នៅពេលដែលប្រិយមិត្តអ្នកអានជាតិ និងអន្តរជាតិប្រតិកម្មចំពោះការបិទកាសែត The Cambodia Daily (ឌឹ ខេម បូឌាដេលី) អ្នកសារព័ត៌មានដែលទើបតែបាត់បង់ការងារនៅស្ថាប័នព័ត៌មានមួយនេះ បានរៀបរាប់ពីការបាត់បង់កាសែតនេះ។ វាមានវិសាល ភាពលើសពីការបាត់បង់ការងាររបស់ពួកគេទៅទៀត។
កាលពីព្រឹកថ្ងៃចន្ទ កូនស្រីរបស់លោក ឆន ចាន់ស៊ី បានសួរលោកថា«ហេតុអ្វីបានជាប៉ាមិនទៅធ្វើការ?»
លោក ឆន ចាន់ស៊ី គឺជាអតីតបុគ្គលិកមួយរូបរបស់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។ កាសែតជាភាសាអង់គ្លេសក្នុងស្រុកមួយនេះ បានសម្រេចបិទទ្វារដោយបង្ខំ កាលពីដើមខែកញ្ញានេះ បន្ទាប់ពីបានប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល ២៤ឆ្នាំ ១៥ថ្ងៃ ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន បង្ខំឱ្យបង់ពន្ធដែលមានទឹកប្រាក់ជាង ៦លានដុល្លារអាមេរិក។
ការសម្រេចបិទស្ថាប័នព័ត៌មានមួយនេះធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងអ្នកកាសែតក្នុងស្ថាប័ននេះផ្ទាល់ និងមជ្ឈដ្ឋានទូទៅ។ សូម្បីតែលោក ចាន់ស៊ី ខ្លួនឯង ក៏មានការភ្ញាក់ផ្អើលផងដែរ។ លោកមិនបានត្រៀមខ្លួនរកការងារថ្មីនោះ នៅពេលកាសែតដែលមានឈ្មោះល្បីល្បាញនេះកំពុងតតាំងជាមួយអគ្គនាយកដ្ឋានពន្ធដារអស់រយៈពេលមួយខែ។ កាសែតឌឹ ខេមបូឌាដេលី បដិសេធមិនបង់ពន្ធ ៦,៣លានដុល្លារអាមេរិក ដោយឈរលើជំហរថា ការទារពន្ធនេះជាហេតុផលនយោបាយ និងអំពាវនាវឲ្យមានសវនកម្មត្រឹមត្រូវនិងតម្លាភាព។
លោក ឆន ចាន់ស៊ី និយាយថា៖
«និយាយតាមត្រង់ ខ្ញុំគិតថា មិនអាចទៅរួច ថា មិនអាចបិទ ព្រោះថា កន្លងមកយើងក៏ជួបបញ្ហាអញ្ចឹងកើតឡើងដែរ មានការប្តឹងការផ្តល់ គ្រាន់តែថា ពេលហ្នឹង យើងអាចដោះស្រាយបាន។ យើងមានរឿងធំៗមួយចំនួន ដែលយើងអាចឆ្លងកាត់។ ហើយសម្រាប់ខ្ញុំ មុនដែលអង្គភាពប្រកាសបិទក៏យើងនៅតែមានក្តីសង្ឃឹមថា នៅនាទីចុងក្រោយ យើងនឹងមានដំណោះស្រាយ។ តែផ្ទុយទៅវិញមិនមានដំណោះស្រាយ»។
ក្នុងអំឡុងពេលជិត១០ឆ្នាំនៃការបម្រើការនៅកាសែតមួយនេះ លោក ចាន់ស៊ី បានអភិវឌ្ឍខ្លួនឯង ពីអ្នករាយការណ៍ព័ត៌មានឧក្រិដ្ឋកម្មទៅជាការីនិពន្ធព័ត៌មានប្រចាំថ្ងៃនៅក្នុងស្ថាប័ន។ គិតត្រឹមថ្ងៃបិទ កាសែតនេះ មានបុគ្គលិកទាំងខ្មែរ និងបរទេសសរុបប្រមាណ៥០នាក់។ កាសែត ឌឹ ខេមបូឌា ដេលី បង្កើតឡើងដោយអតីតអ្នកសារព័ត៌មានជើងចាស់ជនជាតិអាមេរិកកាំង គឺលោក Bernard Krisher ក្នុងគោលបំណងពង្រឹងសេរីភាពសារព័ត៌មាន និងបណ្ដុះបណ្ដាលអ្នកសារព័ត៌មានខ្មែរ។
ក្រៅពីផ្សាយព័ត៌មានប្រកបដោយអព្យាក្រឹត្យភាព ការកត់ត្រាហេតុការណ៍ក្នុងប្រទេសកម្ពុជា និង ការបង្ហាត់ភាសាអង់គ្លេស កាសែត ឌឹ ខេមបូឌា ដេលី បាន បណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងបរទេស និងខ្មែរជាច្រើនរូប និងច្រើនជំនាន់ក្នុងរយៈពេល២៤ឆ្នាំ និង១៥ថ្ងៃនៃដំណើរការរបស់ខ្លួន។
កញ្ញា ឡេង ឡែន ជាអ្នកកាសែតស្រីចុងក្រោយបង្អស់ ដែលបានចូលទៅធ្វើការជាមួយកាសែត ឌឹ ខេមបូឌា ដេលី កាលពីពាក់កណ្តាលខែកក្កដា។ នាងនិយាយថា ពាក្យស្លោក «រាល់ដំណឹងទាំងអស់គ្មានការភ័យខ្លាច ឬលម្អៀង» បានទាក់ទាញនាងឲ្យចង់ធ្វើការនៅស្ថាប័នមួយនេះ។
អ្នកសារព័ត៌មានស្រ្តីរូបនេះក៏បានឱ្យដឹងផងដែរថា គោលបំណងចម្បងរបស់នាងក្នុងការចូលរួមជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី គឺចង់ចូលរួមរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨។ សម្រាប់នាង ការបោះឆ្នោតជាតិគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ប៉ុន្តែគោលបំណងនេះមិនបានសម្រេចនោះទេ។
នាងឡេង ឡែន បញ្ជាក់ពីអារម្មណ៍របស់នាងថា៖
«វាដូចកង់រទេះដែលកំពុងវិល ហើយបើគេបញ្ឈប់វាឈប់ង៉ក់ទៅ វាអាចក្រឡាប់ វាកំពុងវិលជក់លឿន ដល់គេបញ្ឈប់ទៅ វាក្រឡាប់»។
នៅយប់ចុងក្រោយនៃការប្រតិបត្តិការរបស់កាសែតនេះ នាងគេងបានតែ២ម៉ោងប៉ុណ្ណោះ ដោយសារខ្លួនព្យាយាមប្រមូលព័ត៌មានទាក់ទងនឹងការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលជារឿងធំបំផុតសម្រាប់ថ្ងៃនោះផងដែរ។
មុនចូលធ្វើការនៅ ឌឹ ខេមបូឌាដេលី កញ្ញា ឡេង ឡែន ក៏បានធ្វើការនៅវីអូអេផងដែរ។
កាសែត ឌឹ ខេមបូឌា ដេលី ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា «មេចោរ» ដោយសារការមិនបានបង់ពន្ធ។ តែចំពោះបុគ្គលិកជាអ្នកសារព័ត៌មានវិញ ពួកគេបានចាត់ទុកថា ស្ថាប័នព័ត៌មានមួយនេះជាសាលារៀនដែលបានច្នៃបណ្តុះវិជ្ជាជីវៈសារព័ត៌មានតាមរយៈការអនុវត្តផ្ទាល់។
លេខចុងក្រោយនៃកាសែតនេះមានទំព័រសខ្មៅ មួយផ្ទាំង មានចារឈ្មោះអ្នកកាសែតជាច្រើននាក់ ដែលធ្លាប់បម្រើការងារ ក្នុងវិជ្ជាជីវៈមួយដែលគេមើលឃើញថា ជាអាជីពមួយប្រថុយប្រថាន។ ភាគច្រើននៃអ្នកសារព័ត៌មានខ្មែរដែលចាកចេញពី កាសែតនេះបានកាន់មុខតំណែងសំខាន់ៗក្នុងសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងប្រទេសកម្ពុជា រួមទាំង VOA វិទ្យុអាស៊ីសេរី កាសែតភ្នំពេញប៉ុស្តិ៍ ខ្មែរថាម៍ Swiftnews ទីភ្នាក់ងារព័ត៌មាន Reuters និង AP ជាដើម។
អ្នកសារព័ត៌មានចាស់ស្រុករបស់កាសែត ឌឹ ខេមបូឌាដេលីគឺលោក វណ្ណ រើន ដែលធ្វើការជាមួយកាសែតនេះចាប់តាំងពីឆ្នាំ១៩៩៧ បានប្រាប់ VOA ថា លោកអាចធ្វើព័ត៌មានស៊ីជម្រៅយ៉ាងលម្អិតដោយការរៀន និងអនុវត្តនៅស្ថាប័ននេះដោយផ្ទាល់។
លោក វណ្ណ រើន និយាយថា៖
«កន្លែងហ្នឹងជាកំណើតកកើតនៃវិជ្ជាជីវៈរបស់ខ្ញុំ។ កន្លែងហ្នឹង ខ្ញុំរៀនសូត្រពីបរទេសជាច្រើន ដែលគាត់ជាសេរីចាស់ៗមុន ដែលគាត់ពូកែសរសេរ។ គាត់ពូកែយកព័ត៌មាន គឺរៀនដើមកំណើតចេញពីកាសែតដេលីហ្នឹងហើយ។ ហើយខ្ញុំយល់ថា កាសែតហ្នឹងវាសរសេរប្រកបដោយវិជ្ជាជីវៈ ហើយសរសេរដោយ គេហៅថា វាមានលក្ខណៈប្រភពច្បាស់លាស់ សរសេរត្រឹមត្រូវ មានប្រភព មិនមែនជាការបញ្ចេញមតិនៅក្នុងព័ត៌មានដែលយើងសរសេរ ហើយសរសេរសង្កត់ធ្ងន់ៗអ្វីដែលជាការណ៍ពិត»។
លោក វណ្ណ រើន បានរាយការណ៍ព័ត៌មានស៊ើបអង្កេតជាច្រើនអំពីការកាប់បំផ្លាញព្រៃឈើ ដីសមប្បទានសេដ្ឋកិច្ចដ៏ចម្រូងចម្រាសជាច្រើន។
លោកនិយាយបន្ថែមថា ចាប់តាំងពីធ្វើការឲ្យឌឹ ខេមបូឌាដេលី នៅឆ្នាំ១៩៩៧មក លោកមិនបានផ្លាស់ការងារទៅស្ថាប័នផ្សេងទេ ដោយសារលោកឃើញថា មិនមានលំហគ្រប់គ្រាន់ដើម្បីអនុវត្តវិជ្ជាជីវៈសារព័ត៌មានឲ្យបានពេញដៃពេញជើង។
លោក វណ្ណ រើន និយាយថា៖
«ហើយខ្ញុំមើលទៅកាសែតដទៃទៀត ភាគច្រើនមើលទៅមានលក្ខណៈលម្អៀងទៅខាងរដ្ឋាភិបាល មិនមានលក្ខណៈដែលថា ជាអព្យាក្រឹត្យ ជាឯករាជ្យ។ អីចឹងធ្វើឲ្យចិត្តខ្ញុំរារែកក្នុងការឈានជើងទៅរកទ្រនំផ្សេង»។
អ្នកស្រី Elizabeth Becker អ្នកសារព័ត៌មានជើងចាស់ ដែលបានរាយការណ៍អំពីសង្គ្រាមនៅកម្ពុជា និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «នៅពេលដែលសង្គ្រាមបញ្ចប់ទៅ» បានថ្លែងប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា ការបិទរបស់កាសែត The Cambodia Daily គឺជាការបាត់បង់ដ៏ធំសម្រាប់កម្ពុជា។
អ្នកស្រី Elizabeth Becker និយាយថា៖
«វាមិនមែនជាការបំផ្លើសទេ ដែលនិយាយថា អ្នកសារព័ត៌មានរបស់ដេលីមានភាពក្លាហានក្នុងការប្រឈមមុខនឹងការគំរាមកំហែងខាងរាងកាយ ព្រមទាំងខិតខំប្រឹងប្រែងធ្វើការបានប្រាក់ខែទាប និងធ្វើការរយៈពេលយូរក្នុងមួយថ្ងៃ។ វាបង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះប្រទេសកម្ពុជា ហើយសង្ឃឹមថា គ្រប់គ្នានៅតែមានក្តីស្រឡាញ់ថា ប្រទេសនេះនឹងងើបឡើងវិញនៃមូលដ្ឋានប្រជាធិបតេយ្យដ៏ផុយស្រួយរបស់ខ្លួន»។
លោកស្រីបានផ្ញើសារលើកទឹកចិត្តអ្នកកាសែតថា៖
«ខ្ញុំសង្ឃឹមថា អ្នកកាសែតកម្ពុជាអាចរកវិធីមួយដើម្បីបន្តការងាររបស់ពួកគេ ដើម្បីប្រទេសជាតិរបស់ខ្លួន។ វាសំខាន់ណាស់ក្នុងការមានក្ដីសង្ឃឹមណាមួយ ដើម្បីធ្វើឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ[នៅប្រទេសកម្ពុជា»។
លោក ឆន ចាន់ស៊ី ដែលមានកូន២នាក់ក្នុងបន្ទុក ព្រមទាំងទំនុកបម្រុងការសិក្សាប្អូនស្រីម្នាក់ដែលកំពុងរៀននៅមហាវិទ្យាល័យផង បានឲ្យ VOA ដឹងថា លោកនឹងចាប់ផ្តើមរកការងារធ្វើ នាពេលឆាប់ៗនេះ ប៉ុន្តែស្ថាប័នបន្ទាប់ដែលលោកទៅធ្វើការ ត្រូវតែមានលក្ខណៈសេរី ឯករាជ្យក្នុងការរាយការណ៍ព័ត៌មាន និងអាចជួយបណ្តុះបណ្តាលអ្នកសារព័ត៌មានថ្មីៗ ដូចអ្វីដែលកាសែត ឌឹ ខេមបូឌាដេលីបានធ្វើ៕