ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វិចិត្រករ​នូវ ​ជានិច្ច​ប្រើ​សិល្បៈ​បង្ហាញ​សេរីភាព​ក្នុង​គ្រា​សង្គម​មាន​ការ​រឹតត្បិត​


លោក នូវ ជានិច្ច ជាងគំនូរសហសម័យនៅទីក្រុងបាត់ដំបង ឈរថតរូបនៅខាងមុខរូបគំនូររបស់ខ្លួន នៅក្នុងការតាំងពិព័រណ៌ «មួយផ្នែកតូច» នៅហាងកាហ្វេទីនេះ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា ២០១៧។ (ទុំ ម្លិះ/VOA)
លោក នូវ ជានិច្ច ជាងគំនូរសហសម័យនៅទីក្រុងបាត់ដំបង ឈរថតរូបនៅខាងមុខរូបគំនូររបស់ខ្លួន នៅក្នុងការតាំងពិព័រណ៌ «មួយផ្នែកតូច» នៅហាងកាហ្វេទីនេះ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា ២០១៧។ (ទុំ ម្លិះ/VOA)

លោក​ធ្លាប់​បាន​ដាក់​បង្ហាញ​ស្នាដៃ​គំនូរ​​នៅ​ប្រទេស​ក្រៅ​ជា​ច្រើន​លើក​រួច​មក​ហើយ​ដូច​ជា​ប្រទេស​បារាំង ​សហរដ្ឋ​អាមេរិក​ ​និង​ហុងកុង​ជាដើម។​

លោក​ នូវ ជានិច្ច​ គឺ​ជា​ជាង​គំនូរ​សហ​សម័យ​វ័យ​ក្មេង​ម្នាក់​ប្រចាំ​នៅ​ខេត្ត​បាត់ដំបង​ដែល​ជា​ខេត្ត​ធំ​បំផុត​ទី​ពីរ​ក្នុង​ប្រទេស​កម្ពុជា។​

កើត​នៅ​ក្នុង​ឆ្នាំ​១៩៨៩​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ព្រំដែន​ប្រទេស​ថៃ​ ក្រុម​គ្រួសារ​របស់​លោក​ នូវ ជានិច្ច បាន​ប្តូរ​មក​រស់​នៅ​ក្នុង​ខេត្ត​បាត់ដំបងដែល​ជា​ស្រុក​កំណើត​ខាង​ឪពុក​នៅ​ពេល​ដែល​លោក​មាន​អាយុ​បី​ឆ្នាំ។​ ប៉ុន្តែ​ដោយសារស្ថានភាព​គ្រួសារ​មិន​ធូរធារ​ ជានិច្ច​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ជាមួយ​ម្តាយ​មុន​នឹង​សម្រេច​ចិត្ត​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ដើម្បី​បន្ត​ក្តី​សុបិន​របស់​ខ្លួន។​ នោះ​គឺ​សិល្បៈ​គំនូរ។ ​

លោក​ នូវ ជានិច្ច​ បាន​ប្រាប់​ ​VOA​ ​ថា ​លោក​មានក្តី​ស្រឡាញ់​ខាង​គំនូរ​តាំង​ពី​អាយុ​ប្រាំ​ឆ្នាំ៖

«ពី​ក្មេង​ឡើយ​គូរ​មិន​បាន​គិត​អី​ផង​ គ្រាន់តែ​គូរ​លេង ​គូរ​នៅ​លើ​ដី​លើ​សៀវភៅ​ដូច​ថា ​យើង​គូរ​យើង​ឆ្លាក់​លេង​លើ​សៀវភៅ​អីចឹង»។​

លោក ​នូវ ជានិច្ច​ បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​សិក្សា​នៅ​សាលា​រដ្ឋ​តាំង​ពី​អាយុ​១៣​ឆ្នាំ​ ហើយ​បាន​បន្ត​ការ​សិក្សា​ផ្នែក​គំនូរ​នៅ​ឯ​សាលា​សិល្បៈ​ដែល​មាន​តែ​មួយ​គត់​នៅ​ខេត្ត​បាត់ដំបង​នៅ​ពេល​នោះ​គឺ​ ​ហ្វា​ពន្លឺ​សិល្បៈ (Phare Ponleu Selpak) ក្នុង​ឆ្នាំ​២០០៣។​

ដោយ​មាន​អាយុ​ត្រឹម​តែ​២៨​ឆ្នាំ នូវ​ ជានិច្ច ​បាន​ក្លាយ​ជា​សិល្បករ​គំនូរ​សហសម័យ​ដ៏​មាន​ទេពកោសល្យ​ម្នាក់។ លោក​ធ្លាប់​បាន​ដាក់​បង្ហាញ​ស្នាដៃ​គំនូរនៅ​ប្រទេស​ក្រៅ​ជា​ច្រើន​លើក​រួច​មក​ហើយ​ដូច​ជា​ប្រទេស​បារាំង ​សហរដ្ឋ​អាមេរិក​ ​និង​ហុងកុង​ជាដើម។​

ការតាំងពិព័រណ៌ «មួយផ្នែកតូច» នៅហាងកាហ្វេទីនេះ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា ២០១៧។(ទុំ ម្លិះ/VOA)
ការតាំងពិព័រណ៌ «មួយផ្នែកតូច» នៅហាងកាហ្វេទីនេះ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា ២០១៧។(ទុំ ម្លិះ/VOA)

មិន​តែ​ប៉ុណ្ណោះ​ ទោះជា​គំនូរ​សហសម័យ​នេះ​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​ប្រជាជន​ខ្មែរ ​ជានិច្ច ទើបតែ​បាន​បញ្ចប់​ពិព័រណ៍​គំនូរ​ ​«បំបែក​ប្រព័ន្ធ»​ ​នៅ​វិចិត្រសាល​សង្កែ​ក្នុង​ខេត្ត​បាត់ដំបង​ ​និង​ ​«ភ្លៀង» ​នៅ​ហាង​កាហ្វេ​ចាវ៉ា​ (Java Cafe) ក្នុង​ទីក្រុង​ភ្នំពេញ។​

«ជានិច្ច គឺ​ជា​សិល្បករ​ដ៏​មាន​ទេពកោសល្យ​បំផុត​ក្នុង​ក្រសែភ្នែក​របស់​ខ្ញុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។ នេះ​បើ​យោង​តាម​ការ​សរសេរ​របស់​លោក​ ​ជូ ដាវី​ ​ផលិតករ​ភាពយន្ត​សញ្ជាតិ​ខ្មែរ​បារាំង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ ​មួយ​ថ្ងៃ​មុន​នឹង​ការ​តាំង​ពិព័រណ៍​មួយ​របស់​នូវ​ ជានិច្ច​ ដែល​មាន​ឈ្មោះ​ថា​ ​«មួយ​ផ្នែក​តូច»​ ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។​

គំនូរ​របស់​លោក​ នូវ​ ជានិច្ច​ ផ្តោត​សំខាន់​ទោះ​លើ​ប្រធាន​បទ​សេរី​ភាព ដោយ​ជានិច្ច​ បាន​និយាយ​ថា​នៅ​ក្នុង​សង្គម​មាន​ការ​រឹត​ត្បិត​និង​ច្បាប់​វិន័យ​ច្រើន​ ​ប៉ុន្តែ​ការ​គូរគំនូរ​អាច​ឲ្យ​ជានិច្ច​បញ្ចេញអារម្មណ៍​ទាំង​នោះ។​

លោក​បាន​បន្ថែម​ថា៖​

«ខ្ញុំ​អត់​ដែល​គូរ​តាម​ច្បាប់​គំនូរ​ថា​យើង​ត្រូវ​គូរ​បែប​នេះៗ​ អី​ចឹង​យើង​ប្រើ​សេរី​ភាព​នៃ​ការ​គូរ​របស់​យើង​ឲ្យ​បាន​ទូលំទូលាយ​ជាង​ហ្នឹង»។​

នេះ​ក៏​ជា​ហេតុផល​មួយ ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ ​អ្នក​ស្រាវជ្រាវ​សិល្បៈ​បែប​រូប​ភាព​ម្នាក់​គឺ​លោក​ ​យុង សុភា​ ​ឲ្យ​ទៅ​ទស្សនា​ស្នាដៃរបស់​ជានិច្ច​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​ ​«មួយ​ផ្នែក​តូច»។​

លោក​បាន​និយាយ​ប្រាប់​ ​VOA​ ​តាម​ទូរស័ព្ទ​ថា៖

«គាត់​បំបែក​ក្បួន​ នៅ​ពេល​ដែល​គ្រូ​បង្រៀន​ឲ្យ​ធ្វើ​អីចឹង​ទៅ​ ​គាត់​មិន​ចង់​ធ្វើ​តាម ​ប៉ុន្តែ​ទៅ​គាត់​បំបែក​មួយ​ទៅជា​ ​Art​ (សិល្បៈ)​មួយ​ដែល​ខុស​ពី​ក្បួន​ប៉ុន្តែ​វា​ចេញ​ជា​ ​Art​ ​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍»។​

ការតាំងពិព័រណ៌ «មួយផ្នែកតូច» នៅហាងកាហ្វេទីនេះ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា ២០១៧។(ទុំ ម្លិះ/VOA)
ការតាំងពិព័រណ៌ «មួយផ្នែកតូច» នៅហាងកាហ្វេទីនេះ ក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៧ កញ្ញា ២០១៧។(ទុំ ម្លិះ/VOA)

សិល្បៈ​គំនូរ​មិន​មែន​ជា​ទេពកោសល្យ​តែមួយ​មុខ​ដែល​ជានិច្ច​មាន​នោះ​ទេ។​ ​ជានិច្ច​ថែម​ទាំង​អាច​ច្រៀង​ចម្រៀង​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​និង​លេង​ហ្គីតា​ ផង​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ​ ​ជានិច្ច​ ​គឺ​ជា​តារា​សម្ដែង​ម្នាក់​ក្នុង​ខ្សែ​ភាពយន្ត ​«កោះពេជ្រ»​ ​ខ្សែភាពយន្ត​កម្ពុជា​ដែល​ទទួល​បានពាន​រង្វាន់ និង​ផលិត​ដោយ​លោក​ ​ជូ ដាវី​ ​ផលិតករ​ភាព​យន្ត​សញ្ជាតិ​ខ្មែរ​បារាំង។​

ទោះ​បី​ជា​ការងារ​ជា​សិល្បៈ​ជាង​គំនូរ​ ​មិន​ត្រូវ​បាន​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​រហូត​ក្តី​ ក៏​ជានិច្ច​ ​មិន​មាន​គំនិត​នឹង​បោះ​បង់​ក្តី​សុបិន​ធ្វើ​ជា​ជាងគំនូរ​នេះ​ទេ។​

ជានិច្ច​ ​ថែមទាំង​បាន​និយាយ​ថា​ ​ដោយ​សារ​តែ​ប្រទេស​កម្ពុជា​មិន​សូវ​មាន​ជាង​គំនូរ​ផ្នែក​ ​សហ​សម័យ​ ​ដូច្នេះ​លោក​ចង់​កសាង​ខ្លួន​ឯង​ឱ្យ​ក្លាយ​ជា​ ជាង​គំនូរ​សហសម័យ​ខ្មែរ​ដ៏​ស្ទាត់​ជំនាញ​មួយ​រូប​ដើម្បី​ជួយ​ដល់​ក្មេង​ជំនាន់​ក្រោយ​ដែល​បំណងចង់​ធ្វើ​ជា​ជាងគំនូរ​ដូច​លោក​ដែរ។​

«ស្រុក​យើងចង់​និយាយ​ថា ​អ្នក​ដែលបើក​ផ្លូវ​វា​អត់​មាន​ ដូច​អ្នក​គំនូរ​អីចឹង អ្នក​បើកផ្លូវ​វា​បាត់បង់​អស់រលីង​ពី​ដើម​ឡើយ​ »។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​សិល្បៈ​បុរាណ​រួម​ទាំង​គំនូរ​ ​សំណង់​ស្ថាបត្យកម្ម​ និង​របាំ​ជាដើម​ ក៏ប៉ុន្តែ​ការ​លេច​ឡើង​នូវ​សិល្បៈ​សហសម័យ​របស់​ក្រុម​បស្ចិម​ប្រទេស​ជា​ការ​ជួយ​ជំរុញ​ឱ្យ​សិល្បៈ​នៃ​ប្រទេស​នេះ​កាន់​តែ​សម្បូរ​បែប​ថែម​ទៀត៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG