មន្ត្រីសង្ឃជាន់ខ្ពស់ផុតលេខនៃប្រទេសកម្ពុជា នៅសប្តាហ៍នេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ព្រះសង្ឃទូទាំងប្រទេសកម្ពុជាបោះឆ្នោតឱ្យគណបក្សគ្រប់គ្រងអំណាចរបស់លោក ហ៊ុន សែន ដែលលោកថា បានផ្តល់ការរស់រានមានជីវិតដល់ពលរដ្ឋកម្ពុជា បង្កើនកិច្ចអភិវឌ្ឍន៍ និងការពារបរិស្ថាន។
ថ្លែងក្នុងមហាសន្និបាតសង្ឃទូទាំងប្រទេស កាលពីថ្ងៃពុធ សម្តេចសង្ឃរាជ ទេព វង្ស ដែលគេស្គាល់ថា មានភាពស្និទ្ធស្នាលនឹងគណបក្សកាន់អំណាច បានលើកឡើងពីគុណតម្លៃនិងស្មារតីនៃរណសិរ្សង្គ្រោះជាតិ២ធ្នូ និង ៧មករា ដែលជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។ សម្តេចសង្ឃរាជក៏បានលើកដំកើងពីអំណាចដ៏ធំរបស់លោកនាយករដ្ឋមន្ត្រីដែលគ្រប់គ្រងប្រទេសប្រកបដោយកិច្ចអភិវឌ្ឍន៍ និងស្មារតីសាមគ្គីភាព។
ថ្លែងទៅកាន់មន្ត្រីសង្ឃ និងអ្នកចូលរួមក្នុងមហាសន្និបាតសង្ឃ កាលពីថ្ងៃពុធ សម្តេចសង្ឃរាជ ទេព វង្ស បានបញ្ជាក់ដដែលៗថា៖
«សុំ សមាជិក សមាជិកា ពិចារណាទៅលើការបោះឆ្នោតថា តើនរណាឱ្យយើងរស់? នរណាឱ្យលោក ជីដូន ជីតាយើងបានរស់? នរណាឱ្យឪពុកម្តាយយើងបានរស់? ហើយបានយើងទាំងអស់គ្នាបានកើតនៅខាងក្រោយ។ នេះយើងសុំពិចារណានៅត្រង់ចំណុចទំាងនេះឯង»។
ទោះយ៉ាងណា សម្តេចសង្ឃរាជ ទេព វង្សក៏បានព្រមានផងដែរថា ការបែកបាក់ស្មារតីសាមគ្គី៧មករានិង២ធ្នូអាចនាំដល់ការបាត់បង់ជីវិតនៅកម្ពុជា។
សម្តេចសង្ឃទេព វង្សបញ្ជាក់ក្នុងន័យដើមថា៖
«នរណាចេញទៅជាអាពតទីពីរ ក៏ខ្ញុំមិនជាបញ្ហានោះទេ! ប៉ុន្តអ្នកណាមួយដែលគេហៅថាសាមគ្គីធម៌២ធ្នូកើតសាមគ្គី ហើយ៧មករាកើតព្រហ្មវិហារធម៌ បានរស់រានមានជីវិត។ មានសាមគ្គីបានសុខចម្រើនបាត់សាមគ្គីងាប់»។
ការអំពាវនាវរបស់មន្ត្រីសង្ឃជាន់ខ្ពស់ផុតលេខដែលគេដឹងថា មានភាពស្និទ្ធស្នាលនឹងគណបក្សគ្រប់គ្រងអំណាចនោះ បានធ្វើឡើង ខណៈការបោះឆ្នោតជាតិលើកទី៦ ខិតជិតមកដល់ និងចំពេលដែលមានការបង្ក្រាបដ៏ធ្ងន់ធ្ងរទៅលើក្រុមប្រឆំាង សង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យនានាក្នុងប្រទេសកម្ពុជា។
កាលពីខែវិច្ឆិកាកន្លងទៅ តុលាការកំពូលប្រទេសកម្ពុជាបានសម្រេចរំលាយគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ដែលគេដឹងថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។
ការរំលាយគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជាង៤០ភាគរយក្នុងពេលបោះឆ្នោតកន្លងទៅ បានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំង និងមានការព្រមានដាក់ការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីក្រុមបស្ចឹមប្រទេស។ អ្នកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងក្រុមប្រទេសសេរីបានដាក់ការសង្ស័យថា កម្ពុជាកំពុងដើរខុសគន្លងប្រជាធិបតេយ្យ ហើយការបោះឆ្នោតពេលខាងមុខនឹងមិនប្រកបដោយសេរី និងយុត្តិធម៌នោះទេ៕