ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​ម្នាក់​ត្រូវ​រោងចក្រ​ប្តឹង​ដោយ​សារ​កំហុស​អក្ខរាវិរុទ្ធ


លោក ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ដើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១​ ខែ​មេសា​ ឆ្នាំ​ ២០១៦។​ (រូបថត​ផ្តល់​ជូនដោយ​លោក​ ប៉ាវ ស៊ីណា)
លោក ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​ដើរ​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ទី​២១​ ខែ​មេសា​ ឆ្នាំ​ ២០១៦។​ (រូបថត​ផ្តល់​ជូនដោយ​លោក​ ប៉ាវ ស៊ីណា)

លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទាក់​ទិន​បណ្តឹង​របស់​ក្រុមហ៊ុន​កាត់ដេរ​ Southland (Cambodia)​​ Co.Ltd, ​ដែល​ចោទ​លោក​ពី​បទ​ «ក្លែង​លិខិត​ និង​ផ្តល់​ព័ត៌មាន​មិន​ពិត»។

គ្រាន់​តែ​មាន​ការ​សរសេរ​ឈ្មោះ​ខុស​របស់​អ្នក​ជាប់​ឆ្នោត​ឲ្យ​ធ្វើ​ជា​ថ្នាក់​ដឹកនាំ​សហជីព​មួយ​នៅ​ក្នុង​រោងចក្រ​ Southland​ មេដឹកនាំ​សម្ព័ន្ធ​សហជីព​មួយ​រូប​ទៀត ដែល​ជួយ​ជ្រោមជ្រែង​បង្កើត​សហជីព​នោះ​ បាន​រង​បណ្តឹង​ពី​ភាគី​រោងចក្រ​ រហូត​ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ។

លោក​ ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ទាក់​ទិន​បណ្តឹង​របស់​ក្រុមហ៊ុន​កាត់ដេរ​ Southland (Cambodia) Co.Ltd, ​ដែល​ចោទ​លោក​ពី​បទ​ «ក្លែង​លិខិត​ និង​ផ្តល់​ព័ត៌មាន​មិន​ពិត»។

បណ្តឹង​ប្រឆាំង​នឹង​មេដឹកនាំ​សម្ព័ន្ធ​សហជីព​រូប​នេះ​ កើត​មាន​ឡើង​ បន្ទាប់​ពី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ ជួយ​ជ្រោមជ្រែង​កម្មករ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ Southland ​ឲ្យ​បង្កើត​សហជីព​ការពារ​ប្រយោជន៍​កម្មករ​ ជំនួស​ឲ្យ​សហជីព​ដែល​មាន​ស្រាប់​តែ​មិន​សូវ​គិត​ពី​សុខ​ទុក្ខ​របស់​កម្មករ។

លោក ​ប៉ាវ ស៊ីណា​ បាន​ប្រាប់​ VOA​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បណ្តឹង​របស់​ក្រុមហ៊ុន​ចិន​នេះ ធ្វើ​ឡើង​ដោយសារ​តែ​លិខិត​ជូន​ដំណឹង​អំពី​ការ​បង្កើត​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ​ Southland​ មាន​ការ​សរសេរ​ខុស​ឈ្មោះ​អ្នក​ជាប់​ឆ្នោត (ឈ្មោះ «ប៉ិច សាវ៉ាត‍» និង «សៀង វិចិត្រ‍» សរសេរ​ខុស​ថា «ប៉ិច សុវ៉ាត‍» និង ‍«សៀង វិចិត្ត‍») ​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​សហជីព​នេះ។​

លោក ប៉ាវ ស៊ីណា ពន្យល់​ប្រាប់ VOA ថា៖

«សហជីព​ខ្ញុំ​ គឺ​បាន​ជូន​លិខិត​ជូន​ដំណឹង​ពី​កម្មករ​នៅ​ក្នុង​រោងចក្រ​ហ្នឹង ​ដែល​គាត់​បាន​បោះឆ្នោត​បង្កើត​សហជីព​ ហើយ​យើង​បាន​បញ្ជូន​បេក្ខជន​ដែល​ជាប់​ឆ្នោត​ហ្នឹង​ ទៅ​ឲ្យ​ភាគី​បាន​ដឹង។ ដូច្នេះ​ការ​បញ្ជូន​ទៅ​ហ្នឹង​ វា​មាន​ខុស​បច្ចេកទេស​ ទៅ​នឹង​អក្ខរាវិរុទ្ធ​អី​ផ្សេងៗ​ហ្នឹង​ ខុស​អក្សរ​ណ៎ា​ ខុស​អក្ខរាវិរុទ្ធ​ ដល់​អញ្ចឹង​ទៅ​ ក្រុម​ហ៊ុន​ វា​មាន​ចេតនា​ ក្នុង​ការ​ទប់​ស្កាត់​មិន​ឲ្យ​យើងបង្កើត​សហជីព​នៅ​ហ្នឹង​ ឬ​ក៏​គេ​ហៅ​ថា​ ជា​ចេតនា​រើសអើងហ្នឹង​ ក៏​បាន​ប្តឹង​ខ្ញុំ​ទៅ​កាន់​តុលាការ​ពី​បទ​ក្លែងបន្លំ​ និង​គេ​ហៅ​ថា​ ផ្តល់​ព័ត៌មាន​មិន​ពិត​នោះ​បាទ»។

​យ៉ាង​ណា​ក៏ដោយ​ លោក​បញ្ជាក់​ថា លោក​បាន​បដិសេធ​មិន​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​លោក​ព្រះរាជ​អាជ្ញា​រង ខាំ​ សុផារី​ ដោយ​ហេតុ​ថា បណ្តឹង​ប្រឆាំង​រូប​លោក​នោះ​ ក៏​បាន​សរសេរ​ខុស​ឈ្មោះ​របស់​លោក​ផង​ដែរ។​ លោក​បន្តថា​ រោងច្រក​ Southland ​បាន​ដំណើរការ​ជាង​១៥ឆ្នាំ​ហើយ​ និង​មាន​កម្មករ​ប្រមាណ​ ២.៥០០​នាក់។​ លោក​បញ្ជាក់​បន្ថែម​ថា​ លោក​នឹង​បឹ្តង​បក​ទៅ​ក្រុមហ៊ុន​វិញ​ ព្រោះ​បណ្តឹង​ប្រឆាំង​រូប​លោក​បាន​សរសេរ​ឈ្មោះ​លោក​ខុស។

យោង​ទៅ​តាម​ដីកា​ដែល VOA ​បាន​ទទួល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ឲ្យ​ដឹង​ថា​ ឈ្មោះ​លោក​‍ «ប៉ាវ​ ស៊ីណា‍» ត្រូវ​បាន​សរសេរ​ថា​ «បាវ ស៊ីណា‍»​ ដែល​ជា​ឈ្មោះ​ក្រុមហ៊ុន​បាន​សរសេរ​ក្នុង​ពាក្យ​បណ្តឹង​របស់​ខ្លួន​ ដោយ​មិន​មាន​សញ្ញា​ធ្មេញ​កណ្តុរ​ ឬ​មូសិកទន្ត។

លោក​ព្រះ​រាជអាជ្ញា​រង​ ខាំ​ សុផារី​ បដិសេធ​ផ្តល់​ការ​អធិប្បាយ​ ដោយ​លោក​ពុំ​អាច​ផ្តល់​ព័ត៌មាន​តាម​ទូរស័ព្ទ​បាន​ទេ​ ហើយ​សុំ​ឲ្យ​អ្នក​យក​ព័ត៌មាន​នៃ​ VOA​ ទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

VOA ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​រដ្ឋបាល​រោងចក្រ​ Southland ​តែ​លេខ​ទូរស័ព្ទ​លើ​តុ​ដែល​រោងចក្រ​បាន​ផ្តល់​ជូន​សមាគមន៍​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ មិន​ដំណើរការ។​

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ បណ្តឹង​របស់​រោងចក្រ​នេះ​ គឺ​មាន​ចេតនា​រារាំង​មិន​ឲ្យ​មាន​ការ​បង្កើត​សហជីព​ឯករាជ្យ​ ដើម្បី​ការពារ​សិទ្ធិ​របស់​កម្មករ។​ លោក​បាន​ហៅ​កំហុស​នៃ​ការ​សរសេរ​ឈ្មោះ​កម្មករ​ខុស​ គឺ​ជា​រឿង​ទូទៅ​ និង​មិន​មែន​ជា​ឧបសគ្គ​ធំ​ដុំ​ដល់​ការ​បង្កើត​សហជីព​នោះ​ដែរ។

លោក​ អាត់ ធន់ បញ្ជាក់​ប្រាប់ VOA ថា៖​

«កម្មករ​គ្រាន់​តែ​ខុស​ឈ្មោះ​ គឺ​រាប់​ពាន់​ រាប់​ពាន់​ រាប់​ម៉ឺន​នាក់។ អ្នក​ខុស​ឈ្មោះ​ហ្នឹង​ណ៎ា​ អ្នក​ខ្លះ​ខុស​ ស្រះ​អិ ខុស​ស្រះ​អី។ អ្នក​ខ្លះ​យក​ឈ្មោះ​គេ​មក​ប្រើ​សិន​ដើម្បី​ធ្វើ​ការ​សិន ហើយ​ដោយ​សារ​ស្រុក​ខ្មែរ​យើង​ហ្នឹង​អត់​មាន​អត្តសញ្ញាណប័ណ្ណ​អី​បាន​គ្រប់​គ្នា អញ្ចឹង​គឺ​មាន​បញ្ហា​ រឿង​ទី​មួយ។​ អញ្ចឹង​ ចេតនា​នៃ​តុលាការ​ហៅគាត់​មក​សួរ​នេះ​ ខ្ញុំ​គិត​ថា​ ជា​បណ្តឹង​របស់​ក្រុមហ៊ុន​ទេ​ ដែល​សំខាន់​បំផុត​នៃ​ក្រុមហ៊ុន​ហ្នឹង​គឺ​ គោលបំណង​មិន​ចង់​ឲ្យ​សហជីព​នៅ​ហ្នឹង​ ហើយ​ចង់​រក​វិធី​ប្តឹងផ្តល់​ដើម្បី​បង្អាក់ ឬក៏​ធ្វើ​ឲ្យ​សកម្មភាព​បង្កើត​សហជីព​នៅ​ហ្នឹង​អត់​បាន​ទេ។​ អាហ្នឹង​ សកម្មភាព​អញ្ចឹង​ច្រើន​ជាង»។

បណ្តឹង​ប្រឆាំង​លោក​ ប៉ាវ​ ស៊ីណា​ បាន​កើត​ឡើង​ផង​ដែរ​ នៅ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​កំពុង​ពន្លឿន​ការ​បង្កើត​ច្បាប់​សហជីព ​ដែល​ផ្តល់​ក្តី​បារម្ភ​ដល់​ក្រុម​មេដឹកនាំ​សហជីព​ធំៗ​ ព្រោះ​ពួកគេ​ចោទ​ថា​ ច្បាប់​នេះ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ចងក្រង​សហជីព។​ ថ្មីៗ​នេះ​ ព្រឹទ្ធសភា​ខ្មែរ​ បាន​ផ្តល់​សេចក្តី​ទុកចិត្ត​លើ​សេចក្តី​ព្រាង​ច្បាប់​សហជីព។

លោក​ អាត់ ធន់ ថ្លែង​ថា​ បណ្តឹង​ប្រឆាំង​លោក​ ប៉ាវ ស៊ីណា​ ជា​សញ្ញាណ​មួយ​នៃ​ការ​បំបិទ​សិទ្ធិ​របស់​កម្មករ​ក្នុង​ការ​ចងក្រង​សហជីព​ នៅ​គ្រា​ដែល​សេចក្តី​ព្រាង​ច្បាប់​សហជីព​មិន​ទាន់​ក្លាយ​ជា​ច្បាប់​នៅ​ឡើយ។​ លោក​ថា​ ស្ថានភាព​នៃ​ការ​បង្កើត​សហជីព​ឯករាជ្យ​បម្រើ​ប្រយោជន៍​កម្មករ​អាច​នឹង​កាន់​តែ​អាក្រក់​ទៅ​ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​ក្លាយ​ជា​ច្បាប់​ពិត​ប្រាកដ។

លោក អាត់ ធន់ ថ្លែង​ថា៖

«នេះៗ​ហើយ​ដែល​យើង​បារម្ភ​នោះ​ ច្បាប់​ចាស់​ មិន​ទាន់​ទាំង​មាន​ផង​ គេ​យក​ច្បាប់​ព្រហ្មទណ្ឌ​ច្បាប់​អី​មក មក​ មក​ធ្វើ​ការ​បង្អាក់បន្ទុច​នូវ​សកម្មភាព​ការ​បង្កើត​សហជីព។​ ល្មម​អាច​ច្បាប់​ចេញ​ទៀត​ ខ្ញុំ​គិត​ថា​ នឹង​មាន​បញ្ហា​ច្រើន​ណាស់​ ហើយ​ដែល​និយោជក​មាន​ឱកាស​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរការ​ចុះ​បញ្ជី​ហ្នឹង​ គឺ​ពិបាក​ហ្មង»។

នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​សហជីព​ចំនួន​៣.២១៤​ ដែល​បាន​ចុះ​បញ្ជី​បច្ចុប្បន្ន​នេះ​ ក៏​ប៉ុន្តែ​មាន​តែ​សហជីព​ជាង​១.០០០​ប៉ុណ្ណោះ ​ដែល​មាន​សកម្មភាព​ជួយ​កម្មករ។​ សហជីព​ឯករាជ្យ​មួយ​ចំនួន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កម្មករ​ ជា​ពិសេស​គឺ​កម្មករ​ដែល​កំពុង​ធ្វើការ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ។

ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ស្រ្តី​ប្រមាណ​ជា​៦០០.០០០​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​នេះ។​ កម្ពុជា​នាំ​ចេញ​ផលិត​ផល​សម្លៀកបំពាក់​របស់​ខ្លួន​មួយ​ភាគ​ធំ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប។ ការ​នាំចេញ​នៅ​ក្នុង​វិស័យ​កាត់ដេរ​នេះ មាន​ទឹកប្រាក់​ជាង​៤.៥០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៥៕

XS
SM
MD
LG