ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី ​សង្ឃឹម​ថា​ពលរដ្ឋ​ខ្មែរ​បន្ត​ការពារ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា


ទិដ្ឋភាព​នៃ​ថ្ងៃធ្វើការ​ចុងក្រោយ​នៃ​កាសែត​ The Cambodia Daily ក្រោយ​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់​រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ទិដ្ឋភាព​នៃ​ថ្ងៃធ្វើការ​ចុងក្រោយ​នៃ​កាសែត​ The Cambodia Daily ក្រោយ​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់​រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​នេះ​មួយ​ចំនួន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​រក្សា​ទំនៀម​ទម្លាប់​នៃ​ការ​គោរព​សារព័ត៌មាន​សេរី នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះបី​ជា​មាន​ការ​រឹតត្បិត​យ៉ាង​ណា​ក៏ដោយ។

ក្រោយ​ពេល​ដែល​កាសែត​ឌឹខេមបូឌា ដេលី បាន​បិទ​លែង​ដំណើរការ​បោះពុម្ព​ផ្សាយ​ ដោយសារ​តែ​បញ្ហា​ចម្រូង​ចម្រាស​ខាង​ពន្ធដារ​ អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​នេះ នៅ​ជុំវិញ​ពិភពលោក​ បាន​សម្តែង​ការ​សោកស្តាយ​នឹង​រដ្ឋាភិបាល​កម្ពុជា និង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដាក់​សម្ពាធ​ពន្ធដារ​ដែល​មាន​លក្ខណៈ​បែប​នយោបាយ​លើ​កាសែត​នេះ។

យ៉ាងណាក៏​ដោយ អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​នេះ​មួយ​ចំនួន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​រក្សា​ទំនៀម​ទម្លាប់​នៃ​ការ​គោរព​សារព័ត៌មាន​សេរី នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះបី​ជា​មាន​ការ​រឹតត្បិត​យ៉ាង​ណា​ក៏ដោយ។

ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ ទីភ្នាក់ងារ​សារព័ត៌មាន​ជុំវិញ​ពិភពលោក​ បាន​ផ្សព្វផ្សាយ​អំពី​ការ​បិទ​ដំណើរការ​បោះពុម្ព​ផ្សាយ​របស់​កាសែត​មួយ​ដ៏តូច​ តែ​មាន​ឥទ្ធិពល​នៅ​កម្ពុជា គឺ​ កាសែត​ឌឹខេមបូឌា ដេលី (The Cambodia Daily)។

រីឯ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ជា​ទីស្នាក់ការ​កណ្តាល​នៃ​នយោបាយ​អាមេរិក អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី មួយ​ចំនួន​ បាន​និយាយ​ថា អ្វី​ដែល​បាន​កើត​ឡើង​មក​លើ​កាសែត​ឌឹខេមបូឌា ​ដេលី គឺជា​ការ​បាត់បង់​សេរីភាព​សារព័ត៌មាន​មួយ​នៅ​ក្នុង​កម្ពុជា និង​នៅ​ក្នុង​ពិភពល​លោក។

លោកស្រី Gretchen Peters អតីត​និពន្ធ​នាយក​ម្នាក់​នៃ​កាសែត​នេះ​ពីឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​១៩៩៦ បាន​ប្រាប់ VOA ថា​លោកស្រី​«ពិតជា​សោកស្តាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា មិន​ត្រឹម​តែ​ការ​បិទ​កាសែត​ឌឹខេមបូឌា ដេលី​ទេ តែ​អ្វីៗ​ទាំង​អស់​ដែល​បាន​កើតឡើង​ថ្មីៗ​នេះ​នៅ​កម្ពុជា‍»។

លោកស្រី Peters បាន​និយាយ​ដូច្នេះ នៅក្នុង​ឱកាស​ជួបជុំ​មួយ​របស់​ក្រុម​អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ​ដេលី កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន នៅ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

ការ​បិទ​កាសែត​ឌឹខេមបូឌា ដេលី នេះ​កើតឡើង​ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​បាន​ទុក​ពេល​មួយ​ខែ ឲ្យ​កាសែត​នេះ​បង់ពន្ធ​ជូន​រដ្ឋ​ចំនួន​ជាង​៦លាន​ដុល្លារ​អាមេរិក ដែល​រដ្ឋាភិបាល​អះអាង​ថា កាសែត​នេះ​ខកខាន​មិន​បាន​បង់​ក្នុង​រយៈពេល​១០ឆ្នាំ​ចុងក្រោយ​នេះ។ ប៉ុន្តែ ចាងហ្វាង​កាសែត​នេះ អះអាង​ថា នេះ​គ្រាន់​តែ​ជា​ហេតុផល​នយោបាយ​ប៉ុណ្ណោះ។

លោកស្រី Gretchen Peters បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​លោកស្រី​បន្ថែម​ទៀត​ថា៖ «‍រដ្ឋាភិបាល​កំពុង​តែ​ចាត់​វិធានការ​នេះ ដើម្បី​លុបបំបាត់​សេរីភាព​សារព័ត៌មាន និង​សេរីភាព​របស់​អង្គការ​សិទ្ធិមនុស្ស និង​សង្គម​ស៊ីវិល។ ខ្ញុំ​យល់​ថា នេះ​គឺជា​សញ្ញា​ដ៏​គួរ​ឲ្យ​ពួ្រយ​បារម្ភ​បំផុត»។

អ្នកស្រី Molly Ball អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០២ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី​ជាង​២០នាក់ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
អ្នកស្រី Molly Ball អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី ពី​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០០២ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី​ជាង​២០នាក់ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

រីឯ អ្នកស្រី Molly Ball អតីត​អ្នក​រាយការណ៍​របស់​កាសែត​ឌឹខេមបូឌា ដេលី ម្នាក់​ទៀត យល់​ថា បញ្ហា​ចម្រូង​ចម្រាស់​លើ​ការ​បង់ពន្ធ​របស់​កាសែត​ឌឹខេមបូឌា ដេលី រហូត​ដល់​កាសែត​នេះ​បាន​បិទ​ដំណើរការ​របស់​ខ្លួន ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា ដែល​បាន​ជម្នះ​ឧបសគ្គ​ជាច្រើន​ទម្រាំ​បាន​លេច​ចេញ​ជា​រូបរាង​ឡើង​ក្នុង​រយៈពេល​ជាង​បី​ទសវត្សរ៍​មក​នេះ។

អ្នកស្រី Molly Ball បាន​លើក​ឡើង​ថា៖ «‍ខ្ញុំ​ពិត​ជា​យល់​ថា វា​សំខាន់​ណាស់​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដំណើរការ​ទៅ​មុខ​បន្ត​ទៀត។ តែ​នេះ​ក៏​ជា​បញ្ហា​ដែល​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង​ណាស់​ដែរ»។

កាសែត​ឌឹខេមបូឌា ដេលី បាន​ចាប់​ដំណើរការ​ដំបូង​នៅ​ប្រទេស​កម្ពុជា កាលពី​ខែ​សីហា ឆ្នាំ​១៩៩៣ ដោយ​ផ្តល់​ព័ត៌មាន​លម្អិត​ស៊ី​ជម្រៅ និង​លាត​ត្រដាង​ពី​ការ​ពិត និង​ការ​ទទួល​ខុសត្រូវ​របស់​មន្ត្រី​មាន​សមត្ថកិច្ច។

កាសែត​នេះ​ មិនមែន​គ្រាន់តែ​ដើរតួ​ជា​ប្រភព​ព័ត៌មាន ដែល​អនុញ្ញត​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា អ្នក​ជំនួញ អ្នកការទូត និង​អ្នក​ស្រាវជ្រាវ​បាន​ដឹង​ពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ចូលរួម​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Douglas Gillison អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី នេះ​ ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១១។

លោក​បាន​លើក​ឡើង​ថា៖ «‍បើ​សិន​ជា​គ្មាន​(សេចក្តី​រាយការណ៍​បែប​លម្អិត)ទេ ខ្ញុំ​យល់​ថា កម្ពុជា​នឹង​ជួប​វិបត្តិ​មួយ ដែល​សាធារណជន​កម្ពុជា មិន​អាច​ដឹង​ថា ពួក​គេ​ត្រូវ​ជឿ​ទុក​ចិត្ត​លើ​នរណា តើ​អ្វីទៅ​ជា​ការពិត ហើយ​តើ​អ្នក​គ្រប់គ្រង​អំណាច​កំពុង​ធ្វើ​អ្វីខ្លះ និង​ថា​តើ​មាន​អ្វី​ខ្លះ​កំពុង​តែ​កើត​មាន​ឡើង»។

លោក Douglas Gillison អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១១ និយាយ​ទៅ​កាន់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី​ជាង​២០នាក់ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
លោក Douglas Gillison អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១១ និយាយ​ទៅ​កាន់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី​ជាង​២០នាក់ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

លោកស្រី Elizabeth Becker អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក Gillison អំពី​សារៈសំខាន់​របស់​កាសែត​ឌឹខេមបូឌា ដេលី ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោកស្រី​បាន​ប្រាប់ VOA ថា៖ «‍(កាសែត​ដេលី) មិន​ត្រឹម​តែ​ធ្វើ​សេចក្តី​រាយការណ៍ ហើយ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​អាន​យល់​ពី​សេចក្តី​រាយការណ៍​របស់​ខ្លួន​តែ​ប៉ុណ្ណោះទេ។ កាសែត​នេះ​បាន​ចូលរួម​នៅ​ក្នុង​ដំណើរការ​ឆ្ពោះទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា»។

លោក Nate Thayer ដែល​ជា​អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់​ទៀត យល់​ថា ការ​ឈប់​ដំណើរ​ការ​របស់​កាសែត​នេះ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​ទេ ពីព្រោះ​រដ្ឋាភិបាល​កម្ពុជា មិន​ពេញ​ចិត្ត​នឹង​សេចក្តី​រាយការណ៍​បែប​ស៊ើប​អង្កេត​របស់​កាសែត​នេះ លើ​តួនាទី និង​ការ​ទទួល​ខុសត្រូវ​របស់​មន្ត្រី​មាន​សមត្ថកិច្ច និង​អ្នក​មាន​អំណាច​នៅ​កម្ពុជា​ឡើយ។

ក៏​ប៉ុន្តែ លោក​បាន​បន្ថែម​ថា​ វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​នាពេល​នេះ​ គឺ​កាន់តែ​មិន​ខ្លាច​ញញើត​នឹង​សំឡេង​ប្រឆាំង​ដូច​មុន​ឡើយ ហើយ​ការណ៍​នេះ​ក៏​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​តែ​មាន​ភាព​ភ័យខ្លាច​ ដែល​ការពិត​នឹង​ត្រូវបាន​លាត​ត្រដាង។

លោក​បាន​ប្រាប់ VOA ថា៖ «‍ការណ៍​ដែល​រដ្ឋាភិបាល​បិទ​កាសែត​ដ៏​សំខាន់​បែប​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​អំណាច​នយោបាយ​បែប​ទន់ខ្សោយ និង​បង្ហាញ​ឲ្យ​ឃើញ​ថា ពួកគេ​កំពុង​តែ​ភ័យ​ខ្លាច។ ពួកគេ​ខ្លាច​ការ​ចែក​រំលែក​ព័ត៌មាន​ដោយ​សេរី និង​ខ្លាច​ការពិត ត្រូវបាន​ប្រាប់​ទៅកាន់​ប្រជា​ពលរដ្ឋ​កម្ពុជា»។

យ៉ាងណា​ក៏​ដោយ​ ក៏​អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី សង្ឃឹម​ថា អ្នក​រាយការណ៍​ជនជាតិ​ខ្មែរ​ដែល​បាន​បាត់បង់​ការងារ ដោយសារ​កាសែត​ឌឹខេមបូឌា ដេលី​ បាន​បិទ​លែង​ដំណើរការ និង​អ្នក​សារព័ត៌មាន​ជំនាន់​ក្រោយ​របស់​កម្ពុជា នឹង​រក្សា​ទំនៀម​ទម្លាប់​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា។ អ្នកស្រី Molly Ball សង្ឃឹម​ថា អតីត​អ្នក​រាយការណ៍​ឲ្យ​កាសែត​ឌឹខេមបូឌា ដេលី នឹង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។

អ្នកស្រី Molly Ball បាន​ថ្លែង​ថា៖ «‍ពួកគេ​ចាំបាច់​ត្រូវ​ចាំ​នៅក្នុង​ដួងចិត្ត​របស់​ពួកគេ អំពី​សារៈសំខាន់​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា»។

លោកស្រី Gretchen Peters បាន​ប្រាប់​ VOA ថា លោកស្រី​ចង់​លើក​ទឹកចិត្ត​ឲ្យ​យុវជន​កម្ពុជា ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ពីព្រោះ​លោកស្រី​យល់ថា​ ប្រព័ន្ធ​អ៊ីនធឺណែត គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​គ្មាន​ការ​គាប​សង្កត់។

លោក Nate Thayer អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
លោក Nate Thayer អ្នក​សារព័ត៌មាន​អាមេរិក​ជើង​ចាស់​ម្នាក់ ចូលរួមការ​ជួបជុំគ្នា​មួយ​របស់​អតីត​ក្រុម​អ្នក​រាយការណ៍​ឲ្យ​កាសែត​ដេលី នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

លោក​ស្រី​បាន​ថ្លែង​ថា៖ «‍ខ្ញុំ​យល់​ថា ការ​បោះពុម្ព​ផ្សាយ​ជា​ឌីជីថល​តាម​ប្រព័ន្ធ​អ៊ីនធឺណិត មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​នោះ​ទេ។ ហើយ​នេះ​គឺជា​មធ្យោបាយ​មួយ ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​មេដឹកនាំ​កម្ពុជា​នា​ពេល​អនាគត មិន​អាច​បញ្ឈប់​វា​បាន​ទេ»។

លោក Nate Thayer ក៏​បាន​មើល​ឃើញ​ថា កំណើន​នៃ​ប្រជាពលរដ្ឋ​វ័យ​ក្មេង​របស់​កម្ពុជា ដែលកើត​ក្រោយ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​ធំដឹងក្តី​ដោយ​ប្រើប្រាស់​បណ្តាញ​សង្គម ដូចជា​ហ្វេសប៊ុក និង​អ៊ីនស្តាក្រាម (Instagram) កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​សង្គម ដែល​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​បាន​ឡើយ។

លោក Thayer បាន​ថ្លែង​ថា៖ «‍ព័ត៌មាន​កំពុង​តែ​ត្រូវបាន​ចែក​រំលែក​យ៉ាង​ទូលំ​ទូលាយ​តាម​រយៈ​បណ្តាញ​សង្គម។ នេះ​គឺជា​មធ្យោបាយ​ដ៏​មាន​ឥទ្ធិពល​ខ្លាំង។ ហើយ​នេះ​គឺជា​សក្តានុពល​របស់​អនាគត​កម្ពុជា ក្នុង​ការ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្វែងយល់​ពី​ការពិត តាមរយៈ​បណ្តាញ​សង្គម។ លោក ហ៊ុន សែន មិន​អាច​មិន​អាច​បញ្ឈប់​បណ្តាញ​សង្គម​បាន​ទេ»។

លោកស្រី Elizabeth Becker ក៏​យល់​ស្រប​អំពី​សក្តានុពល​នៃ​បណ្តាញ​សង្គម​ ដែល​អ្នក​សារព័ត៌មាន​អាច​ប្រើប្រាស់​បាន ដើម្បី​បន្ត​រក្សា​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​ទៅ​មុខ​ទៀត។

លោក​ស្រី​ Becker បាន​ថ្លែង​ថា៖ «‍បណ្តាញ​សង្គម និង​ការ​ចូលរួម​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត គឺជា​អត្ថប្រយោជន៍​មួយ ហើយ​វា​មិន​ងាយ​នឹង​បញ្ឈប់​បាន​ទេ»។

កាសែត​ឌឹខេមបូឌា ដេលី បាន​បិទ​លែង​ដំណើរការ​បោះពុម្ព​ផ្សាយ​របស់​ខ្លួន​នៅ​ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោយ​ពី​បាន​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​រយៈពេល​២៤ឆ្នាំ និង​១៥​ថ្ងៃ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG