ក្រោយការបោះឆ្នោតថ្នាក់ជាតិបានបញ្ចប់ អាជ្ញាធរមូលដ្ឋានបានដើរស្វែងរកអ្នកមិនទៅបោះឆ្នោត និងអ្នកគូសខ្វែងសន្លឹកឆ្នោតចោល។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន។
មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនចាត់ទុករូបភាពបែបនោះ គឺជាការអនុវត្តផ្ទុយពីច្បាប់ ដែលប៉ះពាល់ដល់ការណ៍សម្ងាត់នៃការបោះឆ្នោត និងជារូបភាពគំរាមផ្នែកចិត្តសាស្ត្រ និងបំភិតបំភ័យពលរដ្ឋ។
លោក ថន ចន្ថា ប្រធានស្ដីទីចលនាយុវជនថ្នាក់ជាតិគណបក្សភ្លើងទៀន ប្រាប់វីអូអេថាអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តមួយចំនួនបានសួរនាំប្រជាពលរដ្ឋ និងសកម្មជនគណបក្សភ្លើងទៀនថាបានទៅបោះឆ្នោតឬទេ និងបានសួររកអ្នកគូសសន្លឹកឆ្នោតខ្វែងចោលផងដែរ។ លោកចាត់ទុកសកម្មភាពបែបនេះ ជាការរឹតត្បិតសេរីភាព និងជាការរំលោភសិទ្ធិបោះឆ្នោត និងបង្ហាញឱ្យឃើញថាការបោះឆ្នោតបែបនេះ លែងជាការណ៍សម្ងាត់។
លោកបញ្ជាក់ថា៖ «ខ្ញុំបានទទួលព័ត៌មានពីខាងថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅមូលដ្ឋាន នៅខេត្តមួយចំនួនគឺត្រូវបានអាជ្ញាធរ ក៏ដូចជាប៉ូលិសចុះទៅសួរនាំរឿងប្រជាពលរដ្ឋបានទៅបោះឆ្នោតអត់ ហើយបានគូសសន្លឹកឆ្នោតខ្វែងអត់។ ហើយទង្វើបែបនេះ សម្រាប់ខ្ញុំ ខ្ញុំយល់ឃើញថាវាគឺជាការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រឹតត្បិតសេរីភាពក្នុងការធ្វើសកម្មភាព ឬក៏រំលោភទៅលើសិទ្ធិនៅក្នុងការបោះឆ្នោត ពីព្រោះការបោះឆ្នោតគឺជាការបោះឆ្នោតដែលសម្ងាត់»។
លោកបន្តថា៖ «លក្ខន្តិកៈ និងច្បាប់បោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបានចែងថាការបោះឆ្នោតដោយត្រឹមត្រូវ ដោយស្មើភាពគ្នា ដោយយុត្តិធម៌ ហើយការបោះឆ្នោតហ្នឹងគឺការបោះឆ្នោតដោយសម្ងាត់។ ក៏ប៉ុន្តែការធ្វើបែបនេះរបស់អាជ្ញាធរ មានន័យថាការបោះឆ្នោតហ្នឹងលែងជាការបោះឆ្នោតដោយសម្ងាត់ហើយ ពីព្រោះប្រជាពលរដ្ឋបោះឆ្នោតទៅ ត្រូវបានអាជ្ញាធរដឹងថាបោះយ៉ាងម៉េច បោះឱ្យអ្នកណា ហើយទៅគំរាមកំហែងសួរ អ៊ីចឹងវាលែងជាការបោះឆ្នោតមួយដោយយុត្តិធម៌ហើយ»។
បើតាមលោក ថន ចន្ថា រហូតមកដល់ពេលនេះ ក៏នៅតែមានការតាមចាប់ខ្លួនសកម្មជនហើយសកម្មជនខ្លះត្រូវបានគេចចេញពីផ្ទះ ដើម្បីគេចខ្លួនពីការតាមចាប់របស់អាជ្ញាធរមូលដ្ឋាន ស្របពេលដែលគណបក្សភ្លើងទៀនមិនមានសិទ្ធិចូលរួមប្រកួតប្រជែងការបោះឆ្នោត។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ចាត់ទុកទង្វើរបស់អាជ្ញាធរមូលដ្ឋានដើរសួរពលរដ្ឋ និងសកម្មជនគណបក្សភ្លើងទៀនក្រោយការបោះឆ្នោតបែបនេះ គឺជាការគំរាមកំហែងផ្នែកចិត្តសាស្ត្រដែលធ្វើឱ្យពលរដ្ឋ និងសកម្មជនគណបក្សព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ។
លោកប្រាប់វីអូអេថា៖ «ធម្មតានៅមូលដ្ឋានគឺគ្មានអ្វីក្រៅអំពី ការគំរាមផ្នែកចិត្តសាស្ត្រដោយភាសាចង់មិនចង់សួរអ៊ីចឹងទៅ»។
បើតាមលោក គីមសួរ ភិរិទ្ធ ដោយសារតែមិនមានវត្តមានរបស់គណបក្សប្រឆាំង ទើបមិនមានអ្នកណាអាចទប់ស្កាត់សកម្មភាព ដែលកើតឡើងនេះបាន។ លោកថាគណបក្សភ្លើងទៀនក៏បានអំពាវនាវជាច្រើនលើកផងដែរ ទាក់ទងការអនុវត្តតួនាទីរបស់អាជ្ញាធរឱ្យបានត្រឹមត្រូវ ដោយកុំដើរតួនាទីបម្រើបក្ស។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងថាក្រោយការបោះឆ្នោត ទើបតែបញ្ចប់នាពេលថ្មីៗនេះ សកម្មជនគណបក្សភ្លើងទៀនចំនួន៣នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារ។ លោកបញ្ជាក់ថាមេធាវីការពារក្តី កំពុងតាមដានករណីនេះ។
អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បញ្ជាក់ថា លោកមិនទាន់មានព័ត៌មានជុំវិញករណីដែលមានអាជ្ញាធរចុះសួរនាំពលរដ្ឋអំពីការទៅបោះឆ្នោត ឬគូសខ្វែងសន្លឹកឆ្នោតនេះនៅឡើយទេ។
លោកបន្តថាបើគណបក្សភ្លើងទៀនមានព័ត៌មានអំពីភាពមិនប្រក្រតីនេះ គួរតែប្តឹងទៅក្រសួងមហាផ្ទៃ បូករួមភស្តុតាងច្បាស់លាស់ ដើម្បីស្រាវជ្រាវឱ្យបានពិតប្រាកដ ចៀសវាងការបំផុស ឬធ្វើភាន់ច្រឡំ ដែលបង្កជាការប៉ះពាល់សណ្តាប់ធ្នាប់សង្គម។
លោកបន្តថា៖«បើមានអ្នកណាសួររកអំពីសកម្មភាពសម្ងាត់នៅក្នុងបន្ទប់សម្ងាត់នោះគឺធ្វើឱ្យប៉ះពាល់ដល់ភាពសម្ងាត់នៃសន្លឹកឆ្នោតហើយ»។
លោក ហង្ស ពុទ្ធា បន្តថាពលរដ្ឋមិនបាច់ឆ្លើយតបចំពោះសំណួររបស់អាជ្ញាធរមូលដ្ឋានដែលសួរពាក់ព័ន្ធនឹងការមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតនោះឡើយ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននៅឡើយទេ។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល ថ្លែងថានៅពេលអាជ្ញាធរសួរនាំប្រជាពលរដ្ឋអំពីការគូសសន្លឹកឆ្នោត គឺជាសកម្មភាពល្មើសច្បាប់ និងល្មើសតួនាទី ព្រោះអាជ្ញាធរត្រូវអព្យាក្រឹត្យដែលមិនអាចប៉ះពាល់ភាពសម្ងាត់របស់បុគ្គលណាម្នាក់ឡើយ។
លោកប្រាប់វីអូអេថា៖ «បើសិនជាមានការគំរាមកំហែងទៅសម្លុតគេទៀត អាហ្នឹងចូលករណីបំពានមួយទៀត។ បើសិនជាមានមែនអាហ្នឹង គឺខុសហើយ សូមមេត្តាកុំបង្កើតភាពភ័យខ្លាចជូនប្រជាពលរដ្ឋ [និង]ទទួលយកអ្វីដែលជាលទ្ធផលដែលបានទទួលនឹងទៅ»។
កាលពីថ្ងៃទី២៤ ខែកក្កដា លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់វីអូអេថាមនុស្សចំនួន៤៤នាក់ ដែលចូលរួមធ្វើសកម្មភាពញុះញង់បំផ្លាញការបោះឆ្នោត ដែលពាក់ព័ន្ធនឹងលោក សម រង្ស៊ី តាមរយៈក្រុមតេឡេក្រាមឈ្មោះ «Sabai សប្បាយ» កំពុងស្ថិតក្រោមការកំណត់មុខសញ្ញារបស់សមត្ថកិច្ច។
ជាមួយគ្នានេះ សកម្មជនគណបក្សភ្លើងទៀនមួយចំនួនក៏ត្រូវបានចោទប្រកាន់និងចាប់ខ្លួន ទាក់ទង ការញុះញង់ពលរដ្ឋឱ្យគូសខ្វែងសន្លឹកឆ្នោត ដែលអាជ្ញាធរយោងតាមវិសោធនកម្មច្បាប់បោះឆ្នោតថ្មី ដែលស្នើដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រធានគណៈកម្មាធិការប្រតិបតិ្តគណបក្សភ្លើងទៀនខេត្តប៉ៃលិន លោក ខឹម មុនីកុសល ប្រាប់វីអូអេថាលោក ឡោ ធន អនុប្រធានរបស់លោកត្រូវបានប៉ូលិសប្រមាណ១០នាក់ចាប់ខ្លួនយកទៅស្នងការខេត្ត ដោយគ្មានដីកា និងមានមិនបញ្ជាក់មូលហេតុ ប៉ុន្តែលោកត្រូវបានដោះលែងវិញបន្ទាប់ពីធ្វើកិច្ចសន្យារួចរាល់។ លោកក៏ចាត់ទុកថា នេះជាការគំរាមកំហែង និងរឹតត្បិតសិទ្ធិនយោបាយផងដែរ។
លោក ខឹម មុនីកុសល ក៏ត្រូវរងពាក្យបណ្តឹងទាក់ទងនឹងការចោទថាលោកញុះញង់ពលរដ្ឋឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោលផងដែរ។ នេះបើតាមការអះអាងរបស់លោក។
អ្នកស្រី ចៅ រតនៈ ចៅសង្កាត់រងទី២ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាប់វីអូអេនៅពុធនេះថាឪពុករបស់អ្នកស្រី គឺលោក ចៅ វាសនា គណៈកម្មការនាយកថ្នាក់ជាតិនៃគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួន និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ដែលត្រូវបានចោទពាក់ព័ន្ធនឹងការផ្សព្វផ្សាយញុះញង់ពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោល។ ប៉ុន្តែអ្នកស្រីអះអាងថាឪពុករបស់អ្នកស្រីមិនបានញុះញង់អ្វី ដូចការចោទប្រកាន់ឡើយ។
អ្នកស្រី ចៅ រតនៈ បញ្ជាក់ថា៖ «គ្រប់យ៉ាងដែលខ្ញុំបានជួបគាត់ផ្ទាល់គាត់អត់មានបានប្រព្រឹត្ត ឬមួយបានផុស ហើយគ្រប់រឿងទាំងអស់ដែលចេញមក គឺវាជាហេតុផលនយោបាយ ព្រោះបន្ទាប់ពីខាងគណបក្សកាន់អំណាចបានព្យាយាមចរចាជាមួយគាត់ ប៉ុន្តែគាត់មិនព្រម មុនពេលដែលគាត់ឃុំខ្លួនរាល់ព័ត៌មានគាត់ រាល់ការងារគាត់តែងផ្តល់ប្រាប់មកគ្រួសារ និងសារព័ត៌មាន»។
បើតាម អ្នកនាំពាក្យគ.ជ.ប ស្ថាប័នគ.ជ.ប ផ្តោតទៅលើអ្វីដែលពាក់ព័ន្ធនឹងការអនុវត្ត ឬក៏ដាក់ពិន័យចំពោះអ្នកដែលល្មើសមាត្រាទាំងឡាយនៃច្បាប់បោះឆ្នោត ដូច្នេះទាក់ទងនឹងការចាប់ខ្លួនក្នុងសកម្មភាពប៉ុនប៉ង ឬញុះញង់បង្កចលាចលក្នុងសង្គម គឺជាភារកិច្ចរបស់អាជ្ញាធរ។
បើតាម គ.ជ.ប សន្លឹកឆ្នោតខូចមានប្រមាណ៤៤ម៉ឺនសន្លឹក នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧នេះ៕