ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ធម្មការ​និង​សាសនា​អំពាវនាវ​ឱ្យ​ពុទ្ធសាសនិកជន​រៀបចំ​អាសនៈ​ប្រគេន​ព្រះ​សង្ឃ​ឱ្យ​បាន​ត្រឹមត្រូវ


រូប​ឯកសារ៖ សម្តេច​ព្រះ​មហាសង្ឃរាជ្យ​ ទេព វង្ស​ នៃ​គណៈមហានិកាយ​ ចូលរួម​ការប្រារព្ធ​ពីធី​បុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧​។ (ហ៊ាន សុជាតា/VOA)
រូប​ឯកសារ៖ សម្តេច​ព្រះ​មហាសង្ឃរាជ្យ​ ទេព វង្ស​ នៃ​គណៈមហានិកាយ​ ចូលរួម​ការប្រារព្ធ​ពីធី​បុណ្យ​ពិសាខបូជា​ នៅ​ភ្នំ​ឧត្តុង្គ​ ក្នុង​ខេត្ត​កណ្តាល​ នៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ២០១៧​។ (ហ៊ាន សុជាតា/VOA)

សារាចរ​​របស់​ក្រសួង​ធម្មការ​ និង​សាសនា​ណែនាំ​ឲ្យ​ពុទ្ធសាសនិក​​​​ប្រណិប័តន៍​រួម​គ្នា​ក្នុង​ការ​រៀបចំ​អាសនៈ​ប្រគេន​ព្រះសង្ឃ​ ​ដើម្បី​លើក​តម្កើង​ការ​គោរព​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា។

ក្រសួង​ធម្មការ​ ​និង​សាសនា​ ​បាន​ចេញ​សារាចរ​ជា​លើក​ដំបូង​មួយ​ស្តីពី​ការ​រៀបចំ​អាសនៈ​ថ្វាយប្រគេន​ព្រះសង្ឃ​ក្នុង​ពិធី​សាសនា​ ​និង​ពិធី​ផ្លូវការ​របស់​រដ្ឋ​ ​ដើម្បី​ឲ្យ​មាន​ការ​ប្រណិប័ត៍​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​ចែង​ថា«ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ»។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្រ្តី​ជាន់​ខ្ពស់​ក្រសង​ធម្មការ​ ​និង​សាសនា។​

លោក​ ​សេង សុមុនី​ ​អ្នក​នាំពាក្យ​ក្រសួង​ធម្មការ​ ​និង​សាសនា​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា ​សារាចរ​នេះត្រូវ​បាន​បង្កើត​ឡើង​ ​បន្ទាប់ពី​ការ​ប្រណិប័តន៍​គោរព​ព្រះ​សង្ឃ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​ពេល​កន្លង​មក​ ​តែង​មាន​ភាព​មិន​ស្រប​គ្នា​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​រៀបចំ​កន្លែង​ខ្លះ​មាន​ការ​ខ្វះ​ចន្លោះ​ ​និង​ពិបាកក្នុង​ការ​អនុវត្ត។​ ​លោក​បន្ថែម​ថា​ ​សារាចរ​នេះ​មាន​គោល​បំណងលើក​កម្ពស់​សេចក្តី​ថ្លៃ​ថ្នូរកិត្យានុភាព​នៃ​ព្រះ​ពុទ្ធ​សាសនា​ស្របតាម​រដ្ឋធម្មនុញ្ញរបស់​កម្ពុជា ​ដែល​ចែង​ថា​ ​«ព្រះ​ពុទ្ធ​សាសនា​ ​ជា​សាសនា​របស់​រដ្ឋ» ​និង​ដើម្បី​លើក​តម្កើង​ការ​គោរព​ប្រណិប័តន៍​ចំពោះ​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា។​ ​លោក​បន្ថែម​ថា សារាចរ​នេះ​សម្រាប់​តែ​ផ្សព្វផ្សាយ​ដើម្បី​ជា​បទដ្ឋាន​ក្នុង​ការ​ប្រណិប័តន៍​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ប៉ុណ្ណោះ ​មិន​មានការ​ចាប់បង្ខំ​ឲ្យ​អនុវត្ត​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

«តាម​របៀប​ព្រះ​ពុទ្ធសាសនា​ ​គឺយើង​មិន​ដាក់​ទោស​ទណ្ឌ​ក្នុង​ជីវិត​ជន​យ៉ាង​នេះ​យ៉ាង​នោះ​ យ៉ាង​នោះ​ទេគឺ​ថា ​សូម​ឲ្យ​មានការ​អប់រំ​ស្មារតី។​ ​ពេលណា​គាត់​ទទួល​យក​ការ​អប់រំ​ ​គាត់​នឹង​ផ្សព្វផ្សាយ​បន្ត ​ហើយ​ជំរុញ​ការ​ផ្សព្វផ្សាយ​រហូត​ដល់​មាន​ការអនុវត្ត​ទូទាំង​ប្រទេស​ទាំង​អស់​គ្នា»។​

សារាចរ​ណែនាំ​ដែល​ចេញ​ដោយ​ក្រសួង​ធម្មការ​ ​និង​សាសនា ​កាល​ពី​ថ្ងៃ​ទី​១៤​ ​ខែ​កុម្ភៈកន្លង​ទៅ​ ​ធ្វើ​ឡើង​ដោយយោង​លើ​អនុសាសន៍របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំគណៈ​រដ្ឋមន្រ្តី​ ​កាលពី​ថ្ងៃទី​២​ ​ខែ​កុម្ភៈ​ ​ស្តីពី​ការ​រៀបចំ​អាសនៈ​ប្រគេនព្រះសង្ឃ​គង់​នៅ​ឲ្យ​បាន​ខ្ពស់​ជាង​ឧបាសក​ ​ឧបាសិកា​ ​ឬ​គ្រហស្ថ​ធម្មតា​នៅ​គ្រប់​កម្មវិធី​ទាំងអស់​ដែល​មាន​ព្រះ​សង្ឃ​និមន្ត​ចូលរួម។​

ក្នុង​សារាចរ​ដដែល​ក្រសួង​ធម្មការ​ ​និង​សាសនា​ក៏​បាន​ណែនាំ​ឱ្យ​មាន​ការ​រៀបចំ​អាសនៈ​ថ្វាយ​ ​ប្រគេន​ព្រះ​សង្ឃ។ ​ក្រសួង​បាន​ណែនាំ​ក្នុង​សារាចរ​នោះ​ឲ្យ​រៀបចំ​អាសនៈ​ព្រះសង្ឃ​ឲ្យបាន​សមរម្យ​ ដោយ​ត្រូវ​ធ្វើឲ្យ​ខ្ពស់​ជាង​គ្រហស្ថ​ជានិច្ច​ ​បើ​ទោះបី​អាសនៈ​នោះ​ក្រាល​ដោយ​កន្ទេល​ ​ភួយ​ ​ព្រំ​ចៀម ​និង​ក្រមា​ក៏ដោយ។​ ​សម្រាប់​ពិធី​ផ្លូវការ​របស់​រដ្ឋ​ ​ឬ​ក្នុង​ពិធី​សាសនា​មាន​បុណ្យទាន​ធំៗ​ ​អាសនៈ​គង់​របស់​ព្រះសង្ឃត្រូវ​រៀបចំ​ឲ្យ​បាន​ខ្ពស់ជាង​កន្លែង​អង្គុយ​របស់​គ្រហស្ថ​ ​និង​ភ្ញៀវ​ទាំង​អស់​ យ៉ាង​តិច​២​តឹក។​ ​ក្នុង​ករណី​ពិធី​នោះ​ត្រូវ​រៀបចំ​នៅ​ទីកន្លែង​ដែល​មាន​អាសនៈ​ចាប់​ភ្ជាប់​រួច​ជាស្រេច​ ​ហើយ​ដែលមិនអាច​លើក​ ឬ​រុះរើ​បាន ​អាសនៈ​សម្រាប់​ព្រះសង្ឃ​គង់​ត្រូវ​បែងចែក​ឲ្យ​ដាច់​ដោយ​ឡែកពី​គ្រហស្ថ។

សារាចរ​នោះ​បន្ថែម​ថា ​នៅ​ពេល​ដែលគ្រហស្ថ​សំពះ​ ​ព្រះសង្ឃ​មិន​ត្រូវ​លើក​ព្រះហស្ថ​សំពះ​តប​វិញ​ទេ ​ដោយ​គ្រាន់តែ​សម្តែង​អាការៈ​បន្ទន់​ព្រះកាយ​បន្តិច​ជា​ការ​សមគួរ​ ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ប្រពៃណី ​ទំនៀម​ទម្លាប់​ព្រះពុទ្ធ​សាសនា​ផង​ ​និង​ព្រះ​វិន័យ​បញ្ញត្តិ​ផង។​ ​ក្នុង​ពិធី​រាប់​បាត្រ​ ​ឬ​ពិធី​ប្រគេន​ទេយ្យទាន​ផ្សេងៗ​ចំពោះ​ព្រះសង្ឃ​ ​ឧបាសក​ ​ឧបាសិកា​ ឬ​គ្រហស្ថ​ត្រូវដោះ​ទ្រនាប់​ជើង​ជា​ដរាប ​ដើម្បី​សម្តែង​ការគោរព​ចំពោះ​ព្រះសង្ឃ​ដែល​ជា​ឧត្តម​ភេទ។

ព្រះអង្គសឹម សោន​ ​សាស្រ្តាចារ្យ​ផ្នែក​ភាសា​បាលី​នៃ​សាលា​ពុទ្ធិក​បឋម​សិក្សា​ខណ្ឌ​ពោធិសែនជ័យ​ មាន​សង្ឃដីកា​ថា​ ​សារាចរ​ណែនាំនេះ​មានការ​ខ្វះ​ខាត​ច្រើន​ដែល​ចាំបាច់ត្រូវ​សិក្សា​បន្ថែម​ ​និង​ចែង​ឲ្យ​បាន​ច្បាស់​ ​ដូចជា​ការ​ឈរ​រាប់បាត្រនៅ​កន្លែង​ក្តៅ​ខ្លាំង​ គ្រហស្ថមិន​អាច​ដោះ​ទ្រនាប់​ជើង​បាន​ជា​ដើម។​ ​ព្រះ​អង្គ​បន្ថែម​ថា​ ​មាន​ចំណុច​ជាច្រើន​ដែល​ការ​អនុវត្ត​របស់​គ្រហស្ថ​ ​និង​ការ​អនុវត្ត​របស់​ព្រះ​សង្ឃក្នុង​ពេល​កន្លង​មក ​មាន​ភាព​មិន​ត្រឹមត្រូវ​ ​ដែល​ចាំបាច់​ត្រូវ​មាន​តាម​ដាន​ដើម្បី​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ពិត​ប្រាកដ។

ព្រះ​អង្គ​មាន​សង្ឃដីកា​ថា៖​

«សារាចរ​ហ្នឹង​ណែនាំ​មក​ភ្លាម​ ​ការ​អនុវត្ត​ហ្នឹង​មិន​ងាយ​ទេ។​ ​ហើយ​មួយ​ទៀត​ចាំ​ទុក​ថា ​ទម្លាប់​នេះមិន​មែន​កើតឡើង​ឥឡូវនេះទេ​ ​គឺ​កើត​ឡើងយូរ​ណាស់​មក​ហើយ។​ ​ទម្លាប់​ដែល​យើង​ខុស​ ​អាត្មា​ចង់​និយាយ​ថា ​ទម្លាប់​ខុស ​មុន​នឹង​ឲ្យ​ត្រឹមត្រូវ​ល្អ​ ​ទាល់តែ​សារាចរ​ណែនាំ​ហ្នឹង​ហើយ​ ​ទាល់តែ​កែ​លម្អ​ ទាល់​តែ​តាមដាន​ទៀត​ ​ថា​តើ​ការ​រៀបចំ​ហ្នឹង​យ៉ាង​ម៉េចៗ​ខ្លះ?​ ​ករណី​ដែល​លើក​មក​ទាំងប៉ុន្មាន​នេះ ​អាត្មា​បញ្ជាក់​ឡើង​វិញ​ ​មាន​ចំណុច​ខ្លះ​អាត្មា​គាំទ្រ​ ​តែក៏​មាន​ចំណុច​ខ្លះ​ក៏​ត្រូវ​តែ​កែ​លម្អ​ ​ត្រូវ​តែធ្វើ​ឡើង​វិញទៀត​ដែរ»។

​សាស្រ្តាចារ្យ​ផ្នែក​ភាសា​បាលី​នេះ​មាន​សង្ឃដីកាបន្ថែម​យ៉ាង​ដូច្នេះ៖​

«អាត្មា​អង្កេត​មើល​នៅក្នុង​សង្គម​ ជាពិសេស​ឲ្យ​តែ​លោក​អ្នក​សិក្សា​រៀនសូត្រ​ចេះ​ដឹង​ច្បាប់​ ​ចេះ​ដឹង​ធម៌​ ​ចេះ​ដឹង​វិន័យ​ពិតប្រាកដ​ លោក​អត់​ទៅ​សំពះ​គ្រហស្ថ​ទេ។​ ​ប៉ុន្តែ​មាន​មួយ​ចំនួន​ ​មួយ​ចំនួន​ហ្នឹង​មិន​មែន​ថ្នាក់​ទាប​ទេ ​មួយ​ចំនួន​ហ្នឹង​ថ្នាក់ខ្ពស់​ទៅ​ទៀត​ ​ហ្នឹង​ហើយ​ដែល​ខុស​ ​ចំណុច​ទាំងអស់​ហ្នឹង​គឺ​ខុស។ ​តែបើ​ច្បាប់​ចែង​មក​ថា​ បែប​ហ្នឹង​ ​សូម​ធ្វើ​ឲ្យ​បាន​ ​កុំ​ឲ្យ​ចែង​មក​គ្រាន់តែ​ឲ្យ​ល្អ​មើល​ ​កុំ​ឲ្យ​ចែង​មក​គ្រាន់​តែ​យក​ប្រជា​ប្រិយ​ភាពមុន​ពេល​បោះឆ្នោត​តែ​ប៉ុណ្ណឹង»។​

កន្លង​មក​គេ​សង្កេត​ឃើញ​ថា​ ​ព្រះ​សង្ឃ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​លើក​ព្រះហស្ត​សំពះ​ទៅ​គ្រហស្ថ​វិញ​ ដែល​ភាគ​ច្រើន​នៃ​គ្រហស្ថ​ទាំងនោះ​គឺ​ជា​អ្នក​មាន​អំណាច​ ​និង​តួនាទី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល។​ ​ចំណែក​ការ​គោរព​ប្រណិប័តន៍​ព្រះ​សង្ឃ​របស់​ពុទ្ធសាសនិកមួយ​ចំនួន​នៅ​កម្ពុជា ​ក៏​ហាក់​មិន​ទាន់​មាន​ភាព​ត្រឹម​ត្រូវ​ ​ដោយ​ក្នុង​នោះ​គេ​មើល​ឃើញ​ថា​ ​ការ​រៀបចំ​កន្លែង​ខ្លះ​ ​គ្រហស្ថ​អង្គុយ​លើ​កៅអី​ខ្ពស់​ជាង​អាសនៈព្រះ​សង្ឃ​គង់ក៏​មាន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG