នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន និងក្រុមមន្ត្រីសំខាន់ៗរបស់កម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការមួយទៅកាន់ប្រទេសកុម្មុយនីស្តវៀតណាមនៅថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជានិងវៀតណាមបន្ថែមទៀត។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរបស់ថ្នាក់ដឹកនាំខ្មែរ កើតមានឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវដែលជាប្រទេសជិតខាងកម្ពុជានិងវៀតណាម។
តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៤ ខែធ្នូនេះ បានបញ្ជាក់ឲ្យដឹងថា លោក ហ៊ុន សែន នឹងដឹកនាំក្រុមមន្ត្រីសំខាន់ៗមួយចំនួនរបស់លោក ទៅវៀតណាមដែលរួមមានរដ្ឋមន្ត្រីការពារជាតិលោកទៀ បាញ់ រដ្ឋមន្ត្រីការបទេសលោក ប្រាក់ សុខុន ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនលោក វ៉ា គឹមហុង រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីរ៉ែ និងថាមពលលោក ស៊ុយ សែម រដ្ឋមន្ត្រីទេសចរណ៍លោកថោង ខុន រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីកសិកម្មលោក វេង សាខុន រដ្ឋមន្ត្រីពាណិជ្ជកម្មលោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីអប់រំលោក ហង់ ជួនណារ៉ុន និងក្រុមមន្ត្រីជាន់ខ្ពស់ផ្សេងទៀតនៃរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងទស្សនកិច្ចលើករយៈពេលបីថ្ងៃនេះ លោក ហ៊ុន សែន ក៏គ្រោងនឹងដាក់កម្រងផ្កា នៅទីតម្កល់សពអតីតមេដឹកនាំវៀតណាមលោកហូ ជីមីញ ផងដែរ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖
«ក្នុងអំឡុងពេលស្នាក់នៅទីក្រុងហាណូយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញដាក់កម្រង ផ្កានៅវិមានអនុស្សាវរីយ៍បុព្វបុរស និងយុទ្ធជនពលី និងនៅវិមានតម្កល់សពលោកហូ ជីមិញ»។
សេចក្តីប្រកាសដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងអំឡុងពេលទស្សនកិច្ចចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ធ្នូ ឆ្នាំ២០១៨នោះ លោក ហ៊ុន សែន នឹងចូលជួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម ង្វៀន ហ៊្វូជុង (Nguyen Phu Trong) ប្រធានរដ្ឋវៀតណាម រួចបន្តជួបពិភាក្សា ទេ្វភាគី និងពិសារអាហារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោកង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) «ដើម្បីពង្រឹងនូវចំណងទាក់ទងជាមិត្តភាពរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ និងព្រួយបារម្ភ ដើម្បីជាផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជាតិទាំងពីរ»។
បន្ថែមលើនោះ លោកហ៊ុន សែន នឹងចូលរួមក្នុងកម្មវិធីកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់កម្ពុជា-វៀតណាម និងជួបសម្តែងការគួរសមជាមួយសមាគមមិត្តភាពកម្ពុជា-វៀតណាម។
ដំណើរទៅកាន់វៀតណាមរបស់ប្រតិភូជាន់ខ្ពស់កម្ពុជានាពេលនេះ កើតមានឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការបញ្ចប់ទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់ សុខុន នៅវៀតណាម ជាទីដែលលោកនិងសមភាគីលោក គឺលោកផាម ប៊ិញមិញ (Pham Binh Minh) បានប្រកាសពីជំហរមិនអនុញ្ញាតឲ្យមានកម្លាំង «អមិត្ត» ប្រើប្រាស់ទឹកដីក្នុងប្រទេសទាំងពីរដើម្បីវាយតបតនឹងប្រទេសមួយផ្សេងទៀត និងបានព្រមព្រៀងលើកិច្ចការពារសន្តិសុខផ្សេងទៀត ការបន្តដោះស្រាយបញ្ហាព្រំដែន និងកិច្ចការងារដទៃទៀត រួមទាំងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ការប្រកាសជំហររបស់ប្រទេសទាំងពីរយ៉ាងដូច្នេះ ធ្វើឡើង ក្រោយការចេញផ្សាយអត្ថបទមួយរបស់កាសែត Asia Times ដែលបានលើកពីមន្ទិលជាច្រើនថា កម្ពុជាកំពុងបើកឲ្យមានការដាក់មូលដ្ឋានកងទ័ពជើងទឹកចិន ខណៈមានក្រុមហ៊ុនចិនមួយ បានកំពុងសាងសង់កំពង់ផែទឹកជ្រៅធំមួយក្នុងខេត្តកោះកុងរបស់ប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ។
អត្ថបទមួយរបស់កាសែត Asia Times មានចំណងជើងថា «កម្ពុជានៅចំកណ្តាលសង្គ្រាមត្រជាក់ថ្មី»បានលើកឡើងពីការវិភាគជាច្រើនដែលអះអាងថា កំពង់ផែថ្មីកោះកុង (Koh Kong New Port) ក្នុងប្រទេសកម្ពុជា ដែលជាកំពង់ផែទឹកជ្រៅនោះ គឺធំគ្រប់គ្រាន់សម្រាប់ទទួលនាវាចម្បាំង និងនាវាប្រដេញក្នុងការប្រយុទ្ធដ៏មានសក្ដានុពល និងកប៉ាល់ធំៗផ្សេងទៀតរបស់កងទ័ពជើងទឹករបស់កងទ័ពរំដោះប្រជាជនចិន។ ក៏ប៉ុន្តែក្រុមមន្ត្រីកម្ពុជា និងលោកហ៊ុន សែន បានទាត់ចោលសេចក្តីរាយការណ៍នោះថា មិនមែនជារឿងពិតឡើយ។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បាននៅឡើយទេ នៅថ្ងៃពុធនេះ។
យ៉ាងណាមិញ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ ប្រាប់ VOA នៅថ្ងៃពុធនេះថា ការធ្វើទស្សនកិច្ចរបស់គណៈប្រតិភូជាន់កម្ពុជានាពេលនេះ ដែលមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រមុខនោះ គឺជាដំណើរទស្សនកិច្ចដើម្បីរឹតចំណងការទូតពហុភាគីដែលមានឡាវ កម្ពុជា និងវៀតណាម។
«ទីមួយលោកអញ្ជើញទៅឡាវ ដែលកិច្ចប្រជុំអូនឯងមើលអាហ្នឹង ជាវេទិកាស្អីរបស់គេមួយ ហើយមកវៀតណាម មកវៀតណាមតាមធម្មតា នៅពេលនាយករដ្ឋមន្ត្រីណា ដែលទទួលបានតំណែងបន្ទាប់ពីការបោះឆ្នោតហ្នឹង តែងធ្វើទស្សនកិច្ចជាផ្លូវការក្នុងការបង្ហាញខ្លួនអាហ្នឹងជាការងារ protocol ពិធីការរបស់ប្រជាជាតិ ហើយសម្តេចលោកអញ្ជើញទៅហ្នឹង ក្នុងនាមលោកជានាយករដ្ឋមន្ត្រីអាណត្តិទីប្រាំមួយ ដែលធ្វើដំណើរ ដែលធ្វើទស្សនកិច្ចជាផ្លូវការ ស្របតាមការអញ្ជើញរបស់វៀតណាម អាហ្នឹងជាពិធីការនៃ ដែលថា្នក់នាំកំពូល បន្ទាប់ពីការបោះឆ្នោតនៃអាណត្តិនីមួយៗ ដើម្បីបង្ហាញខ្លួនបាទ»។
អ្នកវិភាគនយោបាយកម្ពុជា លោកបណ្ឌិត មាស នី យល់ថា ដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូកម្ពុជាលើកនេះ អាចមានការពិភាក្សាលើបញ្ហាជាច្រើនក្នុងនោះមានបញ្ហាព្រំដែនរវាងប្រទេសទាំងបីកម្ពុជាវៀតណាម និងឡាវ រួមនឹងការចោទប្រកាន់ថា កម្ពុជាចង់ឲ្យមានមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជា។
«យើងៗ គិតថា អារឿងហ្នឹងវាពាក់ព័ន្ធទាំងអស់គ្នា ព្រោះរហូតមកដល់ពេលនេះ ហាក់ដូចជាមិនទាន់មាន អ្វីដែលជាការបង្ហាញឲ្យច្បាស់លាស់អំពីទាក់ទងនឹងការចោទប្រកាន់ពីអន្តរជាតិ ដូចប្រទេសសហរដ្ឋអាមេរិក ទៅលើវត្តមាននៃកងទ័ពចិន នៅក្នុងកម្ពុជា។ អ៊ីចឹង អានេះ...មើលទៅរដ្ឋាភិបាលដូចជាមានការព្រួយបារម្ភដែរ រឿងការចោទប្រកាន់ហ្នឹង មិនមែនថាអត់សោះទេ ហើយយើងមិនដឹងថា តើអាមេរិកហ្នឹងគេបានភស្តុតាងអីខ្លះហើយ បានគេហ៊ានរហូតដល់អនុប្រធានាធិបតីរបស់គេចេញមក ហើយគេអះអាងថា យើងបានធ្វើដំណើរចូលទៅក្នុងសង្គ្រាមត្រជាក់ ហើយបង្កឲ្យមានបង្កើតវត្តមានកងនាវាទ័ពចិនអីនៅក្នុងប្រទេសខ្មែរ កងទ័ពខាងនាវាចរណ៍ចិននេះបាទ»។
នៅមុនការចាកចេញទៅប្រទេសឡាវ លោកហ៊ុន សែន នឹងដឹកនាំប្រតិភូជាន់ខ្ពស់ដែលមានសមាសភាពដូចបានរៀបរាប់ខាងលើទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅទីនោះ លោកហ៊ុន សែន នឹងជួបពិភាក្សាជាមួយលោកប៊ុនញ៉ាំង វរជីត (Bounnhang Vorachith) ប្រធានរដ្ឋឡាវ និងអ្នកស្រីប៉ានី យ៉ាថទូ ប្រធានរដ្ឋសភាជាតិឡាវ។
លោកហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោកថងលូន ស៊ីសូលីត «ដើម្បីពិភាក្សារិះរកលទ្ធភាពក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេ្វភាគីដែលមានស្រាប់ ដើម្បីនាំមកនូវផលប្រយោជន៍ពិតប្រាកដសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងផលប្រយោជន៍ទៅវិញទៅមកផងដែរ»។
ក្នុងបញ្ហាព្រំដែនរវាងឡាវ និងកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានគំរាមប្រើកម្លាំងទ័ពប្រឆាំងនឹងប្រទេសឡាវ កាលពីឆ្នាំ២០១៧ ក្នុងពេលដែលទាហានឡាវបានចូលទៅបោះទីតាំងនៅក្នុងតំបន់អូរតាងាវ ស្រុកសៀងប៉ាង ខេត្តស្ទឹងត្រែងប្រទេសកម្ពុជា ដែលមានព្រំប្រទល់ជាប់ខេត្តអាតាពើប្រទេសឡាវ។ ក៏ប៉ុន្តែ ក្រោយការចរចា រវាងមេដឹកនាំប្រទេសទាំងពីរ ជម្លោះនៅតំបន់នោះ បានវិលមករកភាពស្ងប់ស្ងាត់ និងមិនមានការប្រឈមមុខខាងយោធាណាមួយ បានកើតឡើងនោះទេ៕