ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ប្ដឹង​ម្ចាស់​កាសែត​ ​The Cambodia Daily​ ដោយ​ទារ​ប្រាក់​សំណង​ជាង​២០ម៉ឺន​ដុល្លារ


ទិដ្ឋភាព​នៃ​ថ្ងៃធ្វើការ​ចុងក្រោយ​នៃ​កាសែត​ The Cambodia Daily ក្រោយ​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់​រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ (ខាន់ សុំុំមនោ/VOA)
ទិដ្ឋភាព​នៃ​ថ្ងៃធ្វើការ​ចុងក្រោយ​នៃ​កាសែត​ The Cambodia Daily ក្រោយ​ប្រតិបត្តិការ​បោះពុម្ភផ្សាយ​អស់​រយៈពេល​ ២៤ឆ្នាំ​និង​១៥ថ្ងៃ​ តាំងពី​ឆ្នាំ១៩៩៣​មក​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ (ខាន់ សុំុំមនោ/VOA)

អគ្គ​នាយកដ្ឋាន​ពន្ធដារ​របស់​រដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​ដាក់​ពាក្យ​បណ្ដឹង​ពីរ​ផ្សេង​ពី​គ្នា​ប្រឆាំង​នឹង​ម្ចាស់​កាសែត​ The ​Cambodia Daily ​ដែល​បាន​បិទ​ទ្វារ​កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ។ ​ក្នុង​ពាក្យ​បណ្ដឹង​នោះ រដ្ឋ​អំណាច​បាន​ប្ដឹង​ម្ចាស់​កាសែត​នេះ​ពី​បទ​គេច​វេស​ពន្ធ ​រារាំង​ការ​អនុវត្ត​ពន្ធដារ​ ​និង​បទ​បរិហារ​កេរ្តិ៍​ជាមួយ​នឹង​ការ​ទារ​សំណង​ជំងឺ​ចិត្ត​៨០០​លាន​រៀល​ ឬ​២០​ម៉ឺន​ដុល្លារ។​

នៅ​បី​ថ្ងៃ​បន្ទាប់​ពី​កាសែត ​The Cambodia Daily ​បាន​ប្រកាស​បិទ​ទ្វារ​ បណ្ដាញ​សារ​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​ឥស្សរជន​នយោបាយ​ក្នុង​គណបក្ស​កាន់​អំណាច​បាន​ផ្សាយ​ពាក្យ​បណ្ដឹង​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ ប្រឆាំង​នឹង​ក្រុម​គ្រួសារ​ដែល​ជា​កម្មសិទ្ធិករ​នៃ​កាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ។​

ក្នុង​ពាក្យ​បណ្ដឹង​ពីរ​ផ្សេង​គ្នា​ ​ផ្សាយ​តាម​សារ​ព័ត៌មានFresh News ​ដែលជិតដិត​នឹង​រដ្ឋាភិបាល​ ​បាន​ផ្សាយ​ពាក្យ​បណ្តឹង​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ​វ៉ាន់ ពុទ្ធិពល​ ​អគ្គនាយក​រង​នៃ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ដែលដឹង​លោក​ចាង​ហ្វាង​ផ្សាយ ​Bernard ​Krisher ​អ្នក​ស្រី​ចាង​ហ្វាង​រង​ Deborah Krisher Steele ​និង​អ្នក​ចាត់ការ​ទូទៅ​គឺ​លោក​ ​Douglas Eric Steele ក្នុង​បទ​ចោទ​ចំនួន​បី​ដាច់​ដោយ​ឡែក​ពី​គ្នា។

ក្នុង​ពាក្យ​បណ្ដឹង​ទី​មួយ​ ​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ បាន​ស្នើ​ឲ្យ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​ធ្វើ​ការ​ចោទ​ប្រកាន់​ និង​ដាក់​ទោស​ទណ្ឌ​សមាជិក​ទាំង​បី​នាក់​ដែល​ជា​ម្ចាស់​កាសែត​នេះ​ ​ពី​បទ​គេច​វេស​ពន្ធ​ ​និង​បទ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​ពន្ធ​តាម​មាត្រា​១៣៥ ​និង​មាត្រា​១៣៦​នៃ​ច្បាប់​ស្ដីពី​សារ​ពើ​ពន្ធ។​

បុគ្គលិក​ចែកចាយ​កាសែត​ The Cambodia Daily កំពុង​រៀបចំ​ព្រឹត្តិបត្រ​ចុងក្រោយ​បង្អស់​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧។ កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​។
បុគ្គលិក​ចែកចាយ​កាសែត​ The Cambodia Daily កំពុង​រៀបចំ​ព្រឹត្តិបត្រ​ចុងក្រោយ​បង្អស់​ រាជធានី​ភ្នំពេញ​ នៅថ្ងៃទី៤ ខែកញ្ញា​ ឆ្នាំ២០១៧។ កាសែត​ជា​ភាសាអង់គ្លេស ​The Cambodia Daily បាន​សម្រេច​បិទទ្វារ​ចាប់ពី​ចន្ទ​ ទី៤​ ខែកញ្ញា​នេះ​តទៅ​។

រី​ឯ​ពាក្យ​បណ្ដឹង​ទីពីរ​វិញ ​ប្ដឹង​ចំ​ឈ្មោះ​អ្នកស្រី​ចាង​ហ្វាង​រង​ Deborah ​Krisher​ Steele ​ពី​បទ​បរិហារ​កេរ្តិ៍ ​តាម​មាត្រា​៣០៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ ​ហើយ​ទាម​ទារ​ប្រាក់​ប៉ះ​ប៉ូវ​ជម្ងឺ​ចិត្ត​៨០០​លាន​រៀល ​(ប្រហែល​២០​ម៉ឺន​ដុល្លារ​អាមេរិក)។ ពាក្យ​បណ្ដឹង​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ចុះ​ថ្ងៃទី​៤​ ខែ​កញ្ញា ​ឆ្នាំ២០១៧ ​ថ្ងៃ​អវសាន្ត​នៃ​កាសែត​ The Cambodia Daily។​

​កាសែត ​The Cambodia Daily ​បាន​ប្រកាស​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​បន្ទាប់​ពី​ចំណាយ​ពេល​មួយ​ខែ​ក្នុង​ការ​តទល់​មិន​ទទួល​បាន​ជោគជ័យ​ប្រឆាំង​នឹង​ការ​ចេញ​វិក្ក័យ​បត្រ​ទារពន្ធ​ទំហំ​២៥​ពាន់​លាន​រៀល ​(៦លាន​៣​សែន​ដុល្លារ​អាមេរិក)​ ដែល​កាសែត​នេះ​ជំពាក់​រដ្ឋ។ កាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ​តែង​ធ្វើការ​ជំទាស់​វិក្ក័យ​បត្រ​ពន្ធ​ ដោយ​មាន​ក្ដី​មន្ទិល​ មិន​ទុក​ចិត្ត​ចំពោះ​ការ​គណនា ​និង​សវនកម្ម​គណនា​ដែល​ចេញ​ជា​តម្លៃ​ដ៏​មហា​សាល​នេះ។

តាមបទ​ចោទ​ទាំង​បី​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ ​សមាជិក​ជា​កម្មសិទ្ធិ​ករ​ទាំង​បី​រូប​អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​មួយ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ។ ​មក​ដល់​ពេល​នេះ​ ​មាន​តែ​លោក​ ​Douglas ​Eric​ Steele ​អ្នក​ចាត់​ការ​ទូទៅ​ម្នាក់​តែ​ប៉ុណ្ណោះ​ ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ក៏​បាន​ប្រកាស​ឲ្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ហាម​ប្រាម​មិន​ឲ្យ​កម្មសិទ្ធិ​ករ​ទាំងឡាយ​នៃ​កាសែត​នេះ​ចេញ​ពី​កម្ពុជា​ឡើយ ​បើ​សិន​ជា​វិក្ក័យ​បត្រ​ពន្ធដារ​មិន​ត្រូវ​បាន​ទូទាត់​សង​ទេ​នោះ។​

ការ​បិទ​ទ្វារ​កាសែត​ The​ Cambodia Daily​ បាន​នាំ​ឱ្យ​សាធារណ​មតិ​ជាតិ ​និង​អន្តរជាតិ​នានា​មាន​ការ​សោក​ស្រណោះ​ចំពោះ​តួនាទី​របស់​កាសែត​រាង​តូច​ច្រឡឹង​មួយ​នេះ ​ដែល​ប្រតិបត្តិការ​រយៈពេល​២៤​ឆ្នាំ​កន្លង​មក​ហើយ​ ​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ដែល​មាន​លក្ខណៈ​រសើប​សម្រាប់​រដ្ឋ​អំណាច​គ្រប់គ្រង​ប្រទេស​ ​និង​បញ្ហា​នានា​សម្រាប់​បម្រើ​អ្នក​អាន​របស់​ខ្លួន។

ស្ថាប័ន​អន្តរជាតិ​នានា​ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បន្ត​កន្ទុយ​គ្នា​ប្រតិកម្ម​ទៅ​នឹង​ការ​បិទ​ទ្វារ​ដោយ​បង្ខំ​របស់​កាសែត​ជា​ភាសា​អង់គ្លេស​មួយ​នេះ។​ ​ទាំង​សហរដ្ឋ​អាមេរិក ​ចក្រភព​អង់គ្លេស ​អង្គការ​សហ​ប្រជាជាតិ​ ​និង​ប្រទេស​មហា​អំណាច​មួយ​ចំនួន​ទៀត ​សុទ្ធ​តែ​បាន​ភ្ជាប់​ការ​បិទ​ទ្វារ​ដ៏​ស្រណោះ​ស្រណោក​នេះ ​ជាមួយ​នឹង​«ការ​បង្ក្រាប»​ របស់​រដ្ឋ​អំណាច​ទៅ​លើ​បណ្ដាញ​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​ខ្លួន​ ​និង​មជ្ឈដ្ឋាន​នយោបាយ​ជំទាស់។​

វិទ្យុ​ក្នុង​ស្រុក​ដែល​ជួល​ម៉ោង​ផ្សាយ​ឱ្យ​ VOA​ ​សំឡេង​សហរដ្ឋ​អាមេរិក​ និង​វិទ្យុ​អាស៊ីសេរី ​ចាក់​បន្លឺ​នូវ​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​ត្រូវ​បាន​បង្គាប់​បញ្ជា​ឱ្យ​ធ្វើការ​បញ្ឈប់​ ​ខណៈ​ដែល​វិទ្យុ​មួយ​ចំនួន​បាន​តម្រូវ​ឱ្យ​បិទ​ទ្វារ​បញ្ឈប់​ប្រតិបត្តិការ​របស់​ខ្លួន។​

អ្នក​រាយ​ការណ៍​ពិសេស​ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​អ្នកស្រី ​Rhona ​Smith ​បាន​សរសេរ​ក្នុង​បទ​វិចារណកថា​មួយ​របស់​អ្នក​ស្រី​នៅ​គេហ​ទំព័រ​ The Conversation ​កាល​ពី​ថ្ងៃទី៥​ ខែ​កញ្ញា​ម្សិល​មិញ​នេះ​ថា​ ​«ការ​បិទ​កាសែត ​The Cambodia Daily​ ជា​ការ​បក់​បោក​ដ៏​ធំ​ទៅ​សេរីភាព​សារព័ត៌មាន ​និង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស»​កម្ពុជា។​

លោក ​លី សុផានណា ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​តាម​សារ​អេឡិច​ត្រូនិច​ថា​ សាលា​ដំបូង​បាន​ទទួល​រួច​ហើយ​នូវ​បណ្ដឹង​ប្រឆាំង​នឹង​ម្ចាស់​កាសែត ​The Cambodia Daily ​ ហើយ​«កំពុង​ពិនិត្យ​តាម​នីតិ​វិធី»។​

VOA ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​កាសែត ​The Cambodia Daily ​បាន​ទេ​ ​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។​

លោក ​Bernard ​Krisher ​ជា​អតីត​អ្នក​សារ​ព័ត៌មាន​ជើង​ចាស់​ជាតិ​អាមេរិកាំង បាន​បង្កើត​កាសែត ​The Cambodia Daily​ កាល​ពី​ឆ្នាំ​១៩៩៣។​ ក្នុង​ច្បាប់​ចុង​ក្រោយ​នៃ​ព្រឹត្តិ​ប័ត្រ​នេះ​ដែល​ចេញ​ផ្សាយ​កាល​ពី​ចន្ទ​ ​លោក​បាន​សរសេរ​ថា​ ​ក្នុង​នាម​ជា​ចាង​ហ្វាងការ​ផ្សាយ​អស់​រយៈពេល​២៤​ឆ្នាំ​មក​នេះ​ ​លោក​មិន​ធ្លាប់​ដក​យក​ប្រាក់​ចំណេញ​ ​សូម្បី​តែ​មួយ​កាក់​ ​មួយ​សេន​ ​ពី​កាសែត​មួយ​នេះ ​ហើយ​លោក​ថា​ រាល់​ពេល​ដែល​កាសែត​នេះ​រក​បាន​ប្រាក់​ចំណេញ​លោក​តែង​បរិច្ចាគ​ជា​មូលនិធិ​មនុស្ស​ធម៌​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក ​Bernard ​Krisher ​ដែល​ស្ថិត​ក្នុង​វ័យ​ជរា ​និង​កំពុង​រស់​នៅ​ប្រទេស​ជប៉ុន​បាន​សរសេរ​ថា៖​

«ការចោទ​ប្រកាន់​តទល់​នឹង​កាសែត​របស់​ខ្ញុំ​គឺ​ជា​ការ​ប៉ុន​ប៉ង​ដែល​មាន​ចរឹត​អន្ធពាល​របស់​របប​គ្រប់គ្រង​ ដើម្បី​បញ្ឈប់​ប្រតិបត្តិ​ការ​របស់​យើង​ក្នុង​សភាព​ប្រញាប់​ប្រញាល់​បំផុត»។

អ្នក​សារ​ព័ត៌មាន​ជើង​ចាស់​របស់​អាមេរិក​រូប​នេះ​បន្ត​ថា៖​

«ខ្ញុំទទួល​ខុស​ត្រូវ​ពេញ​ទី​ចំពោះ​របៀប​ដែល​ខ្ញុំ​ប្រតិបត្តិការ​កាសែត​នេះ។ ​ប្រសិន​បើ​ពួក​គេ​ចង់​ដាក់​ទោស​ទណ្ឌ​នរណា​ម្នាក់​នោះ​ ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ ​ព្រោះ​ខ្ញុំ​បាន​ធ្វើ​ការ​ងារ​ទាំង​នេះ»។​

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់ ​VOA​ ថា​ ​ការ​បិទ​កាសែត​ The Cambodia Daily ​គឺជា​បញ្ហា​បច្ចេកទេស​រវាង​កាសែត​មួយ​នេះ ​និង​អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​ មិនមែន​ជា​បញ្ហា​នយោបាយ​នោះ​ទេ។ ​លោក​ថា​ ​គណបក្ស​ក៏​មាន​ការ​សោក​ស្ដាយ​ផង​ដែរ​ ដែល​កាសែត​ដែល​ធ្លាប់​ជា​ដំណឹង​លើក​ចំណុច​ខ្វះ​ខាត​របស់​គណបក្ស​កាន់​អំណាច​នេះ​ត្រូវ​បិទ​ទ្វារ៕​

(Disclosure៖ អ្នក​រាយ​ការណ៍​អត្ថបទ​ព័ត៌មាននេះ​ធ្លាប់​ជា​កម្ម​សិក្សា​ការី​រយៈពេល​ខ្លី​នៅ​កាសែត ​The​ Cambodia ​Daily ​កាល​ពី​ឆ្នាំ​២០១៥)

XS
SM
MD
LG