ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​និង​ក្រុមសកម្មជន​សហជីព​កម្មករ​នៅ​កម្ពុជា​រិះគន់​​ច្បាប់​សហជីព​​ថ្មី


សកម្មជន​សហជីព​កម្មករ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​អគារ​សភា​ជាតិ​កម្ពុជា ដើម្បី​តវ៉ា​ប្រឆាំង​នឹង​​ច្បាប់​សហជីព​ថ្មី​ដ៏​ចម្រូងចម្រាស។ (D. de Carteret/VOA)
សកម្មជន​សហជីព​កម្មករ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​អគារ​សភា​ជាតិ​កម្ពុជា ដើម្បី​តវ៉ា​ប្រឆាំង​នឹង​​ច្បាប់​សហជីព​ថ្មី​ដ៏​ចម្រូងចម្រាស។ (D. de Carteret/VOA)

ក្រុមអ្នករិះគន់​និយាយ​ថា ច្បាប់​នេះ​​មាន​​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ធ្វើ​របាយការណ៍​ថវិកា​ពី​សហជីព ហើយ​ច្បាប់​នេះ​​ក៏​មាន​ឃ្លាឃ្លោង​មួយ​ចំនួន​ដែល​រើសអើង​ក្រុមមេដឹកនាំ​សហជីព​កម្មករ​ផង​ដែរ។

គណបក្ស​ប្រឆាំង​និង​សកម្មជន​សហជីព ​បាន​រិះគន់ច្បាប់​សហជីពដ៏​ចម្រូងចម្រាស​ដែល​ត្រូវ​បាន​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​នៅ​ក្នុង​រដ្ឋសភា​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ ដោយ​ពួកគេ​រិះគន់​ថា ច្បាប់នេះមិន​ស្រប​ទៅ​នឹង​ច្បាប់​ពលកម្ម​អន្តរជាតិ។

ច្បាប់​នេះ​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សហជីព​និង​អង្គការ​សិទ្ធិ​មនុស្ស​នានា​ ​ដែល​និយាយ​ថា ច្បាប់​នេះ​ធ្វើ​ឲ្យពិបាក​ក្នុង​ការបង្កើត​សហជីពនិងពិបាក​សម្រាប់​កម្មករក្នុង​ការធ្វើ​បាតុកម្ម​តវ៉ា។ ក្រុមអ្នករិះគន់​និយាយ​ថា ច្បាប់​នេះមានលក្ខខណ្ឌ​តម្រូវ​ឲ្យ​ធ្វើ​របាយការណ៍​ថវិកា​ពី​សហជីព ហើយ​ច្បាប់​នេះក៏​មាន​ឃ្លាឃ្លោង​មួយ​ចំនួន​ដែល​រើសអើង​ក្រុមមេដឹកនាំ​សហជីព​កម្មករ​ផង​ដែរ។

គណបក្ស​ប្រឆាំង​នឹង​ក្រុមសហជីព​កម្មករ​រិះគន់​ច្បាប់​សហជីពថ្មី​នៅ​កម្ពុជា

តំណាងរាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បោះឆ្នោត​ជា​ឯកច្ឆ័ន្ទអនុម័ត​លើ​ច្បាប់​សហជីព​នេះ​នៅ​ក្នុង​រដ្ឋសភា​ជាតិ ខណៈ​ដែល​តំណាងរាស្រ្ត​ខាង​គណបក្ស​ប្រឆាំង​ទាំង​៥៥​នាក់​បាន​សម្រេច​មិន​បោះឆ្នោត​លើ​ច្បាប់​ថ្មី​នេះ​ទេ ដោយសារ​ពួកគេ​យល់​ថា វា​លឿន​ពេក​ក្នុង​ការបោះឆ្នោត​ក្នុង​សភា​ដោយ​មិនមាន​ការពិភាក្សា​ដេញដោល​ឲ្យ​បាន​ហ្មត់ចត់។​

លោក សុន ឆ័យ អ្នកតំណាងរាស្រ្ត​ខាង​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ អង្គារ​ថា «គោលបំណង​របស់​រដ្ឋាភិបាល​គឺ​ច្បាស់លាស់​ណាស់​ថា មិនមែន​ដើម្បី​ការពារ​កម្មករ​ដោយ​ស្រប​ច្បាប់នោះ​ទេ ​គឺ​ដើម្បី​ត្រួតត្រា​សហជីព​តែ​ម្តង»។
លោក​បាន​មាន​ប្រសាសន៍​ថា អនុសាសន៍​ជា​ច្រើន​ដែល​ផ្តល់​ដោយ​សហជីព អង្គការ​ការពារ​សិទ្ធិ​កម្មករ​និង​គណបក្ស​ប្រឆាំង​គឺ​ដើម្បី​ធានា​ថា ច្បាប់​នេះ​គឺ​ស្រប​ទៅ​នឹង​បទបញ្ញត្តិ​អន្តរជាតិ​ដែល​ត្រូវ​បាន​គេ​មើល​រំលង។

រាជរដ្ឋាភិបាល​ការពារ​ច្បាប់​សហជីព​ថ្មី

ប៉ុន្តែ​លោក ផៃ​ ស៊ីផាន ​អ្នកនាំពាក្យ​របស់​រាជរដ្ឋាភិបាល​បាន​ការពារ​ច្បាប់​នេះ ដោយនិយាយ​ថា «​យើង​បាន​ពិនិត្យ​ច្បាប់​នេះ​ ដោយ​យោង​ទៅ​តាម​បទដ្ឋាន​កម្ពុជា។ កម្ពុជា​មិន​មែន​ជា​សហរដ្ឋអាមេរិក​ឬ​ចក្រភព​អង់គ្លេស​នោះ​ទេ»។

អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ថែម​ថា ​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ក្រុមជំទាស់​ក្នុង​ការពិភាក្សា​ដេញដោល​លើ​ច្បាប់​នេះ​ មុន​ការបោះឆ្នោត​កាល​ពី​ថ្ងៃ​ច័ន្ទ​។

លោក​បាន​និយាយ​អំពី​ការសម្រេច​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការធ្វើ​អនុប្បវាទ​ថា ​«ពួកគេ​មាន​ឱកាស​ក្នុង​ការលើកដៃ»។

កាល​ពី​សប្តាហ៍​មុន គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចេញ​របាយការណ៍​មួយ​ដែល​រៀបរាប់​លម្អិត​អំពី​ឃ្លាឃ្លោង​ជាច្រើន​នៅ​ក្នុង​ច្បាប់​ថ្មី​នេះ​ដែល​បំពាន​ដល់​សន្ធិសញ្ញា​ពលកម្ម​អន្តរជាតិ។

អង្គការ​ពលកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​មុន បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ដល់​ក្រសួង​ការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ ដែល​ក្នុង​នោះ​មាន​អនុសាសន៍​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ច្បាប់​នេះ​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​បាន​។ ​

អង្គការ ILO បាន​ចេញ​លិខិត​មួយ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ ដោយ​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​សហការ​ជាមួយ​នឹង​សហជីព​និង​និយោជក​ ដើម្បី​ធានា​ថា ច្បាប់​ថ្មី​នេះ​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​«យុត្តិធម៌​និង​មិន​លំអៀង»។

លោក អាត់ ធន់ (កណ្តាល) ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ហៅ​កាត់​ថា C-CAWDU ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​ការប្រមូល​ផ្តុំ​តវ៉ា​មួយ នៅ​លើ​តាម​ផ្លូវ​ដែល​ត្រូវ​បាន​បិទ​មួយ​ក្បែរ​អគារ​សភា​ជាតិ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃច័ន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦។
លោក អាត់ ធន់ (កណ្តាល) ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​ហៅ​កាត់​ថា C-CAWDU ថ្លែង​នៅ​ក្នុង​អំឡុង​ពេល​ការប្រមូល​ផ្តុំ​តវ៉ា​មួយ នៅ​លើ​តាម​ផ្លូវ​ដែល​ត្រូវ​បាន​បិទ​មួយ​ក្បែរ​អគារ​សភា​ជាតិ ក្នុង​ទីក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃច័ន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦។

ការតវ៉ា​ដោយ​ហិង្សា

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ការប្រតាយប្រតប់​គ្នា​ដោយ​បង្ហូរ​ឈាម​បាន​កើត​ឡើ​ង នៅ​ពេល​ដែល​ក្រុមសហជីព​កម្មករ​និង​ក្រុមសកម្មជន​កម្មករ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​រដ្ឋសភា​ជាតិ និង​ត្រូវ​បាន​បំបែក​ដោយ​ហិង្សា​ដោយ​កងកម្លាំង​សន្តិសុខ​នៅ​ទីនោះ។ មេ​សហជីព​ម្នាក់​ត្រូវ​បាន​គេ​ច្រានឲ្យ​ដួល​ទៅ​នឹង​ដី ហើយ​ម្នាក់ទៀត​ត្រូវ​បាន​គេ​វាយចំ​មុខ។

លោក មឿន​ តុលា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សិទ្ធិមនុស្ស​ Central ដែលមាន​វត្តមាន​នៅ​ទីនោះ​ដើម្បី​ឃ្លាំមើល​សកម្មភាព​តវ៉ា​នោះ​ បាន​ពិពណ៌នា​ការបង្រ្កាប​នេះ​ថា​ជា​ការឆ្លើយតប​«បែប​ជនអន្ធពាល»​របស់​រាជរដ្ឋាភិបាល។

លោក​ តុលា បាន​ហៅ​ «ច្បាប់​នេះថា​មិន​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ដោយសារ​នៅ​ក្នុង​ច្បាប់​នេះបាន​ចែង​យ៉ាង​ច្បាស់​ថា កម្មករ​មិនអាច​ធ្វើ​បាតុកម្ម​តវ៉ា​បាន​ឡើយ​»។​

អង្គការ​សិទ្ធិមនុស្ស​លូកដៃ​ចូល​

​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watch បាន​ចេញ​លិខិត​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​ថ្កោលទោសទាំង​ទៅ​លើ​អំពើ​ហិង្សា​និង​ច្បាប់​ថ្មី​នេះ។

លោក Phil Robertson នាយក​រង​ការិយាល័យ​នៅ​អាស៊ី​របស់​អង្គការ Human Rights Watch បាន​មាន​ប្រសាសន៍​ថា​ «សភា​ជាតិ​បោះឆ្នោត​ដើម្បី​អនុម័ត​លើ​ច្បាប់​សហជីព ដែល​ផ្ទុយ​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ ដែល​នេះ​បង្ហាញ​ពី​ការ​ចុះ​ថមថយកាន់​តែ​ខ្លាំង​នូវ​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សិទ្ធិ​កម្មករ​គឺ​ជា​បញ្ហា​ដ៏​ចម្រូងចម្រាសអស់​រយៈពេល​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កម្ពុជា​មាន​ការធ្វើ​បាតុកម្ម​ពី​ក្រុមសហជីព​ដើម្បី​ស្នើសុំ​ដំឡើង​ប្រាក់ខែ​ជា​រឿយៗ ប៉ុន្តែ​ត្រូវ​បាន​ក្រុមប៉ូលិស​ឆ្លើយតប​យ៉ាង​ហិង្សា​ទៅវិញ​៕​

​ប្រែសម្រួលដោយ នាង​ ហុង ចិន្តា

XS
SM
MD
LG