ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​វៀតណាម​គ្រោង​រៀបចំ​ខួប​លើក​ទី៤០​នៃ​ការ​តស៊ូ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ៊្វុក ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន​នៅទីក្រុងហាណូយ ប្រទេសវៀតណាម ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។

លោក ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​មេដឹកនាំ​វៀតណាម​ថា​ នឹង​​ប្រារព្ធ​ខួប​លើក​ទី​៤០ឆ្នាំ​នៃ​ការ​ផ្តួល​រំលំ​របប​ខ្មែរក្រហម ហើយ​បាន​បង្ហាញ​ការ​តាំង​ចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ ដើម្បី​កសាង​ព្រំដែន​មួយ​ដែល​គ្មាន​ជម្លោះ។

កម្ពុជា​និង​វៀតណាម​បាន​ឯកភាព​ជួយ​គ្នា​ទៅ​វិញ​ទៅមក​លើ​កិច្ចការ​ជាច្រើន ​រួម​ទាំង​ការ​ពង្រីក​កិច្ច​សហការ​ផ្គត់ផ្គង់​ថាមពល​ និង​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ ដែល​នៅ​សេសសល់​រវាង​ប្រទេស​ទាំង​ពីរ។​ ​ប្រទេស​ជិតខាង​គ្នា​ទាំងពីរ​នេះ​ក៏​បាន​ប្រកាស​ត្រៀម​រៀបចំ​ខួប​លើក​ទី​៤០ឆ្នាំ​នៃ​ការ​វាយ​ផ្តួល​រំលំ​របប​ខោអាវ​ខ្មៅ​ខ្មែរ​ក្រហម។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ ​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អាទិត្យ។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចុះថ្ងៃ​ទី៩​ ​ខែធ្នូ​ ឆ្នាំ២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​មេដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​ចំនួន​បី​ថ្ងៃ​ ​នៅ​ប្រទេស​វៀតណាម​ ​ទីដែល​លោក​ ​ហ៊ុន សែន​ ​បាន​ជួប​ក្រុម​មេដឹកនាំ​របស់​ប្រទេស​កុម្មុយនីស្ត​វៀតណាម។

ក្រសួង​ការបរទេស​កម្ពុជា​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ថា​ ​មាន​ការ​ពិភាក្សា​យ៉ាង​ទូលំ​ទូលាយ​អំពី​ការ​ដោះស្រាយ​បញ្ហាព្រំដែន​ ​ក្នុង​ជំនួប​របស់​លោក​ ​ហ៊ុន សែន​ ​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោក​ ​ង្វៀន សួនហ៊្វុក។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​កម្ពុជា​ បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ថ្នាក់​ដឹកនាំ​ទាំងពីរ​ស្វាគមន៍​សមិទ្ធិផល​នៃ​ការងារ​ខណ្ឌ​សីមា​ ​និង​បោះ​បង្គោល​ព្រំដែន​កន្លង​មក​ ​និង​បាន​ឯកភាព​គ្នា​ជំរុញ​ឲ្យ​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន​ទាំង​សង​ខាង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​គោក​ដែល​នៅសេសសល់​ ចំនួន​១៦ភាគរយ​ផ្អែក​លើ​ស្មារតី​នៃ​មិត្តភាព​ ​និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ សំដៅ​កសាង​ខ្សែ​បន្ទាត់​ព្រំដែន​រួម​ប្រកប​ដោយ​មិត្តភាព​ សន្តិភាព​ ​ស្ថិរភាព​ ​និង​សហ​ប្រតិបត្តិការ​រឹងមាំ​យូរអង្វែង​សម្រាប់​ប្រជាជន​ជំនាន់​ក្រោយៗ»។​

លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​ថ្នាក់​ដឹកនាំ​វៀតណាម​ ​«ក៏​បាន​ឯកភាព​គ្នា​រៀប​ចំ​រំឭកខួប​អនុស្សា​វរីយ៍​លើក​ទី​៤០​ នៃ​ការ​តស៊ូ​រួម​គ្នា​ ​ដើម្បី​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត»។

ទាក់​ទិន​បញ្ហា​សន្តិសុខ​ លោក​ ​ហ៊ុន សែន​ ​មេដឹកនាំ​ទីក្រុង​ភ្នំពេញ​ និង​មេដឹកនាំ​ទីក្រុង​ហាណូយ​លោក​ង្វៀន សួនហ៊្វុក​ បាន​ប្តេជ្ញាចិត្ត​បង្កើនកិច្ច​សហប្រតិបត្តិការ​ និង​ចែក​រំលែក​ព័ត៌មាន​គ្នា​ឲ្យបាន​ទាន់​ពេល​វេលា​ ដើម្បី​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ រួមទាំងការ​កាប់​ឈើ​ខុស​ច្បាប់​ ក៏ដូច​ជា​កាត់​បន្ថយ​ផល​ប៉ះពាល់​ពីគ្រោះ​ធម្មជាតិ។​ ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ក៏បាន​ឯកភាព​សំណើ​រៀប​ចំ​ឲ្យ​មាន​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ទប់​ស្កាត់​ការ​លួច​ និង​ការ​ជួញដូរ​សម្បត្តិ​វប្បធម៌​នៃប្រទេស​ទាំង​ពីរ។

លោក​បណ្ឌិត​ ​មាស នី​ ​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ ​និង​វៀតណាម​ ​ជា​ដំណើរ​រឿង​ពិបាក​ដោះស្រាយ​មួយ​តាំងតែ​ពី​ដើម​ទី​មក។

លោក​ថា​ បញ្ហា​នេះ​ក៏​នៅតែ​មាន​ភាព​ស្មុគស្មាញ​មួយ​ក្នុង​ពេល​បច្ចុប្បន្ន​ នៅ​គ្រា​កម្ពុជា​ មិន​ទាន់​មាន​ភាព​ឯកភាព​ជាតិ​នៅ​ឡើយ។​ ​ការណ៍​ដែល​មិន​មាន​ឯកភាព​ជាតិ​នេះ​ អាច​នឹង​ដាក់​ការ​ដោះស្រាយ​ព្រំដែន​របស់​កម្ពុជា​ជាមួយ​វៀតណាម​ ឲ្យ​ស្ថិត​ក្រោម​ការ​រិះគន់​ពី​មហាជនខ្មែរ​ទូទៅ។

«ក្នុង​ប្រទេស​ណាក៏​ដោយ​ ​បើ​មិន​មាន​ឯកភាព​ជាតិ​ផ្ទៃក្នុង​ទេ​ ​ការ​រៀប​ចំ​ព្រំដែន​ហ្នឹង​ វានឹង​នៅតែ​ទទួល​ការរិះគន់​ពី​សាធារណជន​ ​ពី​ពលរដ្ឋ​របស់​ខ្លួនឯង»។​

សម្រាប់​ការ​ប្រារព្ធ​ខួប​លើក​ទី​៤០​ ឆ្នាំ​នៃការ​វាយ​ផ្តួល​រំលំរបប​ខ្មែរ​ក្រហម​របស់​កម្ពុជា​ និង​វៀតណាម​ លោក​មាស នី​ យល់​ថា​ វៀតណាម​កំពុង​តែ​ប្រាប់​មក​កម្ពុជា​ថា​ មិន​ត្រូវ​ភ្លេច​គុណ​វៀតណាម​ នៅ​ពេល​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ប្រឹង​រំកិល​ខ្លួន​កាន់​តែ​ខ្លាំង​ទៅ​រក​ប្រទេស​ចិន។

«ការ​ធ្វើ​នេះ​ វា​ជា​ការ​ធ្វើ​ប្រារព្ធ​ពិធី​ដែល​មិន​ធ្លាប់​មាន​មួយ​ ដែល​អាច​ឲ្យ​ប្រទេស​កម្ពុជា​ហ្នឹង​ ​ឬ​ក៏​វៀត​ណាម​គេចង់​មក​ប្រាប់​ កម្ពុជា​ថា​ ​គុណ​បំណាច់​របស់​គេហ្នឹង​គឺ​ កម្ពុជា​មិន​ត្រូវបំភ្លេច​ចោល​ទេ​បាទ។​ វា​ធ្វើ​ឲ្យ​យើង​ត្រូវ​ដឹង​គុណ​គេ​មួយ​ជីវិត​រហូត​បាទ»។

VOA​ ​មិនទាន់​អាច​ទាក់​ទង​លោក​ ផៃ ស៊ីផាន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ខ្មែរ​និង​លោក​សុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​បាន​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​ ​VOA​ ​ក៏​មិន​ទាន់​អាច​ទាក់​ទង​លោក​កេត​ សោផាន់​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ដែរ​នៅ​ថ្ងៃ​ចន្ទនេះ។

នាយឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ ដែល​ធ្លាប់​ឆ្លង​កាត់​សម័យ​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​ ​ការ​រួសរាន​មាន​ជីវិត​ពី​របប​ប៉ុល ពត​ ​ជា​រឿង​មួយ​ដែល​លោក​នឹក​ស្មាន​មិន​ដល់។​ លោក​ថា​ ការ​អធិប្បាយ​ណាមួយ​ ដែល​ភ្ជាប់​ពី​ការ​ដឹង​គុណ​កម្ពុជាចំពោះ​វៀតណាម​ ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​មួយ។

​«វិភាគ​អី​ ​វិភាគ​ចុះ​ ​គ្មាន​ច្បាប់​ណា​ចាប់​ទោស​អូស​ដំណើរ​គាត់​ទៅ​ចូល​ពន្ធនាគារ​ ទៅ​កាត់​ទោស​គាត់​ទេ​ ហ្នឹង​ហើយ​សូម​អបអរ​សាទរ​ ហឹ្នង​ហើយ​ដែល​ចង់​ជម្រាប​ជូន...ហ្នឹង​ហើយ​ជា​ប្រទេស​ដែល​មាន​ប្រកាន់​ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ កន្លែង​ដែល​គាត់​វិភាគ​ ដែល​តាម​ប៉ាតណា​ ប៉ាត​ណី ហើយ​ជា​ពហុបណ្ឌិត​ទាំងអស់​ហ្នុង​បាទ»។​

នៅដើម​ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ​ លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ដឹកនាំ​ក្រុម​មន្ត្រី​សំខាន់ៗ​ជាច្រើន​រូប​របស់​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅប្រទេស​លាវ​ផងដែរ​ ​មុននឹង​ការ​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​កាលពី​ថ្ងៃ៦​ ​ដល់​ថ្ងៃទី​៨ ខែ​ធ្នូ​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ​ ត្រូវ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជាលោក​ ​ផៃ ស៊ីផាន​ ​ពណ៌នា​កាល​ពី​កន្លង​មក​ថា​ ជា​ដំណើរ​ពង្រឹង​ទំនាក់​ទំនង​ការទូត​កម្ពុជា​ លាវ និង​វៀតណាម។​ ​តែ​អ្នក​វិភាគមើល​ឃើញ​ថា​ ​វា​ជា​ដំណើរ​ទៅរក​មិត្តចាស់​ ​ខណៈ​ដែល​កម្ពុជា​ បាន​ព្យាយាម​រឹត​ចំណង​កាន់​តែ​ខ្លាំង​ឡើង​ជាមួយ​ប្រទេស​ចិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG