តែង​សិល្បៈ​បុរាណ​និង​សម័យ​ដែល​មាន​ការ​ប្រគុំ​តន្រ្តី ការ​ច្រៀង និង​ការ​សម្តែង​កាយវិការ​ផង​ដែរ។ ​

​នេះ​គឺ​ជា​ស្នាដៃ​សិល្បៈ​មហោរី​ទ្រង់ទ្រាយ​ធំ​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ប្រមាណ​១,៧លាន​នាក់​នៅក្នុង​របប​ខ្មែរ​ក្រហម​ចាប់​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ នេះ​បើ​យោង​តាម​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​ផ្តួចផ្តើម​រៀបចំ​ការ​សម្តែង​នេះ​ឡើង​។ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​គឺ​ជា​អង្គការ​មិន​ស្វែង​រក​ប្រាក់​កម្រៃ​មួយ ដែល​មាន​គោលបំណង​ជួយ​គាំទ្រ​ដល់​ស្នាដៃ​សិល្បៈ​បុរាណ​ខ្មែរ​គ្រប់​ទម្រង់​ទាំងអស់។​

«បង្សុកូល» គឺ​ជា​ពិធី​បែប​សាសនា​ព្រះពុទ្ធ ភាគច្រើន​ធ្វើ​នៅ​ក្នុង​ពិធី​បុណ្យ​សព ដែល​ប្រជាជន​ខ្មែរ​ជឿ​ថា នឹង​ជួយ​ដល់​ព្រលឹង​របស់​អ្នក​ស្លាប់​ឲ្យ​ទៅ​កាន់​សុខគតិភព។

«បង្សុកូល» ត្រូវ​បាន​សម្តែង​លើ​ឆាក​អន្តរជាតិ​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ទីក្រុង Melbourne ប្រទេស អូស្ត្រាលី កាល​ពី​ខែ​តុលា​កន្លង​ទៅនេះ ដោយ​ទទួល​បាន​ការ​កោតសរសើរ​យ៉ាង​ខ្លាំង។

ចុចមើល​ការ​សម្តែងសិល្បៈ​«បង្សុកូល»​របស់​អង្គការសិល្បៈ​ខ្មែរ​អមតៈ៖

​បន្ទាប់​ពី​សម្តែង​នៅ​ទីក្រុង ញូវយ៉ក នៅ​ពាក់​កណ្តាល​ខែ​ក្រោយ​នេះ​រួច​ហើយ «បង្សុកូល» នឹង​ត្រូវ​ទៅ​សម្តែង​នៅ​ទីក្រុង បុសស្តុន រដ្ឋ Massachusettsនៅ​ថ្ងៃ​ទី​១៩​និង​ថ្ងៃ​ទី​២០ ខែ​ធ្នូ នៅ​ទីក្រុង​ ប៉ារីស ប្រទេស បារាំង នៅ​ខែ​ឧសភា ឆ្នាំ​២០១៨ និង​ត្រឡប់​ទៅ​សម្តែង​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១៩ ដែល​ជា​ខួប​ទី​៤០​ឆ្នាំ​នៃ​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម។ នេះ​បើ​យោង​តាម​គេហទំព័រ​«បង្សុកូល»។

ស្នាដៃ​សិល្បៈ​នេះ​ក៏​ជា​ការ​សហការ​គ្នា​លើក​ដំបូង​បង្អស់​រវាង​សិល្បករ​ខ្មែរដ៏​ឆ្នើម​ពីរ​រូប ដែល​បាន​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម គឺ​លោក ហ៊ឹម សុភី ដែល​ជា​អ្នក​និពន្ធ​ទំនុក​ភ្លេង និង​លោក ប៉ាន់ រិទ្ធី ដែល​ជា​ផលិតករ​ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​ដ៏​ល្បីល្បាញ​មួយ​រូប។

លោក ហ៊ឹម សុភី ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត ព្រៃវែង បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​តន្រ្តី​នៅ​សាកលវិទ្យាល័យ Moscow Conservatory of Music ប្រទេស រុស្ស៊ី កាល​ពី​ឆ្នាំ ១៩៨៥ និង​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​តន្ត្រី​អឺរ៉ុប។ លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ឆ្នាំ​១៩៩៨ និង​បាន​បង្កើត​សាលា​តន្ត្រី​មួយ​ដែល​មាន​ឈ្មោះ​ថា ហ៊ឹម សុភី កាល​ពី​ឆ្នាំ​២០១៣។ នេះ​បើយោង​តាម​គេហទំព័រ​បង្សុកូល។ ​

ស្នាដៃ​សិល្បៈ​របស់​លោក​ពី​មុនៗ​មក​រួម​មាន​ការ​សម្តែង​សិល្បៈ​តន្ត្រី​ដែល​មាន​ឈ្មោះ​ថា «ទី​ដំរីយំ» ឬ​ជា​ភាសា​អង់គ្លេស​ថា Where Elephants Weep ដែល​ត្រូវ​បាន​ពាំ​នាំ​មក​សម្តែង​ជា​លើក​ដំបូង​នៅ​ក្នុង​ទីក្រុង ឡូវែល រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាល​ពី​ខែ​មេសា ឆ្នាំ​២០០៧។ សា្នដៃ​សិល្បៈ​នេះ​មាន​ការ​សម្តែង​រួមគ្នា​នូវ​តន្រ្តី​ខ្មែរ​បុរាណ​និង​វង់ភ្លេង​អឺរ៉ុប ដែល​មាន​ទាំង​ការ​ប្រគុំ​តន្ត្រី រ៉ក់ និង​ការ​រែប ផងដែរ។ ​នៅ​ក្នុង​ស្នាដៃ​សិល្បៈ​«បង្សុកូល​»នេះ លោក ហ៊ឹម សុភី បាន​និពន្ធ​បទភ្លេង​ដោយ​បញ្ចូល​គ្នា​នូវ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរនិង​មាន​អ្នក​ចម្រៀង​ទោល​ អម​ដោយ​វង់ភ្លេង​អឺរ៉ុប​និង​ការ​ច្រៀង​បន្ទរ​ពី​ក្រុម​សិល្បៈ​តៃវ៉ាន់​ផង​ដែរ។

លោក ហ៊ឹម សុភី បាន​ថ្លែង​ថា ថ្វីត្បិត​តែ​ការ​សម្តែង​នេះ​ផ្តោត​ទៅ​លើ​ភាព​សាហាវ​យង់ឃ្នង​ក្នុង​របប​ខ្មែរ​ក្រហម​ក៏​ពិត​មែន ប៉ុន្តែ​វា​មិន​ធ្វើ​ឲ្យ​ទស្សនិកជន​សោកសៅ​នោះ​ទេ។

អ្នកស្រី ហឹុម សាវី (ឆ្វេង) ដែលជាអ្នកចំរៀងនៅក្នុងស្នាដៃបង្សុកូល និងលោក អាន ចនផន (ស្តាំ) ដែលជាស្ថាបនិកសមាគមសិល្បៈខ្មែរអមត: កំពុងពិភាក្សាកំឡុងពេលសន្និសីតកាសែតស្នាដៃបង្សុកូល នៅឯសារមន្ទីរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧។ (រិទ្ធី គីមហេង/ VOA)
អ្នកស្រី ហឹុម សាវី (ឆ្វេង) ដែលជាអ្នកចំរៀងនៅក្នុងស្នាដៃបង្សុកូល និងលោក អាន ចនផន (ស្តាំ) ដែលជាស្ថាបនិកសមាគមសិល្បៈខ្មែរអមត: កំពុងពិភាក្សាកំឡុងពេលសន្និសីតកាសែតស្នាដៃបង្សុកូល នៅឯសារមន្ទីរជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៧។ (រិទ្ធី គីមហេង/ VOA)

លោក ហ៊ឹម សុភី បាន​ថ្លែង​ប្រាប់ VOA កាល​ពី​ខែ​ កក្កដា ថា «វា​មិន​ត្រឹម​តែ​ដើម្បី​ឧទ្ទិស​ដល់​អ្នក​ស្លាប់​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើក​ទឹកចិត្ត​ដល់​អ្នក​នៅ​រស់រាន​មាន​ជីវិត​ឲ្យ​បន្ត​មាន​ក្តី​សង្ឃឹម​ផង​ដែរ»។

លោក ប៉ាន់ រិទ្ធី មាន​ស្រុក​កំណើត​នៅ​រាជធានី ភ្នំពេញ និង​បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​ទីក្រុង ប៉ារីស ​ប្រទេស បារាំង ក្រោយ​ពី​របប​ខ្មែរ​ក្រហម​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៧៩។ លោក​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩០ ហើយ​ធ្វើ​ដំណើរ​ចេញចូល​ទីក្រុង​ប៉ារីស និង​រាជធានី ​ភ្នំពេញ ជា​ញឹកញាប់។ នេះ​បើ​យោង​តាម​គេហទំព័រ «បង្សុកូល»។ ខ្សែ​ភាពយន្ត​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា The Missing Picture គឺ​ជា​ភាពយន្ត​ខ្មែរ​លើក​ដំបូង​បង្អស់​ដែល​បាន​ប្រកួតប្រជែង​យក​ពានរង្វាន់ ​អូស្ការ​នៅ​ឆ្នាំ​២០១៣។ ផលិតករ​ខ្សែភាពយន្ត​ដែល​ទទួល​បាន​ការ​កោតសរសើរ​ពី​អន្តរជាតិ​រូប​នេះ ក៏​បាន​ចូលរួម​ផលិត​ខ្សែ​ភាពយន្ត​ «ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ដែល​ដឹក​នាំ​ដោយ​តារា​ហូលីវូដ អ្នកស្រី Angelina Jolie ដែល​បាន​ចាប់​ផ្តើម​ចាក់​បញ្ចាំង​លើ​គេហទំព័រ Netflix កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​កន្លង​ទៅ​នេះ​ផង​ដែរ។ ខ្សែភាពយន្ត​ទាំង​ពីរ​នេះ សុទ្ធ​តែ​ឆ្លុះបញ្ចាំង​ពី​ការ​កាប់​សម្លាប់​និង​ទុក្ខវេទនា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ជួបប្រទះ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ​

នៅ​ក្នុង​ស្នាដៃ​សិល្បៈ «បង្សុកូល» លោក ប៉ាន់ រិទ្ធី បាន​ដឹកនាំ​ការ​សម្តែង​ដោយ​ប្រើប្រាស់​វីដេអូ​ចាស់ៗ​ជាមួយ​នឹង​រូបភាព​បែប​ស្រមើស្រមៃ ដែល​បង្ហាញ​ពី​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​កម្ពុជា។ លោក​បាន​ថ្លែង​ប្រាប់ VOA កាល​ពី​ខែ​កក្កដា​ថា ការ​សម្តែង​សិល្បៈ​នេះ​មិន​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​ភាព​សោកសៅ​នោះ​ទេ។ ​

លោក ប៉ាន់ រិទ្ធី បានថ្លែង​ថា «យើង​មិន​បាន​បញ្ចប់​«បង្សុកូល» ជាមួយ​ឈុតឆាក​កម្សត់​ទេ ប៉ុន្តែ​ជាមួយ​នឹង​សារ​ដ៏​សុទិដ្ឋិនិយម ទៅ​កាន់​មនុស្ស​ជំនាន់​ក្រោយ ​ឲ្យ​ពួកគេ​ឈប់​កើត​ទុក្ខ ប៉ុន្តែ​ឲ្យ​ជឿជាក់​ថា នឹង​តែងតែ​មាន​ផ្លូវ​ថ្មី​សម្រាប់​ពួកគេ»៕

XS
SM
MD
LG