មេដឹកនាំខ្មែរលាវបានឯកភាពគ្នាក្នុងការរៀបចំឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែននិងត្រៀមស្នើឲ្យប្រទេសបារាំងដែលធ្លាប់ដាក់អាណានិគមក្នុងតំបន់ឥណ្ឌូចិនប្រគល់ផែនទីពាក់ព័ន្ធនឹងព្រំដែនខ្មែរលាវមកវិញ ដើម្បីបើកផ្លូវឲ្យប្រទេសទាំងពីរអាចបញ្ចប់ការដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ត្រូវបានដោះស្រាយរួចរាល់។ នេះបើយោងតាមព័ត៌មានសង្ខេបដែលបានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកហ៊ុន សែន និងក្រុមមន្ត្រីសំខាន់ៗរបស់លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសលាវថ្ងៃទី៥និងទី៦ខែធ្នូ មុននឹងបន្តដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ជាទីដែលលោកហ៊ុន សែន គ្រោងជួបក្រុមមេដឹកនាំប្រទេសវៀតណាម និងដាក់កម្រងផ្កានៅទីតម្កល់សពរបស់អតីតមេដឹកនាំប្រទេសវៀតណាម លោកហូ ជីមីញ។
ក្នុងទស្សនកិច្ចនៅប្រទេសលាវ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រូវបានលើកបន្តុបឲ្យឡើងកាន់អំណាចដោយវៀតណាម បានចូលជួបពិភាក្សាជាមួយក្រុមមេដឹកនាំប្រទេសលាវ ក្នុងនោះមានប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់លាវ។ ក្នុងជំនួបជាមួយប្រធានាធិបតីលាវលោក ប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) លោកហ៊ុន សែន បានឯកភាពគ្នាជាមួយលោកប៊ុញ៉ាំង វរជីត ជាច្រើនលើបញ្ហាព្រំដែន ដែលរួមមានការស្នើសុំឯកសារព្រំដែន និងផែនទីពីប្រទេសបារាំងដើម្បីដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់។
ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន បានបញ្ជាក់ឲ្យដឹងក្នុងន័យដើមថា៖
«យើងបានឯកភាពរួមគ្នានឹងដោះស្រាយបញ្ហាព្រំដែនក្នុងកម្រិតបច្ចេកទេសដើម្បីរៀបចំឯកសារផ្ញើទៅប្រទេសបារាំងក្នុងពេលវេលាដ៏ឆាប់ៗ។ ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាទៅលើការរៀបចំឯកសារ ផែនទីដែលមានមាត្រដ្ឋានកម្រិត១/១០០ពាន់មកជាមាត្រដ្ឋាន UTM១/៥០ពាន់វិញ។ យើងនឹងស្នើឲ្យបារាំងផ្តល់ឯកសារនិងផែនទីពាក់ព័ន្ធរវាងព្រំដែនកម្ពុជានិងឡាវមកឲ្យយើងវិញ»។
លោកហ៊ុន សែន បានលើកឡើងថា នៅមានសេសសល់ប្រមាណ១៤% ទៀតនៃបញ្ហាព្រំដែន ដែលត្រូវដោះស្រាយបញ្ចប់ ជាពិសេសនៅក្នុងតំបន់អូតាង៉ាវដែល ប្រទេសទាំងពីរនៅមិនទាន់ដោះស្រាយនៅឡើយ។ លោកហ៊ុន សែន ក៏បានឲ្យដឹងពីបំណងរបស់លោកក្នុងការចង់ប្រែក្លាយតំបន់ព្រំដែនទាំងអស់នៅជាប់ប្រទេសកម្ពុជាក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ សម្រាប់មនុស្សជំនាន់ក្រោយៗ។
លោកហ៊ុន សែន ក៏បានធ្វើសន្និសីទព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីលាវលោកថងលូន ស៊ីសូលីត ដោយបានថ្លែងពីបញ្ហាជាច្រើនដែលប្រទេសទាំងពីរត្រូវបន្តដោះស្រាយ។ បញ្ហាព្រំដែនក៏ត្រូវបានលើកឡើងដោយភាគីទាំងពីរក្នុងពេលធ្វើសន្និសីទព័ត៌មាននោះដែរ។
ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា ប្រទេសទាំងពីរបានចាត់ទុកតំបន់អូរតាង៉ាវជាតំបន់ដែលមិនទាន់បានដោះស្រាយ ដោយផ្តោតទៅលើលក្ខខណ្ឌចំនួនបី «ទី១គឺគ្មានវត្តមានកងទ័ពនៃប្រទេសនៅតំបន់នោះ។ ទី២ គឺគ្មានប្រជាជនធ្វើអាជីវកម្មនៅទីនោះ និងទី៣ នៅពេលចុះត្រួតពិនិត្យ គឺភាគីទាំងពីរត្រូវតែធ្វើរួមគ្នា រួមទាំងលើគោក ផ្លូវទឹក និងផ្លូវអាកាស»។
មេដឹកនាំប្រទេសជិតខាងទាំងពីរក៏បានអំពាវនាវ និងស្នើសុំឲ្យប្រធានាធិបតីបារាំងក៏ដូចជារដ្ឋាភិបាលបារាំង ជួយបញ្ចូនឯកសារពាក់ព័ន្ធទាំងអស់ ដែលផ្ដល់នូវផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហាព្រំដែននេះ។ ក្រៅពីបញ្ហាព្រំដែននេះ នាយករដ្ឋមន្ត្រីប្រទេសទាំងពីរបានចុះហត្ថលេខាស្ដីអំពីការផ្គត់ផ្គង់អគ្គិសនីពីឡាវមកផ្គត់ផ្គង់នៅកម្ពុជា ដែលជាផ្នែកមួយសំខាន់នៃកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្មនៃប្រទេសទាំងពីរផងដែរ។
ភាគីទាំងពីរក៏បានឯកភាពគ្នាពីការតភ្ជាប់ស្ពាន តភ្ជាប់ពីភាគខាងជើងនៃខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រហូតដល់ខេត្តចំប៉ាសាក់ ដែលផ្ដល់ឱកាសឲ្យប្រជាជនប្រទេសទាំងសងខាងងាយស្រួលក្នុងការធ្វើដំណើរ ហើយទំនាក់ទំនងក្នុងវិស័យអប់រំ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀត។
ក្នុងបញ្ហាព្រំដែនរវាងលាវនិងខ្មែរនេះ លោក ហ៊ុន សែន ធ្លាប់បានគំរាមប្រើកម្លាំងទ័ពប្រឆាំងនឹងប្រទេសលាវ កាលពីឆ្នាំ២០១៧ ក្នុងពេលដែលទាហានលាវបានចូលទៅបោះទីតាំងនៅក្នុងតំបន់អូរតាង៉ាវ ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ខេត្តអាតាពើប្រទេសលាវ។ ក៏ប៉ុន្តែ ក្រោយការចរចារវាងមេដឹកនាំប្រទេសទាំងពីរ ជម្លោះនៅតំបន់នោះបានវិលមករកភាពស្ងប់ស្ងាត់ និងមិនកើតមានការប្រឈមមុខខាងយោធាណាមួយឡើង។
បន្ទាប់ពីទស្សនកិច្ចនៅប្រទេសលាវ លោកហ៊ុន សែន និងក្រុមមន្ត្រីសំខាន់ៗរបស់លោកនឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកុម្មុយនីស្តវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងវៀតណាមបន្ថែមទៀត៕