សហរដ្ឋអាមេរិកប្រារព្ធខួបទិវាឯករាជ្យលើកទី២៤០របស់ខ្លួនដែលទទួលបានពីអង់គ្លេស ដោយអនុញ្ញាតឲ្យបុគ្គលិកទាំងអស់សម្រាកមួយថ្ងៃ ដើម្បីធ្វើពិកនិក ដង្ហែរក្បួន និងមើលកាំជ្រួចនៅទូទាំងប្រទេស។
លោកប្រធានាធិបតី Barack Obama នឹងទទួលភ្ញៀវជាក្រុមគ្រួសាររបស់កងយោធា ដើម្បីអាំងសាច់នៅក្នុងសេតវិមាន អមដោយការប្រគុំតន្ត្រីដោយ តារាចម្រៀង Kendrick Lamar និង Janelle Monae។ ប្រសិនបើមិនមានភ្លៀងធ្លាក់នៅថ្ងៃយប់ថ្ងៃច័ន្ទនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោនដូចដែលការព្យាករណ៍អាកាសធាតុទុកទេនោះ នោះពួកគេនឹងអាចមើលឃើញការបាញ់កាំជ្រួចដ៏ធំបំផុតនៅក្នុងរដ្ឋធានីនេះ នៅក្បែរឧទ្យានជាតិ National Mall ។
ប៉ុន្តែកន្លែងសំខាន់នៃទិវានេះគឺនៅក្នុងអាគារបណ្ណសារដ្ឋានជាតិអាមេរិកដែលស្ថិតនៅជិតសេតវិមាន។ ទីនោះគឺជាកន្លែងដែលគេរក្សាទុកសេចក្តីប្រកាសឯករាជ្យដែលព្រាងដោយលោកអតីតប្រធានាធិបតីអាមេរិក Thomas Jefferson និងត្រូវបានសភាអនុម័តកាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ ១៧៧៦។
សេចក្តីប្រកាសនេះគឺជាការស្តីបន្ទោសយ៉ាងខ្លាំងទៅលើស្តេចអង់គ្លេស King George ដោយបានហៅទ្រង់ថាជាស្តេចផ្តាច់ការ និងបានសរសេរថា ទ្រង់មិនបានអើពើម្តងហើយម្តងទៀតទៅលើសំណើរបស់អាមេរិកដែលស្នើសុំឲ្យទទួលបានការគ្រប់គ្រងល្អជាងនេះ។
ក្នុងចំណោមបណ្តឹងតវ៉ាទាំង២៧របស់លោក Jefferson គឺអង់គ្លេសបានដាក់កងកម្លាំងយោធារបស់ខ្លួនក្នុងចំនួនដ៏ច្រើននៅក្នុងប្រទេសអាណានិគមនេះ ដោយបានកាត់ផ្តាច់ពាណិជ្ជកម្មរបស់អាមេរិកជាមួយនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ស្នើយកពន្ធដោយមិនមានការយល់ព្រមពីសហរដ្ឋអាមេរិក និងបានព្យួរអង្គនីតិបញ្ញត្តិនៅក្នុងប្រទេសថែមទៀតផង។
ហេតុការណ៍ដែលបានកើតឡើង ដែលត្រូវបានគេស្គាល់ថាជា សង្រ្គាមបដិវត្តន៍នោះ បានកើតឡើងអស់រយៈពេលប្រហែលមួយឆ្នាំ ហើយបន្តដល់ឆ្នាំ១៧៨៣ នៅពេលដែលសន្ធិសញ្ញាទីក្រុងប៉ារីសបានទទួលស្គាល់សហរដ្ឋអាមេរិកថាជាប្រទេសមួយដែលមានអធិបតេយ្យភាពនិងឯករាជ្យភាពពេញលេញ។ សន្ធិសញ្ញានេះ ក៏ត្រូវបានរក្សាទុកនៅក្នុងបណ្ណសារដ្ឋានជាតិអាមេរិកផងដែរ។
ទិវាឯករាជ្យថ្ងៃទី៤កក្កដានេះ ក៏មានការអានសេចក្តីប្រកាសឯករាជ្យនៅលើជណ្តើរនៃអាគារបណ្ណសារដ្ឋានជាតិដែរ។ នៅក្នុងអាគារនោះ រាល់ឯកសារដើមទាំងអស់ត្រូវដាក់តាំងបង្ហាញជាមួយនឹងរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីសិទ្ធិ ដើម្បីឲ្យសាធារណជនអាចមើលបាន។
ភា្លមៗបន្ទាប់ពីការអានសេចក្តីប្រកាសនោះត្រូវបានបញ្ចប់ នឹងមានការដង្ហែរក្បួនដែលមានការចូលរួមពីមនុស្សរាប់ពាន់នាក់ចេញពីអាគារបណ្ណសារដ្ឋានជាតិអាមេរិកដែលស្ថិតនៅលើផ្លូវ Constitution ហើយនឹងបញ្ចប់ពេលឆ្លងកាត់ចន្លោះសេតវិមាននិងវិមានរបស់ប្រធានាធិបតីអាមេរិកទីមួយ លោក George Washington៕