ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ប្រចាំ​សិង្ហបុរី​ការ​ពារ​ការវិនិយោគ​ចិន​នៅ​កម្ពុជា


ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី​លោក​ ងួន សុខវេង​។ (រូបថតដោយ Sabay News)
ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី​លោក​ ងួន សុខវេង​។ (រូបថតដោយ Sabay News)

លោក​ឯក​អគ្គ​រាជទូត ​ងួន សុខវេង​ បាន​ការពារ​កំណើន​គម្រោង​វិនិយោគ​និង​ចំនួន​ពលរដ្ឋ​ចិន​នៅ​ប្រទេស​កម្ពុជា​ ដោយសារ​តែ​កំណើន​ទាំង​អស់​នេះ​ បាន​​ជួយ​ជំរុញ​ដំណើរការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​ ASEAN។

ឯក​អគ្គ​រាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី​លោក​ ងួន សុខវេង​ នៅ​សប្តាហ៍​នេះ​បាន​ប្រតិ​កម្ម​តប​ទៅ​នឹងស្ថានីយ៍​ទូរទស្សន៍​ព័ត៌មាន​ ​(Channel News Asia-CNA)​ ​ដែល​បាន​ចេញ​ផ្សាយ​អំពី​សកម្មភាព​វិនិយោគ​យ៉ាង​គំហុក​របស់​ចិន​នៅ​កម្ពុជា​ ដោយ​ផ្តោត​លើ​តំបន់​មាត់​សមុទ្រ​របស់​ខេត្ត​ព្រះ​សីហនុ​ ទី​ដែល​បាន​ស្រូប​យក​កម្លាំង​ពលកម្ម​របស់​ជនជាតិ​ចិន​ជា​ច្រើន​ពាន់​នាក់។

ឯក​អគ្គ​រាជទូត​កម្ពុជា​ ក៏​អះអាង​ផង​ដែរ​ថា​ សេចក្តីរាយ​ការណ៍​មាន​ចំណង​ជើង​ថា «ពិនិត្យ​ស៊ី​ជម្រៅ៖ការ​ទូត​មូល​ប្បទាន​ប័ត្រ​របស់​ចិន‍»ឬ (Insight: China's Chequebook Diplomacy) ដែល​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ ​បាន​ធ្វើ​ឲ្យ​មតិ​សាធារណៈ​យល់​ខុស ​និង​ប៉ះពាល់​ដល់​មុខ​មាត់​និង​កិត្តិនាម​របស់​ប្រទេស​កម្ពុជា។

ក្នុង​លិខិត​ផ្ញើជូន​លោក​ស្រី​ ថាំ ឡុកខេង​ ប្រធាន​ប្រតិបត្តិ​សារជីវកម្ម​របស់ ​Channel News Asia​ ចុះ​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ និង​ទើប​តែចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា ​កាលពី​ថ្ងៃទី​១៣​ ខែ​មិថុនា​នោះ​ លោក​ឯក​អគ្គ​រាជទូត​ ងួន សុខវេង ​បាន​បង្ហាញ​ការ​អាក់​អន់​ចិត្ត​ចំពោះ​សេចក្តី​រាយការណ៍​ជា​ភាពយន្ត​ឯកសារ​របស់​ Channel News Asia​ ដោយ​សារ​តែ​ស្ថានីយ៍​ទូរទស្សន៍​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​សិង្ហបុរី​មួយ​នេះ​បាន«ឈរ​លើ​តែ​ព័ត៌មាន​មួយ​ផ្នែក​និង​ការ​វិភាគ​មិន​បាន​ស៊ី​ជម្រៅ» ​ជា​ពិសេស​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​ទី​ក្រុង​ព្រះសីហនុ។​

អម​ជាមួយ​នឹង​ការ​ស្តីបន្ទោស​ទូរទស្សន៍ ​Channel News Asia​ លោក​ ងួន សុខវេង​ បាន​ថ្លែង​ការពារ​ថា​ វិនិយោគ​ និង​ប្រាក់​កម្ចី​ចិន​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​ទ្រទ្រង់​សកម្មភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា។​

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​«ការ​វិនិយោគ​និង​ទេសចរ​ចិន​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​កម្ពុជា ​តាមរយៈ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា នៅ​ក្នុង​វិស័យ​ជាច្រើន​ រួម​មាន​ឧស្សា​ហកម្ម​ វាយនភ័ណ្ឌ​ សម្លៀក​បំពាក់ និង​សេវាកម្ម»។​

លោក​បាន​បន្ថែម​ថា៖​

«លើស​ពីនេះ​ទៅ​ទៀត ជំនួយ​និង​កម្ចី​សម្បទាន​របស់​ចិន​បាន​ដើរ​តួនាទី​ជា​សារវ័ន្ត​ ក្នុងការ​គាំទ្រ​ការ​អភិវឌ្ឍ​កម្ពុជា​លើ​វិស័យ​ជាច្រើន​ ជា​ពិសេស​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ»។

ឯកអគ្គរាជទូត​រូប​នេះ​ បាន​វាយ​តម្លៃ​សេចក្តី​ការណ៍​របស់​ CNA [Channel News Asia]​ ថា​ មិន​បាន​ខិត​ខំ​បង្ហាញ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ទេ​ អំពី​ការណ៍​ពិត​ស្តីពី ការវិនិយោគ​ និង​វត្តមាន​ចិន​នៅ​ក្រុង​ព្រះសីហនុ​ ហើយ​ផ្ទុយ​ទៅ​វិញ​លើកតែទស្សនៈ​អវិជ្ជមាន​ ផ្អែក​តាម​ការ​យល់​ឃើញ​របស់​ប្រជាជន​មូលដ្ឋាន​តែ​ពីរនាក់។​

ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

បុរស​ជនជាតិ​ចិន​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅក្នុង​ផ្សារទំនើប​មួយ​នៅក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពី​ប្រទេសចិន និង​មាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន និង​បំពេញ​តម្រូវការ​អតិថិជន ដែល​ភាគច្រើន​ជា​ជនជាតិចិន នៅខេត្តព្រះសីហនុ។ (ស៊ុន ណារិន/VOA)
បុរស​ជនជាតិ​ចិន​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅក្នុង​ផ្សារទំនើប​មួយ​នៅក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពី​ប្រទេសចិន និង​មាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន និង​បំពេញ​តម្រូវការ​អតិថិជន ដែល​ភាគច្រើន​ជា​ជនជាតិចិន នៅខេត្តព្រះសីហនុ។ (ស៊ុន ណារិន/VOA)

ទោះ​មាន​ការ​ចោទប្រកាន់​ពី​លោក​ឯកអគ្គរាជទូត​បែបនេះ​ក្តី​ ក្នុង​សេចក្តី​រាយការណ៍ព័ត៌មាន​បែប​ភាពយន្ត​ឯកសារ​ ដែល​មាន​រយៈ​ពេល​ជិត​មួយ​ម៉ោង​នោះ​ អ្នក​រាយការណ៍​ព័ត៌មាន​របស់​ Channel News Asia​ បាន​ជួប​សម្ភាសន៍​ជាមួយ​មនុស្ស​ជាច្រើន​ រួមមាន​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ដែល​ជាអ្នករត់​ម៉ូតូកង់បី​ និងម្ចាស់​ហាង​នៅ​មាត់​សមុទ្រ​ អ្នកឃ្លាំ​មើល​នយោបាយ​កម្ពុជា​ សកម្ម​ជន​ដីធ្លី​ និង​មន្ត្រី​រដ្ឋាភិបាល​ ដែល​មាន​លោក​ ផៃ ស៊ីផាន​ ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ និង​លោក​ អ៊ី សុខឡេង​ អភិបាល​ក្រុង​ព្រះសីហនុ។​

សេចក្តី​រាយការណ៍​ដែល​ចេញ​ផ្សាយ​តាំងពីខែ​កុម្ភៈ​មក​នោះ​ បាន​បង្ហាញ​ពី​សកម្មភាព​សាង​សង់​អគារ​ជាច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​ប្រជាជន​ចិន​ដែល​បាន​ទៅ​ធ្វើការ​ និង​រកស៊ី​ក្នុង​ខេត្ត​ជាប់​ដែន​សមុទ្រ​កម្ពុជា។ សេចក្តីរាយ​ការណ៍​បាន​បង្ហាញថា វត្តមាន​ជនជាតិ​ចិន​បាន​ធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​រស់នៅ​នៅ​ទី​នោះ​មាន​ការ​កើន​ឡើង​ខ្ពស់​ ហើយ​ជនជាតិ​ចិនបាន​ដណ្តើម​យក​មុខរបរ​តូច​តាច​ពី​ប្រជាជន​កម្ពុជា។

សេចក្តី​រាយការណ៍​ដដែល​ក៏​បាន​រំលេច​ពី​ជម្លោះដីធ្លី​ ដែល​បាន​កើតឡើង​ក្នុង​ពេល​វិនិយោគ​ចិន​ចូល​កាន់​តែ​ច្រើន​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ អ្នក​យក​ព័ត៌មាន​របស់ ​Channel News Asia ក៏​បាន​លើក​ពី​បញ្ហា​នយោបាយ​ការ​បរទេស​កម្ពុជា​ ដោយ​បាន​លើក​ពី​តួនាទី​របស់​កម្ពុជា​ក្នុង​ជម្លោះ​ដ៏​ចម្រូង​ចម្រាស​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ឯក​អគ្គ​រាជ​ទូត ​ងួន សុខវេង​ បាន​ច្រាន​ចោល​បញ្ហា​ដីធ្លី​ ដែល​បាន​លើក​យក​មក​បង្ហាញ​ក្នុង​សេចក្តី​រាយការណ៍​របស់​ទូរទស្សន៍​ Channel News Asia ​និង​បាន​ការពារ​នយោបាយ​អព្យាក្រឹត​កម្ពុជា​ ដែល​មិន​លម្អៀង​ទៅ​រក​ចិន​ ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

លោក​បានសរសេរ​ក្នុង​ន័យ​ដើម​ថា៖«យើង​ពិត​ជា​មាន​ចម្ងល់​ពី​គោល​បំណង​នៃ​សេចក្តី​រាយ​ការណ៍របស់​ CNA [Channel News Asia]​ លើ​បញ្ហា​នេះ​ ហើយ​យើង​បាន​កត់​សម្គាល់​ថា​ របៀប​ប្រមូល​ព័ត៌មាន​លើ​បញ្ហា​ដីធ្លី​ ក៏​គ្មាន​លក្ខណៈ​ស៊ី​ជម្រៅ​ដែរ។ ជា​ការ​ពិត​ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ធ្វើការ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ទូទាំង​ប្រទេស»។​

លោក​ឯកអគ្គរាជទូត​អះអាង​ថា​ មក​ដល់​ខែ​ឧសភា​ ឆ្នាំ​២០១៩​ កម្មសិទ្ធិ​ដីធ្លី​ប្រមាណ​ ៥,២លាន​ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ប្រគល់​ជូន​ដល់​ប្រជាជន​កម្ពុជា​ ដែល​មាន​ន័យ​ថា​ ៧៤​ភាគរយ​ នៃ​ចំនួន​កម្មសិទ្ធិ​ប្រមាណ​៧លាន​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​តាំង​ចិត្ត ចុះ​បញ្ជី​ឲ្យ​បាន​សព្វគ្រប់​នៅ​ត្រឹម​ឆ្នាំ​២០២១។​

ទាក់​ទងទៅ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ លោក​ ងួន​ សុខ​វេង​ ​បាន​ប្រាប់​លោកស្រី ថាំ ឡុក​ ខេង​ ប្រធាន​ប្រតិបត្តិ​សារជីវកម្ម​របស់​ Channel News Asia ថា​ កម្ពុជា​គឺ​ជា​ប្រ​ទេស​ឯករាជ្យ​ និង​អព្យាក្រឹត​ ហើយ​ដូច​ប្រទេស​សិង្ហបុរី​ដែរ​ កម្ពុជា​មានសិទ្ធិ​អនុវត្ត​នយោ​បាយ​ការ​បរទេស​ ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ និង​ច្បាប់​ជាតិ​ និង​អន្តរជាតិ​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត។​

លោក​ថា៖«កម្ពុជា​តែង​តែ​លើក​ទឹកចិត្ត​ និង​អំពាវនាវ​ដល់​ភាគី​ពាក់​ព័ន្ធផ្ទាល់​ ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ទឹកដី​ ដោយ​សន្តិវិធី​ តាម​រយៈ​ការ​ពិគ្រោះ​យោបល់​ និង​ការ​ចរចា​ទ្វេភាគី»។

ទូរទស្សន៍​ Channel News Asia ​មិន​ឆ្លើយ​តបទៅ​នឹង​សំណួរ​របស់​ VOA​ ដែល​បាន​ផ្ញើ​តាម​សារ​អេឡិចត្រូនិក​ ឬ​អ៊ីម៉េល​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

ផ្សារទំនើប​មួយ​នៅក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពី​ប្រទេសចិន និង​មាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន និង​បំពេញ​តម្រូវការ​អតិថិជន ដែល​ភាគច្រើន​ជា​ជនជាតិចិន នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
ផ្សារទំនើប​មួយ​នៅក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពី​ប្រទេសចិន និង​មាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន និង​បំពេញ​តម្រូវការ​អតិថិជន ដែល​ភាគច្រើន​ជា​ជនជាតិចិន នៅខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

ឆ្លើយ​តប​នឹង​ការ​អះអាង​របស់​ប្រធាន​បេសកកម្ម​ការទូត​កម្ពុជា​ប្រចាំ​សិង្ហបុរី​ក្នុង​បញ្ហា​ដីធ្លី​នោះ​ លោក​ អំ សំអាត​នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(Licadho) ទទួល​ស្គាល់​ថា​ ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​នៃ​រដ្ឋា​ភិបាល​កម្ពុជា​ បាន​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ជម្រះ​ទំនាស់​ដីធ្លី​ដែល​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស។

ដោយ​ឡែក​ លោក​ថា​ ទំនាស់​ដីធ្លី​ក្នុង​ខេត្ត​ព្រះសីហនុ​ នៅតែ​ជា​ប្រធានបទ​ក្តៅ​គគុក​ដដែល។​

លោកប្រាប់​ VOA​ នៅ​ថ្ងៃ​សុក្រនេះ​ថា៖​

«ក្រោយ​ពី​មាន​ការ​អភិវឌ្ឍ​ មាន​ការណ៍ចិន​ចូល​ច្រើន​មក​ បញ្ហា​ដីធ្លី​នៅ​ទីនោះ​វា​មាន​ក្លាយ​ទៅ​ជាក្តៅ​គគុក​ទៅវិញ​ យើង​ឃើញ​កើតឡើង​ជា​បន្ត​បន្ទាប់​ហើយ​ យើង​ឃើញ​ថា​ មាន​ការ​អនុវត្ត​សាលដីកា​ មានការ​បាញ់​របួស​ ហើយ​ក្រោយ​មក​យើង​ឃើញ​ថា​ មានការ​ចាប់​ខ្លួន​ ចាប់​អី​ដោយ​សារ​តែ​បញ្ហា​ដីធ្លី​នៅ​ទីនោះ​ វាឡើង​តម្លៃ​ខ្ពស់​ចឹង​ហើយ​ វាធ្វើ​ឲ្យម្នាក់ៗ​ ចង់បាន​ដី​ចង់​បាន​ធ្លី​នៅទីនោះ​ហ្នឹង​ វា​បង្ក​ឲ្យ​មាន​បញ្ហា​កើត​ឡើង​ជា​បន្ត​បន្ទាប់»។​

VOA​ មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​ កេត សោផាន់​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ទេ​នៅថ្ងៃ​សុក្រ​នេះ។​

លោក ងួន សុខវេង​ ឯក​អគ្គរាជ​ទូត​ប្រទេស​កម្ពុជា​ប្រចាំ​ប្រទេស​សិង្ហបុរី​ បាន​ស្នើ​ផង​ដែរ​ឲ្យ​ទូរទស្សន៍​ Channel News Asia​ ចុះ​ផ្សាយ​លិខិត​របស់​លោក​ដែល​មាន​កម្រាស់​បីទំព័រទាំង​ស្រុង​ នៅ​ក្នុង​គេហទំព័រ​របស់​ទូរទស្សន៍​ដែល​អាច​មើល​ឃើញ​នៅប្រទេស​ចំនួន​២៩ ក្នុង​តំបន់​អាស៊ី។​

លោក​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ បទ​យក​ការណ៍​នានា​អំពី​កម្ពុជា​នា​ពេល​អនាគត​របស់​ទូរទស្សន៍​Channel News Asia​ នឹង​ជៀស​វាង​ការ​បង្ហាញ​តែ​ចំណុច​អវិជ្ជមាន​ ដោយ​គ្មាន​តុល្យភាព​ ហើយ​ទូរទស្សន៍​នេះ​ក៏យក​ការណ៍​ពិត​មក​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ធ្វើ​សេចក្តី​រាយ​ការណ៍​របស់​ខ្លួន៕

XS
SM
MD
LG