សាលាគណរាជធានីភ្នំពេញ នៅសប្តាហ៍នេះ បានចេញបម្រាម ហាមមិនឲ្យព្រះសង្ឃនិមន្តទៅតំបន់មួយចំនួនដែលមានមនុស្សកកកុញក្នុងរាជធានីភ្នំពេញ នាឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ ដើម្បីលើកកម្ពស់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។ នេះបើតាមសេចក្តីណែនាំរបស់សាលាគណរាជធានី។
កម្ពុជាកំពុងប្រារព្ធពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា។ ក្នុងពិធីរយៈពេលបីថ្ងៃនេះ គេរំពឹងថា នឹងមានអ្នកចូលរួមពីបណ្តាខេត្តនានាជាង២លាននាក់។ ត្រឹមល្ងាចថ្ងៃពុធ គេឃើញមានឆាកប្រគុំតន្ត្រីតូចធំ ចម្រុះភ្លើងពណ៌ តូបលក់ឥវ៉ាន់និងគ្រឿងស្រវឹងនានាបានចាប់ផ្តើមដំណើរការទទួលភ្ញៀវដែលជាអ្នកចូលរួមបុណ្យជាតិដ៏ធំនេះ។
សេចក្តីណែនាំរបស់សាលាគណរាជធានីចេញថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះ បញ្ជាក់ថា ក្នុងការប្រារព្ធព្រះរាជពិធីអុំទូកកន្លងមក គេតែងឃើញមានព្រះសង្ឃអង្គខ្លះបាននិមន្តចូលកន្លែងប្រារព្ធព្រះរាជពិធីបុណ្យអុំទូក និងកន្លែងកម្សាន្តផ្សេងៗទៀត នៅក្នុងចំណោមមនុស្សច្រើនកកកុញ។ សកម្មភាព និងរូបភាពនេះបានធ្វើឲ្យប៉ះពាល់ដល់គុណតម្លៃនៃព្រះពុទ្ធសាសនា សេចក្តីថ្លៃថ្នូរភេទជាអ្នកបួស និងធម៌វិន័យ និងធ្វើឲ្យជះឥទ្ធិពលដល់ជំនឿសាសនា ព្រមទាំងមានការមិនសប្បាយចិត្តពីពុទ្ធបរិស័ទថែមទៀត។
សេចក្តីណែនាំដដែលបញ្ជាក់ក្នុងន័យដើមថា៖
«ដើម្បីលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា តម្លៃព្រះសង្ឃ និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយរបស់ព្រះសង្ឃក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលប្រព្រឹត្តទៅពីថ្ងៃទី២១ ថ្ងៃទី២២ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សាលាគណរាជធានីភ្នំពេញ សូមចេញសេចក្តីណែនាំការទប់ស្កាត់ ហាមមិនអនុញ្ញាតឲ្យព្រះសង្ឃនិមន្តចូលរួមបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅកន្លែងមួយចំនួន»។
តំបន់ដែលត្រូវបានហាមឃាត់មិនឲ្យព្រះសង្ឃនិមន្តចូលរួម មានដូចជា តំបន់ចាប់ពីវិមានឯករាជ្យរហូតដល់គល់ស្ពានជ្រោយចង្វារខាងជើង រួមមានតំបន់វត្តភ្នំ មុខវាំង សួនមុខវត្តបទុមវតី ណាហ្កាវើល កោះពេជ្រ ផ្សារចាស់ និងផ្សារកណ្តាល។
ព្រះអង្គសឹម សោន សាស្រ្តាចារ្យផ្នែកភាសាបាលីនៃសាលាពុទ្ធិកៈបឋមសិក្សាខណ្ឌពោធិ៍សែនជ័យ មានសង្ឃដីកាប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ព្រះអង្គគាំទ្រការចេញសេចក្តីណែនាំរបស់សាលាគណរាជធានី និងថា ព្រះសង្ឃមួយចំនួននិមន្តមកពីតាមខេត្ត ទើបមិនបានទទួលសេចក្តីណែនាំ ហើយនៅតែបន្តនិមន្តទៅតំបន់ដែលមានមនុស្សអ៊ូអរទាំងនោះ។
ព្រះអង្គមានសង្ឃដីកាថា៖
«ទោះបីមានកម្មវិធីបុណ្យអីផ្សេងៗអ៊ីចឹង បានសេចក្តីថា ព្រះសង្ឃហ្នឹងគឺលោកនៅដោយស្ងៀមស្ងាត់ លោកមិនចូលរួមនៅក្នុងកម្មវិធីអ៊ីចឹង ពីព្រោះអត់គួរ។ គួរ វាលែងតែមួយគឺពេលដែលកាត់ព្រ័ត្ត។ ជួនកាលគេនិមន្តព្រះសង្ឃទៅដើម្បីជ័យន្តោនៅក្នុងមុខវាំង អាហ្នឹងជារឿងផ្លូវការមួយ។ ប៉ុន្តែដែលនិយាយគឺច្រើនតែព្រះសង្ឃដែលលោកទៅពីខាងក្រៅ»។
ព្រះអង្គបន្ថែមថា មន្រ្តីសង្ឃប្រចាំខណ្ឌទាំងអស់គួរតែចាត់ចែងករណីនេះដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាពកុំឲ្យព្រះសង្ឃនិមន្តចូលទៅតំបន់កម្សាន្ត និងតំបន់អ៊ូអរទាំងនោះ។
ព្រះអង្គមានសង្ឃដីកាថា៖
«ក្នុងពេលដែលបុណ្យអុំទូកហ្នឹង សម្រាប់ខណ្ឌគេនីមួយៗ គេតែងតែមានព្រះសង្ឃ គេមានមន្រ្តីសង្ឃ។ ដល់មានមន្រ្តីសង្ឃ អ៊ីចឹងបានន័យថា ការរៀបចំហ្នឹងគឺមានន័យថា ត្រូវមានមន្រ្តីសង្ឃលោកត្រួតពិនិត្យ។ ឧបមាថា នៅពេលដែលទៅមាត់ទន្លេឃើញព្រះសង្ឃនិមន្តអញ្ចេះមួយៗ បានន័យថា មន្រ្តីសង្ឃលោករាយការណ៍ទៅ! ទៅសួរនាំថា តើព្រះអង្គមកពីណា? ព្រះអង្គនិមន្តមកទីនេះ ព្រះអង្គមានកិច្ចការងារអី? អាហ្នឹងហើយទប់ស្កាត់ ហើយត្រូវរៀបចំអ៊ីចឹង»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីបានទេ។
ក្នុងឱកាសបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំនេះ ក្រសួងមហាផ្ទៃបានត្រៀមកម្លាំងចម្រុះ ទាំងចំហ និងសម្ងាត់ជាងមួយម៉ឺនបីពាន់នាក់ សម្រាប់ការពារសន្តិសុខសណ្តាប់ធ្នាប់ ខណៈទូកអុំមានការកើនឡើងរហូតដល់២៩៥ទូក និងកីឡាករជិតពីរម៉ឺននាក់។
ក្រសួងទេសចរណ៍កម្ពុជារំពឹងថា នឹងមានអ្នកចូលរួមប្រមាណជា៦០-៧០ម៉ឺននាក់ក្នុងមួយថ្ងៃ និងប្រមាណជា២លាននាក់ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យជាតិមួយនេះ៕