ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋ​កម្ពុជា​សោក​ស្តាយ​ និង​បារម្ភ​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​ក្រោយ​ការ​បិទ​ការិយាល័យ​​វិទ្យុ​អាស៊ីសេរី​​នៅ​កម្ពុជា


ឡូហ្គោវិទ្យុអាស៊ីសេរី (រូបពីគេហទំព័រ​ហ្វេសប៊ុក​របស់​វិទ្យុអាស៊ីសេរីខ្មែរ)
ឡូហ្គោវិទ្យុអាស៊ីសេរី (រូបពីគេហទំព័រ​ហ្វេសប៊ុក​របស់​វិទ្យុអាស៊ីសេរីខ្មែរ)

ការ​បិទ​វិទ្យុ​អាស៊ីសេរី​ ​ដែល​ទទួល​ការ​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋ​អាមេរិក ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​នេះ​ ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយ​​ពី​កាសែត​​ជា​ភាសា​អង់គ្លេស​ ​ឌឹ ខែមបូឌាដេលី​ ​បាន​ប្រកាស​បិទទ្វារ​​ពាក់​ព័ន្ធ​ការ​​ទារ​ពន្ធដារ​ដ៏​ច្រើន។​

បន្ទាប់ពី​វិទ្យុ​អាស៊ីសេរី​ ​(RFA)​ ​ដែល​មន្ត្រី​រដ្ឋាភិបាល​លើក​ឡើង​ថា ​ច្រើន​តែ​ផ្សាយ​ព័ត៌មានអវិជ្ជមានអំពី​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​អស់​ជិត​២០​ឆ្នាំ​មក​ហើយ​នោះ​ ​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួនភ្លាមៗ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​ពលរដ្ឋ​ ដែល​និយម​ស្តាប់​ និង​គាំទ្រ​ការ​ផ្សាយរបស់​វិទ្យុ​នេះ​ ​បាន​សម្តែង​ការ​សោកស្តាយ​ ​ហើយថា​ ​ការ​បិទ​វិទ្យុ​នេះ​គឺ​ជា​ការ​បាត់​បង់​ប្រភព​ព័ត៌មានមួយ​ទៀតដែល​អាច​ជឿ​ទុកចិត្ត​បាន។​

ការ​បិទ​វិទ្យុ​អាស៊ីសេរី​ ​ដែល​ទទួល​ការ​ឧបត្ថម្ភ​ដោយ​សហ​រដ្ឋ​អាមេរិក ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​នេះ​ ​ធ្វើ​ឡើង​មិន​ប៉ុន្មាន​ថ្ងៃ​ក្រោយពី​កាសែតជា​ភាសា​អង់គ្លេស​ ​ឌឹ ខែមបូឌាដេលី​ ​បាន​ប្រកាស​បិទទ្វារពាក់​ព័ន្ធ​ការទារ​ពន្ធដារ​ដ៏​ច្រើន។​

លោក​ ​ឃាង ម៉េង​ ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​បឹង​កេងកង​ ​បាន​លើក​ឡើង​ថា​ ​អាស៊ីសេរី​បាន​ផ្សាយ​ពី​ព័ត៌មាន​ពិត​ និង​គ្រប់​ជ្រុងជ្រោយ​នូវ​រាល់​បញ្ហា​ក្នុង​សង្គម។​ ​លោកម៉េង​ ដែល​បាន​ប្រាប់​ថា លោក​ជា​អ្នក​និយម​ស្តាប់​វិទ្យុ​អាស៊ី​សេរី​មិន​ដែល​ខាន​នោះ​ បាន​បន្ថែម​ថា​ ​ចាប់​តាំង​ពី​ពេល​ដែល​លោក​មិន​អាច​បើក​វិទ្យុ​អាស៊ីសេរី​ស្តាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ ​លោក​មិន​បាន​ស្តាប់​វិទ្យុ​ណា​ផ្សេង​ទៀត​ទេ​ ​ហើយ​លោក​ក៏​មិន​មាន​មធ្យោបាយ​អ្វី​ផ្សេងដើម្បីទទួល​បាន​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរីទៀត​ដែរ។​

អាជីវ​ករ​វ័យ​៧០​ឆ្នាំ​រូបនេះ​បន្ថែម​ថា​ ​លោក​មាន​ការ​សោកស្តាយ​នៅ​ពេល​ដែល​មិន​អាច​ទទួល​បាន​ព័ត៌មាន​ពី​វិទ្យុ​អាស៊ី​សេរីត​ទៅ​ទៀត៖​

«ប្រជាជន​ភាគច្រើន​ដូចជា​លែង​ទទួល​បាន​ដំណឹង​ពិត​អី​ អីចឹង។​ ​អត់​បាន​ទទួល។​ ​ចុះ​បើ​បិទ​អស់​ហើយ!​ ​យើង​ធ្លាប់​ស្តាប់​ ​យើង​លែង​ដឹង​ហើយ។​ ​ដឹង​តែ​ម្ខាង។​ ​ធម្មតា​ចេះ​តែ​ស្តាយ​ហើយ​ ​ព្រោះ​ធ្លាប់​ស្តាប់​ហើយ»។​

កាល​ពី​ថ្ងៃ​អង្គារ​ ​វិទ្យុ​អាស៊ី​សេរី​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​មួយ​ ​ប្រកាស​ការ​ផ្អាក​ដំណើរការ​ការិយាល័យ​ព័ត៌មាន​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ ​ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ជាក់​លាក់​ណា​មួយ​នោះ​ទេ។​ សេចក្តី​ថ្លែង​ការណ៍​នោះសរសេរ​ថា​ ​ការ​បង្ក្រាប​មក​លើ​សំឡេង​ឯករាជ្យ​ឥត​ស្រាកស្រាន្ត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​ចុង​ក្រោយ​នេះ​ ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ ​មិន​អនុញ្ញាត​ឲ្យ​វិទ្យុ​អាស៊ីសេរី​បន្ត​បើក​ដំណើរការ​ការិយាល័យ​ព័ត៌មាន​ ​ដោ​យ​ធានា​អំពី​សុចរិត​ភាព​នៃ​បេសក​កម្ម​សារ​ព័ត៌មាន​របស់​ខ្លួន​ជា​បន្ត​ទៅ​ទៀត​បាន​នោះ​ទេ។​

សេចក្តី​ថ្លែង​ការណ៍​ដដែលបន្ថែម​ថា​ ​លោកនាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ មិ​ន​មាន​ចេតនា​អនុញ្ញាត​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​ ​បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​នៅ​មុន​ពេល​បោះឆ្នោត​ជាតិ​ ​ឆ្នាំ​២០១៨ ត​ទៅ​ទៀត​នោះ​ឡើយ​ ​ផ្ទុយ​ទៅ​វិញ​ ​រដ្ឋាភិបាល​បាន​ឆក់​យក​ឱកាស​គ្រប់​បែប​យ៉ាង​ ​ដើម្បី​តាមដាន​ ​ធ្វើ​ទុក្ខ​បុកម្នេញ​មក​លើ​ក្រុម​អ្នក​រិះគន់​ ​គូ​បដិបក្ខ​នយោបាយ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ ​ដែល​ប្ដេជ្ញា​រាយ​ការណ៍​អំពី​ការណ៍​ពិត​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ​ ​ក្រោម​លេស​ចោទ​ថា​ ​បាន​រំលោភ​ច្បាប់​ស្ដីពី​សារ​ពើពន្ធ​ ​និង​បែប​បទ​រដ្ឋបាល។​

អ្នកស្រី​ ​អ៊ុំ សំបូរ ​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​ ​ ​មាន​ប្រសាសន៍​ថា​ ​អ្នកស្រី​បាន​ស្តាប់​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ជាមួយ​ឪពុក ​ ចាប់​តាំង​ពី​ពេល​ដែល​វិទ្យុ​នេះ​ចាប់​ផ្តើម​បង្កើត​ជា​លើក​ដំបូង​មក។​ ​អ្នកស្រី​បន្ថែម​ថា ​វិទ្យុ​អាស៊ីសេរី​តែង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​បញ្ហា​សង្គម​ ​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ ​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​មួយ​ចំនួន​ដល់​ប្រជា​ពល​រដ្ឋ។​ ​ដូច្នេះ​អ្នកស្រី​ថា​ ​ការ​បិទ​ការផ្សាយ​របស់វិទ្យុ​អាស៊ីសេរី​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ ​ជាពិសេស​ជន​រងគ្រោះ​ដោយ​ភាព​អយុត្តិធម៌​ក្នុង​សង្គម។​

អ្នកស្រី​ ​អ៊ុំ សំបូរ​ ​បញ្ជាក់​ថា៖​

«កាលណា​អត់​មាន​អាស៊ីសេរី​ ​អត់​មាន​វិទ្យុ​ឯករាជ្យ​ហ្នឹង ​គឺ​ផ្តាច់​ជីវិត​ហើយ។​ ​ផ្តាច់​ជីវិត​ប្រជា​ពល​រដ្ឋ ​ពី​ព្រោះ​សេដ្ឋកិច្ច​ ​អប់រំអី​នៅ​ក្នុង​ហ្នឹង​ទាំងអស់​ ​នៅ​ក្នុង​ព័ត៌មាន​ហ្នឹង​ទាំងអស់។​ ​ហើយអ្នក​ព័ត៌មាន​ខ្ញុំ​អាណិត​ណាស់។​ ​អ្នកព័ត៌មាន​ឯករាជ្យ ​និយាយ​ទៅ​ ប្រឈម​គ្រោះ​ថ្នាក់​ណាស់។ ​អ្នក​មាន​វិជ្ជាជីវៈ​ខ្ជាប់​ខ្ជួន ​ដែល​គេ​ថ្លៃថ្នូរ​ជា​មនុស្ស ​ ​គេ​យក​អ្វី​គេ​ធ្វើ​ការណ៍​ពិត​ណាស់។​ គេ​ឃើញ​ជាក់​ស្តែង​បាន​គេ​និយាយ»។

ស្រ្តី​វ័យ​៥៣​ឆ្នាំ​រូប​នេះ​បន្ថែម​ថា​ ​ការ​ប្រកាស​ផ្អាក​ប្រតិបត្តិការផ្សាយ​របស់​វិទ្យុអាស៊ីសេរី​ ​អាច​បណ្តាល​មកពី​ការ​រៀបចំ​ និង​សម្ពាធ​របស់​រដ្ឋាភិបាលកម្ពុជា។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«មូលហេតុ​បិទ​ការ​ផ្សាយ​មកពី​រាជរដ្ឋាភិបាល​គេ​មិន​ចង់​ឲ្យ​មាន​សំឡេង​ឯករាជ្យ​ ការណ៍​ពិត។​ និយាយ​អីចឹង​ ​ដើម្បី​គេ​រៀប​គម្រោង។​ ខ្ញុំ​ថា​ គេ​រៀប​គម្រោង​ហើយ​ស្រេច ​ព្រោះ​ជិត​បោះឆ្នោត។​ ​មើល​ចាប់​ទាំង​លោក ​កឹម សុខា ​ចាប់​អី​ អីចឹង»។​

វិទ្យុ​អាស៊ីសេរី​ ​ជា​សារ​ព័ត៌មាន​ទទួល​ការ​ឧបត្ថម្ភ​ពី​សហ​រដ្ឋ​អាមេរិក​ ​និង​ផ្សាយ​ចេញ​ពី​សហ​រដ្ឋ​អាមេរិក​ក្រោម​គោល​ការណ៍​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពល​រដ្ឋ​ខ្មែរ។​ ​វិទ្យុ​នេះ​ភាគ​ច្រើន​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ស្រុក​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​នយោបាយ​ ​សេដ្ឋកិច្ច​ ​បញ្ហា​សង្គម​ ​បញ្ហា​ដីធ្លី​ជា​ដើម។​

ចំណែកលោក​ ​មាស សារឿន​ ដែលរស់នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ ​និង​ជា​អ្នក​តាមដាន​ស្តាប់​វិទ្យុ​អាស៊ីសេរី​ជា​ប្រចាំ​ ​បានលើក​ឡើង​ថា ​ការ​ផ្អាក​ការ​ផ្សាយ​របស់​អាស៊ីសេរី​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មិន​អាច​ទទួល​បាន​ព័ត៌មាន​ឯករាជ្យ​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​វិភាគ។​ ​ជាងទង​វ័យ​៥២​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​លោក​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ដែល​វិទ្យុ​អាស៊ី​សេរីត្រូវ​ផ្អាក​ការ​ផ្សាយ​ ​ហើយ​លោក​រំពឹង​ថា​ អាស៊ីសេរី​នឹង​អាច​ដំណើរ​ការ​ផ្សាយ​របស់​ខ្លួន​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗ។

លោក​ ​មាស សារឿន​ ​មាន​ប្រសាសន៍​ថា៖​

«វិទ្យុ​អាស៊ី​សេរី​បាន​ផ្តល់​ព័ត៌មាន​ច្រើន គឺ​ចំណេះ​ដឹង​ ​ព័ត៌មាន​អំពី​ការ​អភិ​វឌ្ឍ​សង្គម​ ​ព័ត៌មាន​ភាព​អសកម្ម​ ​ការ​រំលោភ​សិទ្ធិ​មនុស្ស។​ ​និយាយ​រួម​វិទ្យុ​អាស៊ីសេរី​បាន​ផ្តល់​ព័ត៌មាន​ល្អ​ដើម្បី​ឲ្យ​ប្រជាជនយល់​ដឹង។​ ​អ្នក​ដែល​តាមដាន​គឺ​ចង់​ដឹង​សភាព​ការណ៍​នៅ​ក្នុង​សង្គម។​ ​ផ្អាក​ការ​ផ្សាយអីចឹង​ ​ចំពោះ​ខ្ញុំ ខ្ញុំ​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង ​ហើយ​ខ្ញុំ​នឹង​អត់​មាន​ព័ត៌មាន​ល្អដើម្បី​ស្តាប់​ទៀត»។

ការ​ប្រកាស​ផ្អាក​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ​របស់​វិទ្យុ​អាស៊ីសេរី​នេះធ្វើឡើង​ ​បន្ទាប់ពី​ក្រសួង​ព័ត៌មាន​បញ្ជា​ឲ្យ​បិទ​ស្ថានីយ​វិទ្យុ​ជាង​៣០​ជា​បន្តបន្ទាប់​ ដែល​បាន​ជួល​ម៉ោង​ផ្សាយឲ្យ​វិទ្យុ​អាស៊ីសេរី​ ​និង​វិទ្យុ ​VOA​ ​នៅ​ទូទាំង​ប្រទេស។​ ​ចំណែក​ការ​បញ្ជា​ឲ្យ​បិទកាសែត ​The Cambodia Daily ដែល​បាន​បំពេញ​បេសក​កម្ម​អស់​ជាង​២៤​ឆ្នាំ​ ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​កម្ពុជា​ ​ពិសេស​អ្នក​ដែល​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង។​

លោក​ ​អ៊ុក គឹមសេង​ ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ ​មិន​បាន​ឆ្លើយ​សំណួរ​លម្អិត​របស់​ VOA ​ដែល​សួរ​ថា ​តើ​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​អាច​នឹង​បន្ត​ចុះ​យក​ព័ត៌មាន​របស់​ពួកគេ​បាន​ ​ឬ​យ៉ាងណា​នោះ​ទេ​ ​ដោយ​លោក​គ្រាន់តែ​ប្រាប់​ថា​ ​ការ​មិន​សុំ​ច្បាប់​បង្កើត​ការិយាល័យ​ ​និង​ការប្រកាស​ផ្អាក​ប្រតិបត្តិការ​ ​និង​បិទ​ការិយាល័យ​នៅ​រាជធានី​ភ្នំពេញ​គឺជា​ ទង្វើ​ខុស​ច្បាប់។​

លោក ​អ៊ុក គឹមសេង​ ​បញ្ជាក់​ថា៖​

«គាត់​បិទ​អី​ជា​រឿង​របស់​គាត់។ ​ប៉ុន្តែ​ទាក់ទង​នឹង​ការ​រាយ​ការណ៍​ព័ត៌មាន​របស់​គាត់ ​បើ​សិន​ជា​គាត់​ធ្វើ​អី​របៀប​ណា​ដែល​ខុស​នឹង​ច្បាប់​រដ្ឋ ​អា​ហ្នឹង​អ្នក​ប្រព្រឹត្ត ​អ្នក​អនុវត្ត​ហ្នឹង​ជា​អ្នក​ទទួល​ខុស​ត្រូវ»។​

នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ ​វិទ្យុគឺជា​ប្រភព​ព័ត៌មាន​ដ៏​សំខាន់​សម្រាប់​ប្រជាជន​តាម​ជន​បទ។​ ​ ដោយ​ឡែក​នៅ​កម្ពុជា​ ​ក្រុម​ប្រជាជន​ ទាំង​នៅ​ទីក្រុង​ និង​ជនបទ​ ​ទាំង​អ្នក​វ័យ​ក្មេង និង​វ័យ​ចំណាស់មាន​ភាគរយ​ប្រហាក់​ប្រហែល​គ្នា​ក្នុងការទទួលបាន​ព័ត៌មានតាមវិទ្យុ​ ​គឺ​ប្រមាណ​៧០ ភាគរយ។​ នេះ​បើតាម​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ទម្លាប់​នៃ​ការ​ទទួល​ព័ត៌មាន​របស់​យុវជន​កម្ពុជា​ ​ចន្លោះ​ឆ្នាំ​២០១៣ទៅ​២០១៦។ ការ​ស្រាវ​ជ្រាវនេះ​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​ BBC Media Action។​ ​ការស្រាវជ្រាវ​នេះ​ក៏​បាន​បង្ហាញ​ទៀត​ថា​ ក្រុម​អ្នក​ទទួល​ព័ត៌មាន​ពី​វិទ្យុ​ ដែល​ចម្បង​ជាង​គេ​គឺអ្នក​ធ្វើការ​ផ្នែក​ជំនាញ​បច្ចេក​ទេស​ កម្មករ​ជំនាញ​ អ្នក​គ្មាន​ការងារ​ធ្វើ​ និង​និស្សិត​ ​រីឯ​អ្នក​ទទួល​ព័ត៌មាន​ពី​កាសែត​គឺ​អ្នក​ជំនាញ​បច្ចេកទេស​ ​មន្ត្រី​រាជការ​ ​សិស្ស​ និស្សិត​ អ្នក​ជំនួញ​ និង​ម្ចាស់​ឧស្សាហ​កម្ម។

សារ​ព័ត៌មាន​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ស្ថិត​ក្នុង​ការ​រឹតត្បិត​នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​ ​ដោយ​សារ​ការ​ប្រើ​ច្បាប់​ពន្ធដារ។ ​ស្ថាប័ន​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​មួយ​ចំនួន ​ដែល​ការពារ​សេរីភាព​ព័ត៌មាន​ ​និង​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភព​លោក​ ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ឲ្យ​ស្ថាន​ភាព​សេរីភាព​ព័ត៌មាន​ ​និង​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ​ ក្រោយពី​មាន​ការ​បង្ក្រាប​ភ្លាមៗ​ ​និង​ជា​បន្ត​បន្ទាប់​ទៅ​លើ​ស្ថាប័ន​ផ្សាយ​ព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។​

​ស្ថាប័ន​ ​និង​អង្គការ​ជាតិ​ ​អន្តរជាតិ​ទាំងនោះ​រួម​មាន ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ញូយ៉ក ​សហ​រដ្ឋ​អាមេរិក​ ​គណៈ​កម្មការ​ដើម្បី​ការពារ​អ្នក​កាសែត​ ​(CPJ)​ ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​(OHCHR)​ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​(CCHR)​ ​អង្គការ​លីកាដូ​ ​(LICADHO)​ ​និង​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ ​(ADHOC) ​ជា​ដើម។​

លោក​ ​Nathan Thompson​ ​ប្រធាន​ក្លឹប​អ្នក​សារព័ត៌មាន​បរទេស​នៅ​កម្ពុជា ​ប្រាប់​ ​VOA ​តាម​រយៈ​សារ​អេឡិចត្រូនិច​ ​ឬ​អ៊ីមែលថា ​លោក​ចាត់​ទុក​វិទ្យុ​អាស៊ីសេរី​ជា​ប្រភព​ព័ត៌មាន​ដែល​គួរឲ្យ​ទុកចិត្ត ​និង​មាន​វិជ្ជាជីវៈ​នៅ​កម្ពុជា។​ ​លោក​បន្ថែម​ថា​ ​ការ​ប្រកាស​ផ្អាក​ប្រតិបត្តិការ​របស់​វិទ្យុ​អាស៊ីសេរី​ បន្ទាប់​ពី​មាន​ការ​បញ្ជា​ឲ្យ​បិទ​វិទ្យុ​ជា​ច្រើន​ដែល​ជួល​ម៉ោង​ផ្សាយ​ឲ្យ​អាស៊ីសេរី​នេះ​ ​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ទៀត​សម្រាប់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ ​និង​បដិសេធ​មិន​ឲ្យ​ប្រជាជនទទួល​បាន​ព័ត៌មាន ​គឺដែល​មាន​ន័យ​ថា​ សេរីភាព​នៃ​ការ​ជ្រើស​រើស​ជីវិត​ ​និង​ សេរីភាព​នៃ​ការ​ជ្រើស​រើស​អ្នក​ដឹក​នាំ​របស់​ពួក​គេ​ត្រូវ​បាន​កាត់​បន្ថយ។​

លោក​ ​Nathan Thompson​ បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ក្នុង​ន័យ​ដើម​ថា៖​

«វា​ជា​ផ្នែក​មួយ​នៃ​វិធី​សាស្រ្ត​ដ៏​ធំទូលាយ​មួយ​ដើម្បី​លុប​បំបាត់​សំឡេង​ប្រឆាំង​នានា​ ​មុនការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ»។​

បើ​ទោះ​បី​ជា​វិទ្យុ​អាស៊ីសេរី​បាន​ប្រកាស​ផ្អាកប្រតិបត្តិការ​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំពេញ​មួយ​រយៈ​ក្តី​ ​ប៉ុន្តែ​វិទ្យុ​មួយ​នេះ​ប្រកាស​ថា​ នឹង​នៅ​តែបន្ត​រាយ​ការណ៍​លើ​បញ្ហា​ ​និង​ព្រឹត្តិ​ការណ៍​នានា​ ​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​កម្ពុជា ​ហើយ​នឹង​បន្ត​ផ្សាយ​កម្មវិធី ​សេចក្ដី​រាយ​ការណ៍​ ​និង​ព័ត៌មាន​នានា​ ​នៅ​លើ​រលកវិទ្យុ​កម្រិត​ទាប ​(SW) ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​(Facebook)​ យូធូប ​(YouTube)​ និង​គេហទំព័រ​ www.rfa.org/khmer/​ ជា​បន្ត​ទៅ​ទៀត៕

XS
SM
MD
LG